ជំនឿ​របាំត្រុដិ​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​រដូវ​បុណ្យ​ចូលឆ្នាំ​ខ្មែរ

រាជធានីភ្នំពេញ​ ៖ របាំ​ត្រុដិ​គឺ​ជា​របាំ​ដ៏​មាន​ប្រជាប្រិយភាព​គួរឱ្យ​កត់​សម្គាល់​ក្នុង​ចំណោម​​​របាំ​ប្រពៃណី​ខ្មែរ​ ហើយ​តាម​ជំនឿ​គេលេង​របាំ​ត្រុដិ​​​​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​​ក្នុង​​ឆ្នាំ​ចាស់​ និងនាំមក​​នូវភាព​សម្បូរ​សប្បាយ​​​ប្រកប​ដោយ​​សុភមង្គល​សម្រាប់​​ឆ្នាំថ្មី ។ ជាទូទៅ​ការ​​សម្តែង​​របាំត្រុដិ​នេះច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ឆ្លង​​ឆ្នាំ​ ព្រោះ​ពាក្យ ​«ត្រុដិ» នេះគឺ​សំដៅដល់​​ពេល​ដែល​ «ឆ្នាំ​ចាស់​ដាច់​​ដើម្បី​ត្រាច់​ចូល​ឆ្នាំ​ថ្មី» ហើយអ្វី​ដែល​ជា​ជំនឿ​ដែរនោះគឺ​ប្រសិន​បើ​យើង​មិន​បាន​ប្រារព្ធ​​ពិធី​បុណ្យ​ឆ្លង​ឬ​មិន​ចូល​រួម​​អបអរសាទរ​​ជាមួយ​​របាំ​នេះ​ ដោយ​​ប្រការណាមួយ​អាច​​នាំមកនូវ​​អំពើ​ទុក្ខ​សោក​ជាក់ជាមិន​ខាន ។

មន្ត្រីក្រសួង​​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​​មួយ​រូប​បានថ្លែង​​ថា ​របាំត្រុដិ​​នេះ​មាន​ដើម​​កំណើត​នៅ​​ស្រុក​សូទ្រ​និគម​ ខេត្ត​សៀម​រាប ។ ការរាំ​របាំត្រុដិ​នាពេល​ចូលឆ្នាំថ្មី គឺគេ​កំណត់​យក​ដំណើរ​ផ្តាច់​​ឆ្នាំនីមួយៗ​​ដើម្បី​ដេញ​​ឧបទ្រពចង្រៃ​​​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ ហើយ​និង​ប្រសិទ្ធពរ​សព្ទ​សាធុការ​ក្នុងឱកាស​​ឆ្នាំថ្មី​​វិញ ។ តាម​រយៈ​​ការ​សម្តែង​​​គឺ​ប្រជា​​​​ពលរដ្ឋ​យើង​តែង​តែ​មាន​សេចក្តី​សប្បាយ​រីករាយ​​​ណាស់​ព្រោះ​អ្នករាំរបាំ​ត្រុដិ​​បាន​ចូលទៅ​ដល់​មុខ​ផ្ទះ​​ឬក្នុងភូមិ​ ខណៈពេល​ដែល​ពួកគាត់​មាន​ជំនឿ​​ប្រកប​ដោយ​ក្តីសង្ឃឹម​ថា​ក្នុង​ឆ្នាំ​ថ្មី​នេះ​សុភមង្គល​លាភ​សក្ការៈ​​ នឹង​កើត​មាន​ក្នុង​ក្រុម​គ្រួសារ​ឬភូមិ​ស្រុក​​របស់គាត់​មិន​ខាន ។ ​ផ្ទុយ​ទៅវិញ ប្រសិន​បើ​ក្រុម​​របាំត្រុដិ​​មិន​បាន​ចូល​លេង​ក្នុង​ផ្ទះ​ឬភូមិ​​​ទេនោះ​​ គេនឹង​រត់ទៅជម្រាប​​ឬ​ស្នើ​ឱ្យ​មក​សម្តែង​នៅមុខ​ផ្ទះ​ឬក្នុងភូមិ​របស់​គេ​​ឱ្យ​ខាង​តែបាន ។

