ប្រវត្ដិ​ខ្លែង​ខ្មែរ

 ១-​សម័យ​មុន​នគរ​ភ្នំ (៤០០​ឆ្នាំ មុនគ​.​ស​)
“​ខ្លែងឯក​” ដែល​មានឈ្មោះ​ដើម​ថា “​ខ្លែង​ព្នង​” បាន​បង្កើត​ឡើង​ដោយ​បុព្វបុរសខ្មែរ​ប្រមាណ​ជា​៤០០​ឆ្នាំ មុន​គ្រិស្ដសករាជសំរាប់​បង្ហោះ​ក្នុង​ពិធី​បង្ហោះ​ខ្លែង​នា​រដូវ​ច្រូតកាត់ ។ សម័យ​មុន​នគរ​ភ្នំបុព្វបុរស​ខ្មែរ​មាន ជំនឿ​លើ​អ្នកតា ហើយ​ជំនឿ​នោះនាំ​ឱ្យ​ដូនតា​យើង​តែងតែ​ប្រារឰ​ពិធី​ឡើងអ្នកតា​នៅដើមរដូវ​វស្សា​ដើម្បី​សុំ​ទឹកភ្លៀងសំរាប់​បង្កបង្កើន​ផល ហើយ​នា​រដូវ​ច្រូតកាត់​តែងតែប្រារឰ​ពិធី​បង្ហោះ​ខ្លែង​ដើម្បី​សម្ដែង​នូវ​ការ​ដឹងគុណ​ចំពោះ​អ្នកតា​ដែល​បាន​ជួយ​ឱ្យ​ភោគផលស្រូវ​ដំណាំ​បាន​ផល​ល្អ ។ ខ្លែង​សម័យ​នោះ ឆ្អឹង​ធ្វើ​ឡើង​ដោយ​ឫស្សី និង​តួ​ខ្លែង​ពាស ដោយ​ស្លឹកឈើ ដែល​ត្បាញ​ដូច​កន្ទេល ។
ពិធី​បង្ហោះ​ខ្លែង​កើតឡើង​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​វិស័យ​កសិកម្ម ។
២-​សម័យ​នគរ​ភ្នំ​(​ស​.​វ​ទី​១​ដល់ទី​៦)
ដើម​ស​.​វ​នៃ​គ​.​ស រដ្ឋ​នគរ​ភ្នំ ត្រូវ​បានបង្កើត​ឡើង ហើយ​ដូនតា​ខ្មែរ​បាន​ទទួល​វប្បធម៌​ឥណ្ឌា មាន​សាសនា អក្សរ​សិ​ស្ប៍ សិល្បៈ ។ សម័យ​នគរ​ភ្នំកសិកម្ម​មានការ​រីកចំរើន​លូតលាស់​ខ្លាំង​ដោយសារ​ជោគជ័យខាង​នយោបាយ​ទឹក ។ អ្នកស្រុក​ចេះ​ជីក​ព្រែកខ្វាត់ខ្វែង​សំរាប់​បង្ហូរ​ទឹកជំនន់​ទន្លេមេគង្គ ចោល​ចេញ​ផង លាង​សំអាត​ភក់​ល្បប់ និងអំបិល​ដែល​ជ្រួតជ្រាប​ក្នុង​ដី​ផង និង​សំរាប់ប្រើប្រាស់​ជា​គមនាគមន៍​ផង ។ សេចក្ដីបញ្ជាក់​ពី​កសិកម្ម​រីក​ចំរើនតាម​ឯកសារ​ចិន បាន​កត់ត្រា​ទុក​ថា “​សាបព្រោះ​មួយ​ឆ្នាំច្រូតកាត់​បី​រដូវ​” ។ ពិធី​បង្ហោះ​ខ្លែង​ប្រហែលជាបាន​រៀបចំ​ឡើង​តាម​ជំនឿ​អ្នកតា និង​ព្រហ្មញ្ញសាសនា ដើម្បី​សម្ដែង​នូវ​ការ​ដឹងគុណ ចំពោះ​អ្នកតា និង​ព្រះពាយ ដែល​បាន​ជួយ​ឱ្យការ​ដាំ​ដុះ​ទទួលផល​បាន​ច្រើន ។ សម័យ​នោះខ្មែរ​ប្រកាន់​យក​របប​មាតា​ធិ​ប​តេ​យ្យ ទើបខ្លែង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មេ​ឬ​ព្រះ​មហាក្សត្រិយានី ។ ខ្លែង​ព្នង​ក៏​ត្រូវ​បាន​អ្នកស្រុក ហៅ​ថា ខ្លែង​មេ​កូន គឺ​មេ​ជា​ព្រះ​មហា​ក្ស​ត្រិយា​នី កូន​ជា​ប្រជារាស្ដ្រ ។
