សិប្ប​កម្ម​តម្បាញ​ហូល​ផា​មួង​ជា​គំនិត​កែ​ច្នៃ​បុរាណ​ខ្មែរដែល​ពេញ​និយម​បំផុត

រាជធានីភ្នំពេញ ៖ សិប្បកម្ម​តម្បាញ​សំពត់​​ហូល​ ផា​មួង អន្លូញ ស៊ឹង ចរ​បាប់ សារុង និង ក្រមា ជា​មុខ​របរត​កូន​ត​ចៅ​​វង្សត្រ​កូល​របស់ខ្មែរ​ស្ទើរ​តែ​គ្រប់​ខេត្ត-ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា ជាពិសេស​នោះ​ប្រជា​ពល​រដ្ឋ​​រស់នៅ​ខេត្ត​កណ្តាល​ តា​កែវ កំពង់​ចាម សៀម​រាប និងបន្ទាយ​មាន​ជ័យ។ មុខ​របរ​តម្បាញ​​រវៃ​អំបោះ​មិន​ត្រឹម​តែ​ជួយ​លើក​ស្ទួយ​ជីវ​ភាព​ក្នុង​សង្គម​គ្រួសារ​​ឱ្យ​មានការ​រីក​ចំរើន​ធូរ​​ធា​រប៉ុណ្ណោះ​​ទេ គឺ​គេ​អា​ច​ចៀស​​ផុត​ពីការ​​ធ្វើ​​​ចំណា​ក​ស្រុក​ និង​អាច​ថែ​រក្សា​អភិ​រក្ស​ប្រពៃ​ណី​ទំនៀម​ទំលាប់​​របៀប​ត្បាញ​រវៃអំបោះ​ដោយ​ដៃតាម​ការ​ច្នៃ​ប្រឌិត​ទៀត​ផង។ សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​នៅ​ស្រុក​កៀន​​ស្វាយ​មាន​តម្បាញ​ក្រមាយ៉ាងច្រើន​ ហើយ​នៅ​ស្រុកព្រៃ​កប្បាស​ខេត្ត​តាកែវគេ​សង្កេត​ឃើញ​​ប្រជា​ពល​រដ្ឋ​ក្រៅ​ពី​ការ​ងារ​កសិកម្ម​នាំ​គ្នារវៃអំបោះ​សូត្រ​ធ្វើ​ជា​សំពត់ ហូល​​ ផាមួង​ បាន​យ៉ាង​ល្អ​​​ប្រណីត។ នៅ​ក្នុង​ស្រុក​មុខ​កំពូល​ខេត្ត​​កណ្តាល​​វិញ​គេ​សង្កេត​ឃើញ​មាន​កី​ត្បាញ​ ផាមួង និង​អន្លូញ ដែល​ភ្ញៀវ​ទេស​ចរ​ជាតិ​អន្តរជាតិ​និយម​ទៅ​ទស្ស​នា​។

កញ្ញា​ងន  វណ្ណី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ក្តី ឃុំ​សឹង​​ ស្រុក​សំរោង​​ ខេត្ត​តា​កែវឱ្យ​ដឹង​ថា ​​នាង​ចេះត្បាញ​ហូល តាំង​ពី​​ក្មេង​មក​ដោយ​ឪពុក​​ម្តាយ​​​និង​​ជី​ដូន​​ជាអ្នកបង្រៀន​។ ​សព្វ​ថ្ងៃ​នាង​បាន​ចូល​ត្បាញ​ហូល​នៅ​​ក្នុង​​មជ្ឈមណ្ឌល​អង្គ​ការ​គាំពារ​កុមារ។​ នាង​កាន់​​កី​តម្បាញ​បុរាណ។ សំរាប់​រូប​នាង​ហូល​មួយ​ក្បិន​​​ត្បាញ​ពី១០ថ្ងៃ​ទៅ​១៥​ថ្ងៃ​ ទើប​បាន ​នេះ​គេ​គិតត្រឹម​ការចងគាតជ្រលក់​ល័ក្ត​ហើយ​ប៉ុណ្ណោះ។ កញ្ញាងន វណ្ណី និយាយ​ថា ការ​ចង​គាត​​ក្រឡា​ហូលមានការ​លំបាកខ្លាំង​ណាស់​ គឺ​អ្នក​ចង​ត្រូវ​ចេះ​ដឹង​យល់​អំពីរូបភាព​ផ្សេងៗ​ ហើយ​មាន​ការ​​អំណត់​អត់​ធន់​តស៊ូ​ព្យា​យាម​ ទើប​ចង​ បានល្អ​។ ​អ្នកត្បាញ​ ​ក៏​ដូចគ្នាត្រូវ​មាន​ចិត្ត​អំណត់​តស៊ូ​​ ព្រោះ​សរសៃ​សូត្រ​តូច​ល្អិត​ ហើយ​ត្រូវ​​ពិនិត្យ​ក្រឡ​ាគំរូ​រូប​ភាព​ឱ្យ​បាន​ម៉ត់​ចត់​​ ទើបត្បាញ​​បានល្អ​ប្រណីត។

