កម្ពុជា​មិនមែន​ជា​ខេត្ត​របស់​ថៃ​នោះទេ គឺ​ជា​រឿង​ប្រឌិត​ទំនើប​របស់​ពាក្យ​សុវណ្ណ​ភូមិ (តចប់)

ការ​រៀប​​រាប់​ឡើង​វិញ​នៃ​ប្រវត្តិ​សាស្ត្រ​​ថៃ​ដែល​មាន​ចេតនា​ប្រើប្រាស់​នូវឃោសនា​ នយោ​បាយ​​ចាស់​ៗនេះ​ក៏​បានឆ្លើយ​តប​ផងដែរ ទៅ​តាម​ចរន្ត​នៃ​ចំណេះដឹង​ជ្រៅជ្រះ​អឺរ៉ុប ។ ជំនួស​​ឱ្យ​ការ​អះ​អាង​របស់ការឃោសនា​ នយោ​បាយ​ចាស់​ដែល​បានលើក​ឡើង​ពី​ភាព​បរិសុទ្ធ​ដាច់​ដោយ​ឡែកនៃ​ជាតិ​​សាសន៍​នោះ ក៏​មាន​ការ​លើក​ឡើង​ពី​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា​ រស់នៅ​ដោយសុខ​ដុម​រមនា ។ មានការលើកឡើង​កាន់តែ​​តិច​ពី​ក្រុង Sukhothai និង​ស្តេច Ramkhamhaeng (ដែល​ឥឡូវ​ត្រូវ​បាន​គេ​ចាត់ទុកថា គួរឱ្យ​សង្ស័យ​ថា ជា​រឿង​ប្រឌិត cf. James R. Chamberlain, ed., 1991, The Ram Khamhaeng Controver-sy, The Siam Society, Bangkok) ។
ជំនួស​ឱ្យ​​ការ​ព្យាយាម​បង្ហាញ​ថា​ ប្រទេស​ថៃ​​បានកើត​ឡើង​ជា​អាណា​ចក្រ​បុរាណ​ដ៏​ចំណាស់​មួយ ដូចជា​​ប្រទេស​កម្ពុជា​ដែរ​នោះ សារ​មន្ទីរ NDMI ចែង​ថា មិន​​មាន​អាណា​ចក្រ​អ្វី ឬ​ក៏​​រដ្ឋ​ា​ភិបាល​​ដែលជា​ប្រទេស​នោះ​ទេ នៅ​មុនសម័យ​ទំនើប​នេះ ។ ហើយពួក​ថៃ​បាន​គូស​ផែនទី​ឡើ​ង​វិញ ដោយ​ព្យាយាម​បង្ហាញ​នូវ​រដ្ឋ​ដែល​មាន​ទ្រង់​ទ្រាយ​​​ត្រឹម​តែ​ជា​ក្រុង​មួយ​ចំនួន ហើយ​អះអា​ង​ថា ​ក្រុង​ទាំងនោះ​គឺ​ជា​សុវណ្ណ​ភូមិ ។ នេះជា​មធ្យោ​បាយ​​មួយ​ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​រឿង​មិនពិត ដែល​មើល​ទៅ​ដូចជា​មិន​នាំ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នាទេ ក៏​ប៉ុន្តែ​​វា​នៅតែ​ជា​ការ​ឃោស​នា​ដើម្បី​ផល​ប្រយោជន៍​នយោ​បាយ​ក្នុង​ការ​គាំទ្រ​ដល់​វិវាទ​នយោ​បាយ​សម័យ​សង្គ្រាម​លោក​លើកទី​២ ដែល​ខ្លួន​ព្យាយាម​អះអាង​ថា ទាំង​កម្ពុជា ទាំង​ឡាវ គឺ​មិន​ទាន់​បាន​ចាប់​កំណើត​ទេ​នៅ​មុន​ពេលដែលបារាំង «​បានលួច» ពីខ្លួន ។