៣-​សម័យ​ចេ​ន​ឡា (​ស​.​វ ទី​៧ ដល់ ទី​៨)
សម័យ​ចេ​ន​ឡា នយោបាយ​ទឹក​មាន​ភាពរឹងរឹតតែ​ប្រសើរ​ឡើង​ថែម​ទៀត ញ៉ាំង​ឱ្យមានការ​កសាង​ទីក្រុង​ធំ​ៗ​នៅ​ក្បែរ​មាត់​ស្ទឹង និង​ញ៉ាំង​ឱ្យ​កសិកម្ម​កាន់តែ​មានការ​រីក​ចំរើន ឯ​ពិធី​បង្ហោះ​ខ្លែង​ទំនងជា​បាន​រៀបចំ​ឡើង ប្រសើរ​ជាង​សម័យ​នគរ​ភ្នំ ។
ប៉ុន្ដែ​នៅ​ពេល​ដែល​ចេ​ន​ឡា​គ្មាន​ស្ថិរភាព នយោបាយ​នា​ស​.​វ​ទី​៨ ដោយ​ទឹកដី​ត្រូវ​បានបែងចែក​ជា​ពីរ គឺ​ចេ​ន​ឡា​ដីគោក និង​ចេ​ន​ឡា លិច​ទឹក ហើយ​ប្រទេស​ជាតិ​ក៏​ធ្លាក់​ក្រោម​ការត្រួតត្រា​នៃ​ពួក​ជ្វា​ថែម​ទៀត  នាំ​ឱ្យ​អ្នកស្រុកពុំ​បាន​ទទួល​សេចក្ដី​សុខក្សេមក្សាន្ដ ដូច្នេះពេល​នោះ​ប្រហែលជា​ពុំ​មានឱកាស​រៀបចំ​ពិធីបង្ហោះ​ខ្លែង​ឡើយ ។
៤-​សម័យ​អង្គរ (​គ​.​ស​៨០២ ដល់ ១៤៣១)
សម័យ​អង្គរ ជា​សម័យ​ដ៏​រុងរឿង​បំផុតនៃ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​បាន​ផ្ដើម​ឡើង​នាគ​.​ស ៨០២ ដោយ​វីរ​មហាក្សត្រ​ខ្មែរ គឺ​ព្រះបាទជ័យ​វរ្ម័ន​ទី​២ បន្ទាប់​ពី​ព្រះ​អង្គ​បាន​រំដោះប្រទេស​ផុត​ពី​ការ​ត្រួតត្រា​របស់​ពួក​ជ្វា​មក​។ ក្នុង​សម័យ​អង្គរ​ប្រជានុរាស្ដ្រ​បាន​សុខ​ក្សេមក្សាន្ដ និង​មានចិត្ដ​ជ្រះថ្លាគោរព​តាម​ជំនឿ ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធ​សាសនា ចូលរួម ដោយ​ក្ដី​រីករាយ​បំផុត​ក្នុង​ការ​កសាង​ប្រាសាទ​ល្អ​ៗ​វិចិត្រ ព្រមទាំង​ផ្លូវថ្នល់ ស្ពាន​ពេញ​ផ្ទៃប្រទេស ។ ភាព​រុងរឿង​នោះ ដោយសារ​នយោបាយ​ទឹក​ត្រឹមត្រូវ មានការ​ជីកបារាយណ៍​ធំ​ៗ ប្រឡាយ​ទឹក ធ្វើ​ឱ្យ​មានទឹកបរិបូណ៌ ញ៉ាំង​ឱ្យ​កសិកម្ម​លូតលាស់​ជា​អតិបរមា ហើយ​ជីវភាព​របស់​ប្រជារាស្ដ្រ​បានស្គាល់​នូវ​ភាព​សម្បូណ៌​សប្បាយ​រុងរឿង​យ៉ាងពិតប្រាកដ ។ តាម​លោក​ជីវ​តា​ខ្វាន់ អ្នកការទូត​ចិន ដែល​បាន​មក​កាន់​អង្គរ​នាគ​.​ស​១២៩៦-១២៩៧ បានឱ្យ​ដឹង​ថា ខ្មែរ​សម័យ​អង្គរ​អាចធ្វើស្រែ​បាន​៣​ឬ​៤​ដង​ក្នុង​មួយ​ឆ្នាំ ។

