ឧបករណ៍ភ្លេង គងញី គងឈ្មោល

គង​ញី​ ឬ​គង​ឈ្មោល គឺជា​គង​ដែល​មាន​ទំហំ​ធំៗ សំរាប់​យួរ ស្ពាយ ឬ​សែង ។ គង​នេះ​ខ្លះ​ធ្វើ​អំពី​សំរឹទ្ធិ​​សុទ្ធ លង្ហិន​សុទ្ធ ឬ​សំរឹទ្ធិ​លាយ​លង្ហិន ។ ជន​ជាតិ​ដែល​ពូកែ​ធ្វើ​គង​បែប​នេះ ច្រើន​តែ​ជន​ជាតិ​ព្នង​ទំពួន និង​រដៃ នៅ​ខេត្ត​មណ្ឌ​គិរី​ជា​អ្នក​ធ្វើ​ផង ជា​អ្នក​លេង​ផង ។ គង​ញី គឺ​ជា​គង​ដែលមាន​ផ្ទៃ​ត្រង់​គោះ​រាប​ស្មើ មាន​ឆត្រ​ព័ទ្ធ​ជុំ​វិញ​ដូច​គង​ធម្មតា ។ ក្នុង​​វង់​ភ្លេង​បា​សាក់​គង​បែប​នេះ​មាន​ឈ្មោះ​ថា គា ក្នុង​ចំណោម​​ខ្មែរ​លើ​ហៅ​ថា​ចឹង នៅ​ក្នុង​វង់​ភ្លេង​គង​ស្គរ​ហៅ​ថា គង​ញី ។ គង​ញី​ប្រើ​នៅ​ក្នុង​វង់​​ភ្លេង​ល្ខោន​បា​សាក់ នៅ​ក្នុង​វង់​ភ្លេង​គង​ស្គរ នៅ​ក្នុង​ក្រុម​ចឹង​ជា​ក្រុម​វង់​គង​ខ្មែរលើ​​ប្រើ​ក្នុង​ពិធី​បញ្ជាន់​អារក្ស​បន់​ស្រន់​នៃ​ជន​ជាតិ​ខ្មែរ​លើ និង​ប្រើ​រួម​ជា​មួយ​គង​ឈ្មោល ក្នុង​ក្រុម​​គង​រ៉ះ ឬ​គង​តាណៈ​ សំរាប់​ពិ​ធី​បុណ្យ​ធំៗ ដូច​ជា​បុណ្យ​បូជា​សព និង​សំរាប់​ប្រគំ​ជូន​របាំ​​កាប់​ក្របី​ផឹក​ស្រា​ក្នុង​ពេល​បន់​ស្រន់​សែន​ព្រេន​អ្នក​តា ។ គង​ញី​មាន​ធំ​មាន​តូច​មិន​កំណត់ ធំ​ជាងគេ​មានទទឹង​មាត់​ប្រហែល​០,៥០​ម៉ែត្រ មាន​ខ្សែ​ចង​សំរាប់​ស្ពាយ​នៅ​ពេល​គេ​គោះ ។ នៅ​ពេល​ប្រគំ​ម្តងៗ​អ្នក​លេង​​ម្នាក់​អាច​ស្ពាយ​ឬយួរ​បាន​តែ​គង​១​ទេ ជួន​កាល​គេ​យក​អន្លូង​មក​គោះ ឬ​ជួន​កាល​​គេ​តប់​នឹង​ដៃ ផ្ទប់​ឬ​បង្ហើរ​ទៅ​តាម​បទ​បែប​ដែល​ត្រូវ​ប្រគំ ។

គង​ឈ្មោល គឺ​ជា​គង​ដែល​មាន​ពក​ចំ​កណ្តាល​ហៅ​ថា ដោះ ។ គង​បែប​នេះ​ជន​ជាតិ​ខ្មែរ​លើ​ហៅ​ថា គង​រុង នៅ​តាម​វត្ត​អារាម​ហៅ​ថា រគាំង ក្នុង​ជួរកង​ទ័ព​ជំនាន់​ដើម​ហៅ​ថា គង​ជ័យ ក្នុង​ក្រុម​ភ្លេង​គង​ស្គរ​ហៅ​ថា គង​ឈ្មោល ។ គង​ឈ្មោល​គឺ​ជា​គង​ដែល​ត្រូវ​មាន​ទំហំ​ធំជា​ង​គង​​ញី​មាន​សំនៀង​ធំ​គ្រ​អិុល​ (មូង) ប៉ុន្តែ​ក៏​មាន​គង​ឈ្មោល​តូចៗ​ជាច្រើន​ដែរ​សំរាប់​ប្រើ​ប្រាស់​រួម​ក្នុង​ក្រុម​គង ។ នៅ​ពេល​គោះ​គង​ឈ្មោល​ម្តងៗ គេ​ច្រើន​តែ​យក​អន្លូង​មួយ​ដែលរុំ​ដោយ​ក្រណាត់​សំពត់​នៅ​ត្រង់​ក្បាល​អន្លូង (អន្លូង​ក្បាល​ស្វា) សំរាប់​វាយ ។ នៅ​តាម​វត្ត​អារាម​គេ​វា​យ​គង​នេះ​នៅ​ទី​សាលា​ឆាន់ នៅ​ក្នុង​ព្រះ​វិហារ ដើម្បី​ប្រជុំ​ភិក្ខុ​សង្ឃ និង​ពួក​ពុទ្ធ​សាសនិក ។ ពីជំនាន់​ដើម នៅ​តាម​ផ្ទះ​ខ្លះ​គេ​វាយ​គង​នេះ​ធ្វើជា​សញ្ញា​ប្រាប់​បង​ប្អូន និង​ញាតិ​មិត្ត​ជិត​ខាង​ថា អ្នក​​ជំងឺ​ដែល​ឈឺ​នៅ​លើ​ផ្ទះ​នោះ​បាន​ផុត​ជីវិត​លា​ចាក​លោក​ទៅ​
ហើយ ។ គង​របៀប​នេះ​គេមិន​ប្រើ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ទេ ដោយ​គេ​ចាត់​ទុក​ថា​ ចង្រៃ ឬ​ជា​ប្រផ្នូល​អាក្រក់​ដល់​គូស្វាមី​ភរិយា​ដែល​ទើប​ការ​ថ្មី​ថ្មោង ។ ក្នុងជួរ​កង​​ទ័ព​ជំនាន់​ដើម​គេ​ប្រើ​គង ​(គង​ជ័យ) សំរាប់​ពេល​លើក​ទ័ព​ទៅ​​ច្បាំង​សំរាប់​ជា​សញ្ញា​ប្រជុំ​​ពល​ម្តងៗ ឬ​ជា​សញ្ញា​ប្រកាស​ឱ្យ​រេ​ហ៍​ពល​ទាំង​ពួង​ដឹង​ថា សង្គ្រាម​មាន​ជ័យ​ជំនះ​ហើយ ។