មន្ត្រី​រូបនោះ​បញ្ជាក់​ថា​ ជា​ទូទៅ​គេសម្តែង​​របាំ​ត្រុដិ​នេះ​ពាស​ពេញ​​ភូមិ​តែម្តង​ ប្រសិន​​​បើ​ជា​មាន​សត្វព្រៃ​​រត់​ចូល​ភូមិ​ស្រុក​របស់គេ ព្រោះ​​គេ​មាន​ជំនឿ​ថា ​ពេល​ណា​​មាន​សត្វ​ព្រៃ​ដូចជា​ឈ្លូស ប្រើស រមាំង ជាដើម រត់​ចូល​ភូមិក្នុង​ករណី​ណាក៏ដោយ​ ពួកគេ​នឹង​ចាត់ទុក​​​ថា​​នោះគឺជា​អព្ភូត​ហូតហេតុ​​អាក្រក់​ឬ​ចង្រៃ​ ហើយត្រូវ​អញ្ជើញ​​ក្រុមរបាំ​ត្រុដិ​មក​​​លេង​​ដើម្បី​​បណ្តេញ​​ភាព​ចង្រៃ​​នោះចេញ ។ ប៉ុន្តែ​ប្រសិន​បើគេ​ចាប់​បាន​ពពួក​​សត្វ​ព្រៃ​នោះ​វិញ ​គឺ​គេយក​វា​ទៅ​លាប​ប្រេង​ម្សៅ​​ ហើយ​ធ្វើពិធី​លែង​ឱ្យ​មាន​សេរីភាព​វិញ ​ដោយ​បួង​សួង​​សុំ​សេចក្តី​​សុខ​សប្បាយ​​ប្រជាពល​រដ្ឋ​ក្នុង​ភូមិ​ ស្រុក​ ពេល​ដែល​​គេ​មាន​​​​ជំនឿ​​ថា សត្វ​ព្រៃ​​ទាំង​នោះ​បាន​មក​​រំដោះ​គ្រោះ​មហន្តរាយ​​ដល់​ពួក​គេ ។

មន្ត្រីជំនាញ​​បាន​រៀបរាប់​ថា ចំពោះ​​ការ​សម្តែង​​របាំ​ត្រុដិ​វិញ​គឺ​មាន​ការ​តុបតែង​​ខ្លួន​ជា​​លក្ខណៈ​​សាមញ្ញ​ប៉ុណ្ណោះ​ ហើយ​គេដើរ​​ដង្ហែ​ជា​ក្បួន​ទៅមុខ​​ ដោយ​មាន​អ្ន​កកាន់​​ដង​ចន្ទោល​ដែល​មាន​ការចង​កំណាត់​លម្អ​ និង​មាន​សិល្បករ​ម្នាក់​ជាអ្នក​រាំ​នាំ​ផ្លូវ​ផង ។ តាម​អ្វីដែល​យើង​បាន​ឃើញ​​ពិធីរាំនោះ​ គឺ​​មើល​ទៅ​ហាក់​ដូច​ជា​​អ្នក​រាំ​​ ឬអ្នក​ហែទាំង​នោះ​​កំពុង​តែ​ជិះ​លើ​រទេះ​មួ​យ​ដូច្នេះ​ដែរ។​ ចំណែក​នៅ​ខាង​ចុង​នៃដងចន្ទោល​នោះ មាន​​ចងកូន​ថង់​មួ​សម្រាប់​ជាការ​រៃអង្គាស​ប្រាក់​ ​ហើយ​អ្នក​ផ្ទះ​ឬអ្នកភូមិ​ ដែល​មក​ឈរ​មើល​​ការ​រាំរបាំ​ត្រុដិ​និង​មាន​សទ្ធា​ជ្រះ​ថ្លា​ ពួកគេ​​នឹង​ដាក់​ប្រាក់​ក្នុង​ថង់​នោះ ព្រោះ​គេ​មាន​​ជំនឿ​ថា​បុណ្យ​កុសល​​ដែល​បាន​ដាក់​​​ទាននាពេល​​​​នេះ​ នឹង​បាន​ចម្លង​គ្រោះ​​​កាច​ចង្រៃ​​នៃឆ្នាំ​ចាស់​ទៅ​អស់​ ហើយ​​ចូល​ឆ្នាំ​ថ្មី​​សិរី​សួស្តី​សុភមង្គល​​ នឹង​មក​ដល់​ ។​

