សមិទ្ធផលក្នុងវត្តឧត្តមព្រឹក្សាជាអំណោយរបស់ព្រឹទ្ធសមាជិកឡាវ ម៉េងឃីន ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធភិសេក និងកាត់ខ្សែបូសម្ពោធសមិទ្ធផលថ្មីក្នុងវត្ត

ខេត្ត​ព្រះ​សីហនុ​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ២០១១ នៅ​វត្ត​ឧត្តម​ព្រឹក្សា ​ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្រាញ់​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ បាន​រៀប​ចំ​ពិធី​បុណ្យ​បញ្ចុះខណ្ឌ​សីមា​ព្រះ​វិហារ​ពុទ្ធា​ភិសេក និង​កាត់​ខ្សែ​បូ​សម្ពោធ​សមិទ្ធ​ផល​នានា​មាន​ព្រះ​វិហារ ​ដង​ទង់​ សាលា​ឆាន់​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​ពី​លោក​ឧក​ញ៉ា​ឡាវ ម៉េង​ឃីន​ សមា​ជិក​ព្រឹទ្ធ​សភា​ និង​លោក​ជំទាវ​ជឹង សុភាព អនុ​ប្រធាន​ទី​២កាក​បាទ​ក្រហម​កម្ពុជា​ ព្រម​ទាំង​បុត្រា​ បុត្រី​ ចៅ​ប្រុស ចៅ​ស្រី​។​ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ដែរ មាន​លោក​ឧក​ញ៉ា​ និង​លោក​ជំទាវ​ និង​ក្រុម​គ្រួសារ​ដែល​ជា​សាមី​អ្នក​កសាង ​ក្នុង​នោះ​មាន​វត្ត​មាន​លោក​ជំទាវ ជា​ ខេង ស៊ុយ សែម លោក​ជំទាវ​ឧក​ញ៉ា យិន ផាន្នី និង​លោក​ជំទាវ​ជា​ច្រើន​រូប​ទៀត​។

ពិធី​នេះ​ក៏មាន​ការ​​យាង​និមន្ត​​ជា​ព្រះ​អធិបតី​​ដោយ​សម្តេច​ព្រះ​ពោធិ​វ័ង្ស​ អំ លឹម​ហេង ផង​ដែរ​ រួម​ជាមួយ​មន្ត្រី​អ្នក​មុខ​ អ្នក​ការ​​ និង​ពុទ្ធ​បរិ​ស័ទ​ ព្រម​ទាំង​កំលាំង​ប្រដាប់​អាវុធ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។  តាម​របាយ​ការណ៍​ក្នុង​ពិធី​បុណ្យ​ឱ្យ​ដឹង​ថា សមិទ្ធ​ផល​ក្នុង​ទី​វត្ត​ឧត្តម​ព្រឹក្សា​ មាន​ព្រះ​វិហារ​ទំហំ​២១​គុណ​​១២​ម៉ែត្រ​ សាលា​ឆាន់​មួយ​ខ្នង​មាន​ប្រវែង​២១​គុណ​១៤​ម៉ែត្រ​ និង​ដង​ទង់​មុខ​ព្រះ​វិហារ​ចំនួន​ពីរ​ចាប់​ផ្តើម​កសាងនៅ​​ថ្ងៃ​ទី​១ មករា ២០០៨ រួចរាល់​​នៅ​ថ្ងៃ​ទី​៨ សីហា ២០០៩​។ សមិទ្ធ​ផល​នីមួយៗ​លំអ​ដោយ​ក្បាច់​ចម្លាក់​ និង​ផ្ទាំង​គំនូរ​​យ៉ាង​​ស្អាត​ ដែល​ចំណាយ​សរុប​ជា​ទឹក​ប្រាក់​អស់​ចំនួន​៣៨៨.៨៨៨ដុល្លារ​ ​ជា​អំណោយ​របស់​លោក​ឧក​ញ៉ា​ ឡាវ ម៉េង​ឃីន និង​លោក​ជំទាវ​ ជឹង សុភាព ជា​ភរិយា​ ព្រម​ទាំង​បុត្រា​ បុត្រី​ និង​ចៅ​ប្រុស​ ចៅ​ស្រី​។  ​ក្នុង​ពិធី​កាត់​ខ្សែ​បូ​សម្ពោធ​សមិទ្ធ​ផល​នោះ​លោក​ឧក​ញ៉ា ឡាវ ម៉េង​ឃីន និង​លោក​ជំទាវ មាន​ប្រសាសន៍​ថា ការ​កសាង​សមិទ្ធ ផល​ក្នុង​វត្ត​នេះ​ឡើង​គឺ​ជា​​ការ​ចូល​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ ហើយ​ក៏​ជា​ទី​អារាម​សំរាប់​ជា​ទី​សក្ការៈ​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់ ​ក៏​ដូច​ជា​គោរព​តាម​​គោល​ការណ៍​រួម​គ្នា​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ដែល​មាន​សម្តេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​។ 

