គ្រឿងអលង្ការ​នៅសម័យបុរាណបង្ហាញពីអរិយធម៌ជឿនលឿនក្នុងសតវត្ស ទី12-13

រាជធានីភ្នំពេញ៖ មាស ប្រាក់​ ប្លាទីន លង្ហិន​ សំរឹទ្ធិ អង្កាំ ត្បូង ត្រូវ​បាន​ជនជាតិ​ខ្មែរ​សម័យ​បុរាណ​យក​មក​កែច្នៃ​ជាគ្រឿង​អលង្ការ​សំរាប់​​ពាក់​លំអ​លើរាង​កាយ​ដើម្បី​បង្កើន​​សោ​ភ័ណ​ភាពមួយ​កំរិត​ទៀត​។ ជាពិសេស​ ​នៅ​សម័យ​អង្គរ​ដ៏រុង​រឿង​​ខ្មែរ​បាន​រចនា​គ្រឿង​អលង្ការ​ជា​ច្រើន​សំបូរ​បែប ។​បើ​តាម​ឯកសារ ​និង​គ្រឿង​អលង្ការ​មួយ​ចំនួន​​ដែល​​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​ជាតិ​កម្ពុជា​​ឱ្យ​ដឹង​ថា សម័យ​អង្គរ​ដែល​ជាសម័យមួយ​មាន​​អារ្យធម៌​ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​រុង​រឿង​នៅ​អាស៊ី​អាគ្នេយ៍​នោះ ខ្មែរ​មាន​គ្រឿង​អលង្ការ​ប្រើ​ប្រាស់​លំអ​លើ​បដិមា​ដែលជាទី​​គោរព​បូជា។​​គ្រឿង​អលង្ការ​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​អំពី​មាស​ ប្រាក់ សំរឹទ្ធិ ​និង​ត្បូង។ ​មាស​ជានិមិត្ត​រូប​នៃ​អំណាច​​ ឋានៈ​យស​ស័ក្តិ​ ទ្រព្យ​​ធន និង​ភាព​ស្មោះ​ត្រង់​។ ជាតឹកតាង​សង្គម​ខ្មែរ ​បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​សិលា​ចារឹក​ជាច្រើន​កត់​ត្រា​ពីការ​​បរិច្ចាគ​គ្រឿង​អលង្ការ​សំរាប់​យក​ទៅ​​បំពាក់​ថ្វាយបដិមា​ជាទេព​នៅ​តាម​ប្រាសាទ ។ តឹក​តាង​ទាំង​នេះ​ហើយ​បង្ហាញ​ថា ខ្មែរ​បុរាណ​បាន​គោរព​បូជា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​​បដិមា ។

បើតាម​ឯកសារនៅ​សារមន្ទីរ​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ទៀត​ថា ​ដិមា​ព្រះ​នារាយណ៍​ផ្ទំសិត​​ឡើង​​នៅ​អំឡុង​ឆ្នាំ១០៦០ ក្នុង​រាជ​​របស់​ព្រះ​បាទ​ឧទ័យ​​ទិត្យ​វរ្ម័ន​ទី២​។ បដិមា​នេះ​មាន​បំពាក់​គ្រឿង​​អលង្ការ​មួយ​ឈុត​ធ្វើ​អំពី​មាស ​ហើយ​ប្រហែល​ជាមាន​ដាំ​ត្បូង​មាន​តំលៃ​ជាច្រើន​រួម​មាន​ មកុដ​ ក្បាំង ក្រវិល ខ្សែ.ក កង​កន់ (ស្នាប់​ដើមដៃ​)​កង​ដៃ​ និង​ទំនង​ជាមាន​ពាក់​ខ្សែ​ក្រវាត់​និង​កង​ជើង​បន្ថែម​ទៀត​។​ ទោះបី​ជា​បដិមា​នេះ​បាក់​បែក​ច្រើន​បំណែក​ក៏​គេ​នៅ​មើល​ឃើញ​ស្លាក​ស្នាម​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​អលង្ការ​សំរាប់​លំអ​ជាច្រើន​​កន្លែង​បន្ថែម​ទៀត​ ជាពិសេសនៅ​​លើ​​ចិញ្ចើម​និង​ថ្ងាស ។

តាម​រយៈ​គ្រឿង​អលង្ការ​លំអបដិមា​ជាទេព​របស់​ព្រះ​រាជានាសតវត្ស​១២-១៣​ សម័យ​អង្គរ​បាន​បង្ហាញ​គំរូ​ក្នុង​ការ​ប្រើប្រាស់​សំលៀក​​បំពាក់​និង​គ្រឿង​អលង្ការ​លំអកាយ​ពិត​របស់​ព្រះរាជា​។​ភស្តុតាង​នេះ​បញ្ជាក់​ពី​ការ​គោរព​បូជា​យ៉ាង​ជ្រាល​​ជ្រៅ​របស់​ខ្មែរ​ចំពោះ​បដិមា​ជា​ទេព​នា​សម័យ​នោះ​ដូច​ដែល​បង្ហាញ​តាម​រយៈ​បដិមា​ព្រះ​នារាយណ៍​មកពី​បារាយណ៍ទឹក​ថ្លា​​ជា​ដើម​។ គ្រឿង​​​អលង្ការ​ដែល​ដាក់​តាំង​ទាំង​អស់ ​ហើយ​ដែល​យើង​អាច​ស្រមៃ​មើលថា​តើ​បដិមា​ខ្មែរ​នៅ​សម័យ​នោះ​ល្អ​​វិចិត្រ​ដល់​កម្រិតណា​? បើរូប​នីមួយៗ​មាន​លំអ​​ដោយ​គ្រឿង​​អលង្ការ​ស្អេក​ស្កះ​លំនាំ​ជា​ក្បាច់​ផ្កាឈូក​ដាំ​រំលេច​ដោយ​​ត្បូងទទឹម​​ ត្បូង​កណ្តៀង​​ និង​ត្បូង​ពេជ្រ​ទៀត​ផង ។ គ្រឿង​អលង្ការ​របស់​បុរស​មាន​មកុដ មុក្តាហារ កណ្ឌល (ទំហូឬកាវ)​១គូ​ សង្វារ កងកន់ (ពាហុរត្ន)​ កង​ដៃ​ជាដើម។​ចំណែក​គ្រឿង​អលង្ការ​ស្រី​មាន​គម្រប​ព្រះ​កេសា​ មុក្តាហារ​  កងកន់ មាស​ដាំ​ត្បូង (ពាហុរត្ន​)​ និង​សង្វារ ។​គ្រឿង​អលង្ការ​សម័យ​អង្គរ​ សតវត្សទី១២​-១៣ ​ ធ្វើ​អំពី​មាស​ និង​ត្បូង​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ នៅ​សម័យ​បុរាណ​ ខ្មែរពិត​ជា​មាន​អរិយ​ធម៌​ជឿន​លឿន​ ​ និង​រុង​រឿង​ល្បីល្បាញ​គ្មាន​គូ​ប្រៀប​នៅ​អាស៊ី​អាគ្នេយ៍​​យើង​នេះ ៕