បុណ្យវិសាខបូជាតាមបវេណីព្រះពុទ្ធសាសនានៅកោះពេជ្រ

រាជធានីភ្នំពេញ ៖ ​នារសៀល​ថ្ងៃទី១៧ ឧសភា ​ឆ្នាំ២០១១ នៅមជ្ឈ​មណ្ឌល​កោះពេជ្រ ​​មានប្រាព្ធ​ពិធីបុណ្យវិសាខ​បូជា​ដ៏អធិក​អធម ​ដោយ​មាន​ដង្ហែ​​បុស្បុក​ចេញពីវត្ត​​បទុម​វតី ​ឆ្ពោះ​​ទៅ​កាន់មជ្ឈមណ្ឌល​​កោះពេជ្រ ក្រោម​អធិបតី ​ភាពលោក​ជំទាវ​បណ្ឌិត ម៉ែន ​សំអន ឧបនាយក​រដ្ឋ​មន្ត្រី​​ប្រចាំ​ការ ​តំណាង​ដ​៏​ខ្ពង់ខ្ពស់​​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​​។

ក្នុង​ពិធីបុណ្យ​សាសនា​​ដ៏​ធំ​នេះ ក៏មានការ​ដង្ហែ​​ធម្មយាត្រា​យ៉ាងធំ​មួយ​ដែរនៅភ្នំឧដុង្គ​​ដែល​ជាទី​តាំង​នៃព្រះ​សក្យ​មុនីចេតិយ ​ក្រោម​អធិបតី​ភាព​សម្តេច​អគ្គមហា​សង្ឃ​រាជា​ធិបតី​ ទេព វង្ស ​និង​សម្តេច​អគ្គ​មហា​​​ពញា​ចក្រី​ ហេង សំរិន ​ប្រធាន​រដ្ឋសភា ព្រម​ទាំង​​​អ្នក​​មន្ត្រីមុខ​អ្នកការ​ជា​ច្រើន​រូបទៀត ។ ចូលរួមក្នុងពិធីនៅ​កោះពេជ្រ​​ គេសង្កេត​​ឃើញ​​​វត្ត​មាន​​លោក​យឹម ​ឆៃ​លី ឧប​នាយករដ្ឋ​មន្ត្រី​​​ សម្តេចព្រះ​មហា​សុមេធា​ធិបតី នន្ទ ង៉ែត ​ព្រះសង្ឃនាយក​​នៃព្រះ​រាជាណាចក្រ​កម្ពុជា លោកមិន ឃិន ​រដ្ឋ​មន្ត្រី​​​ក្រសួង​ធម្ម​ការ និង​សាសនា ព្រម​ទាំងលោក​​ជំទាវ ​អស់​លោក លោក​ស្រី ជា​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​​ តំណាង​មន្ត្រី​​រាជ​ការនៅគ្រប់​ស្ថាប័ន​រដ្ឋ ​និងព្រះ​សង្ឃ​​ចូលរួម​ចំនួន​៥០០​អង្គ និង​ពុទ្ធ​បរិ​ស័ទ​​យ៉ាង​ច្រើន​កុះករ ។

