សាសនិកអ៊ិស្លាម​​ចំនួន​​966នាក់​​ចូល​ជា​សមាជិក​កាកបាទក្រហម​​កម្ពុជា​

រាជធានីភ្នំពេញ​ ៖ សាសនិកអ៊ិ​ស្លាម​​​ចំនួន​​៩៦៦​​នាក់ ​រស់​នៅ​​ក្នុង​សង្កាត់​​​ច្រាំង​​ចំរេះ​ទី១ ​និង​ច្រាំង​​ចំរេះទី២​​ ​ខណ្ឌឫស្សីកែវ​​ ដែល​បាន​ចូល​ជា​សមាជិក​​-សមាជិកា​កាកបាទ​ក្រហម​​កម្ពុជា​ សាខា​​រាជធានី​ភ្នំពេញ​​ តាមការ​ចលនា​របស់​​អង្គ​ការ​​​​មូលនិធិ​អភិវឌ្ឍន៍​​មូស្ល៊ីម​​កម្ពុជា ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាស​​​​សមាជិក​​​​ភាព​​កាលពី​​ព្រឹក​​ថ្ងៃទី​​២៩ ខែមិថុនា  ក្រោម​​អធិបតីភាព​​​​លោកប៉ា សុជាតិ​វង្ស ​សមា​ជិក​​គណៈកម្មាធិការ​កណ្តាល​កាកបាទ​ក្រហម​​​កម្ពុជា និងជា​ប្រធាន​គណៈកម្មាធិការ​​សាខា​​កាក​បាទ​ក្រហម​រាជធានីភ្នំពេញ​ និង​​លោក​ជំទាវ​​ លោក​ឧកញ៉ា​​អូស្មាន ហាស្សាន់​ ​​រដ្ឋលេខា​ធិការ​ក្រសួង​​ការងារ​​និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​ជា​ប្រធាន​​អង្គការ​​​​មូលនិធិ​​អភិវឌ្ឍន៍​​មូស្ល៊ីម​​កម្ពុជា​​ និងលោក​ជំទាវ ។ ពិធី​នេះ​​បាន​ប្រារព្ធ​​ធ្វើ​ឡើង​​​​នៅ​មជ្ឈមណ្ឌល​មូឌែន​៥​​ ស្ថិតក្នុង​​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ​ដោយ​មាន​​​ការចូល​​រួម​​​ពី​សមាជិក សមាជិកា​កាកបាទ​ក្រហម​​​កម្ពុជា​​​ មន្ត្រីរាជការ និង​ថ្នាក់​ដឹកនាំអ៊ិស្លាម​យ៉ាង​ច្រើន​កុះករ ។

លោក​នុត ពុធ​ដារ៉ា ប្រធាន​​គណៈកម្មា​ធិការ​​​អនុសាខាកាកបាទក្រហម​​កម្ពុជា​​ខណ្ឌ​ឫស្សីកែវ​​បានថ្លែង​​​ថា អាស្រ័យ​​ដោយ​​​មានការ​ខិតខំ​ប្រឹង​ប្រែង​​របស់​​លោក​ឧក​ញ៉ា​​​​អូស្មាន ហាស្សាន់ ​ប្រធាន​​​អង្គការ​មូលនិធិ​​អភិវឌ្ឍន៍​​​មូស្ល៊ីម​កម្ពុជា​ បាន​ចលនា​បងប្អូន​អ៊ិស្លាម​​ក្នុង​មូលដ្ឋាន​​ខណ្ឌ​ឫស្សី​​កែវ​ សរុប​ចំនួន​​​​៩៦៦​នាក់ ក្នុង​នោះ​មកពី​សង្កាត់​​ច្រាំង​ចំរេះ​​ទី១ ចំនួន​៤០៧​នាក់ និង​សង្កាត់​​​ច្រាំង​ចំរេះ​ទី២ ចំនួន​៥៥៩​​នាក់​ ចូល​ជា​​សមាជិក-​សមាជិកា​​​កាក​បាទ​ក្រហម​​​កម្ពុជា​។ នេះ​ជា​​សក្ខីភាព​​មួយឆ្លុះ​បញ្ចាំង​​ជាមូល​ដ្ឋាន ​​​​ដែល​បាន​បំពេញ​បន្ថែម​​នូវ​កម្លាំង​ចលករ​មួយ​កម្រិត​ទៀត​សម្រាប់​​សាខាកាកបាទ​ក្រហម​​​​រាជធានីភ្នំពេញ​ ក្នុង​ការ​​​បំពេញ​ភារកិច្ច​ស្នូល​​​ពិសេស​​​​ការអនុវត្ត​នូវគោល​​ការណ៍​មនុស្សធម៌​​ក្នុង​ការជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ដល់​ជន​ងាយរងគ្រោះ​គ្រប់​ប្រភេទ​​ ទាំងក្នុង​និង​​​ក្រៅ​មូល​ដ្ឋាន ។