ចំណែក​លោក​ជា​ សុផល អាយុ​៤៣​ឆ្នាំ ​រស់​នៅ​ភូមិកោះ​ដាច់​​ ឃុំ កោះ​ដាច់ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល និយាយ​ថា ​កីតម្បាញ​ផា​មួង​ និង​អន្លូញ​សព្វ​ថ្ងៃ​គេ​ហៅ​ថា កី​កន្ត្រាក់​ ឬក៏​ពាក់​កណ្តាលស្វ័យ​ប្រវត្តិ​​ ព្រោះ​កីនេះ​ខុស​ប្លែក​ពីកី​បុរាណ​។ ​កីកន្ត្រាក់​នេះ សព្វ​ថ្ងៃ​​មាន​តិច​ជាង​កី​បុរាណ។ កី​កន្ត្រាក់​​មិន​អាច​ត្បាញ​ហូលបានទេ គឺ​ត្បាញ​បាន​តែ​ផា​មួង​ និងអន្លូញ​ ឬស៊ឹងជរ​ជើង​ប៉ុណ្ណោះ។ ​កីកន្ត្រាក់មានទំហំ​ខ្លី​ជា​កី​បុរាណ តែគេ​អាច​ត្បាញ​​បាន​លឿន​ជាង​កីបុរាណ​ គឺមួយ ថ្ងៃ​អាច​ត្បាញ​ផាមួង​ ឬអន្លូញ​​ និង​ស៊ឹង​បាន​១។ កី​កន្ត្រាក់​មាន​ទទឹង​១,៥០​ម៉ែត្រ បណ្តោយ​ ១,៩០​ម៉ែត្រ និង​កំពស់១,៨០ម៉ែត្រ មាន​ឈ្នាន់​​ជើង​សំរាប់​ជាន់ប្តូរ​ផ្លាស់​២​ឆ្វេង​​​និងស្តាំ។ អ្នកត្បាញ​ត្រូវ​មានចិត្ត​អំណត់​ និងតាំង​ចិត្ត​ ប្រមូល​អារម្មណ៍​ទើប​ត្បាញ​បានល្អ​។ ​លោក​ចេះត្បាញ​តាំង​ពីលោក​អា​យុ​២០ឆ្នាំមក។

មិនត្រឹម​តែ​សំលៀក​បំពាក់​ប៉ុណ្ណោះ​​ទេ គឺ​គេ​យក​ហូល​ផាមួង ច្នៃ​ប្រឌិត​ធ្វើ​វត្ថុ​ផ្សេងៗ​ជា ច្រើនប្រភេទ​ទៀត​ដូច​ជាកាបូប​ដៃ ​​​កា​បូបស្ពាយ ឬ​យួរ និងកែ​ច្នៃ​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​​ផ្សេងៗ​ទៀត​បាន​យ៉ាង​ល្អ​ប្រណីត​គួរ​ជាទី​ចាប់​អារម្មណ៍។ ​ផលិត​ផល​ដែល​បាន​​មក​ពីការ​ត្បាញ​សូត្រ​នេះ​មានភាព​ងាយ​ស្រួល​ក្នុង​ការ​លក់​ដូរ​ខ្លាំង​ណាស់ ​ថ្វើ​បើ​មានតំលៃ​ខ្ពស់​បន្តិច​ក្តី៕