ក្រោយពី​រៀបចំ​ពិធីក្រុង​ពាលី​​ និងសែន​ព្រេន​រួច​ហើយ លោក​រដ្ឋ​មន្ត្រី​​មិន ឃិន ​បាន​អានពុទ្ធ​ប្បវត្តិ​សង្ខេប​ ចាប់​តាំង​ពីព្រះសម្មា​សម្ពុទ្ធ​ចាប់បដិ​សន្ធិ​​រហូត​ដល់​បរិនិព្វាន ដែល​មាន​​អាយុ​កាល​២.៦០០ឆ្នាំ គិត​មក​ដល់បច្ចុប្បន្ន​​​នេះនៃ​ការ​ត្រាស់ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ​។ គោល​បំណង​នៃ​ពិធីបុណ្យ​ខួប​២.៦០០ឆ្នាំ​ គឺ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ពុទ្ធ​បរិ​ស័ទ​បាន​ដឹង​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង ​ដែល​ពុទ្ធ​​បរិស័ទ​មិន​ងាយ​បាន​ជួប​ប្រទះ​ថ្ងៃ​ខែ​ឆ្នាំ​យ៉ាង​នេះ​ទេ​។ ការ​រាប់​ពុទ្ធ​សករាជ​ដែល​យើង​ធ្លាប់​ដឹង​ គឺ​គិតចាប់​ពី​ថ្ងៃ​ក្រោយ​ព្រះ​ពុទ្ធ​បរិនិ​ព្វាន​​បាន​មួយ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​១រោច​ ខែ​ពិសាខ​មក​ ហេតុនេះ​បាន​ជា​ពុទ្ធ​សករាជ​២៥៥៥ ។ យើង​យក​ឆ្នាំ​នៃ​ការ​ត្រាស់​ដឹង ​និងកំឡុង​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​ធ្វើ​សកម្ម​ភាព​៤៥​ឆ្នាំ​មក​បូក​បញ្ចូល​គ្នា​(២៥៥៥+៤៥=​២.៦០០)​​ត្រូវ​ជា​អាយុ​កាល​នៃ​​ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ​មក​ដល់​ឥឡូវ​នេះ​គឺ​២.៦០០​ឆ្នាំ​។ ពុទ្ធ​បរិ​ស័ទ​ក្នុង​​ទូទាំង​ប្រទេស​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នេះ​មិន​ខុស​ពិធី​បុណ្យ​មាឃ​បូជា ឬវិសាខ​បូជាទេ​។

លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​​ប្រចាំ​ការបាន​ថ្លែង​សុន្ទរកថា បញ្ជាក់​ពី​ពិធី​បុណ្យ​វិសាខ​បូជា​រួម​ជាមួយ​ពិធី​បុណ្យ​​រំលឹក​ខួប​២.៦០០​ឆ្នាំ​ដែល​ព្រះ​សម្មា​ស​ម្ពុទ្ធ​ទ្រង់​ត្រាស់​ដឹង​នៅ​ថ្ងៃ​​១៤-១៥​កើត​ និង​ថ្ងៃ​១​រោច​ ខែ​ពិសាខ​ ឆ្នាំ​ថោះ​ ត្រី​ស័ក​ពុទ្ធ​សករាជ​២៥៥៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦,១៧ និង​១៨ ខែ​ឧសភា ឆ្នាំ​២០១១ តាម​គោលការណ៍​​របស់​រាជ​រដ្ឋា​ភិ​បាល​លេខ​៣៨៦​សជណ​.ផកចុះ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១១ របស់ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​អនុ​ញ្ញាត​​ឱ្យ​ក្រសួង​​ធម្មការ និង​សាសនា ​និងគណៈ​សង្ឃ​នាយក​នៃព្រះ​រា​ជាណាចក្រ​កម្ពុជា ​​រៀបចំ​ពិធី​បុណ្យ​ដូច​​ការ​រៀបរាប់​ខាងលើ ។

លោក​ជំទាវ​​​បណ្ឌិត​ម៉ែន ​សំអន ​បានថ្លែង​អំណរគុណ​សម្តេច ​​ទ្រង់​ ​លោក​ជំទាវ អស់​លោក លោក​ស្រី ព្រមទាំង​ព្រះ​សង្ឃ​​ទាំងពីរគណៈ​​រួម​ជាមួយ​ក្រសួង​ធម្មការ និងសាសនា ដែលបាន​រៀប​ចំ​ពិធី​ដ៏​អធិកអធម​​នៅ​មជ្ឈមណ្ឌល​​កោះ​ពេជ្រ ​​និង​​បួង​សួង​ដល់គុណព្រះ​រតនត្រ័យគុណ​កែវ​ទាំង​៣ ​សូមជួយបីបាច់​ថែរក្សា​ការពារ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​​​ដែល​មាន​​សម្តេចអគ្គ​​មហា​សេនាបតី​តេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា​និងលោក​ជំទាវ​ សុំ​ជួប​ប្រទះ​​តែ​សេចក្តី​សុខគ្រប់​​ប្រការ ​និង​សុំ​ឱ្យ​ដួង​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែលបាន​ស្លាប់​ក្នុងឧបទ្ទវហេតុ​កន្លង​ទៅនេះ​ជួយ​ថែ​រក្សាមជ្ឈមណ្ឌល​កោះពេជ្រ​ឱ្យមានការ​អភិ​វឌ្ឍទៅ​មុខ​​ជាលំដាប់ ។