ពាក់ព័ន្ធ​​នឹង​សិល្បករ-​សិល្បការិនី​ ដែល​​សម្តែង​​ក្នុង​របាំត្រុដិ​​នេះ​ គឺ​មាន​តួអង្គ​​សត្វ​ប្រើស​ដែល​មាន​មនុស្ស​​ពាក់​ក្បាល​ប្រើស ហើយធ្វើ​​កាយ​វិការ​​រត់​ឆ្លេឆ្លា​​ក្នុង​​វង់របាំ​គេចចេញ​ពី​ព្រាន​ព្រៃម្នាក់​ដែល​មាន​​កាន់​ស្នា​ ស្ពាយ​បំពង់​​ព្រួញ​ដើរ​តម្រង់​​និង​តាម​រក​ប្រើស​​ដែល​ជាសត្វ​​តំណាង​​ឱ្យ​​​គ្រោះ​ចង្រៃ​​​ដែល​គេត្រូវ​បាញ់​សម្លាប់​​និង​ផ្តាច់​​​គ្រោះ​ចេញ​ឱ្យ​បាន​​ ។ ការធ្វើ​​បែបនោះ​គឺ​មាន​ន័យ​ថា គេ​បាន​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃបាន​ហើយ ។ ក្រៅពី​​តួសត្វ​​ប្រើស​និង​តួព្រាន​ព្រៃ ក៏​មាន​តួយក្ស​ពីរ​នាក់​ តួស្រីព្រាយ​ក្រចក​វែងពីរ​នាក់ តួសត្វ​ក្ងោក​ពីរ​នាក់ ដែល​ស្លៀកពាក់​តាម​ប្រពៃណី​ខ្មែរ​ធម្មតា​ និង​មាន​កាន់​កន្ទុយ​ក្ងោក​ពីរ ជានិមិត្តសញ្ញា​ផងដែរ ។​

