ប្រវតិ្ត ‹ ប៉ីអ ›

ប៉ីអជាឧបករណ៍ប្រើខ្យល់ផ្លុំដោយបៀមលាំ (អណ្តាត) នៅក្នុងមាត់ ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ ភ្លេងអារក្ស និងក្នុងវង់ភ្លេងការបុរាណ ។ ក្នុងពេលប្រគំរួមម្តងៗ ឧបករណ៍ដទៃក្នុងវង់ភ្លេងទាំងពីរខាងលើនេះ ត្រូវរឹត តាមសំនៀងប៉ីអ ដោយយកសំនៀងប៉ីអជាសំនៀងកំណត់ ។ ឧបករណ៍នេះមានអាយុកាលចំណាស់បំផុតនៅលើទឹកដីយើងនេះ ។ ជាច្រើនតំណមកហើយ រូបភាពរបស់វាពុំមាន ការផ្លាស់ប្តូរឡើយ ។ រូបភាពដើមដូចប្រើសព្វថ្ងៃនេះ មានឃើញេនៅប្រទេសជប៉ុនផ្លុំប៉ោងមាត់ដូចខ្មែរដែរដោយតន្រ្តីករ ជនជាតិជប៉ុន ស្លៀកពាក់បែបប្រទេសឥណ្ឌូណេស៊ី ។

សំនៀងរបស់ប៉ីអលាន់ឮរ៉ែ ពីរោះដូចគ្នានឹងសំនៀងធម្មជាតិរបស់សត្វរៃយំក្នុងព្រៃព្រឹក្សា ។ ឧបករណ៍ប៉ីអនេះប្រើ សំនៀងជាប់ដូចរៃយំពីដើមបទរហូតដល់ចប់បទ ។ អ្នកផ្លុំប៉ីអត្រូវជា អ្នកពូកែខាងបច្ចេកទេសដកដង្ហើមរក្សាខ្យល់ទុកផ្លុំមិនឱ្យ ដាច់សំនៀង ។ ក្នុងការបិទបើករន្ធសំនៀង តន្ត្រីករខ្លះប្រើចុងម្រាមដៃ ខ្លះទៀតប្រើគល់ម្រាមដៃ ។ តួប៉ីអធ្វើអំពីដើមឫស្សីឃ្លៃ ឬដើមឫស្សីពីងពង់ ឬក៏ប្រភេទឈើរឹងៗដូចជា ឈើគ្រញូង ឈើនាងនួន ឈើខ្មៅ។ល។ ដើមឫស្សីឃ្លៃ ឬដើមឫស្សីពីងពង់ គឺជាប្រភេទឫស្សីដែលមានប្រហោងរន្ធតូច សាច់ក្រាស់ត្រូវនឹងសំណុំប្រហោងរបស់ប៉ី
អ ។ គេយកត្រឹមតែប្រវែង១សាច់ឫស្សី គ្មានជាប់ថ្នាំងមកធ្វើតួប៉ីអ ។ នៅលើតួប៉ីអមានចោះរន្ធសំនៀងច្រើនដូចជា រន្ធសំរាប់បិទក្រដាសមានមួយ (ខ្លះហៅថារន្ធហែប) សំរាប់ឱ្យប៉ីអមានសំនៀងរ៉ែ ។ រន្ធហែបនេះគេចោះនៅចំហៀងតួប៉ីអ ។ មានរន្ធ៧ទៀតនៅចំពីលើតួ គឺជារន្ធសំនៀងចំ ដែលមានចន្លោះពីមួយទៅមួយតាមកំរិតសំនៀងរបស់ខ្លួន ។ ចំពោះរន្ធសំនៀង នីមួយៗ អាចប្រើបានតែសំនៀងចំមួយគត់ និងសំនៀងចំហៀងមួយទៀតប៉ុណ្ណោះ មិនអាចប្រើសំនៀងបានច្រើនដូចរន្ធខ្លុយ ឡើយ ។