នៅក្រុងប៉ោយប៉ែត​​​ក៏មានការ​​ប្រារព្ធ​​​ពិធី​បុណ្យនេះ​​​យ៉ាងគគ្រឹកគគ្រេង​​ដែរ​ដោយ​មាន​ព្រះសង្ឃ​​​ តាជី យាយជី ​​ពុទ្ធបរិស័ទ និង​សិស្ស​សាលា​​ប្រមាណ​​ជិត​​៣ពាន់​នាក់​​​ធ្វើ​​​ធម្ម​យាត្រា​​ដង្ហែក្បួន​​យ៉ាងអធិកអធម កាលពីវេ​លាម៉ោង​​៣​រសៀល​ ដោយផ្តើម​​​ចេញពី​វត្ត​​សុរិយា​រាម ហៅ​វត្ត​ថ្មី ស្ថិតក្នុង​ភូមិ​​​បាលិលេយ្យ ​សង្កាត់​ប៉ោយប៉ែត ។​

ការធ្វើ​​ធម្មយាត្រា​​​ក្នុងពិធី​បុណ្យវិសាខ​បូជា​នេះ​ បើ​តាម​​​លោក​​តា ស ឈឿន ​​អាចារ្យ​​ប្រចាំ​ក្រុង​​​​ប៉ោយប៉ែត​​បាន​ប្រាប់​ថា ការធ្វើនេះ​​គឺដើម្បី​​​រំឭក​​ខួបដែល​ព្រះ​ពុទ្ធ​​​ទ្រង់​ត្រាស់ដឹង​​​គ​ម្រប់​​​២៦០០​ព្រះ​វ​​ស្សា​ និង​រំឭក​ដល់​​​ថ្ងៃ​​ទ្រង់ប្រសូត​​ និងការយាង​ចូល​ព្រះ​បរិនិព្វាន ។ លោក​តា​អាចារ្យ​​​បន្ត​ថា ​ការប្រារព្ធ​​​ធ្វើនេះ​គឺចំនួន​​​៣​​​ថ្ងៃ​ចាប់​​ពី​ថ្ងៃទី​១៦ ឧសភា​​ ដល់​​ថ្ងៃទី​​១៨ ឧសភា ​។​​ ក្បួនដង្ហែ​​​ធម្មយាត្រា​​​នេះត្រូវ​បាន​​លោកតា​អាចារ្យ​​​ប្រាប់ថា ​មានការ​​បួងសួង​សុំសេចក្តីសុខ​​ដល់​មនុស្ស​គ្រប់រូប ហើយ​ជា​គោល​ការណ៍​​ក៏សុំ​ឱ្យ​​លុប​បំបាត់​​​អំពើហិង្សា​​ និង​ការ​ប្រើ​​ប្រាស់​ថ្នាំ​ញៀន​​​ផងដែរ ។ ​​បុណ្យ​វិសាខបូជា​​​ឆ្នាំ​​នេះ​មិន​មែន​​ប្រារព្ធ​​ធ្វើតែនៅ​​ក្រុងប៉ោយប៉ែត​ទេ គឺ​​ធ្វើ​​​គ្រប់ទី​កន្លែង ។

លោកតាអាចារ្យ​​​​ប្រាប់​ថា នៅថ្ងៃទី​១៨ ឧសភា ​​​​មាន​ពិធីរាប់បាត្រ​​​ព្រះសង្ឃ​​​៣៥៥អង្គ​​​នៅ​វត្ត​​សុរិយា​​រាម ហៅ​វត្តថ្មី ​ទៀត​ផង ។ ​ពិធី​បុណ្យ​​នេះ​​មានព្រះ​​សង្ឃ​​​និមន្ត​​​មកពី​​២០វត្ត ក្នុង​​​២​សង្កាត់​​នៃ​ក្រុង​​ប៉ោយប៉ែត ​​ដែល​ក្បួន​​​ដង្ហែ​​គេ​ឃើញ​​មាន​ទាំង​​​បដា​ ហើយ​​ទាំង​គ្រហស្ថ​ទាំង​​​ព្រះសង្ឃ​​សុទ្ធ​តែ​កាន់ទង់​​សាសនា​​ ដោយ​មាន​ទាំង​រថយន្ត​​សមត្ថ​​កិច្ច​​​​ប៉ូលិស និង​​ប៉េអឹម​​អមមុខ​​ក្រោយ​ផង​ដែរ ។

