ជនរងគ្រោះ​​ដោយ​ជំងឺអេដស៍​​និង​ជន​ជរាពិការ​​ទទួល​អំណោយ​​សង្គ្រោះ

រាជធានីភ្នំពេញ​ ៖ ល្ងាច​ថ្ងៃ​ទី២៤ មិថុនា ឆ្នាំ២០១១ នៅ​វត្ដ​សូ​រិ​យា​ពោធិ​មាស ហៅ​ក្ដី​ចាស់ ប្រតិភូកាកបាទក្រហម​កម្ពុជា​សាខា​រាជ​ធានីភ្នំ​ពេញ​​រួម​មាន លោក​ជំទាវ អ៊ួ​ន សុវណ្ណ​រិ​ន្ទ ប៉ា សុ​ជាតិ​វង្ស អនុប្រធាន​គណៈកម្មាធិការ​ស្វែង​រក​មូលនិធិសាខា​, លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា​, មន្ដ្រី​ប្រតិបត្ដិ​សាខា​, អនុ​សាខា​ខណ្ឌជា​ច្រើន​រូប បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​​ដោយសារមេរោគ​អេ​ដស៍​-​ជំងឺអេដស៍ និង​ជរា​ពិការ​ចំនួន​១៥​គ្រួសារ ដែល​មក​ពី​សង្កាត់​កោះ​ដាច់ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ចំពោះ​មុខ ។

លោក​ជំទាវអ៊ួ​ន សុវណ្ណ​រិ​ន្ទ ជំនួស​មុខ​លោក​ ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​ប្រតិភូ​ទាំងអស់ បាន​មាន​ប្រសាសន៍​​ពាំនាំ​នូវ​សេចក្ដី​ផ្ដាំផ្ញើសាកសួរ​សុខ​ទុក្ខ​​ពី​សំណាក់​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ប្រធានកាកបាទក្រហម​កម្ពុជា​ និង​ជា​ឥស្សរ​ជនឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នកដឹក​នាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្លើយ​តប​មេរោគ​អេ​ដស៍​-​​ជំងឺអេដស៍​នៅ​កម្ពុជា ដែលលោក​ជំទាវ​តែងតែ​ក្រើនរំលឹក​ដល់​គ្រប់​បណ្ដា​សាខា​ទាំង​២៤​រាជ​ធានី​-​ខេត្ដ ឱ្យ​យកចិត្ដទុកដាក់​ឱ្យ​បាន​ម៉ត់ចត់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ជាក់​ស្ដែង​​​ដូច​បងប្អូន​ដែល​រង​គ្រោះ​ដោយសារ     មេ​រោគ​​អេ​ដស៍​-​ជំងឺអេដស៍ និង​ជរា​ពិការ​នា​ពេល​នេះ ។

លោក​ជំទាវ​ក៏​សូម​ឱ្យ​បងប្អូន​ដែល​រង​គ្រោះ​​ទាំងអស់​សូមកុំ​អស់សង្ឃឹម បាក់ទឹកចិត្ដ ត្រូវ​ខិតខំ​តស៊ូ​យកចិត្ដទុកដាក់​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ព្រមទាំង​លេបថ្នាំ​ឱ្យ​បាន​ទៀង​ទាត់​ទៅ​តាម​វេជ្ជបញ្ជា ដើម្បី​ទ្រទ្រង់​ជីវិត​ឱ្យ​​បាន​យូរ​អង្វែង ។ ជាង​នេះ​ទៅ​ទៀត​ បងប្អូន​មិន​ឯកោ​ទេ គឺ​បងប្អូន​នៅមានកាកបាទក្រហម​កម្ពុជា ដែល​មាន​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិត​ប្រធានប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ​និង​រាជរដ្ឋាភិបាល​ ក៏​ដូច​ជាអាជ្ញាធរ​មូល​ដ្ឋាន​នៅ​ចាំ​យកចិត្ដទុកដាក់​ជួយ​សង្គ្រោះ​ដល់​បងប្អូន​ជា​និច្ច ។ សូម​ឱ្យ​បងប្អូន​ទាំងអស់​កុំ​មាន​ការ​ធ្វេសប្រហែស​ ប្រការ​សំខាន់​មិន​ត្រូវចម្លង​​ទៅ​​អ្នក​ដទៃ និង​ណែនាំ​ដល់​អ្នក​ដទៃ​ឱ្យ​ចេះ​ការពារ​ទប់ស្កាត់​នូវ​ការ​ចម្លងមេរោគអេ​ដស៍​នេះ ព្រោះថា ​មេរោគ​ដ៏​កាច​សាហាវ​នេះ​ឱ្យ​តែ​អ្នក​ណា​ប្រព្រឹត្ដមិន​បានការ​ពារ​មិន​ថា​ជានា​ម៉ឺន មន្ដ្រី អ្នកក្រ អ្នកមាន ក្មេងចាស់ ប្រុសស្រី អ្វី​ទេ​គឺ​វា​ឆ្លង​ទាំងអស់ ប្រការ​ដែល​ល្អ​គឺ​ស្មោះត្រង់​ប្ដី​មួយ​ប្រ​ព​ន្ឋ​មួយ ។ ទន្ទឹម​នឹង​នេះ​ សម្រាប់​ស្ដ្រី​​មាន​ផ្ទៃ ពោះ ក៏​សូម​ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព​ ឬ ពេទ្យ​ជំនាញ​ឱ្យ​បាន​ចំនួន​៤​ដង ដើម្បី​តាមដាន​មើល​សុខភាព​មាតា និង​​ទារក ។

