បើ​អ្នក​មិន​ចង់​ពោះម៉ាយ ឬ​មេម៉ាយ​ត្រូវ​ប្រញាប់​រៀប​ការ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​មេម៉ាយ

មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន ថ្ងៃ​១៤ កុម្ភៈ ខែក្រោយ​នេះ ក្រុម​កំលោះ​-​ក្រមុំ​ជនជាតិ​ចិនបាន​នាំ​គ្នា​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​កុះករ ព្រោះថាបុណ្យចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ​២០១០ គឺជា​ការ​ឈាន​ចូល​ឆ្នាំ​ថ្មី​ដែល​គ្មាន​ភាព​ប្រក្រតី​មាន​ន័យ​ថា គឺជា​ឆ្នាំ​ពោះម៉ាយ ឬ​មេម៉ាយ ។

ឪពុក​ម្ដាយ​ដែល​មាន​ជំនឿ​លើ​ជោគវាសនា​និង​លាភ​សំណាង​បាន​ប្រញាប់ប្រញាល់​ឱ្យ​កូនចៅ​រៀប​ការ​ជា​បន្ទាន់​នៅ​មុន​ពេលឈាន​ចូល​ដល់​ឆ្នាំ​ថ្មី ព្រោះថា ការ​រៀប​ការក្នុងអំឡុងពេល​ក្រោយ​ចូល​ឆ្នាំ (​ចូល​ឆ្នាំ​ចិន ២០១០) នឹង​នាំ​មក​នូវ​វត្ថុ​អពមង្គល​ដល់​កូនកំលោះ​កូនក្រមុំ ។ រឿងរ៉ាវ​នឹង​កើតឡើងនៅ​ត្រង់​ថា តាម​ប្រតិទិន​ចន្ទគតិ​របស់​ចិន គឺ​បែងចែក​ពេលវេលា​មួយ​ឆ្នាំ​ចេញ​ជា​២៤ដំណាក់កាល ដោយ​មាន​ដំណាក់កាល​មួយ គឺជា​ដំណាក់កាល “​ចាប់ផ្ដើម​រដូវ​” ដែល​ជនជាតិចិន​ជឿ​ថា ជា​អំឡុង​ពេល​នៃ​កំលាំង​ដ៏លើសលប់ ឬ​ថាមពល​នៃ​បុរស​ភេទ ។ ប៉ុន្ដែឆ្នាំ​២០១០ តាម​ប្រតិទិន​ចន្ទគតិ​របស់​ចិន គឺ​ចាប់ផ្ដើម​ឡើងក្រោយ​ពី​ដំណាក់កាល “​ចាប់ផ្ដើម​រដូវ​ផ្កា​រីក​” នៃ​ថាមពល​ដែល​បានកន្លង​ផុត​១០​ថ្ងៃ ដូច្នេះ​ក្នុង​ឆ្នាំ​២០១០​នឹងក្លាយជា​ឆ្នាំ​ដែល​គ្មាន​ថាមពល​ខ្លាំងក្លា ។

សំរាប់​ស្ដ្រី​ចិនពួក​គេ​មាន​ជំនឿ​ថា ក្នុង រយៈពេល​គ្មាន​ថាមពលក៏​គ្មាន​ស្វាមី​ដែរ ដែល​ធ្វើ​ឱ្យ​ស្ដ្រី​ត្រូវ​ក្លាយជា​មេម៉ាយ​។ ចំណែក​ឪពុក​ម្ដាយ​ដែល​ប្រកាន់ខ្ជាប់​នូវទំនៀមទំលាប់​បុរាណរមែង​មានការ​ភ័យខ្លាច​លើ​ផល​ប៉ះពាល់​ផ្សេង​ៗ​ដែល​នឹង​កើតឡើង ប្រសិនបើ​មិន​ឱ្យ​កូន​ប្រញាប់​រៀប​ការនៅ​មុន​ពេល​ចូល​ឆ្នាំ​ថ្មី (​ចិន​)  ។ ហេតុការណ៍អកុសល​ដែល​នឹង​កើតឡើង​រួម​មានប្រពន្ធ នឹង​ធ្វើបាប​ប្ដី​ជីវិត​គូស្រករ​មិន​រីករាយ រីឯកូន​ដែល​កើតមក​នឹង​ក្លាយជា​មនុស្ស​ទំនើង ។

