ផ្ដល់​ប្រាក់​ជាង​២​សែន​ដុល្លារ​សំរាប់​ជួសជុល​គំនូរ​បុរាណ​វត្ដ​ប្រាសាទបាគង

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្ដីការ​គណៈ រដ្ឋមន្ដ្រី​កាលពី​ថ្ងៃ​ទី​២៥ ឧសភា មាន​រៀបចំពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​អប្សរា និង​ក្រុមហ៊ុន Holcim Group Supports ស្ដី​ពី​គម្រោង​ជួសជុល​ព្រះ​វិហារ វត្ដ​ប្រាសាទបាគង ដំណាក់កាល​ទី​៣ ក្រោម​អធិបតីភាព​លោក​ឧ​បនាយក​រដ្ឋមន្ដ្រី​សុខ អាន រដ្ឋមន្ដ្រី​ទទួល​បន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ។លោក Aidan Lynam ប្រធាន​ប្រចាំតំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន Holcim Group Supports បាន​ថ្លែង​ថា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ពីរក្នុង​គោលបំណង​ផ្ដល់​នូវ​ហិរញប្បទាន​ជា កញ្ចប់​ថវិកា​សរុប​ចំនួន​២០១.៣៩២​ដុល្លារអា​មេ​រិ​ក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សំរាប់បញ្ចប់​គំរោង​ជួសជុល​គំនូរ​បុរាណ​នៅ​ក្នុងបរិវេណ​ព្រះ​វិហារ​វត្ដ​ប្រាសាទបាគង ។ ក្នុងនេះ​ថវិកា​ចំនួន​១៨៦.៩៩២​ដុល្លារ​អា​មេ​រិ​ក នឹង​ត្រូវ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​អប្សរា សំរាប់​ការ​ជួសជុល​គំនូរបុរាណ​ដែល​នៅ​សេសសល់​ក្នុង​បរិវេណ​ព្រះ វិហារ​ទាំង​ក្នុង និង​ក្រៅរួម​នឹង​ការ​ដំឡើង ឡើង​វិញ​នូវ​គំនូរ​បុរាណ​១១​ផ្ទាំង ដែល​បានកាត់​ចេញ​ដើម្បី​ជួសជុល​ក្នុង​ដំណាក់កាល​ទី​១ កាលពី​ឆ្នាំ​២០០៧ ។

នេះ​គឺជា​ដំណាក់កាល​បញ្ចប់​នៃ​គំរោង ជួសជុល​-​អភិរក្ស​ព្រះ​វិហារ​វត្ដ​ប្រាសាទ បាគង បន្ទាប់​ពី​ការងារ​ក្នុង​ដំណាក់កាល​ទី​១ ដែល​រួម​មានការ​សង្គ្រោះ​បន្ទាន់​នូវ​ផ្ទាំងគំនូរ១១​ផ្ទាំង ដែល​នៅ​ក្នុង​ថែវ​នៃ​រោងទង រួម​នឹងការ​សិក្សា​ប្លង់​មេ​លំអិត​សំរាប់​ស្នើការ​ជួសជុល​ព្រះ​វិហារ​ជា​ទូទៅ​នៅ​ឆ្នាំ​២០០៧ ហើយការងារ​ក្នុង​ដំណាក់កាល​ទី​២ ដែល​មាន ការងារ​ពង្រឹង​គ្រឹះ​សសរ និង​ជួសជុល​ដំបូល​ព្រះវិហារ គ្រោង​នឹង​បញ្ចប់​នា​ដំណាច់​ខែឧសភាខាង​មុខ​នេះ ។ ដោយឡែក​ថវិកា​ចំនួន ១៤.៤០០​ដុល្លារ​អា​មេ​រិ​ក នឹង​ត្រូវ​ប្រគល់​ជូន សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ធ្វើ​ជាកញ្ចប់​ថវិកា​សំរាប់​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដែល​ចាំបាច់​សំរាប់​ការងារ​ជួសជុល គំនូរ​បុរាណ​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង តំបន់​នានា​ក្នុង​ប្រទេស​នា​ពេល​អនាគត​។ ជាមួយ​នឹង​ថវិកា​នេះ ប្អូន​ៗ​និស្សិត​ផ្នែក​គំនូរ បុរាណ បី​នាក់ នឹង​ទទួល​បាន​អាហារូបករណ៍ ពេញលេញ ដើម្បី​ចូលរួម​ក្នុង​ការ​ធ្វើ​កម្ម សិក្សា​បណ្ដុះបណ្ដាល​ជំនាញ ជា​អ្នក​ជួសជុល គំនូរ​បុរាណ​អាជីព​ពី​ក្រុម​អ្នកជំនាញ​បរទេស ដែល​នឹង​ត្រូវ​មក​ជួសជុល​គំនូរ​បុរាណ​នៅ​ព្រះ​វិហារ ប្រាសាទបាគង ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខនេះ ។

