តាំងពិព័រណ៍​ស្នាដៃ​វិចិត្រកម្ម​ចម្លាក់​ធ្វើ​ពី​ផ្ដៅ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២០ ឧសភា នេះ​តទៅមជ្ឈមណ្ឌល​វប្បធម៌​បារាំងនឹង​រៀបចំ​ពិព័រណ៍​សិល្បៈ​ចម្លាក់​ធ្វើ​អំពី​ផ្ដៅ ដែល​ជា​ស្នាដៃ​ដ៏​ចំណាន​របស់​លោក​ពេជ្រ សុភាពវិចិត្រករ​ខ្មែរ​ដែល​ទទួល​បាន​សញាប្រ័ត​ផ្នែក​វិចិត្រកម្ម​នៅ​សាកលវិទ្យាល័យម៉ាសា​ឈូ​សេត និង​នៅ​វិទ្យាស្ថាន​សិល្បៈ​នៃទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋ​អា​រេ​មិ​ក ។ ការតាំងពិព័រណ៍​នេះ គឺជា​លើក​ទី​២ នៃ​ស្នាដៃសិល្បៈ​របស់​លោក​ពេជ្រ សុភាព ដែល​លើកទី​១ ធ្វើ​នៅ​ឆ្នាំ​២០០៤ គឺជា​ការ​តាំងពិព័រណ៍ស្ដី​ពី​រូបចម្លាក់ ។

លោក​ពេជ្រ សុភាព បាន​និយាយ​ថា លោក​បាន​ចូល​មក​កម្ពុជា​វិញ​នា​ឆ្នាំ​២០០២ ហើយ​បាន​បង្ហាញ​ស្នាដៃ​ជា​ច្រើន​តាម​រយៈការ​តាំងពិព័រណ៍​ចាប់ពី​ឆ្នាំ​២០០៥​។ បន្ទាប់​ពីទទួល​បាន​ជោគជ័យ​នៃ​វិចិត្រកម្ម​របស់​ខ្លួន លោក​បាន​សំរេចចិត្ដ​ចាប់​យក​សិល្បៈ​ធ្វើ​អំពីផ្ដៅ​មក​បង្កើត​ជា​រូបភាព និង​យក​ទៅ​តាំងពិព័រណ៍​ម្ដង ។ គោលបំណង​នៃ​ការ​តាំងពិព័រណ៍​លើក​នេះ គឺ​លោក​ចង់​បង្ហាញ និងផ្ដល់​គំនិត​ទៅ​លើ​ការ​វិវត្ដន៍​នៃ​ការងារ​តាំងពីរូបវិចិត្រ​កម្ម​ដំបូង​របស់​លោក​កាលពី​៦​ឆ្នាំ​មុន និង​ចម្លាក់​ដែល​រូប​លោក​បាន​ធ្វើ​នា​ពេល​ប​ច្ចុប្បន្ន ។ ពិព័រណ៍​លើក​នេះមាន​ចំណងជើង​ថា Fragile (​ផុយ​ស្រួយ​) ដែល​ចង់​ផ្ដោត​ទៅ​លើសេចក្ដី​ប្រាថ្នា​របស់​លោក​ក្នុង​នាម​ជា​អ្នកចម្លាក់ និង​ឆ្លុះ​បញ្ចាំង​អំពី​លក្ខខណ្ឌ​នានា​នៅប្រទេស​កម្ពុជា ពី​លក្ខខណ្ឌ​មនុស្ស​ដែល​រស់នៅ​ទី​នេះ និង​បង្កើត​ជា​រូបភាព​ធ្វើ​យ៉ាងណាឆ្លើយ​តប​ទៅ​នឹង​តថភាព ។

លោក​ពេជ្រ សុភាព បញ្ជាក់​ថា ការទស្សនា​រូបភាព​នោះ គេ​ប្រាកដជា​វាយតំលៃថា ជា​រូបភាព​ពី​អតីតកាល ។ ប៉ុន្ដែ​ការ​វាយតំលៃ​បែប​នេះ​មិន​សម​ស្រប​ទាំងស្រុង​នឹង ការងារ​របស់​លោក​ទេ ហើយ​ស្នាដៃ​នេះមានការ​គាំទ្រ​ច្រើន​នៅ​ក្រៅប្រទេស ។ ពិត​ណាស់ស្នាដៃ​របស់​លោក​នៅ​ក្រៅប្រទេស​ច្រើន​តែបង្ហាញ​អំពី​ផ្លូវ​ដែល​លោក​បាន​ដើរ​ក្នុង​ពេលស្រាវជ្រាវ​ដំបូង​ៗ​ស្ដី​ពី​ផ្ទះ ឬ​សំបុក ចាន ឆ្នាំង ជាដើម ។ ប៉ុន្ដែ​សម្រាប់​ពិព័រណ៍​លើក​នេះលោក​នឹង​បង្ហាញ​នូវ​វិចិត្រកម្ម​ប្លែក​ៗ​ជា​ច្រើន ហើយនឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ដ ព្រម​ជាមួយ​នឹង​ការ​នឹក​ស្រណោះ​ដល់​សម្បត្ដិ​វប្បធម៌​ខ្មែរ​ដែល​បាន​បាត់បង់​ទៅ​តាម​កាលសម័យ ។ ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​អញ្ជើញ​មក​ចូលរួម ទស្សនា​ពិព័រណ៍​ដ៏​មាន​ខ្លឹមសារ និង​កម្រ​មាននៅ​កម្ពុជា ដូច​ជា​ស្នាដៃ​លោក​ពេជ្រ សុភាព ហើយ​តាម​រយៈ​នោះ​ទាំងអស់​គ្នា​នឹង​មានចិត្ដរំភើប​ស្ញប់ស្ញែងចំពោះ​ស្នាដៃ​របស់​វិចិត្រករមិន​ខាន ហើយ​ការ​ចូល​ទស្សនា​គឺ​មិន​គិត​កំរៃឡើយ ៕