ប្រាសាទស្រី ឬប្រាសាទព្រះគោ

ខេត្ត​ស្ទឹង​ត្រែង​​​ ៖ ប្រាសាទ​ព្រះ​គោ​ជា​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​យ៉ាង​សំខាន់​របស់​ខេត្ត​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​ថា​ឡាប​រិវ៉ាត់​ ស្រុក​ថា​ឡាប​រិវ៉ាត់​ ខេត្ត​ស្ទឹង​ត្រែង​។ គេ​អាច​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​ទី​នោះ​តាម​ទូក​ដែល​ឆ្លង​កាត់​ទី​ប្រសព្វ​គ្នា​នៃ​ទន្លេ​សេ​កុង និង​ទន្លេ​មេគង្គ​។ ថ្មីៗ​នេះ​មាន​ផ្លូវ​មួយ​ខ្សែ​ក្រាល​ក្រួស​ក្រហម​ជា​អំណោយ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន មាន​ប្រវែង​២៨៤​គីឡូ​ម៉ែត្រ​ត​ភ្ជាប់​ពី​ស្រុក​ថា​ឡាប​រិវ៉ាត់​ទៅ​ខេត្ត​ព្រះ​វិហារ​ស្ថាប​នា​ដោយ​កង​វិស្វ​កម្ម​តេជោ​ហ៊ុន សែន សៀម​រាប​មាន​លោក​ឧត្តម​សេនីយ៍​ទោ​ ខេង​ សុមេធ ជា​ប្រធាន​។ ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ចរន្ត​ដើម្បី​សំរួល​ដល់​ប្រជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ដែល​ចង់​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​គោ​ ព្រោះ​​ជា​តំបន់​ប្រវត្តិ​សាស្រ្ត​នៅ លើ​ទឹក​ដី​ខេត្ត​ស្ទឹង​ត្រែង។ ប្រាសាទ​ព្រះ​គោ​​សាង​សង់​នៅ​ចន្លោះ​សត​វត្ស​ទី​៧ និង​ទី​៨​ក្នុង​រជ្ជ​កាល​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​១​ដែល​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញ​សាសនា​។

តាម​សៀវ​ភៅ​របស់​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ រៀប​រាប់​ថា​ ប្រាសាទ​ព្រះ​គោ​សាង​សង់​ឡើង​ពី​វត្ថុ​ធាតុ​ដើម​២​ទៅ​៣​មុខ​ដែល​ភាគ​ច្រើន​គឺ​ឥដ្ឋ​ក្រហម​ និង​ថ្ម​ភក់។ នេះ​ជា​ប្រាសាទ​ទោល​នៅ​ត្រើយ​ខាង​លិច​នៃ​ទន្លេ​មេគង្គ​ចំងាយ​ពី​មាត់​ច្រាំង​ប្រមាណ​៥០០​ម៉ែត្រ​។ សព្វ​ថ្ងៃ​សល់​តែ​តួ​ប្រាសាទ​ធំ​ដែល​មាន​ទទឹង​ប្រហែល​៧​ម៉ែត្រ​ បណ្តោយ​៨​ម៉ែត្រ​ កំពស់​៧​ម៉ែត្រ​ ដំបូល​បាក់​ខ្ទេច​អស់​ ឯ​វត្ថុ​បុរាណ​សេស​សល់​មាន​ទំរ​លិង្គ​ព្រះ​ឥសូ​រ​ចំនួន​១ សិលា​ចារឹក​ចំនួន​១​ផ្ទាំង​ ក្បាល​សត្វ​មករ​ចំនួន​២។ ប្រាសាទ​នេះ​សាង​សង់​នៅ​លើ​ដី​ទួល​ខ្ពស់​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ នៅ​ពីមុខមាន​រូប​សំណាក​ព្រះ​គោ​ក្រាប​មួយ​យ៉ាង​ធំ​លើស​គេ​នៅ​ប្រទេស​កម្ពុជា​សាង​អំពី​ថ្ម​ភក់​។ កាល​ពី​ដើម​មាន​បល្ល័ង្ក​តំកល់​ព្រះ​គោ​ តែ​សព្វ​ថ្ងៃ​បល្ល័ង្ក​ស្រុត​ចុះ​បាត់​អស់​ ហើយ​នៅ​​ជា​ទី​សក្ការៈ​របស់​ប្រជា​ជន​ក្នុង​ខេត្ត​។