ដោយសារ​កសិកម្ម​រីក​លូតលាស់ ពិធីបង្ហោះ​ខ្លែង​ជា​ព្រះរាជ​ពិធី​មួយ​ដ៏​សំខាន់ ដែលជា​រៀង​រាល់​ឆ្នាំ តាម​ជំនឿ​ព្រហ្មញសាសនា ទាក់ទង​នឹង​កសិកម្ម ព្រះមហាក្សត្រ​ខ្មែរបាន​ប្រារឰ​ពិធី​ច្រត់ព្រះនង្គ័ល​នា​ដើមរដូវវស្សា ដើម្បី​គោរព​ទេព្ដា​ដី និង​ជា​ព្រះរាជកិច្ច បើក​រដូវ​ធ្វើស្រែ​ចំការ ហើយ​នា​ដើមរដូវប្រាំង​ប្រារឰ​ពិធី​បង្ហោះ​ខ្លែង​ដើម្បី​សម្ដែង​នូវការ​គោរព និង​ដឹងគុណ​ចំពោះ​ព្រះពាយ ក្នុងការ​បង្ក​ធាតុអាកាស​ល្អ​សំរាប់​អ្នកស្រុក​ច្រូតកាត់​ប្រមូល​ផល ។ យោង​តាម​សិលាចារឹក គ​.​ស​៩៧២ បានឱ្យ​ដឹង​ថា នា​សម័យ​អង្គរ ខ្លែងជា​វត្ថុ​សក្ការៈ ។

ប៉ុន្ដែ​ភាព​ថ្កុំថ្កើង​ខ្ពង់ខ្ពស់​បំផុត​នៃ​សម័យអង្គរ បាន​បញ្ចប់​ទៅ​វិញ​ជាមួយនឹង​ភាព​សោកសៅ​ដ៏​ជូរ​ចត់​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរនាគ​.​ស ១៤៣១ ដោយសារ​ទ័ព​សៀម​សម័យ​ក្រុងអយុធ្យា​វាយលុក​ចូល​ក្រុង​អង្គរ បង្ក​ឱ្យ​បែកបាក់​សង្គម​គ្រួសារ​ខ្មែរ រហូត​ដល់​ត្រូវ​ចាកចោល​នា​ឆ្នាំ​១៤៣២ ដោយ​ព្រះបាទ​ចៅពញាយ៉ា​ត​។ ចាប់ពី​ពេល​នោះ​មក អារ្យធម៌​ខ្មែរ ចុះ​អន់​ថយ និង​ផ្នែក​ខ្លះ​នៃ​វប្បធម៌​ខ្មែរ​ត្រូវ បាត់បង់ និង​បាត់​តម្លៃ​ដូច​ជា សិល្បៈ ប្រពៃណី ទំនៀមទំលាប់ ក្នុង​នោះ​ខ្លែង​ត្រូវ​បាន​គេ​បំភ្លៃ ឱ្យ​យល់​ថា ជា​វត្ថុ​ចង្រៃ​ទៅ​វិញ ហើយ​ព្រះ រាជពិធី​បង្ហោះ​ខ្លែង​ក៏​ពុំ​ប្រារឰ​តាំងពី​ពេល​នោះ​មក​។
៥-​រជ្ជកាល​ព្រះបាទ​ស​ត្ថា​ទី​១ (​គ​.​ស ១៥៧៦-១៥៩៥)
រហូត​មក​ដល់​រជ្ជកាល​ព្រះ​ស​ត្ថា​ទី​១ ទើប មាន​អ្នកស្រុក​ខ្មែរ​បង្ហោះ​ខ្លែង​ឡើង​វិញ ។ ភស្ដុ​តាង​គឺ​នា​ឆ្នាំ​១៥៩០ ជនជាតិ​ព័រ​ទុ​យ​ហ្គេ ម្នាក់​ឈ្មោះ Quiroga de San Antonio បានមក​ទស្សនា​ស្រុក​ខ្មែរ សរសេរ​ថា ខ្មែរ​បង្ហោះ  ខ្លែង​ដែល​មាន​ឆ្អឹង​ធ្វើ​ពី​ដើម​បបុស តួ​ខ្លែង ពាស​ដោយ​ក្រដាស ហើយ​ខ្លែង​នោះ​បន្លឺ សម្លេង​យ៉ាង​ពីរោះ​ពេល​ហោះ​ឡើង​លើ អាកាស ។
