វត្ដ​នទី​គី​រី​វ័​ន្ដ ទី​អា​រ៉ា​ម​ដែល​ទើប​បង្កើត​ថ្មី ជា​កន្លែង​ដ៏​សែន​មនោ​រម្យ​រំលេច​ដោយ​ទេសភាព​ធម្មជាតិ

ខេត្ដកំពង់ឆ្នាំង ៖ វត្ដ “​នទី​គិរី​វ័​ន្ដ​” គឺជាវត្ដ​ថ្មី​សន្លាង​ទើបត្រូវ​បាន​រៀបចំ​កសាង​នៅឆ្នាំ​២០០៦ ដែល​ស្ថិត​នៅ​ប្រមាណ​ជិត​៥០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពង់ឆ្នាំង គឺ​ស្ថិត​នៅ​ក្នុងភូមិ​កោះ​មមើ ឃុំ​ជៀប ស្រុក​ទឹកផុស ។ អ្វីដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ វត្ដ​នេះ​បាន​ស្ថិតនៅ​ក្នុង​ព្រៃ​ដែល​បាន​ព័ទ្ធ​របង​ធ្វើ​បរិវេណ​វត្ដ ដោយ​មានកូន​ស្ទឹងតូច​មួយ​ពុះ​កាត់​ចំពាក់កណ្ដាល​វត្ដ​តែ​ម្ដង ។

ក្នុង​រដូវប្រាំង​ក៏​នៅ​មាន​ទឹកស្ទឹង​ហូរ​ធ្លាក់កាត់​ផ្ទាំង​ថ្មដា​តូច​ធំ​ក្នុង​បរិវេណ​វត្ដ​ដូច​ទឹកជ្រោះ​ធ្លាក់ និង​គួរ​ឱ្យ​គយគន់​ចង់​ចុះ​ងូតទឹកលេង​កំសាន្ដ​គ្រប់​ៗ​គ្នា ។ បើ​យើង​ចេញដំណើរពី​ទីរួមខេត្ដ​កំពង់ឆ្នាំងទៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៣ ដែល​ទើប​អភិវឌ្ឍន៍​ដោយ​ចាក់កៅស៊ូ​យ៉ាង​រលោង​ស្រិលរហូត​ដល់ទី​រួមស្រុក​ទឹកផុស​(​ស្ថានីយ​រថភ្លើង​រមាស​) ហើយយើង​បន្ដដំណើរ​ដោយ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ទៅ​មុខ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ទៀត ​ទើបផុតថ្នល់​កៅស៊ូ​ហើយ​ចូល​ដល់​ផ្លូវ​ក្រួស​ក្រហមទៅ​ជិត​ដល់​វត្ដ​ខ្លុង​ពពាក មាន​ផ្លូវបែក​ទៅខាងស្ដាំ​ដៃ យើង​បន្ដដំណើរ​តាម​ផ្លូវលំ​ក្រាលក្រួស​ក្រហម​បត់បែន​តាម​ដងព្រៃ​ដែល​កន្លែង​ខ្លះ​មានផ្ទះ​ប្រជាពលរដ្ឋ​ផង​នោះ គឺ​ប្រើ​រយៈពេល​ត្រឹមតែ​៥០​នាទី​ប៉ុណ្ណោះ រាប់​តាំងពីពេល​យើង​ចេញពី​ទីរួមខេត្ដ​យើង​នឹង​ទៅ​ដល់វត្ដ​នទី​គិរី​វ័​ន្ដជាក់​ជា​ពុំខាន​។ ទៅ​ដល់ទី​នោះគឺ​សំបូរ​ទៅ​ដោយ​ម្លប់ឈើ​តូច​ធំ​អាច​ឱ្យ​យើង​ចត​រថយន្ដ​បាន​ស្រួល ប៉ុន្ដែ​បើ​យើង​មិន​ចង់ឈប់​នៅ​ត្រើយ​ខាង​ណោះ​ទេ យើង​អាច​បើករថយន្ដ​កាត់​ទីវ​ត្ដ ហើយ​ឆ្លងស្ពាន​ធ្វើ​ពី​ដែកក្រាល​ឈើ​កាត់​លើ​កូន​ស្ទឹង​នោះ​ទៅ​ឈប់រថយន្ដ​ត្រើយម្ខាង​ក៏​បាន​ដែរ ពីព្រោះ​សុទ្ធតែស្ថិត​ក្នុង​បរិវេណ​វត្ដ​ទាំងអស់ ។ នៅ​ខាងក្រោម​ស្ពានដែក​ដែល​ទើប​សាងសង់​មាន​ផ្ទាំង​ថ្ម​តូច​ធំ និង​មានទឹក​ហូរ​ធ្លាក់​យ៉ាង​ខ្លាំង ដែលទេសភាព​បែប​នេះនរណា​ក៏​ចង់ទៅ​កំសាន្ដដែរ ។

ទី​អារាម​ដែល​ទើប​កើត​ថ្មី​នេះក្នុង​ឱកាសបុណ្យចូលឆ្នាំ​ខាល​នេះមាន​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​បាន​ទៅ​កំសាន្ដ​យ៉ាងច្រើន​កុះករ ដោយ​មធ្យោបាយ​រថយន្ដ ឬ​ម៉ូតូ​រាប់រយគ្រឿង ។ គណៈកម្មការ​អាចារ្យវត្ដ​ដែល​មាន ផ្ដិល​រៃ​អង្គាស​បច្ច័យ​យក​ទៅ​កសាង​វត្ដ​ផងនោះ​បានឱ្យ​ដឹង​ថា កាលពីដើម​ឡើយ​ដី​នេះ​គឺជា​ព្រៃ​សុទ្ធសាធ តែ​ដោយសារ​មាន​ទឹកធ្លាក់​ពីលើ​ថ្ម​បែប​នេះ ក៏​ចេះ​តែ​មាន​មនុស្ស​មកកំសាន្ដ​ច្រើន​ឡើង​ៗ ។ ក្រោយមក​អ្នកស្រុក ជិត​ៗ​នេះ​បានក​សាងសាលា​បុណ្យ​មួយ ហើយក៏​បាន​ក្លាយជា​វត្ដ​ដែល​ពុំ​ទាន់​មាន​ព្រះ​វិហារត្រឹមត្រូវ​នៅឡើយ ប៉ុន្ដែ​ទោះជា​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​វត្ដ​មិន​ទាន់​កសាង​បាន​សព្វគ្រប់​ក្ដី ក៏ សម្រាប់​ផ្លូវ​ចូល​ដល់ទី​ធ្លា​វត្ដ គឺ​បាន​កសាងស្អាត​ល្អ​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​មក​កំសាន្ដ​បាន​យ៉ាង​ងាយស្រួល ។ គណៈកម្មការ​អាចារ្យវត្ដក៏​មាន​ពាក្យ​ផ្ដាំផ្ញើ​សុំ​ឱ្យ​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ដ និង​ក្រៅ​ខេត្ដ​អញ្ជើញ​មក​លេង​នៅ​វត្ដ​នេះ​ឱ្យបាន​ច្រើន ពីព្រោះ​មាន​ទឹកធ្លាក់​ពីលើ​ថ្ម និង​ផ្លូវងាយស្រួល​ហើយ​ជិត​ទៀត​ផង តែ​សុំ​ផ្ដាំ​កុំបើក​លឿន​ពេក ពីព្រោះ​ផ្លូវ​មក​កាន់​វត្ដ​នេះមាន​បត់បែន​ច្រើន​កន្លែង និង​រអិល​ដោយសារក្រួស​ក្រហម​ផង​ដែរ៕