លាំ (អណ្តាត) សំរាប់ផ្លុំឱ្យចេញសំនៀងធ្វើអំពីដើមប្របុស មិនចាស់ពេក មិនខ្ចីពេកមានប្រវែងក្រោម១០សង្ទី ម៉ែត្រ ។ គេចិតគល់លាំឱ្យមានរាងជមល្មម និងស៊កទៅក្នុងប្រហោងតួប៉ីអឱ្យបានជាប់ ។ នៅខាងផ្លុំ គេកោសឱ្យស្តើង ហើយយកទៅកប់ក្នុងផេះក្តៅឱ្យទន់សាច់ប្របុស រួចគេគាបនឹងត្បុត ដើម្បីឱ្យសំប៉ែតដូចចំពុះទា ទុកយូរថ្ងៃឱ្យស្លាប់សាច់ ទើប គេដោះត្បុតចេញធ្វើយ៉ាងនេះ គឺដើម្បីកុំឱ្យវាបោរប៉ោងវិញបាន ។ គេយកលាំដែលគាបរួចហើយទៅត្រាំក្នុងទឹកកំបោរ និង ម្ជូរយ៉ាងយូរ ដើម្បីកុំឱ្យសាច់ប្របុសរីកនៅពេលដែលគេរៀបផ្លុំ។ លាំណាដែលមានចុងអណ្តាតគាបជាប់គ្នា គេត្រូវគាប ពីទោលអណ្តាតមកវិញ ដោយឃ្នាបមួយតូចឱ្យប្រហោងហើបបន្តិចដើម្បីសំរួលដល់សំនៀង ។ លាំណាដែលមាន ប្រហោងអណ្តាតហើបហើយ ក៏គេត្រូវប្រើឃ្នាបតូចៗ២ឬ៣ (ហៅថាស្នាប់) ធ្វើអំពីបន្ទះផ្តៅតូចស្តើងដែរ ដើម្បីសំរួលដល់ ប្រហោងអណ្តាតតម្រូវតាមសំនៀងត្រូវការ ។

តាមធម្មតា ប៉ីអនៅតាមក្រុមភ្លេងនីមួយៗក្នុងប្រទេសកម្ពុជា មានកំពស់សំនៀងមិនស្មើគ្នាសុទ្ធសាធនោះទេ គឺ អាស្រ័យមកពីទំហំប្រវែង ប្រហោងសំនៀងមិនស្មើគ្នា ទៅតាមសំណុំលក្ខណៈឫស្សីដែលយកមកធ្វើជាតួប៉ីអនោះ។ តន្ត្រីករ ដែលជាអ្នកធ្វើប៉ីអតាំងពីបរមបុរាណមកនៅតែគារពក្បួនខ្នាតចោះរន្ធសំនៀងតាមបែបបុរាណដាច់ខាតមិនលំអៀងឡើយ។ ​ ដោយយកខ្នាតជារបៀបកាច់បត់ជាផ្នត់មក ចោះរន្ធ ។ គេយកខ្សែដែលមានប្រវែងស្មើនឹងប្រវែងតួប៉ីអ មកបត់ជា១១ផ្នត់ស្នើៗ គ្នា រួចគេចាប់លាផ្នត់ទាំងនោះដាក់លើតួប៉ីអ ដើម្បីវាស់រកចំណុចរន្ធសំនៀងនីមួយៗ ។

ពីត្រឹមកន្លែងស៊កលាំទៅរន្ធសំនៀងទី១ មាន២ផ្នត់ (២/១១), រន្ធទី២ មាន៣ផ្នត់ (៣/១១), រន្ធទី៣ មាន៤ផ្នត់ (៤/១១), រន្ធទី៤ មាន៥ផ្នត់ (៥/១១), រន្ធទី៥ មាន៥ផ្នត់ (៦/១១), រន្ធទី៦ មាន៥ផ្នត់ (៧/១១), រន្ធទី៧ មាន៥ផ្នត់ (៨/១១) និងពីររន្ធទី៧ ទៅចុងតួប៉ីអមាន៣ផ្នត់ (៣/១១) ប្រវែង៣ផ្នត់នៃចុងតួនេះ គេអាចកាត់ចុងចោលខ្លះដើម្បីជួយតម្រូវសំនៀងរន្ធទី៧ ប្រសិនបើសំនៀងនៃរន្ធនេះទាប ពេកដោយមូលហេតុប្រហោងឫស្សីមិនល្អ ។ ចំណែករន្ធហែប (រន្ធបិទក្រដាស) នៅទន្ទឹមរន្ធទី១ ពីចំហៀង រីឯរន្ធចំហៀង (រន្ធមានសំនៀងចំហៀង) នៅចំពាក់កណ្តាលរន្ធទី១ និងរន្ធទី២ ផ្នែកខាងក្រោម ៕  (ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រី្ត)