ប្រាសាទ​ព្រះ​គោ​កាល​ពីដើម​ស្អាត​ណាស់​ ក៏​ប៉ុន្តែ​កំបោរ​បាយ​អ​ មិន​អាច​ធា​នា​នឹង​ធម្ម​ជាតិ​យូរ​អង្វែង​ទើប​ធ្លាក់​មក​ខាង​ក្រោម​អស់​នៅ​សល់​តែ​ជញ្ជាំង​ឥដ្ឋ និង​រន្ធ​តូចៗ​ដែល​ប្រជា​ជន​នៅ​ទី​នោះ​សន្និ​ដ្ឋាន​ថា​ ពី​សម័យ​ដើម​មាន​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ល្អ​ប្រណីត​ ក៏​ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​សៀវ​ភៅ​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ គឺ​រន្ធ​តូចៗ​តាម​ជញ្ជាំង​ខាង​ក្រៅ​មិន​មែន​គេ​បង្កប់​ពេជ្រ​ឬ​ត្បូង​ទេ វា​ភ្លឺ​ដោយ​ពន្លឺ​ ហើយ​ពី​ដើម​គេ​ចោះ​រន្ធ​តូចៗ​នេះ​ធីវ​ភ្ជាប់​កំបោរ​ បាយ​អ​ តាមឥដ្ឋ​។ បើ​មាន​រូប​ចំលាក់​​ក្រោយពី​​បិទ​បាយ​អ ហើយ​ទើប​គេ​រចនា​ជា​ក្បាច់​ឬ​គេ​បោះ​ពុម្ព​​រូប​មក​បិទ​តែ​ម្តង​។ ផ្នែក​ខាង​ក្នុង​ប្រាសាទ​ដើម្បី សម​ជា​កន្លែង​សក្ការបូជា​ គេធ្វើ​បល្ល័ង្ក​សំរាប់​ទ្រ​លិង្គ​ដែល​មាន​យោនី​នាង​​ឧមាវតី​នៅ​ពី​ក្រោម​ រួច​គេ​យក​រូប​ចំលាក់​បង្ហូរ​ទឹក​ គឺ​រូប​សត្វ​មករ​​ភ្ជាប់​មក​ខាង​ក្រៅ​ប្រាសាទ​។ ចំណែក​ឯ​ជញ្ជាំង​ប្រាសាទ​ខាង​ក្នុង​គេ​ចោះ​រន្ធ​តូចៗ​ជាច្រើន​សំរាប់​ភ្ជាប់​បន្ទះ​ជា​ប្រាក់​មាស​ ត្បូង​ និងវត្ថុ​បុរាណ​ផ្សេង​ទៀត​សំរាប់​ការ​បំភ្លឺ​ទី​សក្ការ​បូជា​។
អ្នក​ស្រី​នៅ​ សៅ​ រស់​នៅ​ភូមិ​ថា​ឡាបរិវ៉ាត់​ ឃុំ​ថាឡាបរិវ៉ាត់ ​ឱ្យ​ដឹង​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ភ្ញៀវ​អន្តរ​ជាតិ​ទៅ​ទស្សនា​ច្រើ់ន​ ជាពិសេស​គឺ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​សាង​សង់​ប្រាសាទ​ និង​ចង់​ដឹង​ពី​ការ​រស់​នៅ​ ​វប្បធម៌​​ ប្រពៃ​ណី​ ទំនៀម​ទំលាប់​របស់​អ្នក​ភូមិ​។ ​បច្ចុប្បន្ន​ពុំ​សូវ​ឃើញ​ភ្ញៀវ​​អន្តរ​ជាតិ​មក​ មិន​ដឹង​បណ្តាល​មក​ពី​អ្វី​ ។ ​ជា​រៀង​រាល់​​ឆ្នាំ នៅ​ទ​ីតាំង​ប្រាសាទ​នេះ​ប្រជា​​ពល​រដ្ឋ​ក្នុង​ខេត្ត​តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ប្រាសាទ​ ឬបុណ្យ​ព្រះ​គោ ។ បុណ្យ​នេះ​តាំង​ពី​ដើម​រៀង​មក​គេ​ប្រារព្ធ​រហូត​ដល់​៧​យប់​ ៧​ថ្ងៃ​ តែ​មក​ដល់​បច្ចុប្បន្ន​កាត់​បន្ថយ​មក​ត្រឹម​តែ​៣​យប់​៣​ថ្ងៃ​ប៉ុណ្ណោះ។ ពិធី​នេះ​គេ​ធ្វើ​នៅ​ថ្ងៃ​​១៥កើត​ ខែ​ផល្គុន​ រៀង​រាល់​ឆ្នាំ​ ។