បច្ចុប្បន្នជនជាតិ​ចិន​មាន​ប្រើ​ក្រ​តិ​ទិន​២ ប្រភេទ គឺ​ប្រតិទិន​ចន្ទគតិ និង​ប្រតិទិនសុរិយគតិ ប៉ុន្ដែ​សំរាប់​ប្រជាជន​ចិន​សម័យបុរាណ ប្រើ​តែ​ប្រតិ ទិន​ចន្ទគតិ ។ នៅ​ពេល​ឈាន​ចូល​ដល់​យុគសម័យ​ថ្មី ក្នុងពេល​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​ប្រទេសលោក​ខាងលិច ជនជាតិ​ចិន​ក៏​បាន​ងាក​ទៅប្រើ​ប្រតិទិន​សុរិយគតិ​សំរាប់​ដំណើរការ​កិច្ចការ​ប្រចាំ​ថ្ងៃ ។ ចំណែក​ប្រតិទិន​ចន្ទគតិ​ប្រើសំរាប់​មើល និង​ទស្សន៍​ទាយ​មើល​ថ្ងៃ​ឈប់សំរាក​តាម​ប្រពៃណី និង​រិះរក​ថ្ងៃ​មង្គលសំរាប់​រៀបចំ​ពិធី​ផ្សេង​ៗ​ដូច​ជា​ថ្ងៃ​រៀប​ការ ឬ​បើក​សម្ពោធ​អគារ​ថ្មី ។

លោក​ឈី សូវ​ឈើ​ង អ្នកជំនាញ​ខាងទស្សន៍​ទាយ​របស់​ចិន​បាន​បញ្ជាក់​ថា  “​ឆ្នាំ​មេ ម៉ា​យ ឬ​ពោះម៉ាយ គ្រាន់តែ​ជា​រឿង​ចៃដន្យ ដែល​កើត ឡើង​ក្នុង​ការ​រាប់​ថ្ងៃ ខែ ឆ្នាំ​តាមសុរិយគតិ និង​ចន្ទគតិ​តែ​ប៉ុណ្ណោះ ។ ចំណែកពាក្យ​ថា នារី​ដែល​រៀប​ការ​ក្នុង​ឆ្នាំ​មេម៉ាយនឹង​វាយ​ធ្វើបាប​ប្ដី និង​ខ្លួន​ត្រូវ​តែ​មេម៉ាយនោះ​ គឺជា​រឿង​ផ្ដេសផ្ដាស​គ្មាន​ប្រយោជន៍​អ្វីឡើយ​” ។

លោក​ចាង ឃ័​រគាំង អ្នក​ស្រាវជ្រាវ​នៃវិទ្យាស្ថាន “​វ៉ើ​យ​ហ្វា​ង​” ក្នុង​តំបន់​សាន​ទុង ដែល​ជា​មនុស្ស​ម្នាក់​គ្មាន​ជំនឿ​លើ​ជោគជតារាសី​បាន​គូស បញ្ជាក់​ថា “​មនុស្ស​ដែល​នាំ​គ្នារៀប​ការ​ជា​ហូរហែ​នឹង​មានកូន​នៅ​ក្នុង​ឆ្នាំ ដែល​គេ​ហៅ​ថា ជា​ឆ្នាំ​មង្គល​គឺ​អាច​បង្កើត​ការលំបាក​ដល់​ខ្លួន​នៅ​ពេល​ក្រោយ​ក៏​ថា​បាន​។ ក្នុង​ខណៈ​ដែល​ប្ដី​-​ប្រពន្ធ​នាំ​គ្នា​ផ្ដល់​កំណើតដល់​ទារក​ក្នុង​ឆ្នាំ​តែ​មួយអាច​នឹង​ធ្វើ​ឱ្យ​ធនធាន ការ​សិក្សា និង​ឱកាស​ផ្សេង​ៗ​នឹង​ខាតបង់​នៅ​ពេល​ដែល​កុមារ​ទាំងនោះ​ឈាន​ចូលដល់​វ័យ​សិក្សា និង​នៅ​ពេល​ធំ​ឡើង​ស្វែងរកការងារ​ធ្វើអាច​មានការ​ប្រកួតប្រជែង​ដ៏​ក្ដៅ
គគុក​បាន​” ៕