លោក Aidan Lynam បាន​បញ្ជាក់​ថា ដោយ​យល់​ឃើញ​ពី​តំលៃ​ដែល​មិន​អាច​កាត់ ថ្លៃ​បាន​នៃ​គំនូរ​បុរាណ​ដែល​ចាំបាច់​ត្រូវ​តែ ថែរក្សា​សំរាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​នោះ ទើបក្រុមហ៊ុន Holcim Group Supports ដែលជាប់​ថ្នាក់​ជា​ផលិតករ​ស៊ីម៉ង់ត៍​លំដាប់ថ្នាក់ ពិភពលោក បាន​សន្យា​យ៉ាង​មុតមាំ​ថា នឹងជួយ​ផ្ដល់​នូវ​ថវិកា​ដើម្បី​គាំពារ និង​អភិរក្ស គំនូរ​បុរាណ​នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ​វត្ដ ប្រាសាទបាគង រួម​នឹង​គំនិត​ប្រាថ្នា​ក្នុង​ការ​អភិវឌ្ឍន៍​ទីនោះ​ឱ្យ​ក្លាយទៅជា​ពុទ្ធិ​សារមន្ទីរ​ដំបូង គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល ។ ថែម​ពីលើ​នេះ យើង​បាន​កំណត់​ជា​យុទ្ធសាស្ដ្រ រួច​ហើយ​ថា ការ​ចូលរួម​របស់​ក្រុមហ៊ុន Holcim Group Supports ក្នុង​គំរោង​របៀបនេះ នឹង​ត្រូវ​បាន​ធ្វើ​បន្ដ​ទៀត​សំរាប់​អារាមចាស់​ៗ​ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​ពាសពេញ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​យើង ក្នុង​លក្ខខណ្ឌ​ដែលថា ការ​អនុវត្ដ​គំរោង​លើក​នេះ​ត្រូវ​បាន​បញ្ចប់ ដោយ​ជោគជ័យ ក្នុង​ការ​អនុវត្ដ​ដែល​មានតម្លាភាព និង​ក្នុង​រយៈពេល​កំណត់ ។

បំណងប្រាថ្នា និង​ចក្ខុវិស័យ​របស់ Holcim Group Supports គឺ​ចង់​ឃើញ​ការ ជួយ​ដល់​ការងារ​ជួសជុល និង​អភិរក្ស​ផ្ទាំងគំនូរ​ព្រះ​វិហារ​ប្រាសាទបាគង​នេះ ត្រូវ​បានប្រែ​ក្លាយជា​សារ​មួយ​ជួយ​ដល់​ប្រជាជនកម្ពុជា នៅ​គ្រប់​ទិស​ទី​ទាំងអស់​ឱ្យ​យល់ និងមើលឃើញ​ពី​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន នៃសិល្បៈ​ខ្មែរ​ក្នុង​ដំណាក់កាល​ក្រោយ​អង្គរ ដែល​បច្ចុប្បន្ន​កំពុង​តែ​ត្រូវ​បាន​រង​ការ​គំរាម បំផ្លិចបំផ្លាញ​អំពី​កត្ដា​ផ្សេង​ៗ​រួម​មាន កត្ដា​ធម្មជាតិ និង​ទស្សនៈ​នៃ​ការ​កំទេច​ចោល​ចាស់ សាងសង់​ថ្មី ។ក្នុង​ន័យ​នេះ​ដែរ Holcim Group Supports ក៏​បាន​សហការ​ដោយឡែក ជាមួយក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បីស្ថាបនា​នូវ​ខ្សែ​វី​ដេ​អូ​ឯកសារ​ស្ដី​អំពី​គំរោងអភិរក្ស​នេះ ក៏​ដូច​ជា​ផ្ដល់​ការ​គាំទ្រ​ការ​បោះ ពុម្ព​ផ្សាយ​នូវ​សៀវភៅ​ឯកសារ​ដែល​រ៉ាយរ៉ាប់ និង​ធ្វើ​ស្ថិតិ​អំពី​គំនូរ​បុរាណ​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឱ្យប្រជាជន​កម្ពុជា យល់​ជ្រួតជ្រាប​ច្បាស់​អំពី តំលៃ​ដ៏​មហាសាល​នៃ​កេរ​មរតក​សិល្បៈ​នេះ​។កិច្ច​សហប្រតិបត្ដិការ​របស់ Holcim Group Supports ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការងារ​អភិរក្ស​គំនូរ​បុរាណ​ខ្មែរ ក្នុង​​ព្រះ​វិហារ​វត្ដ​ប្រាសាទបាគង គ្រោង​នឹង បញ្ចប់​ការងារ​ជា​រូប​វន្ដ​នៅ​មុន​ឱកាស​បុណ្យចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ក្រោយ ។

លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន បានថ្លែង​ថា ជា​ការ​ពិត​ណាស់ បន្ថែម​ពីលើ​ប្រវត្ដិសាស្ដ្រ​ដ៏​យូរលង់​ប្រកបដោយ​ខឿនវប្បធម៌ អរិយធម៌​ដ៏​ចំណាស់ ប្រាង្គ​ប្រាសាទ​រាប់​ពាន់ សិល្បៈ​របាំ​បុរាណ​រាប់រយ​ប្រភេទ ដែល​សព្វថ្ងៃមួយ​ចំនួន​បាន​ក្លាយជា​បេតិកភណ្ឌ​មនុស្ស ជាតិ​ពិភពលោក អក្សរសាស្ដ្រ​ជាតិ ព្រមទាំង​ប្រពៃណី និង​ទំនៀមទំលាប់ ដែល​សុទ្ធតែ​ជា​កេរ​មរតក​ដ៏​រុងរឿង​នៃ​អរិយធម៌​ខ្មែរ យើង​នៅ​មាន​វត្ដ​អារាម​ដែល​មាន​អាយុកាល រាប់រយ​ឆ្នាំ​មួយ​ចំនួន​ធំ ដែល​ជាទី​កន្លែង គោរព​បូជា​តាម​ព្រះពុទ្ធ​សាសនា ក៏​សុទ្ធតែ​ជាកេរ​មរតក​ដ៏​មាន​តំលៃ និង​ជា​មោទនភាពពិត​ៗ​របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ ។ ក្នុងន័យ​នេះ រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​បាន​និង កំពុង​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​កិច្ចការ​ថែរក្សា ជួសជុល និង​ស្ដារ​ឡើង​វិញ​នូវ​វិហារ​បុរាណ ទាំងនោះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​រាជរដ្ឋាភិបាល​បាន និង​កំពុង​បង្កើន​នូវ​កិច្ច​សហប្រតិបត្ដិការ​ជា មួយ​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​លើ​ពិភពលោក ជា​ពិសេស​វិស័យ​ឯកជន​ដើម្បី​កៀងគរ នូវ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស សម្រាប់គាំទ្រ​ដល់​កិច្ចការ​ថែរក្សា ជួសជុល និង​ស្ដារ ឡើង​វិញ​នូវ​ព្រះ​វិហារ និង​ផ្ទាំងគំនូរ​លើ​វិហារបុរាណ​ដែល​ជា​សម្បត្ដិ​ដ៏​មាន​តំលៃ​របស់ជាតិ ​។ មក​ទល់​បច្ចុប្បន្ន ក្រោម​កិច្ច​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល និង​ក្រោម​កិច្ច​សហ​ប្រ​តិប​ត្ដិ​ការ​ដ៏​ល្អ​ជាមួយ​សហគមន៍​អន្ដរជាតិ​ជាមិត្ដ​យើង​ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​ក្នុងសកម្មភាព​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ ជាពិសេស​ទម្រង់​នៃ​កិច្ច​សហប្រតិបត្ដិការ​អន្ដរ ជាតិ​នេះ កំពុង​ទទួល​បាន​នូវ​ការ​កោតសរសើរ និង​វាយតំលៃ​ខ្ពស់ ព្រមទាំង​យក​ធ្វើជា​គំរូ​ថែម​ទៀត​ផង ។

ដោយឡែក ការ​ចូលរួមចំណែក​របស់​ក្រុមហ៊ុន HOLCIM ជា​បន្ដបន្ទាប់​កន្លង​មកនេះ គឺ​កំពុង​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត នូវ​ជោគជ័យ នៃ​កិច្ច​សហប្រតិបត្ដិកា​របើក​ទូលាយ​របស់រាជរដ្ឋាភិបាល ។ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​យក​ឱកាស នេះ សម្ដែង​នូវ​អំណរ​គុណ​ជា​ថ្មី​ម្ដងទៀត ចំពោះ​ការ​ចូលរួម​ចំណែក​ជា​ថវិកា​ដ៏​មាន តំលៃ​របស់​ក្រុមហ៊ុន HOLCIM ដែល​បានធ្វើ​ឱ្យ​សកម្មភាព​ជួសជុល​ព្រះ​វិហារ និង​គំនូរបុរាណ​នៅ​វត្ដ​ប្រាសាទបាគង ដំណាក់កាល ទី​មួយ និង​ទី​ពីរ ប្រព្រឹត្ដ​ទៅ​ប្រកបដោយជោគជ័យ ហើយ​ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំថា បន្ទាប់​ពី​គម្រោង​ដំណាក់កាល​ទី​បី​នេះ ឈាន​ទៅ​ដល់​ការ​បញ្ចប់​ជា​ស្ថាពរ ក្រុមហ៊ុន HOLCIM នឹង​បន្ដ​ជួយ​ជ្រោមជ្រែង​ជា​បន្ដ ទៀត​ដល់​សកម្មភាព​អភិរក្ស និង​អភិវឌ្ឍ​វប្ប ធម៌ និង​អរិយធម៌​ដ៏​រុងរឿង​របស់​ជាតិ ជា ពិសេស​ក្លាយជា​ក្រុមហ៊ុន​គំរូ​សម្រាប់​ក្រុមហ៊ុន​ដទៃ​ទៀត​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​បុព្វ ហេតុ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ ជា​ពិសេស ការ​អភិរក្ស​ជួសជុល​វត្ដ​អារាម​ចំណាស់​ៗ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ។