រូបសំណាក​យាយ​យ៉ាត​ល្បីល្បាញ​នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ​យាយ​យ៉ាត ​ជា​ឈ្មោះ​​​ហៅ​សំដៅ​ទៅ​លើ​រូបសំណាក​ដូនចាស់​ម្នាក់​ដែល​អ្នក​ប៉ៃ​លិន​គោរពបូជា​​មិន​ខុស​ពី​លោក​យាយ​ពេញ ឬ​ដូន​ពេញ​​ដែល​មានការ​​គោរព​បូជា​​នៅ​រាជ​​ធានីភ្នំពេញ​ទេ ។ ឈ្មោះយាយ​យ៉ាត​នេះ​បាន​ក្លាយ​ទៅ​ជ​ា​បារមី​​ថែ​​រក្សា​ទឹកដី​​ត្បូង​ពេជ្រ​​ឱ្យ​ទទួលបាន​តែ​​សេចក្តី​សុខ និង​ចម្រុង​ចម្រើន ។ ដោយសារ​តែ​​​មានការ​គោរព​បូជា​ពី​ប្រជាពលរដ្ឋ​ទូទៅ​​ គេ​សង្កេត​ឃើញ​​នៅ​រៀង​រាល់​​ថ្ងៃសីល​ តែង​មានការទៅ​អុជ​ទៀន​ធូប​​ និង​​ដាក់តង្វាយ​​​​ផ្សេងៗ​នៅចំពោះ​មុខ​រូប​សំណាក​​យាយយ៉ាត​​ ដែលត្រូវ​បានតម្កល់​នៅ​លើ​វត្ត​​ភ្នំយ៉ាត​ជាទី​អារាម​មួយ​ដ៏ចំណាស់​​នៅ​តំបន់​​នោះ​ ។ ពិសេស​ទៅ​ទៀត​​​ នៅ​រៀងរាល់​រដូវ​បុណ្យ​ផ្សេងៗ​​ដូច​ជា​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​​ណី​ជាតិ បុណ្យ​ភ្ជុំ​​បិណ្ឌ ​ឬ​បុណ្យ​​ចូលឆ្នាំ​ចិនជា​ដើមប្រជា​ពល​រដ្ឋ​​​ភាគ​ច្រើន​មិន​​ភ្លេច​លោក​យាយ​យ៉ាតឡើយ ។

លោក​តា​អាចារ្យ​មាស ពៅ ​អាយុ​៥៧​ឆ្នាំ​ ជា​អ្នក​មើល​ការ​ខុសត្រូវ​នៅវត្ត​ភ្នំយ៉ាត​​ មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ដោយសារ​​តែ​ការ​​គោរព​បូជា​​ចំពោះ​លោកយាយ​​យ៉ាត​​ លោក​អីុ ឈាន អភិបាលខេត្ត​​ បានផ្តួច​ផ្តើម​កសាង​រូប​សំណាក​យាយ​យ៉ាត​​ដ៏​ធំ​មួយ​ធ្វើពីថ្មភក់​ ដោយ​​ចម្លង​ចេញ​​ពីរូបសំណាក​យាយយ៉ាត​​​ដែល​តម្កល់ក្នុងព្រះ​វិហារ​ ។ ​
តាម​សម្តី​របស់​លោកតា​អាចារ្យ​ម្នាក់​ទៀត​​​ឈ្មោះ​​កែវ ​សិនហ ​អាយុ​៦០ឆ្នាំ ​បាន​និយាយ​ថា រូបសំណាក​លោក​យាយ​យ៉ាត ​មានតាំង​ពីសម័យ​​ដើម​មកម្ល៉េះ ​គឺសម័យ​ពួកកូឡា​ជាកុលសម្ព័ន្ធ​ជន​ជាតិ​​ភាគតិច​មួយក្រុម ​ដែលសព្វ​​ថ្ងៃពួកនេះ​មិន​រស់​នៅ​​ក្នុង​ខេត្ត​ប៉ៃលិន​ទៀត​ទេ គឺ​​បាននាំគ្នា ​ភៀស​ខ្លួន​កាលពីសម័យ​ប៉ុល ពត ​​ទៅ​នៅឯ​បាង​កក ប្រទេស​​ថៃអស់​ហើយ ។