ទោះបី​មានការ​បង្ហោះ​ខ្លែង​ឡើង​វិញ​ក៏ ដោយ ក៏​ពុំ​មាន​ព័ត៌មាន​ឱ្យ​ដឹង​ប្រាកដ​ថា មហាក្សត្រ​បាន​ប្រារឰ​ព្រះ​រាជពិធី​បង្ហោះ ខ្លែង​ឡើយ ។
៦-​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ព​ណ៍ (​គ​.​ស ១៦០៣-១៦១៨)
ពី​គ​.​ស​១៦០៣ ដល់​១៦១៨ ក្នុង​រជ្ជកាល ព្រះ​បរម​រាជា​ស្រី​សុរិយោ​ព​ណ៍ មាន​ព័ត៌មាន  ឱ្យ​ដឹង​ថា ព្រះមហាក្សត្រ​បាន​ប្រារឰ​ព្រះរាជ ពិធី​បង្ហោះ​ខ្លែង​ឡើង​វិញ ប៉ុន្ដែ​តាម​ជំនឿ​ព្រះ ពុទ្ធសាសនា ។
៧-​រជ្ជកាល​ព្រះបាទ​អង្គឌួង (​គ​.​ស ១៨៤០-១៨៥៩)
ព្រះបាទ​អង្គឌួង ជា​ព្រះរាជា​មួយ​អង្គ ប្រកបដោយ​ទសពិធរាជធម៌ យក​ព្រះ​ទ័យ​ទុក ដាក់​បំផុត​ខាង​ព្រះពុទ្ធ​សាសនា និង​រៀបចំ​ឱ្យ មាន​សន្ដិភាព​ក្នុង​ប្រទេស ។ ព្រះ​អង្គ​បាន កសាង​ប្រទេស​ឡើង​វិញ ដោយ​លើកតម្កើង ជីវភាព​ប្រជារាស្ដ្រ និង​លើក​ផ្លូវ​មួយ​ពី​រាជ ធានី​ឧដុង្គ​ទៅ​កំពត​ដើម្បី​ភ្ជាប់​កំពង់​ផែ​សមុទ្រ និង​ផ្លូវ មួយទៀត​ពី​ឧដុង្គ​ទៅ​កំពង់ហ្លួង ដែល ជា​កំពង់​ផែ​ដ៏​សំខាន់​តាម​មាត់ទន្លេ ។ ក្នុង​ការ ការពារ​សម្បត្ដិ​ធម្មជាតិ ព្រះ​អង្គ​បាន​ហាម​ការ បរបាញ់​សត្វ និង​មិន​ឱ្យ​នេសាទ​ត្រី​ដោយ​ប្រើ ព្រួល​រាំង​ពេញ​ព្រែក​ឡើយ ។ ខាង​វិស័យ​វប្ប ធម៌ ព្រះបាទ​អង្គឌួង បាន​បង្កើត​សាលា​តាម វត្ដ​ជា​ច្រើន និង​លើកទឹកចិត្ដ​អ្នកប្រាជ្ញ​កវី ដើម្បី​ជួយ​លើកតម្កើង​អក្សរសាស្ដ្រ​ខ្មែរ ។ ព្រះ​អង្គជា​អ្នកនិពន្ធ​ដ៏​ឆ្នើម​មួយ​រូប ខាង​ផ្នែក  អក្សរសិល្ប៍​ខ្មែរ ។