ជាធម្មតា​​ ក្នុង​ពេល​រាំនៅ​មុខផ្ទះ​អ្នកណា​ម្នាក់​តួ​ទាំង​៦​នាក់​ ​ត្រូវ​សម្តែង​នូវ​ក្បាច់​របាំត្រុដិ​ និង​បង្ហាញ​​ពីគោលបំំណង​ជួយ​ដេញ​ស្ទាក់ប្រើស​ឱ្យ​ចូល​​ក្នុង​​គន្លង​ព្រាន​​ដើម្បី​ជួយ​ព្រាន​ឱ្យ​ដេញ​បាញ់​ប្រើស​ឱ្យ​បាន ។  ក្រៅពី​​នោះ ​ក៏នៅមាន​តួអ្នក​កាន់​កញ្ឆែចាប់ពី​២​ទៅ៦​នាក់ ជាអ្នក​គោះបុក ជាចង្វាក់​លម្អ​វង់របាំ​ និង​តំណាង​​ឱ្យ​ព្រៃព្រឹក្សា​​ អារុក្ខ​ អារក្ស ទេវតា អ្នក​តា​ដែល​ជួយ​ជ្រោម​ជ្រែង​​​ជួយ​ព័ទ្ធខ្ទប់​ស្ទាក់​​ប្រើស​ឱ្យ​ព្រាន​​ព្រៃ​បាញ់​​​ដូចគ្នា ។ ទន្ទឹម​នោះ ​​របាំ​ត្រុដិ​​​ក៏​មាន​​​ក្រុម​តន្ត្រី​​ករ អ្នក​​កាន់​ស្គរ​ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នក​ច្រៀង​មួយ​ចំនួន​​ទៀត ។ ចំណែក​អាចារ្យ​ដែល​ស្លៀក​ស​ពាក់​​ស​បាំង​ឆត្រ​​ម្នាក់​ ក៏​មាន​ភារកិច្ច​ដើរ​តាម​វង់របាំ​ និងត្រួត​​​ពិនិត្យ​មើល​បច្ច័យ​ដែល​រៃអង្គាស​បាន​ដើម្បី​ឱ្យ​ប្រាកដ​ថា ប្រាក់​ដែលទទួល​​បាន​ទាំង​អស់​​នោះ​​មិន​ត្រូវ​យក​ទៅ​ចាយ​ផ្តេសផ្តាសទេ គឺ​​យកទៅ​សម្រាប់​​ជាកុសល​​ក្នុង​វត្តអារាមប៉ុណ្ណោះ​។​

ពេល​ដែល​សម្តែង​ចប់​​​ម្តងៗ ​​ក្រុម​របាំ​ត្រូវ​ច្រៀង​ជម្រាប​​លា​ម្ចាស់​ផ្ទះ ហើយ​ម្ចាស់​ផ្ទះ​​ក៏​បាន​យក​​ទឹក​មក​​ប្រោះ​ព្រំ​​ជូន​ពរដល់​​ក្រុមរបាំ​ទាំងអស់​នោះ​វិញ​ដែរ ។ ប៉ុន្តែ​បើ​យើង​មិនធ្វើ​តាម​របៀប​​នេះ​ទេ​គឺជា​​ប្រការ​ខុសឆ្គង​​មួយ​ដែរ ដែល​គេ​មាន​ជំនឿ​ថា​ក្នុង​ឆ្នាំ​ខាង​មុខ​អ្នក​នោះនឹង​មិន​ទទួល​បាន​សិរីសួស្តីឡើយ ។ ខាងលើ​នេះ ជាពិធីនៃរបាំ​ត្រុដិ​​ដែល​ជា​​របាំ​ប្រពៃណី​ខ្មែរ​យើង​ ។ វត្ត​មាន​​របស់​តួអង្គ​​នៃរបាំ​ត្រុដិ​​ ​មាន​ការ​បែង​ចែក​នូវ​សភាវៈល្អ​ និង​​សភាវៈ​អាក្រក់ និងបង្ហាញ​​នូវ​លក្ខណៈ​ពិសេស​នៃរបាំ​​ត្រុដិ ។ របាំ​នេះ​ផងដែរ​ គឺ​មាន​​អត្ថ​ន័យ​ផ្តល់​​នូវ​ផល​ប្រយោជន៍​​ សុភមង្គល​​ដល់​មនុស្ស​គ្រប់រូប​ និង​បណ្តេញ​​ឧបទ្រពចង្រៃ​​​ចេញ​ពីផ្ទះ​ ពីភូមិ​​ស្រុក​​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ ។ ម្យ៉ាង​​ទៀត​ លក្ខណៈ​ពិសិដ្ឋ​បំផុត​​របស់​របាំត្រុដិ​​គឺ​ជំនឿ​​លើ​បុព្វការីជន​ ក្រោម​រូបភាព​​សត្វ​ប្រើស​ ឬក្ងោក​​ដែល​​ឆ្លុះ​បញ្ចាំង​នូវ​ការ​ឯកភាព​ផ្នែក​ជំនឿ​សាសនា ៕