ពីមុន​ពួកគេ​បាន​មករកស៊ី​​ជីក​ត្បូង ហើយ​បានយកថ្ម​​​កែវពី​ប្រទេស​​ភូមា មក​ឆ្លាក់​ធ្វើ​រូប​លោកយាយ ​មានពណ៌​​សភ្លឺថ្លា ​ហើយ​ទម្ងន់​​ប្រហែល​ជា​១០គីឡូ​ក្រាម ​ដែលសព្វ​ថ្ងៃ​នេះ​​ត្រូវ​​បានព្រះ​ចៅអធិការ​រក្សា​ទុក​នៅក្នុងព្រះ​វិហារ​​​វត្តភ្នំយ៉ាត ថែមទាំង​​មិនអនុញ្ញាត​ឱ្យនរណា​ម្នាក់​​ចូលមើល ឬ​ថត​​រូបនេះ​ឡើយ ។
រហូតមក​ដល់ថ្ងៃទី២៥ កញ្ញា ​ឆ្នាំ២០០២ ​គេ​ក៏​បាន​ចម្លង​កសាង​រូប​សំណាក​មួយផ្សេង​ទៀត ​​ចេញពី​រូបដើម ​នៅលើ​វត្តភ្នំយ៉ាត ​ដែលមាន​រូប​រាង​ប្រហាក់ប្រហែល​​ទៅ​នឹង​រូបសំណាក​​ដើម​ដែរ ​​ដើម្បីតម្កល់​​ទុក​ឱ្យ​ប្រជាជន​​​នៅក្នុង​ភូមិនាំគ្នា​មក​សែន​ព្រេន និងថ្វាយ​​តង្វាយ​​ដល់លោក​យាយ ​សូម​ឱ្យ​គាត់ការពារ​​​ថែរក្សា​​​មិនឱ្យ​មានសត្រូវ​​ណា​មក​បៀត​បៀន ។ ​ម្យ៉ាងទៀត​​​គេសាង​រូប​មួយ​ទៀត​​​ឡើង ​ទុក​ជា​​កេរ​ដំណែល​​ឈ្មោះ​​របស់​លោកយាយ​ដើម្បី​កុំ​ឱ្យ​បាត់បង់​ និងសាប​សូន្យ​​ចេញពី​​​ភ្នំយ៉ាត ។

តាម​លោក​តា​អា​ចារ្យ ​បាន​ឱ្យ​ដឹង​ថា ថ្មភក់​​​ដែល​យកមកធ្វើ​ជា​រូប​សំណាក​យាយយ៉ាត​​ គឺយក​ពីភ្នំ​ភូមិ​ក្រាំង​ដូង​​ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង​មាន​ជ័យ ខេត្តព្រះវិហារ ​ហើយឱ្យ​ជាងនៅ​ខេត្ត​កំពង់​ធំឆ្លាក់​ជា​រូប​សំណាក​យាយយ៉ាត​អស់រយៈ​ពេល​៨​ខែ ១០​ថ្ងៃ។ ការ​កសាង​បានចាប់​ផ្តើម​ធ្វើឡើងនៅ​ថ្ងៃ​ទី១៩ សីហា ​២០១០ ​ហើយ​បន្ទាប់ពី​កសាង​រួច ក៏​មានការ​រៀបចំក្រុងពាលី​​នៅ​ថ្ងៃទី២២ មីនា ២០១១ ​និងបាន​ដង្ហែ​​ចេញ​មកនៅថ្ងៃទី៤ មេសា ២០១១ ដោយមាន​ការ​ចូលរួម​ពី​លោក​អភិបាល​​ អភិបាល​រង​ខេត្ត ​មន្ត្រី​រាជការ​ ​កង​កម្លាំង​ប្រដាប់អាវុធ​​យ៉ាងច្រើនកុះករ ។ ការ​ដង្ហែ​​​រូបសំណាក​យាយ​យ៉ាត​ពីខេត្ត​​កំពង់ធំ​នេះ​បាន​ឆ្លង​កាត់​ខេត្ត​​សៀម​រាប​​​ និងបានសម្រាក​១យប់​​ លុះ​ដល់​​ថ្ងៃ​​៥ មេសា ឆ្នាំ២០១១ ​ទើប​​ដង្ហែ​​ដល់ទីរួមខេត្ត ហើយ​នៅ​ថ្ងៃទី៦ មេសា ​ទើប​មានការ​ដង្ហែ​ចេញពី​សាលា​ខេត្ត​​​ឆ្ពោះ​ទៅ​​វត្ត​​បេង ​ស្រុក​សាលា​ក្រៅ​ ។
រូបសំណាក​លោក​យាយយ៉ាត​​នេះមានកម្ពស់​​៣,៨០​ម៉ែត្រ បល្ល័ង្ក​ទំហំប្រវែង​២,៤០ម៉ែត្រការ៉េ និង​មាន​ទម្ងន់​សរុប​៣២​តោន ។

ចំពោះរឿង​​​និទាន​ពី​លោក​យាយ​យ៉ាត​​ តាម​ការ​ស្រាវជ្រាវ​ដោយ​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​មានការ​តំណាល​ថា ​កាល​នោះ​​មានបុរស​​​និងស្ត្រី​​ពីរនាក់​ប្តីប្រពន្ធ​ឈ្មោះ​យ៉ាតដូចគ្នា ​ប្រកប​​មុខរបរ​​ជា​អ្នក​ជីក​ត្បូង​នៅ​ប៉ៃលិន។ ​លុះ​ដល់​ពួកគាត់​មានវ័យ​ចាស់​ជរា​ទាំង​​ពីរនាក់​ប្តី​ប្រពន្ធ តាយ៉ាត ​យាយយ៉ាត​ក៏នាំគ្នា​​ទៅ​សង់អា​ស្រម​មួយនៅ​លើភ្នំ​ដែលសព្វថ្ងៃ ​គេ​ហៅ​ឈ្មោះ​​ថា «​ភ្នំយ៉ាត» ​ដើម្បីសំណាក់​ធម៌​នៅទី​នោះ ។​ សម័យ​នោះ​ ពួកអ្នក​ស្រុក​ប៉ៃលិន​ខ្លះ​ដែល​​រកត្បូង​បាន​​ច្រើន​ក៏នាំគ្នា​យកទៅ​​លក់នៅឯ​ស្រុក​​ថៃ ជាញឹកញាប់​ពួកគេ​បាន​ប្រាក់កាស​យ៉ាង​ច្រើន​ក្រាស់​ក្រែល ​ហើយ​ក៏នាំគ្នាទិញ​​កាំភ្លើង​វែង និង​កាំភ្លើង​ខ្លី​សម្រាប់​ការពារ​ទ្រព្យ​សម្បត្តិ​​របស់ពួក​គេ​រៀងៗ​ខ្លួន តែពេល​ខ្លះ​ពួកគេ​អផ្សុក​​ក៏បបួល​គ្នា​យកកាំភ្លើង​ចូលទៅក្នុងព្រៃ​ជិត​ៗភ្នំយ៉ាត​ ហើយ​នាំ​គ្នា​បរ​បាញ់​សត្វព្រៃ ។ ស្នូរ​កាំ​ភ្លើង​បាន​លាន់​ឮ​​ពាសពេញ​ព្រៃនាំឱ្យ​មានការ​ភ្ញាក់ផ្អើល​​ដល់ពួក​អារក្ស​ អ្នកតា ​ដែលនៅ​ក្នុង​ព្រៃ​នោះ ។