រៀង​រាល់​ឆ្នាំ ចាប់ពី​ថ្ងៃ ១២​កើត ដល់​ថ្ងៃ ១៥​កើត ខែ​មិគសិរ នៅ​ក្នុង​វាំង​នា​រាជធានី ឧដុង្គ ព្រះបាទ​អង្គឌួង​តែង​ប្រារឰ​ព្រះរាជ​ពិធី បង្ហោះ​ខ្លែង​តាម​បែប​ព្រះពុទ្ធ​សាសនា ដោយ មាន​សង់រោង​ពិធី​៥​អន្លើ ហើយ​និមន្ដ​ព្រះសង្ឃ រាជាគណៈ​ចំរើន​ព្រះ​បរិត្ដ​នៅ​គ្រប់​រោង​ទាំង ៥ ដែល​មាន​តាំង​គោម និង​ខ្លែង​ចំនួន​៥ ។ ព្រះ រាជពិធី​នេះ ប្រារឰ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ ចូឡាមណី​ចេតិយ និង​ដើម្បី​បួងសួង​កុំឱ្យ​មាន ភ្លៀង​ឬ​ទឹកជំនន់​ក្នុង​ឱកាស​ច្រូតកាត់ ព្រម ទាំង​ដើម្បី​សុភមង្គល និង​សុខ​សន្ដិភាព សំរាប់ អ្នកស្រុក​ទូ​ទាំង​នគរ​ខ្មែរ ។

ចាប់តាំងពី​ព្រះបាទ​អង្គឌួង​សោយ​ទិវង្គត នា​ឆ្នាំ​១៨៥៩​ទៅ ពិធី​បង្ហោះ​ខ្លែង​ពុំ​មាន​ព្រះ មហាក្សត្រ​ជំនាន់​ក្រោយ​ៗ រៀបចំ​ជា​ព្រះរាជ ពិធី​ទៀត​ឡើយ ។ ប៉ុន្ដែ​សកម្មភាព​បង្ហោះ ខ្លែង អ្នកស្រុក​នៅ​តែ​បង្ហោះ​កំសាន្ដ​សប្បាយ  នា​រដូវ​ច្រូតកាត់​រៀង​រាល់​ឆ្នាំ​រហូត​ដល់​គ​.​ស ១៩៧០ ។
៨-​សម័យ​សង្គមរាស្ដ្រនិយម​(​គ​.​ស ១៩៥៣- ១៩៧០)នាគ​.​ស ១៨៦៣ គឺ​បួន​ឆ្នាំ​ក្រោយ​ពី​ព្រះ  បាទ​អង្គឌួង​សោយ​ទិវង្គត នគរ​ខ្មែរ​យើង​បាន  ធ្លាក់​ក្រោម​អាណាព្យាបាល​បារាំង ។ ចាប់ពី ពេល​នោះ​មក សកម្មភាព​បង្ហោះ​ខ្លែង​របស់ អ្នកស្រុក​មិន​ទៀងទាត់​ឡើយ ព្រោះ​កំរិត​ជីវ ភាព​មិន​សម្បូរ​សប្បាយ និង​ពុំ​មាន​សេរីភាព​។ ប៉ុន្ដែ​ព្រឹទ្ធាចារ្យ និង​វត្ដ​លោក​មាន​តួនាទី​សំខាន់  ណាស់​ក្នុង​ការ​ថែរក្សា​វប្បធម៌​ជាតិ ក្នុង​នោះ ក៏​មាន​ប្រពៃណី​នៃ​ការ​បង្ហោះ​ខ្លែង​ផង​ដែរ ។ អ្នកស្រុក​ខ្មែរ​បាន​ចំណាយពេល​រង​ទុក្ខវេទនា ជិត​១០០​ឆ្នាំ រស់នៅ​ក្រោម​អាណាព្យាបាលរបស់​បារាំង​។
ថ្ងៃ​ទី​៩ វិច្ឆិកា ១៩៥៣ ប្រទេស​ជាតិ​ទទួល បាន​ឯករាជ្យ​ឡើង​វិញ ដោយសារ​ស្នា​ព្រះ ហត្ថ​សម្ដេចព្រះ​ឧបយុវរាជនរោត្ដម​សីហ​នុ​។ ចាប់ពី​ពេល​នោះ​មក​ដល់​គ​.​ស​១៩៧០ ប្រទេស ជាតិ​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ និង ល្បី​ពេញ​ពិភពលោក​ថា ព្រះរាជាណាចក្រ កម្ពុជា ជា​កោះសន្ដិភាព ។ វិស័យ​កសិកម្ម​មាន ការ​រីក​ចំរើន និង​បាន​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ    បរទេស​ក្នុង​មួយ​ឆ្នាំ​៥០០.