ដើម​ឈូក​រីក​ពេញ​ស្រះ​ក្នុង​វត្ដ ខ្លះ​ថា​ដុះ​ឯកឯង ខ្លះ​ថា​រំ​ចង់​ដុះ​ជា​ឈូក

ខេត្ដកំពង់ចាម ៖ ស្រះ​ទឹក​មួ​យ​កន្លែងស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​ប​ភាវ​វ​ត្យា​រាម ហៅ វត្ដ​គ​គរ ឃុំ​គ​គរ ស្រុក​កំពង់សៀម ដែល​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ​បាន​ដាំ​សុទ្ធ តែ​ដើម​រំ​ចង់​នោះ​កំពុង​តែ​បង្កើត​ឱ្យ​មានការភ្ញាក់ផ្អើល​នៅ​ក្នុង​ចិត្ដ​ប្រជាពលរដ្ឋ​ដែល​ពោរពេញ​ទៅ​ដោយ​អបិយ​ជំនឿ​នោះ​យល់​ថា វត្ដគ​គរ​នេះ​មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ ពីព្រោះ​ដើម​រំ​ចង់​ដែល​ដាំ​ក្នុង​ស្រះ​នោះ​ប្រែក្លាយទៅជា​ដើម​ឈូក​ចេញ​ផ្កា​រីក​រហង់​គួរ​ឱ្យគយគន់​ទៅ​វិញ ។ អ្វី​ដែល​ចាត់​ទុក​ថា​គួរ​ឱ្យចាប់អារម្មណ៍​ដែរ​នោះ​គឺ​អ្នកស្រុក​ចំការលើផ្អើល​នាំ​គ្នា​មក​ដក​យក​ដើម​ឈូក​៣​ដើម​ទៅដាំ​បែរជា​មិន​ដុះ ហើយ​ម្យ៉ាងទៀត​ឈូក ដែល​ដុះ​ក្នុង​ស្រះ​នោះ​ក៏​គ្មាន​នរណា​យក​មកដាំ​ដែរ គឺ​ដុះ​ឡើង​ដោយ​ឯកឯង​តែ​ម្ដងធ្វើ​ឱ្យអ្នកស្រុក​ចំឡែក​អារម្មណ៍​គ្រប់​ៗ​គ្នា ។  

លោក​ឌិន សា​រ៉​ន អាយុ​៥៦​ឆ្នាំ រស់នៅភូមិ​គ​គរ​២ ឃុំ​គ​គរ ជា​ប្រធាន​គណៈ​កម្មការ​វត្ដ​គ​គរ​បាន​មាន​ប្រសាសន៍​ប្រាប់​កោះ​សន្ដិភាព​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៨ មីនា កន្លង​មក​ថា ស្រះ​ទឹក​នេះ​មាន​តាំង​តែ​ពី​ជំនាន់​សង្គម​រាស្ដ្រ និយម​មក​ម្ល៉េះ ប៉ុន្ដែ​ជំរៅ​ស្រះ​រាក់​ហើយ​មានព្រៃ​ដុះ​ទ្រុប​ទ្រុល ។ លុះ​មក​ដល់​ឆ្នាំ​២០០៥ មាន​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​បានផ្ដល់​បច្ច័យ​ចំនួន​១.០០០​ដុល្លារ ដើម្បី​ស្ដារទឹកស្រះ​ឱ្យ​មាន​ជំរៅ​រហូត​ដល់​៦​ម៉ែត្រ រួម​ជាមួយ​នឹង​បច្ច័យ​របស់​សប្បុរសជន​នៅ​ក្នុងស្រុក​ផង ក៏​បាន​រៀប​ខឿន​ថ្មី​និង​កាំជណ្ដើរ​ថ្មី​។ ជា​ពិសេស​នៅ​ជុំវិញ​ស្រះ​ក៏​បាន​រៀប​របង​ព័ទ្ធជុំវិញ​ផង​ដែរ ដើម្បី​ការពារ​គោ​-​ក្របី​កុំឱ្យចុះ​ទឹកស្រះ ធ្វើ​យ៉ាងណា​ថែរក្សា​ទឹក​ឱ្យ​បានស្អាត​និង​មាន​បរិស្ថាន​ល្អ ។ លោក​ប្រធានគណៈកម្មការ​វត្ដ​បាន​បន្ដ​ថា  រហូត​មក​ដល់​ឆ្នាំ២០០៩ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ស្រាប់តែ​ឃើញមាន​ដើម​ឈូក​ដុះ​ពេញ​ស្រះ​តែ​ម្ដង  ដោយមាន​ផ្កា​រីក​ក្រពុំ​ចោល​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ ដែល​ដើម​ឈូក​ទាំង​អស់នោះ​ដុះ​មក​ឯកឯង គ្មាន​នរណា​ម្នាក់​យក​មក​ដាំ​នៅ​ក្នុង​ស្រះ​នេះទេ ហើយ​ស្ថានភាព​ដើម​ឈូក​នេះ​ក៏​មានលក្ខណៈ​ប្លែក​ពី​ឈូក​ឯទៀត​ដែរ គឺ​ស្លឹក​មិនមាន​ពេញលេញ ឯ​ផ្កា​រីក​ប៉ោង​ជាង​ផ្កា​ធម្មតា ហើយ​មាន​ស្រទាប់​ច្រើន  ។ លោក​ប្រធានគណៈកម្មការ​វត្ដ​បន្ដ​ថា នៅ​ដើមខែ​មីនា​នេះប្រជាពលរដ្ឋ​ឈ្មោះ ស្រី លួ​ម ភេទ​ប្រុស រស់នៅ​ស្រុក​ចំការលើបាន​មក​លេង​វត្ដ​ហើយ ឃើញ​ផ្កាឈូក​ចេញ​ក្រពុំ​ល្អ​ក៏​សុំ​ចៅអធិការវត្ដ​ដក​ដើម​ឈូក​ចំនួន​៣​ដើម​យក​ទៅ​ដាំ​នៅក្នុង​ស្រះ​មួយ​កន្លែង​លាយឡំ​ជាមួយ​ព្រលិត និង​រំ​ចង់ ។ ប៉ុន្ដែ​ពេល​យក​ទៅ​ដោត​ដាំ​នោះ បែរជា​សត្វ​ក្ដាម​កាត់​ដើម​ឈូក​ទាំង​៣​ដើមនោះ​ចោល ក្រៅពី​នេះ​ក្ដាម​មិន​កាត់​ទេ គាត់ជឿ​ថា ពិតជា​អច្ឆរិយៈ​មែន ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា មាន​សប្បុរសជន ១-​ឈ្មោះ​ឃុ​ត សុខា ២-​ឈ្មោះ​សួន ណេ ស្រេង ៣-​ឈ្មោះ​សេង ចាយ បាន​យក​ឥដ្ឋចំនួន​៣.០០០​ដុំ និង​ស៊ីម៉ង់ត៍​១​តោន មកប្រគេន​ព្រះ​ចៅអធិការ​វត្ដ​សំរាប់​កសាង សមិទ្ធផល​នានា​ក្នុង​វត្ដ ព្រមទាំង​បាន​ដងទឹកស្រះ​សំរាប់​យក​ទៅ​ទុក​លុបមុខ​និង​លាបខ្លួនប្រាណ​ទៅ​តាម​ជំនឿ​ដែល​ពួក​គាត់​គិត​ថា ពូកែ​ស័ក្ដិសិទ្ធិ ពីព្រោះ​តាម​រយៈ​ការ​បែ​បន់នា​ពេល​កន្លង​មក​ពួក​គេ​បាន​សំរេច​តាម​បំណងប្រាថ្នា ។ លោក​លន់ លឹ​ម​ថៃ អភិបាលរងខេត្ដកំពង់ចាម ក៏​បាន​រួមចំណែក​ចូល​បច្ច័យជា​ច្រើន​ជួយ​កសាង​ស្រះ​នេះ​ដែរ ។
ចំណែក​លោកតា​ឈ្មោះ​ប៉ិល ហឿ​ង អាយុ៧៥​ឆ្នាំ ជា​គណៈកម្មការ​វត្ដ​គ​គរ​នេះ​ដែរ  បានមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ចំពោះ​ស្រះ​ទឹក ដែល​មាន​ហេតុ​ចម្លែក​អ​សា្ច​រ្យ​នោះ​គឺ​ស្ថិត​នៅមុខ​កុដិ​របស់​ព្រះ​ចៅអធិការ​វត្ដ​តែ​ម្ដង​។ ក្នុងជួរ​គណៈកម្មការ​វត្ដ​និង​ព្រះសង្ឃ​គង់​ក្នុង​វត្ដទាំងអស់​សុទ្ធតែ​បដិសេធ​ថា មិន​មាន​នរណាម្នាក់​យក​ឈូក​ពូជ​នេះ​ទៅ​ដាំ​ឡើយ គឺ​វា​បានដុះ​ឡើង​ដោយ​ឯកឯង ។ ពេល​នេះ​ទឹកស្រះរាក់​មិន​អាច​ស្ដារ​ឱ្យ​ជ្រៅ​ថែម​ទៀត​បាន​ទេ ព្រោះ​ប៉ះពាល់​ដល់​ដើម​ឈូក​ដែល​ដុះ​យ៉ាងច្រើន​ស្អេកស្កះ​ពេញ​ស្រះ ដោយ​ធ្វើ​យ៉ាងណាបន្ដ​ថែរក្សា​ទុក​មើល​១​ឆ្នាំទៅ​២​ឆ្នាំ​ទៀត ក្រែង​មាន​អ​ព្ហូ​ត​ហេតុ​ប្លែក​ណាមួយ​កើតឡើង​ទៀត ។
លោក​ពេញ សុខ​ជា នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ គ​គរ ប្រាប់​តាម​ទូរស័ព្ទ​ថា នៅ​ពេល​ដែលទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​នេះ រូប​លោកបាន​ទៅ​សួរ​គណៈកម្មការ​វត្ដ​គ​គរ ក៏​បានដឹងថា ពី​ដំបូង​មាន​លោក​នេន​១​អង្គ បាន​យកដើម​រំ​ចង់​ចំនួន​២​ដើម​ទៅ​ដាំ​នៅ​ក្នុង​ស្រះ លុះពេល​ដុះ​រីកសាយ​ឡើង​បែរជា​ចេញ​សុទ្ធតែជាដើម​ឈូក​នេះ​ទៅ​វិញ ហើយ​លោក​ក៏​មិនដឹង​ថា​វា​បែប​ណា​ដែរ ។ រុក្ខជាតិ​មាន​ច្រើនប្រភេទ​ណាស់ សូ​ម្បី​តែ​ឈូក​ក៏​មាន​លក្ខណៈខុស​គ្នា​ផង​ដែរ ឯ​អ្នកខ្លះ​ថា​ដាំ​រំ​ចង់​ដុះ​ចេញមក​ជា​ឈូក ឬ​អ្នកខ្លះ​ថា​មិន​បាន​ដាំ គឺ​ដុះ​មកឯកឯង នោះ​ជា​ការ​និយាយ​ត​ៗ​គ្នា ហើយថា​ការ​យក​ទៅ​ដាំ​ខុស​ពី​ស្រះ​នេះ​មិន​ដុះ​ក៏​ជាការ​និយាយ​ត​ៗ​គ្នា​ប៉ុណ្ណោះ ៕