លោក​ជំទាវ ​ក៏​បាន​ជម្រាប​​ជូន​អំពី​ប្រភព​អំណោយ​ដែល​បាន​យក​មក​ចែក​ជូន​នា​ពេល​នេះ  គឺមួយ​ផ្នែក​បាន​មក​ពី​ការ​អំពាវនាវ​ដល់​សប្បុរស​ជន​​រួម​ទាំង​ព្រះសង្ឃ​តាមបណ្ដា​វត្ដ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​មួយ​ផ្នែក​ទៀត​​បាន​មក​ពី​ការ​ ផ​លិត​ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ និង​សេវាកម្ម​កម្ទេច​សំណល់​វេជ្ជសាស្ដ្រ។ បន្ទាប់​ពី​ការ​ចែក​អំណោយ​​សង្គ្រោះ​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​​មេរោគអេ​ដស៍​-​ជំងឺអេដស៍ និង​ជរា​ពិការ​ទាំង​១៥​គ្រួសារ​រួច​មក លោក​ជំទាវអ៊ួ​ន សុវណ្ណ​​ រិ​ន្ទ ប៉ា សុ​ជាតិ​វង្ស និង​ប្រតិភូ​ទាំង​អស់ បាន​បន្ដ​ដំណើរ​ចុះទៅ​សាកសួរ​សុខទុក្ខ និង​​នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​​ជូន​ដល់​ជន​ពិការ​ភ្នែក​ទាំង សងខាង​ឈ្មោះ​​សាន រ៉ា​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ ដែល​សព្វថ្ងៃ​ស្នាក់​អាស្រ័យ​ជាមួយ​ប្អូន​ស្រី នៅ​ក្នុង​សង្កាត់កោះដាច់​នេះ ។

សូម​បញ្ជា​ក់ថា អំណោយ​សង្គ្រោះ​ដែល​នាំ​យក​ទៅ​​ប្រគល់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​មេរោគអេ​ដស៍​-​ជំងឺអេដស៍ និង​ជរា​ពិការ​នាឱកាស​​នោះ​រួម​មាន អង្ករ​៤០០​គ​ីឡូក្រាម​​, ​មី​១៦​កេស, ទឹកត្រី ទឹកស៊ីអុីវ​៣២​យួរ​, ​មុង ភួយ កន្ទេល ចានដែក ចានស្រាក់ ថាស​ជ័រ ធុង​ទឹក​កក​១៦, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​១៦​កេស​, ទឹ​ក​ដោះ​គោ​៣២​កំប៉ុង​, ​តែ​៣២​កញ្ចប់​, ​ស្ករស​១៦​កញ្ចប់ និង​ថវិកា​៨០​ម៉ឺន​រៀល ជា​របស់​សាខា​កាកបាទ​ក្រហមកម្ពុជារាជធានី​ភ្នំពេញ ។ ឯសម្ភារ​និង​ថវិកា​បន្ថែម​ទទួល​បាន​ពីលោក​ជំទាវ​ឧកញ៉ាយី​ន ផា​ន្នី ​ម្សៅ​សាប៊ូ​១៦​កញ្ចប់​, លោក​ជំទាវ​ឧកញ៉ា​ភាព ហៀ​ក ប្រេងឆា​១៥​ដប ទឹកដោះគោ​៦០​​កំប៉ុង​, លោក​ជំទាវ​ឧកញ៉ា អុឹង ស៊ី​ស្រ៊​ន ថវិកា​​១៦​ម៉ឺន​រៀល​, លោក​ជំទាវ ងួ​ន រ៉ា​វី សេង សា​វី ​ថវិកា​១៦​ម៉ឺន​រៀល​, លោក​ឧកញ៉ា ថៃ សេង​ឡុ​ង ​ថវិកា​៨​ម៉ឺន​រៀល​, លោក​ជំទាវ មុំ ក្រសាល ​ថវិកា​៨​ម៉ឺន​រៀល​, លោកស្រី កូយ គឹ​មលាន ​ថវិកា​​៨​ម៉ឺន​រៀល ៕