ថ្ងៃមួយ​ ​អ្នកតា​ដែលមានប្ញទ្ធិ​បារមី​ខ្លាំង​ក្លា​​ជាងគេ បានសម្តែង​​ប្ញទ្ធិ​​និមិ្មតខ្លួន​ជា​មនុស្ស​​ចាស់​ម្នាក់​ទៅជួប​តា​យ៉ាត​​យាយ​យ៉ាត​​ផ្ទាល់​ ​ហើយ​និយាយ​ទៅ​កាន់​អ្នកទាំងពីរថា «​សូម​ឱ្យ​ប្រាប់​ដល់ពួក​ព្រាន​​ប្រមាញ់​​ដែលបរ​បាញ់​ពាស​ពេញ​​ព្រៃ​​ឱ្យឈប់បាញ់​​​ត​ទៅទៀត​​ ​ព្រោះ​ការ​បាញ់​កន្លង​​មក​ធ្វើ​ឱ្យ​ពួកអារក្ស​អ្នកតា​​ភិតភ័យ​​រត់​ខ្ចាត់ខ្ចាយ​វង្វេងកូនចៅ​​អស់ហើយ ។ ប្រសិន​បើ​ពួកគេ​​បញ្ឈប់​ការបរ​បាញ់​​ យើង​នឹង​ជួយពួកគេ​​ឱ្យរក​ត្បូង​​ដ៏​មាន​តម្លៃ​បាន​តាម​ចិត្ត ​​ប្រាថ្នា​​ ដើម្បី​ឱ្យ​ពួកគេ​ក្លាយ​ជា​អ្ន​កមាន​ទ្រព្យ​សម្បត្តិ​​ស្តុក
ស្តម្ភ ។ ​ប៉ុន្តែ​ បើពួកគេ​ក្លាយ​ជា​អ្នក​មានហើយ ត្រូវ​កសាង​វត្តមួយកន្លែងនៅ​លើ​​ភ្នំនេះ​ ហើយ​រៀងរាល់ថ្ងៃសីល ត្រូវនាំគ្នា​ប្រគំ​ភ្លេង​ និងមាន​របាំក្ងោកជាតង្វាយ​ផង» ។ ​ការ​ផ្តាំផ្ញើ​​សព្វ​គ្រប់​រួច​ហើយ ​អ្នកតា​នោះ​ក៏បាត់​ខ្លួនទៅ​​វិញ​ភ្លាម ។

តាយ៉ាត​ និងយាយយ៉ាត​​ ក៏នាំគ្នា​យកពាក្យ​បណ្តាំ​​ទាំងអស់នេះ​ទៅ​និយាយ​ប្រាប់ពួកអ្នក​ស្រុក​នៅប៉ៃលិន​​ឱ្យ​ដឹង​​ឮគ្រប់គ្នា ។ ក្រោយពេល​ដែលអ្នកស្រុក​បានជ្រាបសព្វ​គ្រប់ហើយ ​ពួកគេ​​​ទាំង​អស់គ្នា​ក៏គោរព​​ប្រតិបត្តិ​​តាមពាក្យបណ្តាំ​​របស់​អ្នកតា​​ដែលបានផ្តាំផ្ញើ​​នោះ​​ និង​បាន​នាំគ្នា​កសាងវត្ត​​លើភ្នំ​ដោយហៅ​តៗគ្នាមកថា វត្តភ្នំ​យ៉ាត ។ ​តាមជំនឿ​​​​ខាងលើ​នេះ មកដល់​ពេល​បច្ចុប្បន្ន​​​មាន​មនុស្ស​​ប្រុសស្រី​ជិតឆ្ងាយ​​ក្នុងនិង​ក្រៅប្រទេស​ ​តែង​តែ​​​​​ចូល​ទៅ​កាន់ភ្នំយ៉ាត​ជា​ហូរហែ​​រៀងរាល់ថ្ងៃ ​ដើម្បីបន់ស្រន់​សុំ​សេចក្តីសុខ និងការរកស៊ីមាន​​បាន​​ត្រជាក់​ត្រជំ ។ ដូច្នេះ​​ហើយ​បានជាមានអ្នក​ខ្លះ​គេ​មកសុំលាបំណន់​ដែលគេ​បានបន់ស្រន់​កាលពីមុន​មក​មិន​ដែល​ដាច់ឡើយ ៕