ជំនឿពីបុរាណលេងភ្លេងថ្វាយអ្នកតាសុំទឹកភ្លៀង

ខេត្ដកំពត ៖ កំពត​គឺជា​ខេត្ដ​មួយ​ជាប់ឆ្នេរសមុទ្រ​មិនសូវ​ព្រួយបារម្ភ​ទេពី​រឿងខ្វះ​ទឹកភ្លៀង​ធ្វើស្រែ​ចំការ ប៉ុន្ដែ​នៅ​ឆ្នាំ​២០១០ នេះ​ការ​ប្រែប្រួល​អាកាសធាតុ​ចម្លែក​បន្ទាប់ ពី​ក្ដៅ​ខ្លាំង​គ្មាន​ភ្លៀង​ធ្លាក់​មួយ​មេ​សោះ​ធ្វើ​ឱ្យប្រជា​កសិករ​ខ្វល់ខ្វាយ​ពី​រឿង​គ្មាន​ទឹក​ធ្វើស្រែចំការ​។ គ្រោះ​រាំង​ស្ងួត​ដែល​អូស​បន្លា​យមកដល់​ខែមិថុនា​នេះ​ធ្វើ​ឱ្យ​កសិករ​នៅ​តែ​មិន​ទាន់បាន​សាបព្រោះ​ទេ ហើយ​អាកាសធាតុ​នៅ​តែក្ដៅ​ខ្លាំង​នោះ ទើប​ប្រជាពលរដ្ឋ​នៅ​ឃុំ​កន្ថោរខាងជើង​ស្រុក​កំពង់ត្រាច និង​ប្រជាពលរដ្ឋនៅ​ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាសនាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​និមន្ដ​ព្រះសង្ឃ​ចំរើនព្រះ​បរិត្ដ និង​ប្រគំ​ភ្លេងពិណពាទ្យ​ថ្វាយ​អារក្សអ្នកតា​បន់ស្រន់​សុំ​សេចក្ដីសុខ និង​សុំ​ម្ចាស់​ទឹកម្ចាស់​ដី​ព្រៃ​ព្រឹក្សា​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ងាយស្រួល​ដល់​អ្នកស្រុក​ប្រកប​របរ​កសិកម្ម ។

លោកតា​ព្រហ្ម យិ​ន អាយុ​៦៨​ឆ្នាំ ជា​អ្នករៀបចំ​ពិធី​ថ្វាយ​អារក្សអ្នកតា​សុំ​ទឹកភ្លៀងបាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ចំនួន​២ភូមិ​នៅ​ឃុំ​ផ្សេង​ៗ​គ្នា​បាន​នាំ​គ្នា​ធ្វើ​ពិធី​បួង សួង​សុំ​ទឹកភ្លៀង​ដោយ​និមន្ដ​ព្រះសង្ឃ​ចំរើនព្រះ​បរិត្ដ និង​ប្រគំ​ភ្លេងថ្វាយអារក្សអ្នកតា​នាម​ជីក​អន្ទង់ ។   អ្នក​ភូមិ​តែងតែ​ធ្វើ​ពិធី​នេះ​មិន​ដែល​ខាន​ឡើយ ដើម្បី​សុំសេចក្ដីសុខ តែ​ដោយឡែក​ឆ្នាំ​នេះ​ចូល​ដល់រដូវវស្សា​ទៅ​ហើយ​គ្មាន​ភ្លៀង​ធ្លាក់​សោះ​ធ្វើឱ្យ​អ្នក​ភូមិ​មិន​ទាន់​បាន​សាបព្រោះ​ក៏​ផ្ដួចផ្ដើមនាំ​គ្នា​ធ្វើ​ពិធីបួងសួង​សុំ​សេចក្ដីសុខ​និង​លេងភ្លេង​ថ្វាយ​អារក្សអ្នកតា​សុំ​ឱ្យ​មាន​ភ្លៀងធ្លាក់​។

លោកតា​ព្រហ្ម យិ​ន បន្ដ​ថា ការ​លេងភ្លេង​ថ្វាយ​អារក្ស​នេះ​ក៏​មាន​អ្នក​ស្នង​រូប តា​ជីក​អន្ទង់​ចូល​សណ្ឋិត​ដែរ ។ អ្នក​ភូមិដែល​ចូលរួម​បាន​សួរ​អ្នក​ស្នង​រូប​ថា​តើថ្ងៃ​ណា ទើប​ភ្លៀង​ធ្លាក់ ? ហើយ​មូលហេតុ​អ្វី​បានជាមិន​មាន​ភ្លៀង ។ អ្នកឆ្លើយ​ចេះ​តែ​ឆ្លើយអ្នក​សួរ​ចេះ​តែ​សួរ ដែល​នេះ​ជា​ទំនៀមទំលាប់មួយ​របស់​អ្នកស្រុក ។
លោក​ហេង វ​ន្ថា អភិបាលរង​ខេត្ដកំពត មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​ថា ខេត្ដកំពត​ជួប​គ្រោះ​រាំង​ស្ងួត​ដូច្នេះ​មិន​ទាន់​មានប្រជាពលរដ្ឋ​ណា​បាន​សាបព្រោះ​ទេ ។ ការរាំង​ស្ងួត​នេះ​ធ្វើ​ឱ្យ​អ្នក​ផលិត​អំបិល​មាន​ចំនួនកើនឡើង តែ​អ្នក​ធ្វើស្រែ​ចំការ​កំពុង​ខ្វល់ខ្វា​យ​ពី​ការ​បង្កបង្កើន​ផល ៕