ការ​ឃោសនា​នយោ​បាយ​ថ្មី​បាន​លុប​ចោល​នូវ​ទស្សនៈ​ដែ​ល​បង្ក​ឱ្យ​មាន​ការ​អាក់​អន់​ចិត្ត​ដែល​​ថា ​ប្រជា​ជន​ថៃ​ដែល​ជា​ជាតិ​សាសន៍​ខ្ពង់ខ្ពស់​បាន​ធ្វើ​​ដំណើរ​ចុះ​មក​ខាង​ត្បូង ហើយ​បាន​កាន់​កាប់​អាស៊ីអាគ្នេយ៍ ។ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្តី ការ​ឃោស​​នា​នោះ​ក៏​បាន​ព្យា​យាម​លាក់កំបាំង​នូវ​ពេល​វេលា​ច្បាស់​លាស់​ ដែល​ប្រទេ​ស​ណា​មួយ​ធ្វើ​ដំណើរ​​ផ្លាស់​ទីទៅ​ទីណា​មួយ (ឬ​ក៏​ប្រទេស​ណា​កាន់​កាប់​ប្រទេស​ណា) ។ រឿង​រ៉ាវ​សុវណ្ណ​ភូមិ ដដែលនោះគឺ​ គ្រាន់តែ​ត្រូវ​បានយក​មក​និយាយ​ប្រាប់​ឡើង​វិញ​ដោយ​មិនបាន​ទទួល​ស្គាល់​​ថា សង្គ្រាម ​ភាព​ជា​ទាសករ និងសក្តិ​ភូមិ​និយម​ជា​ផ្នែក​យ៉ាង​សំខាន់​នៃ​ប្រវត្តិ​សាស្ត្រ​ថៃ ។ ផ្ទុយទៅ​វិញ អ្នកអានត្រូវ​បានគេព្យាយាម​ធ្វើ​ឱ្យ​យល់​ថា ប្រទេស​ថៃ​បានកកើតឡើង​ដោយសារ​ការ​ធ្វើ​ពាណិជ្ជកម្ម បច្ចេក​វិទ្យា និង​​«​ការ​រស់​នៅ​ដោយ​​សុខ​ដុម​រមនា​រវាង​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា» ។  ខ្ញុំ​នឹង​មិនធ្វើ​ការ​រិះ​គន់​ច្រើន​បន្ថែម​ទៅលើ​ការ​ប្រឌិត​ប្រវត្តិ​សាស្ត្រ​ដោយ​ការ​ប្រើ​ប្រាស់​សារ​មន្ទីរ​នៅ​ក្នុង​អត្ថ​បទ​នេះ​ទេ ។ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្តី បញ្ហា​សំខាន់​គឺ​នៅត្រង់​ថា ៖ បើទោះ​បីជា​ក្តី​បារម្ភ​នយោ​បាយ​​មាន​ការ​ផ្លាស់​ប្តូរ​ក៏ដោយ ក៏​រឿង​ប្រឌិត​សុវណ្ណ​ភូមិ​នេះ​ នា​ពេល​បច្ចុ​ប្បន្ន​​មាន​ភាព​សំខាន់​លេច​ធ្លោ​ជាង​ពេល​ណា​ៗ​ទាំង​អស់​។ រដ្ឋ​ាភិបាល​លោក​ថាក់ស៊ីន បានធ្វើ​ឱ្យ​ពាក្យ​នេះ​ទទួល​នូវ​សន្ទុះ​ថ្មីមួយ​ និង​ភាព​លេច​ខ្ពស់​ថ្មី ដោយ​បាន​​បង្ហាញ​ថា ​វាជា​ផ្នែក​មួយ​នៃ​ការ​ឃោស​នា​នយោបាយ​ជំនាន់​ថ្មី ។ រាល់​អ្នក​ដំណើរ​ដែល​បាន​មក​ដល់​អាកាស​យានដ្ឋាន​ក្រុង​បាងកក​ភ្លាម នឹង​បាន​​ពើប​ប្រទះ​នឹង​រឿ​​ងប្រឌិត​សុវណ្ណភូមិនេះ​ភ្លាម​ ក៏​ប៉ុន្តែ​ប្រហែលជា​គេ​ប្រកប​មិន​ត្រូវ ឬ​បញ្ចេញ​សំលេង​ខុស​នៅលើ​សំបុត្រ​យន្តហោះ ឬ​នៅ​តាម​​សញ្ញា​ដែលគេ​បាន​លាប​លើ​ជញ្ជាំង​នានា (Suwannaphum? ឬ​ក៏ Suvarnapoomee?)។