តាម​ប្រសាសន៍​របស់​លោក Alain Daniè-lou (1957p. 26) «តាម​​រយៈ​ប្រពៃ​ណី​ទំនៀម​ទំលាប់​​ចិន គឺ​ប្រជា​ជន​អ្នក​បាន​បង្កើត​គង​ក្នុង​រវាង​សតវត្សទី​៥ ឬ​ទី​៦ គង​បែប​នេះ​មាន​មុខ​ងារ​សំខាន់​ក្នុង​តន្ត្រី​កម្ពុជា តាំង​ពី​បង្កើត​ឡើង​មក​រវាង​សតវត្ស​ទី​៦ មាន​ការ​បង្ហាញ​​គង​ធំ​សែង​​២​នាក់​ គោះ​ដោយ​​អ្នក​ទី​៣ ។ ចម្លាក់​អង្គរ​វត្ត មាន​គង​​គោះ​ដោយ​អន្លូង​ដូច​គ្នា​បេះ​បិទ​នឹង​គង​ក្នុង​​​ពិ​ធី​បុណ្យ​ឥណ្ឌា ​មាន​គង​ប៉ោង​​កណ្តាល​ដូច​គ្នា​នឹង​គង​ចិន​ដែល​មាន​សំលេង​ធំ​ញ័រ» ។

បើ​តាម​ប្រសាសន៍​របស់​លោក​ខាង​លើ​នេះ​ គឺ​ជា​គង​ញី គង​ឈ្មោល ដែល​យើង​​ប្រើ​សព្វថ្ងៃ​​នេះ​ឯង ។ លោក Darvid Morton (1976p. 4) ថា «វប្ប​ធម៌​ខ្មែរ​បាន​ទទួល​ឥទ្ធិ​ពល​ពី​ Java ដែល​មាន​ឥណ្ឌា​ភាវូ​បនីយ​កម្ម​យ៉ាង​ហោច​ណាស់នៅ​សតវត្ស​ទី​៥ វប្ប​ធម៌​បាន​លេច​ធ្លោ​ឡើង​​នៅ​ពេល​១​ក្នុង​​កម្ពុជា​ដែល​បាន​ត្រួត​ពិនិត្យ​ដោយ Java ដោយ​បាន​ដឹង​ថា នៅ​ចុង​ឆ្នាំ​នៃ​សតវត្ស​ទី​៨ ជ័យ​វរ្ម័ន​ទី​២ មុន​នឹង​ត្រឡប់​មក​ជា​ស្តេច​ស្រុក​ខ្មែរ​ត្រូវ​បាន​និរទេស​នៅ​ក្នុង Java ជា​ភស្តុ​តាង​នៃ​ឥទ្ធិ​ពល​​របស់​ជន​ជាតិ Java មក​លើ​តន្ត្រី​ខ្មែរ​ត្រូវ​បាន​រក​ឃើញ​រូប​ចម្លាក់​ខ្លះ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ ដែល​​ឆ្លាក់​ក្រុម​តន្ត្រី​ករ​​ជា​មួយ​នឹង​ឧបករណ៍​តន្ត្រី​​មាន​គង​ផ្លែ​៨ ជា​គង​ពាក់​កណ្តាល​វង់ និង​គង​ធំៗ ៣​ដែល​ត្រូវ​សែង​ដោយ​​មនុស្ស​៤​នាក់» ។ តាម​​រូប​ចម្លាក់​គង​ធំៗបី​ដែល​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ គឺ​ជា​គង​ជ័យ​​ឬ​គង​ញី ឈ្មោល​ សព្វ​ថ្ងៃ​នេះ​ឯង គង​នេះពិតជា​មាន​កំណើត​តាំង​​ពី​មុន​សម័យ​អង្គរ ឬ​តាំង​ពី​សតវត្ស​ទី​៥ ឬ​ទី​៦​មក​ម៉្លេះ ៕