ឧបករណ៍ភ្លេង ស្គរធំ

ស្គរ​ធំ​មាន​​ចំនួន​២ សំរាប់​​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​នីមួយៗ ។ ស្គរទាំង​ពីរ​​នេះ​មាន​សំនៀង​មិន​ដូច​គ្នា​​ទេ បើ​មួយ​ឮ​សូរ​ទូងៗ មួយទៀត​ត្រូវ​ឮ​សូរ​ទីងៗ ។
ស្គរ​ធំ​នីមួយៗ​ មាន​មុខ​ពាស​ស្បែក​ពីរ​ខាង​ មុខ​ទាំង​សង​ខាង​នេះ​មាន​ប្រវែង​រង្វង់​មុខ​ប៉ុន​គ្នា ប៉ុន្តែ​​មាន​​សំនៀង​មិន​ដូច​គ្នា​ទេ ។ ស្គរ​នេះ​មាន​ជា​ប្រចាំ​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ ប៉ុន្តែ​មិន​ប្រើ​ប្រាស់​គ្រប់​តែ​បទ​ភ្លេង​នោះទេ មាន​បទ​ខ្លះ​​មិន​ចាំ​បាច់​វាយ​ស្គរ​ធំ​ឡើយ មានបទ​ភ្លេង​ខ្លះ​ទៀត​ត្រូវ​វាយ​ស្គរ​ធំ​ពី​ដើម​បទ​រហូត​​ដល់​ចប់​បទ ។
ស្គរ​ធំនីមួយៗ មាន​ប្រវែង​បណ្តោយ​៥០​ស.ម​ប្រវែង​ទទឹង​រង្វង់​មុខ​៤០​ស.ម និង​ប្រវែង​ទទឹង​រង្វង់​ចំ​កណ្តាល​៤៥​ស.ម ។ តួ​ស្គរ​នេះ​ត្រូវ​គេ​លុង​យក​​សាច់​ក្នុង​ចេញ​​ទុក​សំរាប់​តែ​២០​ស.ម ។ មាន​ស្គរ​ធំ​តាម​វង់​ភ្លេង​ពិណ​ពាទ្យ​ខ្លះ​ធំ ខ្លះ​តូច​មិន​ប៉ុន​គ្នា​ជា​ទូទៅ​ឡើយ ។ ស្គរ​ធំ​ខ្លះ​​ធ្វើអំពី​ឈើ​ខ្នុរ ខ្លះ​ធ្វើ​​អំពី​ឈើ​គគីរ ខ្លះទៀត ធ្វើអំពី​ឈើ​ច្រេស ជួន​កាល​គេ​យក​ដើម​ត្នោត​មក​ធ្វើ​​ក៏​មាន ។ នៅ​តាម​​រង្វង់​មុខ​ស្គរ មានចោះ​រន្ធ​ពី​រជួរ​តូចៗ ​សំរាប់​ទុក​ស៊ក​​កន្លាស់​ឫស្សី​នៅ​ពេល​ណា​ដែល​គេ​ត្រូវ​ការ​ពាស​ស្បែក ។ នៅ​ចំ​កណ្តាល​​តួ​ស្គរ​​មាន​ដាក់​ស្រយូវ​​ស៊ក​ក្រវិល​ដែក​មួយ​មាន​រង្វង់​ធំជាង​​កដៃ សំរាប់​យួរ ឬ​​សំរាប់​ស៊ក​ថ្ពក់​បញ្ឈរ​ទ្រេត​ទៅ​នឹង​ជើង​ស្គរ​​នៅ​ពេល​គេ​ប្រគំ។ ក្នុង​ពេល​គោះ​ស្គរ​ម្តងៗ គេ​យក​អន្លូង​ធ្វើ​អំពី​ឈើ​តូច​ម្ខាង ធំ​ម្ខាង​មាន​ចំនួន​២ មាន​ប្រវែង​នីមួយៗ​៣៥ស.ម មក​គោះ។