ថ្ងៃ​១៥​កើត​ ខែ​វិសាខ គឺ​ជា​ទិវា​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​មួយ​ដែល​ពុទ្ធ​សាស​និក​ជន​គ្រប់​រូប​ទូទាំង​ពិភព​លោក​តែ​ង​ប្រារព្ធ​រំលឹក​ជា​រៀង​រាល់​ឆ្នាំ​តាម​រយៈ​ពិធី​បុណ្យ​​ប្រពៃ​ណី​ពុទ្ធ​សាសនា​វិសាខ​បូជា​។ វិសាខ​បូជា​ដែល​ប្រារព្ធ​ឡើង​ក្នុង​ឆ្នាំ​២០១១​​នេះ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​កំណើត​(ខួប​ទី​២៦​៣៥​) ថ្ងៃ​ចូល​បរិ​និព្វាន​(ខួប​ទី​២៥៥៥) និង​ថ្ងៃ​ត្រាស់​ដឹង​(ខួប​ទី​២.៦០០) របស់​ព្រះ​សមណ​គោតម​ដែល​ជា​ព្រះ​អរហន្ត​សម្មា​សម្ពុទ្ធ​​បរម​គ្រូ​នៃ​យើង​។ អភិលក្ខិត​សម័យ​ទាំង​បី​នេះ​កើត​ឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត ខែ​វិសាខ​តែ​មួយ​ ខុស​គ្នា​តែ​​ឆ្នាំ​ប៉ុណ្ណោះ​។ ថ្ងៃ​នេះ​ដែរ​ ក៏​ជា​ថ្ងៃ​ដែល​អង្គការ​សហ​ប្រជា​ជាតិ​បាន​​កំណត់​យក​ជា​ទិវា​អន្តរ​ជាតិ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ធ្នូ ១៩៩៩​ មក​ម្ល៉េះ​ដែល​ជា​ការ​ទទួល​ស្គាល់​ជា​សកល​អំពី​ការ​ចូល​រួម​ចំណែក​របស់​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ពិភព​លោក​ជាង​ពីរ​ពាន់​ប្រាំ​រយ​ឆ្នាំ​មក​នេះ​ ហើយ​និង​កំពុង​បន្ត​នូវ​ឥទ្ធិ​ពល​របស់ខ្លួន​ក្នុង​ការ​លើក​ស្ទួយ​ចិត្ត​វិញ្ញាណ​របស់​មនុស្ស​ជាតិ​ជា​រៀង​រហូត​។

ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​ពុទ្ធ​សករាជ​២៥៥៥​ ឆ្នាំ​សាកល​២០១១​នេះ កម្ពុជា​យើង​បាន​ជួប​នូវ​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ដែល​រឹតតែ​សំខាន់​ នោះគឺ​ឆ្នាំ​នេះ​ជា​ខួប​គម្រប់​២៦០០​ឆ្នាំ​នៃ​ការ​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ ឬ​ខួប​គម្រប់​២៦០០​ឆ្នាំ​​​នៃ​សម្ពុទ្ធ​ត្វជយន្ថិ​របស់​ព្រះ​សមណ​គោ​តម​ ព្រោះ​ថា ពុទ្ធ​សក​រាជ​យើង​នេះ​ចាប់​រាប់​ជា​ឆ្នាំ​ទី​១ មួ​យ​ថ្ងៃ​ក្រោយ​ព្រះ​អង្គ​ចូល​បរិ​និ​ព្វាន​ បើ​គិត​មក​ដល់​ថ្ងៃ​នេះ​បាន​២៥៥៥​ហើយ​។ ឯ​ព្រះ​បរម​គ្រូ​របស់​យើង​ព្រះ​អង្គ​ត្រាស់​ដឹង​មុន​ពុទ្ធ​សករាជ៤៥​ឆ្នាំ​ ដូច្នេះ​ឆ្នាំ​នេះ​ចាប់​តាំង​ពី​ព្រះ​អង្គ​ត្រាស់​ដឹង​មក​មាន​ចំនួន​គ្រប់​២៦០០​ឆ្នាំ​គត់​ ត្រឹម​ថ្ងៃ​១៥​កើត​ ខែ​ពិសាខ​ ឆ្នាំ​ថោះ​ត្រី​ស័ក​ ពុទ្ធ​សក​រាជ២៥៥៥​នេះ​ ដែល​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១១ ៕