ពិធី​កាន់​បិណ្ឌ​វេន​ទី​១នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​របស់​ខ្មែរ

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ត្រូវ​នឹង​ថ្ងៃ​១​រោច ខែ​ភទ្រ​បទ លោក​ ស​ ថាវី អភិ​បាល​រង​ខេត្ត​ ប្រចាំ​ការ​ទិស​ស្រុក​ជាំ​ក្សាន្ត​បាន​មូល​មតិ​គ្នា​ជាមួយ​ពុទ្ធ​បរិ​ស័ទ​​រស់​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ និង​មាន​ការ​ចូល​រួម​ពី​អង្គ​ភាព​មួយ​ចំនួន​ឈរ​ជើង​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ​រួម​មាន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ បញ្ជា​ការ​ដ្ឋាន​កង​អង្គ​រក្ស​ ក្រុម​ការ​ងារ​ ពិសេស​ថ្នាក់​ជាតិ​ និង​ភូមិ​ធម្ម​ជាតិ​សម្តេច​តេជោ​បាន​អញ្ជើញ​ទៅ​កាន់​បិណ្ឌ​វេន​ទី​១​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ដោយ​នាំ​យក​ទេយ្យ​ទាន​​ មាន​ថវិកា​ ​ទឹក​បរិ​សុទ្ធ​១៤​កេស​ មី​១២​កេស​ ស្ករ​ស​១០​គីឡូ​ក្រាម​ អង្ករ​២បាវ​ ទឹក​ក្រូច​៧​កេស​ នំ​អន្សម​៦០០​ ទឹក​សីុ​អីុវ​១​ឡូ​ ទឹក​ត្រី​២​ឡូ បារី​សេក​៤​សុង​ ប្រេង​កូ​ឡា​១​ឡូ កា​ហ្វេ​១​កញ្ចប់​ធំ តែ​៥​កញ្ចប់​ ប្រគេន​ថវិកា​ព្រះ​សង្ឃ​​ចៅ​អធិការ​វត្ត​១៦​ម៉ឺន​រៀល​ ប្រគេន​ព្រះ​សង្ឃ​គង់​ក្នុង​វត្ត​២១​អង្គ​ ក្នុង​១​អង្គៗ​ បច្ច័យ​៥​ម៉ឺន​រៀល​ តា​ជី​ យាយ​ជី១៥​នាក់​ ក្នុង​ម្នាក់​១​ម៉ឺន​រៀល​ និង​​ប្រគេន​វត្ត​ជិត​៣​លាន​រៀល​ ។

ពិធី​កាន់​បិណ្ឌ​ទី​១នេះ​ ពុទ្ធ​បរិស័ទ​ ព្រម​ទាំង​កង​កំលាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ដែល​កំពុង​ឈរ​ជើង​នៅ​លើ​សមរ​ភូមិ​ទិស​ទី​១​ប្រាសាទ​ព្រះ​វិហារ​បាន​ចូល​រួម​ក្នុង​ពិធី​រាប់បាត្រ​ និង​បរិច្ចាគធន​ធាន​តាម​សទ្ធា​រៀងៗ​ខ្លួន​ដើម្បី​រំលឹក​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ​។ បន្ទាប់​ពី​រាប់​បាត្រ​ បង្សុ​កូល​ និង​វេរ​ប្រគេន​ទេយ្យវត្ថុ​ គ្រឿង​បរិក្ខារ​ និង​បច្ច័យ​ទាំង​អស់​ជូន​ដល់​ព្រះ​សង្ឃ​ តាជី យាយ​ជី ដែល​កំពុង​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​រួច​មក​លោក ស​ ថាវី អភិ​បាល​រង​ខេត្តបាន​​ថ្លែងអំណរ​គុណ​ដល់​វត្ត​មាន​ពុទ្ធ​បរិ​ស័ទ​ទាំង​អស់​រស់​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​សុទ្ធ​សឹង​ជា​ពុទ្ធ​សាស​និក​ជន​មាន​សទ្ធា​ជ្រះ​ថ្លា​បរិ​ច្ចាគ​ធន​ធាន​​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​ និង​តា​ជី​ យា​យ​ជី​ដែល​កំពុង​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​ ។

លោក​ ស​ ថាវី ​បាន​រៀប​ចំ​កម្ម​វិធី​ជា​បន្ត​ចាប់​ពី​កាន់​បិណ្ឌ​១​រហូត​ដល់​ភ្ជុំ​បិណ្ឌ គឺ​ឱ្យ​ប្រជា​ពល​រដ្ឋ​ និង​បណ្តា​អង្គ​ភាព​កង​កំលាំង​ និង​ស្ថាប័ន​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ដោយ​​ចែក​វេន​គ្នា​ជា​បន្ត​បន្ទាប់​ ដើម្បី​ញ៉ាំង​ឱ្យ​កម្ម​វិធី​បុណ្យ​ប្រពៃ​ណី​ដ៏​ធំ​របស់​ជាតិ​នេះ​កាន់​តែ​​អធិក​អធម​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វ​ការី​ជន​គ្រប់​ៗគ្នា​ ។ វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​របស់​ខ្មែរ​ដែល​សង់​ឡើង​នៅ​លើ​កំពូល​ភ្នំ​ដង​រែក​ក្បែរ​បរិ​វេណ​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​នៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី មាន​ការ​ស្ងប់​ស្ងៀម​អំពី​ស្ថាន​ការណ៍​យោ​ធា​នៅ តំបន់​នោះ គេ​សង្ឃឹម​ថា​ នឹង​មាន​ពុទ្ធ​បរិ​ស័ទទៅ​​ពី​គ្រប់​ទី​ជិត​ឆ្ងាយ​ចូល​រួម​ក្នុង​ពិធី​កាន់​បិណ្ឌ​ជា​បន្ត​បន្ទាប់​ ៕