លោករដ្ឋ​​មន្ត្រី​​ក្រសួង​​ឧស្សាហ​កម្ម​រ៉ែ ​និង​​ថាមពល​​នាំ​យក​​វត្ថុ​បុរាណ​​​ជូន​សារ​មន្ទីរ​

រាជធានីភ្នំពេញ​​ ៖ ​​នេះជា​លើកទី​​​៣​ហើយ​ ដែល​​​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាមពល​​ បាននាំ​យក​​វត្ថុ​បុរាណ​ទៅ​​ជូន​សារ​​មន្ទីរ​​ជាតិកម្ពុជា ​រក្សាទុក​ជា​សម្បត្តិ​​ជាតិ​ កាល​ពី​​ល្ងាច​ថ្ងៃទី​​​១១ មិថុនា ​​​ឆ្នាំ​២០១១ ។ ​វត្ថុ​​បុរាណ​​​នោះជា​​​រូបសត្វ​អណ្តើក​មិនទាន់​ចម្លាក់​​​រួច​នៅសម័យអង្គរ ធ្វើ​អំពីថ្ម​ភក់​មាន​​កម្ពស់​​​១៤,៧​សង្ទីម៉ែត្រ ទទឹង​​២៧,៨សង្ទីម៉ែត្រ ​បណ្តោយ​មាន​​ប្រវែង​​៤១,៥សង្ទីម៉ែត្រ ​ទម្ងន់​​​២០,៥គីឡូ​ក្រាម ។​

លោកស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម ​រ៉ែ និង​ថាមពល​ បាន​មាន​ប្រសាសន៍​​​ថាអណ្តើក​​​​​បុរាណនេះ​​​ លោក​​បាន​មក​​ពី​វត្ត​ប្រាសាទ​​​ដូនអន ក្នុង​​​ភូមិ​ប្រាសាទ​​​ ឃុំ​រំលេច ស្រុក​បាកាន ​​ខេត្តពោធិ៍សាត់ ។ ​​​​លោក​បន្ត​ថា កាលពី​ថ្ងៃ​ទី​៨​ ​​មេសា ឆ្នាំ​២០១១ ​ពេល​ជីក​ស្រះ​ទឹក ស្រាប់​តែ​ឃើញ​​​អណ្តើកនេះ​​នៅក្នុង​​ជម្រៅ​​៣​ម៉ែត្រកន្លះ ​ហើយ​គណៈ​កម្មការ​​អាចារ្យ​​​និង​ព្រះ​ចៅ​​អធិការ​វត្ត​​បាន​យក​មក​​រក្សា​​ទុកក្នុង​វត្ត​មួយ​រយៈ​ ហើយ​បាន​ប្រគល់ជូន​​​លោក រួច​លោក​ក៏​​​​យក​មក​​ជូន​ខាង​​​សារ​មន្ទីរ​​ជាតិ ដើម្បី​​រក្សា​ទុក​​ជា​​សម្បត្តិ​​ជាតិ ។ ​

អណ្តើក​បុរាណនេះ​​ ថ្វី​បើ​ចម្លាក់​​មិន​ទាន់រួច​​មែន​ តែ​មើលទៅ​មានសោភ័ណ​ភាព​ល្អ​ស្អាត ហើយ​មាន​​រុន្ធ​​ដំណាប់​​នៅលើ​ខ្នង​​រាងត្រី​កោណ​​ មាន​គម្រប និង​មានអក្សរ​ជា​​គាថា​​២​សន្លឹក​​នៅ​ខាង​ក្នុង​​​​រន្ធនោះ ​ទៀត​ផង ។ ក្នុងពិធី​ប្រគល់អណ្តើក​​​បុរាណ​នោះ មានការ​​ចូលរួមពី​​លោក​​ឃឹម សារិទ្ធ ​រដ្ឋលេខា​ធិ​ការ​​​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ​​អ៊ុន​ ផល្លីន ប្រធាន​នាយកដ្ឋាន​​សារ​មន្ទីរ​​​ និង​​មន្ត្រី​​នៃ​​នាយក​ដ្ឋាន​​សារ​មន្ទីរជាតិ​​ជាច្រើន​រូប​ទៀត ។​

ក្នុង​​ពិធី​​ប្រគល់​វត្ថុ​បុរាណ​ចម្លាក់​សត្វ​អណ្តើក​​នោះ​ លោក​​ឈឹម ​សារិទ្ធ ​បាន​ថ្លែង​អំណរគុណ​​ចំពោះ​​​​លោក​ស៊ុយ សែម ​​ដែល​តែង​តែ​យក​ចិត្ត​ទុកដាក់​ចុះជួយប្រជា​​​ពលរដ្ឋ​​នៅ​ខេត្ត​​ពោធិ៍សាត់ ​និង​​តែង​តែ​​​នាំ​យកវត្ថុបុរាណ​មក​ជូន​សារ​មន្ទីរ​ជាតិ ។ ក្នុង​ឱកាសនោះដែរ ​​​លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម ​រ៉ែ និង​ថាមពល ​និងជា​ប្រធាន​ក្រុម​​​ការងារ​​​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្តពោធិ៍សាត់ បានអញ្ជើញ​​ទស្សនា​​​ក្នុង​សារ​មន្ទីរ​​ជាតិផងដែរ ​​។ ​​​កន្លង​មកលោក​​តែងតែ​​យក​ចិត្តទុកដាក់​​ចុះជួយ​ប្រជាជន​នៅ​​តាម​ជនបទ ដើម្បី​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​​ឱ្យ​​មាន​ការ​រីក​ចម្រើន​​ទាំង​​​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ​ តាម​គោល​នយោបាយ​របស់រាជ​រដ្ឋាភិបាល​​កម្ពុជា​​ដែល​​ដឹកនាំ​​​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ៕​