ដូច​បានរៀប​រាប់​ខាងលើហើយ​ថា ចាប់តាំង​ពី​​អំឡុង​​ឆ្នាំ​​១៩៣០​ដល់​ឆ្នាំ​១៩៤៧ ការ​ឃោស​នា​នយោ​បាយ​បានធ្វើ​ឱ្យ​មានការ​បារម្ភ​ផ្សេង​ៗ បើ​ក្រលេក​មើល​ទៅទិស​ខាង​កើត​ពី​ក្រុងបាង​កក ។ នៅ​ពេលនោះ​ វា​ហាក់​ដូចជា​អាច​ទៅ​រួច​ក្នុង​​ការ​ពង្រីក​ដែនដីថៃ​ឆ្ពោះ​ទៅ​ខាងកើត នៅ​ពេលដែល​ចក្រ​ពត្តិ​បារាំង​បាន​ដួលរលំ ។ ការ​ពិត​ទៅ​ ការ​លេច​ឡើង​ និង​ការដួល​រលំ​យ៉ាង​ឆាប់​រហ័ស​របស​់​ចក្រ​ពត្តិ​ជប៉ុន (នៅ​អាស៊ីអាគ្នេយ៍) ក៏​បានជំរុញ​ដល់​ពួក​វា​​ត​ទីនិយម​ផងដែរ ។
លោក​ឧត្តម​សេនីយ៍ Phibun Songkran ដែល​ជា​មនុស្ស​​តែមួយ​​ ដែល​បាន​ពង្រីក​អំណាច​ថៃ​ទៅ​ទឹកដីភូមា ឡាវ និង​កម្ពុជា (១៩៤១-​១៩៤៦) នៅ​តែ​មាន​ឥទ្ធិ​ពល​រហូត​ដល់ឆ្នាំ​១៩៥៨ ។ នៅចុង​ទស​វត្ស​​ឆ្នាំ​១៩៥០ កង​ទ័ព​បារាំង​បាន​ចាកចេញ​ ហើយ​កង​ទ័ព​អាេមរិកបាន​​ពង្រីក​អំណាច ហើយ​បើ​តាម​ការ​យល់ឃើញ​របស់ថៃ​នោះគឺ​ថា ​សង្គ្រាម​ពង្រីក​ទឹកដី​ថៃ​បាន​បន្ត​ជា​ធម្មតា ក្រោមឈ្មោះ​ថា «សង្គ្រាម​ប្រឆាំង​នឹង​កុម្មុយនីស្ត» ។
ពី​ឆ្នាំ​១៩៤៩-​១៩៦១ អាេមរិក​បាន​គាំទ្រ​ដល់​ទ័ព​ប្រឆាំង​កុ​ម្មុ​យនីស្ត​របស់ចិន KMT ដែលរស់​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ថៃ ។​ កា​រឃោសនា​នយោ​បាយ​ចាស់​អំពីសង្គ្រាម​ដណ្តើម​យកអ្វីមួយ​ដែលគេ​ហៅ​ថា ​​ទឹកដី​​កំណើត​របស់​ថៃ នៅ Yunann (ដូច​ទ្រង់​​ដាំ​រ៉ុង បាន​ស្រមើ​ស្រមៃ) ហាក់ដូច​​មាន​ប្រយោជន៍​ដល់​រដ្ឋ​ាភិបាល​ថៃ​ក្រោយ​ៗ​មក ដែល​បាន​រៀប​ចំ​បង្កើត​សង្គ្រាម​ស្រមើ​ស្រមៃ​ប្រឆាំង​​នឹង​ចិន​កុម្មុយ​នីស្ត (ដោយ​មាន​ការ​គាំទ្រ​ពីអាេមរិក) ។
នៅ​ឆ្នាំ​១៩៥២ អាេមរិក​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ទ្រឹស្តី Domino ដើម្បីជា​លេស​មួយ​របស់​ខ្លួន​​ក្នុង​ការបញ្ជូន​ទ័ព​មក​កាន់​ក្រុមប្រទេស​ដែល​ជា​អាណានិគម​របស់បារាំង​នៅឥណ្ឌូ​ចិន ក្នុង​បំណង​​ប្រឆាំង​នឹង​ឥទ្ធិ​ពល​កុម្មុយនីស្ត​ចិន​នៅ​អាស៊ី​អាគ្នេយ៍ ។
នៅ​ក្នុង​ឆ្នាំ​​១៩៧៣ លោក​ប្រធានាធិបតី​អាេមរិក Nixon បាន​ចុះ​កតិ​កាសញ្ញា​មួយជា​មួយ​ចិន​កុម្មុយនីស្ត​ ដែលរឿង​នេះ​បានធ្វើ​ឱ្យ​មាន​ផល​​ប៉ះ​ពាល់​ជា​ច្រើន​ពាស​ពេញ​ពិភព​លោក ប៉ុន្តែ​ វា​ក៏​បានបញ្ចប់​មហិច្ឆ​តា​របស់ថៃ​ក្នុង​ការ​ដណ្តើម​​យក​តំបន់ Yunnan រហូត​មក ។ ពួក​ថៃ​បាន​បាត់បង់​ឱកាស​ដណ្តើម​យករដ្ឋ Shan ហើយ​ឥឡូវ​នេះ​មហិច្ឆ​តា​របស់ពួកគេ​ឆ្ពោះទៅ​​ខាង​ជើង​មិន​អាច​ទៅ​រួច​នោះទេ ។ បន្ទាប់​ពី​ឆ្នាំ​​១៩៧៣​មក ការ​សុបិន​តែ​មួយ​គត់​របស់ថៃ​គឺ​ពង្រីក​ដី​នៅ​ទិស​ខាងកើត ហើយ​ពួក​គេ​​មាន​ការ​ពាក់​ព័ន្ធ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សង្គ្រាម​អាេម​រិក​នៅ​​កម្ពុជា ឡាវ និង​វៀត​ណាម ។ ការ​វិល​​ទៅ​វិញ​ទៅ​មក​នៃ​ការ​ឃោសនា​​ និង​ប្រវត្តិ​សាស្ត្រ​ក្លែង​ក្លាយ​ បាន​បន្ត​មាន​ជា​ច្រើន​ទសវត្ស​ទាក់ទង​នឹង​ជំលោះ​ប្រដាប់អាវុធ​នៅ​ព្រំដែន​ខ្មែរ-​ថៃ ។

ការ​​ទទួលរង​គ្រោះ និង​សោកនាដ​កម្ម​នៃ​សង្គ្រាម​​នេះ​ មិន​មែនជា​ប្រធាន​បទ​នៃអត្ថ​បទ​នេះ​ទេ ។ រឿង​សាមញ្ញ​ ដែលខ្ញុំ​ចង់​និយាយ​គឺ​ថា ការ​ឃោសនា​​នយោ​បាយ​របស់ថៃ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​គាំទ្រ​គោល​ដៅ​នយោ​បាយ​ជាក់​លាក់​នៅ​គ្រប់​ជំនាន់ ។ ការ​ត្រលប់​មក​ឡើង​វិញ​ពីរឿង​ប្រឌិត​ សុវណ្ណ​ភូមិ ត្រូវបាន​ប្រើ​ប្រាស់​ដើម្បីជំរុញ​ឱ្យ​មាន​ការ​ដណ្តើម​យក​ដែនដី​បន្ថែម​ទៀត ដែល​ហាក់​ដូចជា​ដែនដី​ទាំងនោះ​ជា​របស់ថៃ​យូរ​ណាស់​មក​ហើយ ។ កង​ទ័ពថៃ​បានឈ្លានពាន​ឡាវ​នៅឆ្នាំ​១៩៨៤​ហើយ​បង្ក​សង្គ្រាម​ជាមួយឡាវ​កាន់តែ​ធំឡើង​នៅ​រវាង​ឆ្នាំ​១៩៨៧-១៩៨៨ ។ ពួកថៃ​បាន​លើក​ហេតុ​ផល​​ថា ការដែល​ខ្លួន​ធ្វើនេះ គឺ​ក្នុង​បំណង​វាយ​ឈ្នះ​​ឡាវ ​យក​ទឹកដី​ដែល​បារាំង​បាន​លួច​ពី ថៃ​ត្រលប់​មក​វិញ ។ ខ្ញុំ​ចង់​និយាយ​នៅត្រង់ចំណុច​នេះ​ថា ការ​យល់​ឃើញ​របស់​ទ័ព​ថៃ​គឺ​ថា ជំលោះ​ព្រំដែន​កម្ពុជា (ឆ្នាំ​២០១០) ស្រដៀង​គ្នា​នឹង​ជំលោះ​ព្រំ​ដែន​​ឡាវ (ឆ្នាំ​១៩៨៨) នៅត្រង់​ថា ពួកថៃ​មិន​ចាត់​ទុក​ខ្សែ​បន្ទាត់​ព្រំដែន​ ដែលនៅជុំ​វិញ​ប្រា​សាទ​តែ​​មួយ​ថា ជា​បញ្ហា​ធំ​ដុំ​នោះទេ ។ ពួកគេ​ចាត់​ទុកថ​ា ព្រំដែន​ទាំង​មូល​មិនស្រប​ច្បាប់ ។ ប្រាសាទ​នោះ​គឺ​គ្រាន់តែ​ជា​ឱកាស​មួយដើម្បី​ដណ្តើម​យក​ព្រំដែន​នោះ​តែ​ប៉ុណ្ណោះ ។ សំរាប់​អ្នក​ជាតិ​និយម​ថៃ​នៅ​ក្នុង​ផ្នែក​យោធា (​ឬ​សំរាប់​អ្នក​ណា​ម្នាក់​ដែលជឿ​លើ​ការ​ឃោស​នា​នយោ​បាយ​) ខេត្ត​បាត់ដំបង គឺជា «​ទឹកដីដែល​បាត់​បង់» ដែល​​ថៃត្រូវ​តែ​ដណ្តើម​យក​មក​វិញ ។ គំនិត​ដែល​ថា កម្ពុជា​ទាំង​មូល​គួរតែ​ជា​ខេត្ត​មួយ​របស់ថៃ​គឺ​ ក្លាយជា​រឿង​ទូទៅ​ ទៅ​ហើយ ​ហើយ​ហាក់​ដូចជា​ការ​ជ្រៀត​ជ្រែក​ដែល​មិនអាច​ចៀស​ផុត​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្លែង​ក្លាយ​សុវណ្ណ​ភូមិ​​នេះ​ឯង ។​
តើ​វា​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ទេ​ថា ទ័ព​ថៃ​អះ​អាង​ថា ឥណ្ឌូ​ចិន​នៃ​អាណានិគម​បារាំង គឺ​ជា​ផ្នែក​​របស់ថៃ​កាលពី​មុន? ជា​ទូទៅ​ ទាំង​ប្រជា​ជនខ្មែរ និង​ថៃ​ជំនាន់​បច្ចុ​ប្បន្ន​បាន​ដឹង​រឿង​រ៉ាវ​មួយ​ចំនួន​ពី​ដូនតា​របស់ពួកគេ ហើយ​ដឹង​រឿង​រ៉ាវ​ខ្លះ​ពី​ការ​មើល​ទូ​រទស្សន៍ ។ ផ្នែក​ខុស​ៗ​គ្នា​នៃ​រឿង​នេះ​មិន​ដែល​មាន​ភាព​ស្រប​គ្នានោះទេ ពោល​គឺ​គេ​មិន​ដែល​ផ្គូ​ផ្គង​ព័ត៌​មាន​ចំរុះ​នេះ​នៅ​ក្នុង​កាសែត​នោះ​ទេ ។

ការ​យល់ឃើញ​របស់​កម្ពុជា​គឺថា ​បើ​ទៅ​ទិស​ខាង​ជើង​ និង​លិច វា​ជាក់​ស្តែង​ណាស់​ថា ផ្នែក​ដ៏​ធំ​មួយ​របស់ថៃ​គឺ​នៅ​តែ​ជា​ដើម​កំណើត​​ខ្មែរ​ដដែល បើទោះ​បីជា​មាន​ការ​វាយ​ដណ្តើម និង​វាយ​តប់​ប្រឆាំង​នៅ​ក្នុង​​ប្រវត្តិ​សាស្ត្រ​៣០០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ។ ប្រជា​ជន​កម្ពុជា​ចាត់​ទុក​ថា សុរិន​ គឺជា​ដែន​ដី​​ពី​ធម្មជាតិ​របស់​កម្ពុជា ហើយ​ប្រជាជនថៃគិត​ថា បាត់ដំបង គឺជា​ដែន​ដី​ពីធម្មជាតិ​របស់ថៃ ។ តាមពិត​ទៅ​មាន​ប្រជា​ជន​កម្ពុជា​ជា​ច្រើន ​ដែលរស់​នៅ​ជំរំ​​ជន​ភៀស​ខ្លួន​នៅ​លើ​ដី​ថៃ (នៅ​ពេល​ដែល​អាេមរិក​ អង្គការ​សហ​ប្រជាជាតិ និងទ័ព​ថៃ​បានគាំទ្រ​ដល់​ប៉ុល ពត) ។ ជា​លទ្ធ​ផល​មាន​ចំណង​គ្រួសារ​ជា​ច្រើន​ទាំង​ថៃ និង​ខ្មែរ​​នៅ​ព្រំដែន​ដែលមាន​ជំលោះ ។ ក្នុង​ចំណោម​កសិករ​នៅ​ប៉ែក​ខាង​ថៃ (ដែល​ឥឡូវ​នេះ​គេ​ហៅ​ថា ឥសាន្ត​ខាង​ក្រោម (Lower Isan)) ខ្ញុំ​​គិត​ថា មាន​ការ​យល់​ដឹង​ផ្នែក​វប្បធម៌​ខុស​ពី​ធម្ម​តា ដែល​នេះ​ប្រហែល​ជា​ដោយសារ​តែបូជ​នីយ​ដ្ឋាន​​​លេច​ឡើង​ជា​ច្រើន បែប​វប្បធម៌​ខ្មែរ​ដែល​ធ្លាប់​នៅ​ទី​នោះ ។

