ព្រះ​វិហារ​វត្ត​ភ្នំ​ចាស់​ទ្រុឌ​ទ្រោម​​អាយុ​ជិត៦០០​ឆ្នាំ​ សាលា​រាជ​ធានី​ធ្វើ​ការ​ជួស​ជុល​កែ​លំអ​ឡើង​វិញ​

រាជធានីភ្នំពេញ ៖ ព្រះ​វិហារ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​បេតិក​ភណ្ឌ​​ប្រវត្តិ​សាស្ត្រ​សំគាល់​ពី​ការ​កកើត​​រាជធានី​ភ្នំពេញ បច្ចុ​ប្បន្ន​មាន​សភាព​ទ្រុឌ​ទ្រោម​​ខ្លាំង ហើយត្រូវ​បាន​សាលា​រាជ​ធានី​ភ្នំពេញធ្វើ​ការជួស​ជុល​កែ​លំអ​​ឡើង​វិញ ។

មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​សំណង់​បេតិក​ភណ្ឌ​ប្រវត្តិ​សាស្ត្រ​សំគាល់​ពី​ការ​កកើត​​របស់​រាជ​ធានី​ភ្នំពេញ និង​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ​១៣៧២ បច្ចុ​ប្បន្ន​​មាន​សភាព​ទ្រុឌ​ទ្រោម​ពិសេស​គឺ​ព្រះ​វិហារ ។ ​ដោយ​ទទួល​បាន​គោល​ការណ៍​ឯក​ភាព​ពី​រាជ​រដ្ឋា​ភិបាល​ អនុ​ញ្ញាត​​ឱ្យ​ធ្វើ​ការ​ជួស​ជុល​កែ​លំអ​​ព្រះ​​វិហារ​វត្ត​ភ្នំ​ឡើង​វិញ​នោះ សាលា​រាជ​ធានី​ភ្នំពេញបាន​ចាប់​ដំណើរ​​ការ​ពីដើម​ខែ​​កុម្ភៈ ២០១១ ​តទៅ ហើយ​គ្រោង​បញ្ចប់​​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១១ ខាង​មុខ។ ក្នុង​រយៈ​ពេល​នៃ​ការ​ជួស​ជុល​នេះ ​ការ​ចូល​ទស្សនា​ក្នុង​ព្រះ​វិហារ​ នឹង​ត្រូវ​ផ្អាក ។

មន្ត្រី​ដដែល​​បាន​ឱ្យ​ដឹងទៀត​ថា ការ​ជួស​ជុល​កែ​លំអ​ព្រះ​វិហារ​វត្ត​ភ្នំ​នោះ​ត្រូវ​​មាន​ការ​បិទ​បាំង​ស័ង្ក​សី​​ជុំ​វិញ​ព្រះ​វិហារ​ និង​មិន​អនុ​ញ្ញាត​ឱ្យ​ចេញ​-ចូល​ឡើយ  ហើយការ​ងារ​ជួស​ជុល​​កែ​លំអ​​នោះ​គឺ​ត្រូវ​​ធ្វើ​ច្រើន​ ជា​ពិសេស​ដំបូល​​ព្រះ​វិហារ​ ដែល​ពេល​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង ចំណែក​ឯ​​ផ្ទាំង​គំនូរ​ពិតាន​​មាន​សភាព​ពុក​​ផុយ​ដាម​ទឹក​ ខ្លះ​រលុប ខ្លះ​របេះ ។ ​ការ​ងារ​នេះ​អនុ​វត្ត​ដោយ​​ក្រុម​ម៉ៅ​ការ​សាង​សង់​ គឺ​ក្រុម​សិលា​គ្រុប និង​​ត្រួត​​ពិនិត្យ​​ដោយ​មន្ទីរ​វប្ប​ធម៌​​ និងក្រសួង​​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ ។ ចំពោះ​ពិតាន​​ដែល​​មាន​រូប​គំនូរ​​នោះ ​សាលា​រាជ​ធានី​ភ្នំពេញបាន​ហាម​មិន​ឱ្យ​មាន​ការ​អុជធូប​នៅ​ក្នុ​ងព្រះ​វិហារ​​​ទេ​​ ​ដោយតម្រូវ​ឱ្យអុជ​​នៅ​ខាង​ក្រៅ​ ព្រោះ​ផ្សែង​ធូប​បណ្តាល​ឱ្យ​ខ្មៅ​ខូច​រូប​គំនូរ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ ។

យោង​តាម​ឯក​សារ​​​របស់​ក្រុម​ម៉ៅ​ការ​​សាង​សង់​ព្រះ​​វិហារ​វត្ត​ភ្នំ​បាន​ឱ្យ​ដឹង​ថា ការ​ងារ​ជួស​ជុល​កែ​លំអ​រួម​មាន​សំណង់​​គ្រឹះ​ តួ​ព្រះវិហារ​ ​ដំបូល ក្បាច់​លំអ ​ក្បាច់​ជើង​សសរ គំនូរ ​បដិ​មា ជញ្ជាំង បង្កាន់​ដៃ សសរ គ្រឿង​បង្គំ​ឈើ​ ការ​ងារ​រុះ​រើ​ក្បឿង រុះ​រើ​​ដៃ​រ​ណែង សំអាត​ផ្ទៃ​​ពិតាន ប្រក់​ស័ង្ក​សី​លាត​ការ​ពារ​ទឹក ការ​លាង​សំអាត​​ព្រះ​ពុទ្ធ​បដិមា​អង្គ​ធំ និង​​អង្គ​តូច​ តបណ្តាញ​អគ្គិ​សនី​​​​បំភ្លឺ និង​ការ​ងារ​ជួស​ជុល​កន្លែង​ដែល​​​ខូច​ខាត​ជា​ច្រើន​ទៀត ។ ទោះ​បី​ជា​យ៉ាងណា​ ការ​ជួល​ជុល​កែ​លំអ​នោះ​​មិន​ធ្វើ​ឱ្យ​ខូច​​ទ្រង់​ទ្រាយ​​ដើម​ទេ គឺ​រក្សា​​រូប​ភាព​ដើម​ទាំង​ស្រុង​  ៕