០០០​តោន ឯ​ជីវភាព​របស់​ប្រជារាស្ដ្រ​សម្បូរ​សប្បាយ​និង ថ្លៃថ្នូរ ។ ដោយសារ​កសិកម្ម​មានការ​រីក​ចំរើន បែប​នោះ​ហើយ បានជា​អ្នកស្រុក​ខ្មែរ​រីករាយ នាំ​គ្នា​បង្ហោះ​ខ្លែង​គ្រប់​ប្រភេទ​នៅ​តាម​វាល ស្រែ​ចំការ​នា​រដូវ​ច្រូតកាត់ និង​ក្រោយ​ការ​ច្រូត កាត់ ។ ពេល​យប់​ក្រោយ​ពី​បញ្ចប់​ការ​បោក បែន អ្នក​ភូមិ​នាំ​គ្នា​យក​ខ្លែង​គោម ខ្លែង​ព្នង ទៅ​បង្ហោះ រួច​ហើយ​ពួក​គាត់​ត្រឡប់​មក​ដេក  ស្ដាប់​សម្លេង​ឯក​តាម​ផ្ទះ​រៀងខ្លួន ឬ​ប្រមូល  គ្នា​ស្ដាប់​សម្លេង​ឯក​នៅ​ទីណា​មួយ ដោយ​មាន ដុត​ដំឡូង ឬ​ក្រឡាន​ទទួលទាន​យ៉ាង​សប្បាយ  ទៀត​ផង ។ ពេល​ថ្ងៃ កុមា​រា​-​កុមារី​តែង​នាំ គ្នា​បង្ហោះ​ខ្លែង​កណ្ដូង ខ្លែង​កន្ទោង ខ្លែង​ប្រ​បៅ និង​ខ្លែង​ក្ន​ស់ ដោយ​ទឹកមុខ​ញញឹម​ស្រស់ ។ ប៉ុន្ដែ​សង្គ្រាម​ជាង​ពីរ​ទស​វត្ស​ចាប់តាំងពី​ឆ្នាំ ១៩៧០ ព្រមទាំង​របប​ខ្មែរក្រហម​បាន​ធ្វើ​ឱ្យ អ្នកស្រុក​ខ្មែរ​អត់បាយ បែកបាក់ ស្លាប់ និង និរាស​ព្រាត់​គ្រួសារ ។
វប្បធម៌​ខ្មែរ​រលត់​ជា​ថ្មី ហើយ​សកម្មភាព បង្ហោះ​ខ្លែង​ក៏​បាត់បង់​ទៅ ។
៩-​ខ្លែងឯក ពី​គ​.​ស ១៩៩៤-២០០៤
ឆ្នាំ​១៩៩២ មាន​សេសសល់​ព្រឹទ្ធាចារ្យ ចាស់​ៗ​មួយ​ចំនួន​តូច​ដែល​ស្រឡាញ់​ខ្លែង បាន ខិតខំ​ធ្វើ​ខ្លែងឯក​បង្ហោះ​ឡើង​វិញ តែ​មានការ ប្រុង​ប្រយ័ត្ន​បំផុត ព្រោះ​តាម​វាលស្រែ​ចំការ  មួយ​ចំនួន​នៅ​មាន​សេសសល់​គ្រាប់​មីន ។ ថ្ងៃ ទី​៣១ ខែធ្នូ ១៩៩៤ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌   និង​វិចិត្រសិល្បៈ បាន​អនុញាត​ឱ្យ​រៀបចំ មហោស្រព​ខ្លែង​លើក​ទី​១ តាម​គំនិត​ផ្ដួចផ្ដើម  និង​ការ​ស្នើ​សុំ​របស់​លោក​ស៊ឹ​ម សា​រ៉ា​ក់ ដោយ ប្រមូល​បាន​អ្នក​ស្នេហា​ខ្លែង​ចំនួន​២៧​នាក់ មក​ពី​ខេត្ដ​ចំនួន​៩ ជួបជុំ​គ្នា​នៅ​មាត់ទន្លេ បា​សាក់​(​បច្ចុប្បន្ន​ជា​សួនច្បារ​សម្ដេច​ហ៊ុន សែន​) រាជធានី​ភ្នំពេញ ។ ចាប់តាំងពី​ពេល នោះ​ខ្លែង​ព្នង​ឬ​ខ្លែងឯក​បាន​រស់​ឡើង​វិញ ហើយ​មហោស្រព​បង្ហោះ​ខ្លែង​ក៏​បាន​ប្រារឰ ឡើង​រៀង​រាល់​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៩​មក​ទល់ បច្ចុប្បន្ន ។ ខ្លែងឯក​មិន​ត្រឹមតែ​បាន​រស់​ឡើង វិញ​ធ្វើ​ឱ្យ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង ស្រឡាញ់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ផ្សព្វ ផ្សាយ​នូវ​និមិត្ដរូប សន្ដិភាព សុភមង្គល និង ក្លាយជា​អត្ដសញាណ​វប្បធម៌​ខ្មែរ​ហើយ​ល្បី ល្បាញ​លើ​ឆាក​អន្ដរជាតិ​ទៀត​ផង ។ ចាប់ ពី​ឆ្នាំ​១៩៩៤​មក ខ្លែងឯក​បាន​ចូលរួម​ម​ហោ ស្រព​ខ្លែង​អន្ដរជាតិ ចំនួន​១៧​ដង ដូច​ជាម​ហោ ស្រព​ខ្លែង​នៅ​ប្រទេស​បារាំង អ៊ី​តា​លី អង់គ្លេស ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី និង​វៀតណាម ។
ការ​រស់​ឡី​ង​វិញ​នៃ​ខ្លែងឯក​ជា​ការ​បញ្ជាក់ ថា មាតុភូមិ​កម្ពុជា​មាន​សន្ដិភាព និង សុភមង្គល​សំរាប់​អ្នកស្រុក​ខ្មែរ ។
១០-​លក្ខណសម្បត្ដិ​ពិសេស​របស់ “​ខ្លែងឯក​”
ក​-​ខ្លែងឯក​បំពាក់​ដោយ​ឯក ដែល​ជា ឧបករណ៍​ភ្លេង បន្លឺ​បាន​ច្រើន​សម្លេង​យ៉ាង ពីរោះ ពេល​ហោះ​ឡើង​លើ​អាកាស ។
ខ​-​ការ​បង្ហោះ​ខ្លែងឯក​កំសាន្ដ​សប្បាយ គឺ​ការ​បង្ហោះ​ជា​សហគមន៍ ។
គ​-​ពេល​អ្នកស្រុក​មានឱកាស​បង្ហោះ ខ្លែង គឺ​បង្ហាញ​ឱ្យ​ដឹង​ថា អ្នកស្រុក​មាន​សេរីភាព និង ប្រទេស​ជាតិ​មាន​សន្ដិភាព ។
ឃ​-​ខ្លែងឯក តំណាង​ឱ្យ​មាន​មាតា​ខ្មែរ ឬ​អ្នកដឹកនាំ​ប្រទេស​ខ្មែរ ។

សម​ដូច​ព្រះរាជ​សម្ភារ​បាន​សរសេរ​ក្នុង ច្បាប់​ព្រះ​រាជនេតិ​នា​សតវត្ស​ទី​១៧ “​ខ្លែង ហើរ​ដ្បិត​ខ្យល់ មេ​ថ្កើង​ដ្បិត​ពល រក្សា​ឱ្យ​សុខ ទ្រព្យ​គ្រង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក ដ្បិត​ភរិយា​ជា​” ៕ (ចងក្រងដោយលោក ស៊ឹម សារ៉ាក់ និងលោក ជៀង យ៉ារិន ៖ ភ្នំពេញ ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០០៤)