ព្រះ​តេជគុណ​មូល​ រ៉ន ព្រះ មេ​គណ​ខេត្ត​ព្រះ​សីហនុ​មាន​ថេរ​ដីកា​ថា វត្ត​ឧត្តម​​ព្រឹក្សា​​នេះ​គឺ​ជា​វត្ត​ដាច់​ស្រយាល មាន​ចំងាយ​ពី​ខេត្ត​ព្រះ​សីហនុ​៦៩​គីឡូ​ម៉ែត្រ​ ហើយ​ចុះ​ពី​ផ្លូវ​ជាតិ​លេខ​៣​ចំងាយ​៨​គីឡូ​ម៉ែត្រ​ទៀត​ទើប​ដល់​ ។ ​វត្ត​នេះ​ចាប់​ផ្តើម​កសាង​ដំបូង​ក្នុង​ឆ្នាំ​១៩៥៤​រហូត​មក​ដល់​សម័យ​ប៉ុល ពត​ ត្រូវ​បំផ្លាញ​គ្មានសល់​។ លុះ​ដល់​ឆ្នាំ​១៩៩៥​ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ​មានសាម​ណេ​​តែ​៤​អង្គ​គង់​នៅ​ក្នុង​ខ្ទម​តូចមួយ​​ទំហំ​៣​​គុណ​៤​ម៉ែត្រ​ប៉ុណ្ណោះ ជញ្ជាំង​បាំង​ក្តារ ​ដំបូល​ប្រក់ស្បូវ​។  ព្រះ​តេជគុណ​នៅ​ សុខា ចៅ​អធិការ​វត្ត​ឧត្តម​ព្រឹក្សា​មាន​ថេរ​ដីកា​ថា ក្រោយ​ពី​វត្ត​នេះ​ត្រូវ​រប​ប​ប៉ុល​ ពត​ បំផ្លាញ​គ្មាន​សល់​មក ​ក្នុង​ទី​អារាម​ទាំង​មូល​មាន​តែ​សង្ឃ​ពី​៣​ទៅ​៤​អង្គ​ប៉ុណ្ណោះ ។ ​មាន​ពេល​ខ្លះ​ព្រះ​សង្ឃ​ទាំង​អស់​នាំ​គ្នា​គង់​ឆាន់​ក្រោម​ដើម​ឈើ ព្រោះ​គ្មាន​សាលា​ឆាន់​ តែ​ជា​សំណាង​មាន​ថ្ងៃ​មួយ​ឧបា​សក​ឡាវ វ៉ាន់ បាន​យក​ចង្ហាន់​ដោយ​ធ្វើ​ដំណើរ​តាម​ទូក​ ព្រោះ​ពី​មុន​នេះ​មិន​ទាន់​មាន​ផ្លូវ​លំ​ចុះ​ពី​ផ្លូវ​ជាតិ​មក​​កាន់​វត្ត​ឡើយ​ ។ ដោយ​​មើល​​ឃើញ​ពី​ផល​វិបាក​របស់​ព្រះ​សង្ឃ​ ឧបាសក​ឡាវ វ៉ាន់ ក៏​ពាំ​នាំ​ភាពកំសត់​អត្ត​ខាត់​ទាំង​នេះ​ទៅ​ប្រាប់​មាតា​បិតា​ គឺ​លោក​ឧក​ញ៉ា​ ឡាវ ម៉េ​ង​ឃីន និង​លោក​ជំទាវ​ជឹង សុភាព ហើយ​ក៏​ផ្តើម​​កសាង​សមិទ្ធ​ផល​ទាំង​អស់​នេះ​ឡើង​តែ​ម្តង​។  ពិធី​បុណ្យ​នេះ​មាន​រយៈ​ពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦, ១៧ និង​១៨ មីនា ដោយ​​មាន​ល្ខោន​បាសាក់​សំដែង​កំសាន្ត​ទល់​ភ្លឺ​ផង​ដែរ​។ ពិធី​កាត់​ឬស​សីមា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ មីនា ជា​ថ្ងៃ​បង្ហើយ​បុណ្យ​ ៕