ស្ត្រី​ដដែល​បន្ត​ថា ​ចាស់ៗ​បាន​តំណាល​ថា​ សម័យ​បុរាណ​ព្រះ​គោ​មាន​មហិទ្ធិរឹទិ្ធ​ខ្លាំង​ណាស់​ អាច​ហោះ​ហើរ​បាន​ចំណែក​បារមី​ព្រះ​គោ​អាច​ជួយ​យក​អាសា​ដល់​ប្រជា​ពល​រដ្ឋ​តាម​បំណង​ប្រាថ្នា​ ។ ​ទោះ​បី​ជា​ព្រះ​អង្គ​ជួយ​សត្វ​លោក​យ៉ាង​ណាក៏​ដោយ ប្រជា​ពល​រដ្ឋ​មិន​ដែល​ធ្វើ​បុណ្យ​រំលឹក​គុណ​ដល់​ព្រះ​អង្គ​ឡើយ​ ទើប​មាន​សម័យ​មួយ​ប្រជា​ជន​ទូ​ទាំង​ស្រុក​កើតក្តី​​ក្តៅ​ក្រហាយ​ឈឺ​ថ្កាត់ និង​ស្លាប់​បន្ត​បន្ទាប់​ទូទាំង​ភូមិ​ ដូច្នេះ ហើយ​ប្រជា​ពល​រដ្ឋ​បាន​ធ្វើ​ការ​បន់​ស្រន់​ស្រាប់​តែ​បារមី​ព្រះ​គោ​ចូល​រូប​សណ្ឋិត​លើ​ដូន​ជី​ម្នាក់​។ តាម​រយៈ​ដូន​ជី​នោះ​ បារមី​ព្រះ​គោ​ ប្រាប់​ហេតុ​ផល​ថា​ ត្រូវ​តែ​ធ្វើ​បុណ្យ​ព្រះ​គោ​ដើម្បី​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​អវតា​ររបស់​ព្រះ​គោ​ និង​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រលឹង​បុព្វបុរស​វរ​ក្សត្រ​ដែល​បាន​កសាង​ប្រាសាទ​ឱ្យ​បាន​៧​យប់​៧​ថ្ងៃ​ជា​រៀង​រាល់​ឆ្នាំ​ទើប​ប្រជា​ពល​រដ្ឋ​ទាំង​មូល​បាន​សេចក្តី​រុង​រឿងចៀស​ផុត​ការ​​ឈឺ​ថ្កាត់​ និង​រោគា​កាច​សាហាវ​ផ្សេងៗ។
ចាប់​តាំង​ពី​ពេល​នោះ​មក​ការ​ធ្វើ​បុណ្យ​ប្រាសាទ​ឬ​បុណ្យ​ព្រះ​គោ​ក្លាយ​ជា​ជំនឿ​មួយ​ជាប់​លាប់​របស់​ប្រជា​ជន​ស្រុក​ថាឡាបរិវ៉ាត់​ ហើយ​បុណ្យ​ប្រាសាទ​ក៏​ចាប់​បដិ​សន្ធិ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​តាម​កាល​បរិ​ច្ឆេទ​បាន​កំណត់​មក​ដល់​សព្វ​ថ្ងៃ។

លោក​ផេង ណាល័យ ប្រធាន​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​​ឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​ប្រាសាទ​ព្រះ​គោ​គឺជា​ទី​សក្ការៈ​របស់​ប្រជា​ជន​ក្នុង​ខេត្ត​ពេល​មាន​ពិធី​បុណ្យ​ព្រះ​គោ​ម្តងៗ​តែង​តែ​មាន​ភ្ញៀវ​ជា​ច្រើន​ទៅ​​គោរព​បូជា​សុំ​សេចក្តី​សុខ​ ចំរុង​ចំរើន​ពី​ព្រះ​គោ​ដែល​នៅ​ពី​មុន​ប្រាសាទ​។ ប្រាសាទ​​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម​ច្រើន ហើយ​មន្ទីរ​​គ្រាន់​តែ​ថែរក្សា​ និង​ការ​ពារ​ធម្មតា​ប៉ុណ្ណោះ​ ព្រោះ​មន្ទីរ​​មិន​ទាន់​មាន​គំរោង​ធំ​ណា​មួយ​ដើម្បី​រៀប​ចំ​រមណីយ​ដ្ឋាន​វប្ប​ធម៌​នេះ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្តី ​ពេល​អនា​គត​ដ៏​ខ្លី​មន្ទីរ​ជំនាញនឹង​សហ​​ការ​ជាមួយ​មន្ទីរ​បរិស្ថាន​ មន្ទីរ​ទេស​ចរណ៍​ធ្វើ​ការ​អភិ​រក្ស​រៀប​ចំ​ឱ្យ​បាន​ស្អាត​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ឱ្យ​មក​ទស្សនា​ប្រាសាទ​នេះ​៕