ពពួក​ស្គរ​ធំ​នេះ​ពាស​ដោយ​​ស្បែក​គោ ស្បែក​ក្របី ឬ​ស្បែក​ទន្សោង ។ គេ​ច្រើន​តែ​យក​ស្បែក​​គោណា​ដែល​មាន​ចំណាស់ ពី​ព្រោះ​មាន​ស្បែក​ក្រាស់ ស្បែក​ក្របី​ក្រមុំ ដែល​មានស្បែក​ស្តើង​ជាង​ស្បែក​ក្របី​ដទៃ និង​ស្បែក​ទន្សោងឈ្មោល​ចាស់ ​មាន​ស្បែក​​ក្រាស់​មក​ពាស ។ ស្គរ​ធំ​នេះគេ​មិន​ពាស​មុខ​ទាំង​សង​ខាង​ដំណាល​គ្នាទេ ។ គេ​ពាស​ម្តង​ម្ខាងៗ ដោយ​យក​ខ្សែ​​ចង​រឹត​ជុំវិញ ជាបណ្តោះ​អាសន្ន​សិន នៅ​ពេល​ណា​ដែល​​ស្បែក​ស្ងួត​មាន​សំនៀង​ត្រឹម​ត្រូវ ហើយ​ ទើប​គេ​យក​សន្លាស់​ (ច្បោះ) តូចៗ​មក​បោះ​ព័ទ្ធ​ជុំ​វិញ​ស្បែក​ភ្ជាប់​ទៅ​នឹង​រង្វង់​មុខ​ចំៗ រន្ធ​ដែល​គេ​បាន​ចោះ​ទុក​ជា​ស្រេច ។

ស្បែក​ដែល​យក​មក​ពាស​ត្រូវ​យកទៅ​សម្លាប់​ក្នុង​ទឹក​អំបិល ទឹកកំបោរ និង​ទឹក​ម្ជូរ​ ដើម្បី​ឱ្យ​ជ្រុះ​រោម​​អស់ ឱ្យ​ស្បែក​ទន់​ហើយ​ស្វិត កុំ​ឱ្យ​​យឺត​ចុះ​ឡើង​នៅ​ពេល​កំពុង​ប្រើ​វា ។ គេ​យក​ស្បែក​ដែល​សម្លាប់​ហើយ​ភ្លាម​ទៅ​ចង​ទាញ​សន្ធឹង​​ក្នុង​រង្វង់​បញ្ឆោត​​ធំ​មួយ ដើម្បី​ឱ្យ​ស្បែក​យារ​តឹង​ស្មើ​សាច់ ទើប​គេ​យក​ទៅ​ហាល​ក្នុង​ម្លប់​ទុក​ឱ្យ​ស្ងួត ។​ កាល​ណា​ស្បែក​ស្ងួត​ស្លាប់​សាច់​ហើយ ទើប​គេ​យក​វា​ទៅ​​ត្រាំ​ទឹក​ឱ្យទន់​ល្ម​ម​អាច​យក​ទៅ​ពាស​បាន​ទើប​គេ​យក​វា​ទៅ​ពាស ។ ស្បែក​ពាស​នីមួយៗ មុននឹង​​យកទៅ​សម្លាប់​គេ​ត្រូវ​កោស​​ស្បែក​​​នោះ​ទៅ​តាម​សំនៀង​ដែល​គេ​ចង់​
បាន ។ សំនៀង​ទូង ត្រូវ​កោស​​ជាយ​ស្បែក​ឱ្យ​ស្តើង​​ទុក​កណ្តាល​ស្បែក​ឱ្យ​ក្រាស់ សំនៀង​ទីង ត្រូវ​​កោស​កណ្តាល​ស្បែក​ឱ្យ​ស្តើង​ស្មើ​នឹង​ជាយ​ស្បែក​​ដែរ ។
ស្គរ​ធំ​ទាំង​ពីរនេះ មាន​សំនៀង​ខ្លាំង​ជ្រៅ​មាន​ឥទ្ធា​នុ​ភាព​ជាង​ស្គរ​នានា​ក្នុង​វង់​ភ្លេង ។

តាម​ការសន្និ​ដ្ឋាន​របស់​ខ្ញុំ​ថា ស្គរ​ធំនេះ​មាន​អាយុ​រាប់​ពាន់​ឆ្នាំ ដូច​ស្គរ​សម្ភោរ​ដែរ ពី​ព្រោះ​​ស្គរ​នេះ​បាន​ស្ថិត​ស្ថេរ​ តាំង​​ពី​កំណើត​វង់​ភ្លេង​ពិណ​ពាទ្យ​មក​ម៉្លេះ ហើយ​ជា​ស្គរ​ដៃ​គូនឹង​​ស្គរ​សម្ភោរ​ក្នុង​ការ​ឱ្យ​ចង្វាក់​ និង​ឱ្យ​សំនៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅមក​យ៉ាង​រណ្តំ មិនអាច​អត់​បាន​ក្នុង​វង់​ភ្លេង​​ពិណ​ពាទ្យ​នេះ ម្យ៉ាង​ទៀ​តស្គរ​​ធំនេះ​ក៏​មាន​ឆ្លាក់​រូប​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត សំរាប់​បញ្ជាក់​ថា មាន​មុន​សម័យ​អង្គរ​ ហើយ​សំខាន់​សំរាប់​សង្គម​មនុស្ស​កាលពី​រាប់​ពាន់​ឆ្នាំ​​កន្លង​មក​​នោះ ៕