បើ​យើង​ងាក​ត្រលប់​មើល​ប្រវត្តិ​សាស្ត្រ​វិញ ការ​ឃោសនា​​នយោ​បាយ ​រាលដាល​ដែល​បង្ហាញ​​ខុស​នោះ​ហាក់​ដូច​ជា​មិន​​​មាន​បុព្វ​ហេតុ​នាំ​ឱ្យ​មាន​​​សុទិដ្ឋិនិយម​អ្វី​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សុទិដ្ឋិ​និយម​របស់​ខ្ញុំ​​គឺ​មិន​ផ្អែក​លើ​ការ​ពិត​ទាំង​នេះ​ទេ ប៉ុន្តែ​​វា​ផ្អែក​លើ​បទ​ពិសោធន៍​​របស់​ខ្ញុំ​ក្នុង​ការ​ចំណាយ​ពេល​ដ៏​យូរ​ទៅ​លើ​ព្រំដែន​នៃគូ​ភាគី​ទាំង​ពីរ ដែល​មនុស្ស​ជំនាន់​បច្ចុប្បន្ន​ត្រូវ​ប្រឈម​ដោះស្រាយ ។ បើ​និយាយ​ឱ្យ​សាមញ្ញ​គឺ​ថា ប្រជា​ជន​​រស់​នៅ​តំបន់​ជន​បទ​ឥសាន្ត ឡាវ និង​កម្ពុជា មិន​ចង់​ឱ្យ​មាន​សង្គ្រាម​មួយ​ទៀត​នោះ​ទេ ។ បើ​ទោះ​បី​ជា​ស្ថាន​ភាព​​បច្ចុប្បន្ន​អាក្រក់​យ៉ាង​ណា​ក៏​ដោយ ក៏​វា​ប្រសើរ​ជាង​អ្វី​ដែល​​ប្រជា​ជន​​ធ្លាប់​ឆ្លង​កាត់​ជាង​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ពួកគេ​បាន​បង្ហាញ​​ឱ្យ​យើង​ទាំង​អស់​គ្នា​ឃើញ​ថា ពួកគេ​ទាំង​ពីរ​​ភាគី​អា​ច​ដោះស្រាយ​ និង​ព្យា​យាម​យ៉ាង​ត្រដរ​​នៅ​ក្នុង​សោកនាដ​កម្ម​​ដ៏​ខ្លាំង​ក្លា​បំផុត​នៃប្រ​វត្ត​ិសាស្ត្រ ។
លោក Eisel Mazard គឺជា​អ្នក​ប្រាជ្ញ​ភាសា​បាលី ដែល​ជា​អ​ក្សរ​សិល្ប៍ និង​ភាសា​ដែល​មាន​អាយុ​កាល​ចំណាស់​ជាង​គេ​នៃ​ព្រះពុទ្ធ​សាសនា​ថេរ​វាទ ហើយ​លោក​ក៏​ជា​អ្នក​ប្រាជ្ញ​ប្រវត្តិ​សាស្ត្រ​​ភាសា និង​នយោ​បាយ​នៃ​ថេរ​វាទ​អាស៊ី ។ ការ​ស្រាវ​ជ្រាវ​របស់​លោក ​ទាក់​ទង​ជា​សំខាន់​លើ​តំបន់​​អាស៊ី​អាគ្នេយ៍ដែន​គោក​រួម​មាន​ កម្ពុជា ឡាវ Yunnan និងថៃ ។ បច្ចុប្បន្ន​​លោក​រស់​នៅ​ និងធ្វើ​ការ​នៅ​ទី​ក្រុង​ភ្នំពេញ ។ Website : https://www.pali.pratyeka.org/
អត្ថ​បទ​ជា​ភាសា​ខ្មែរ​នេះ​ ត្រូវ​បាន​បក​ប្រែ​​ដោយ​កញ្ញា​វង្ស​សុជា​តា និង​លោក​អ៊ុំ សុធា ដែល​​មាន​កញ្ញា​កែវ គូនីឡា ជា​អ្នក​ត្រួត​ពិនិត្យ ៕