លោក​នុត ពុធដារ៉ា ​ក៏​បាន​អំពាវ​នាវដល់​​បង​ប្អូន​ខ្មែរអ៊ិស្លាម​ជា​សមាជិក ​គាំទ្រ​កាកបាទ​ក្រហម​​​កម្ពុជា​ដែល​បាន​​ប្រសូត​ចេញ​ពី​អង្គការ​​មូលនិធិអភិវឌ្ឍន៍​មូស្ល៊ីម​​​កម្ពុជា​​នា​ថ្ងៃនេះ សូម​ខិតខំ​បំពេញ​តាមគោល​​ការណ៍​ស្ម័គ្រ​ចិត្ត​​និង​មនុស្ស​ធម៌​ ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍​ និន្នា​ការ​នយោ​បាយ​​ឬសាសនា​អ្វី​​ឡើយ សំដៅ​​លើក​កម្ពស់​អនុសាសន៍​​ដ៏​មាន​​តម្លៃ​​​របស់​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធាន​​កាកបាទ​ក្រហម​​កម្ពុជា ។

លោកឧកញ៉ា​​អូស្មាន ហាស្សាន់ ​បាន​សម្តែង​​​​នូវ​ការ​រំភើប​រីករាយ​ដែល​បងប្អូន​​បាន​​មកជួបជុំ​គ្នា​​ចូលរួម​​​ចំណែក​​បរិច្ចាគ​​​ទាំង​​ពេល​វេលា​​ និង​ទ្រព្យ​ធន ដើម្បី​គាំទ្រ​កាកបាទ​ក្រហម​​កម្ពុជា ។ នៅ​ទូទាំង​​ប្រទេស​​ទាំង​​២៤​រាជ​ធានី-​ខេត្ត​មាន​បងប្អូន​អ៊ិស្លាម​​ចំនួន​ជាង​៦០០.០០០​​នាក់ ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​មាន​សាសនិក​​អ៊ិស្លាម​​ប្រមាណ​ជាង​​​៥០.០០០​នាក់​ រស់​នៅ​ក្នុងខណ្ឌ​ឫស្សីកែវ ខណ្ឌ​ដូនពេញ ខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​ចំការ​មន​ មាន​វិហារ​ចំនួន​​១៣​​ ។ មិនមែន​​តែថ្ងៃ​នេះ​ទេ ដែល​បងប្អូន​​​​​អ៊ិស្លាម​បានធ្វើ​ការ​គាំទ្រ​រាជរដ្ឋា​ភិបាល​កម្ពុជា​​ ដែល​មាន​សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ​ហ៊ុន សែន ​ជាប្រមុខ និង​កាក​បាទ​​ក្រហមកម្ពុជា​​ដែល​មាន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត​​បុ៊ន រ៉ានី ហ៊ុន សែន ជាប្រធាន ។ ជានិច្ច​​កាល​ ​សម្តេច​​និង​លោកជំទាវ​​​តែង​ផ្តល់​​ការ​យក​ចិត្ត​ទុក​ដាក់​​ មើល​ឃើញ​ការ​លំបាក​របស់​​ប្រជាពលរដ្ឋ​ទូទៅ​។
លោកឧកញ៉ា​​​​អូស្មាន​ ហាស្សាន់​ បានថ្លែង​​​ទៀត​ថា សាស​និក​អ៊ិស្លាម ជានិច្ច​កាល​​​តែងតែ​គាំទ្រ​​ដាច់​​ខាត​ថ្នាក់​​ដឹកនាំ​ប្រទេស​ជាតិ ដែល​បាន​​​ផ្តល់​ឱកាស​អភិវឌ្ឍន៍​​ជាច្រើន​​ដល់​សាសនិក​អ៊ិស្លាម​កម្ពុជាក៏ដូចជា​ប្រជាជន​​ទូទៅ​​នៅ​កម្ពុជា។ ដោយសារ​​មានការ​ដឹកនាំ​ដ៏ត្រឹម​ត្រូវ​របស់​​សម្តេច​​ ធ្វើ​ឱ្យ​សាសនិក​អ៊ិស្លាម​​កម្ពុជា​រស​់នៅ​​​មាន​សេចក្តី​សុខ សេចក្តី​ចម្រើន​រុងរឿង​ និង​មាន​​មោទនភាព​ក្នុង​សង្គម ​គ្មាន​ការ​ភិត​ភ័យ​ គ្មាន​ការ​​រើស​អើង​ពីបណ្តា​អ្នក​​កាន់​សាសនា​ដទៃ​ មាន​សិទ្ធិ​​ដូចជា​ប្រជាជន​ដទៃ​ដែរ ។ ​ត្រង់​​ហ្នឹង​ហើយ​ទើប​បងប្អូន​​សាសនិក​អ៊ិស្លាម​គាំទ្រ​សម្តេច​តេជោ ។ មិន​តែប៉ុណ្ណោះ​ រាជ​រដ្ឋា​ភិបាល​​​ក៏​​បាន​ផ្តល់​ឱកាស​​ឱ្យ​ជនអ៊ិស្លាម​ក្លាយ​ជា​មន្ត្រីជាន់​ខ្ពស់​​ចូលរួម​ចំណែក​ក្នុង​ឆាក​​នយោបាយ​ ដែល​ក្នុង​​ជួរ​រដ្ឋា​ភិបាល មាន​​​ប្រមាណ​​​១៤ក្រសួង ដែល​មាន​​តំណាង​​​អ៊ិស្លាម​​​ក្នុងនោះ​ ។ 

នៅក្នុង​ឱកាស​នោះ​​ លោក​ប៉ា សុជាតិវង្ស ក៏​បាន​ពាំនាំ​នូវ​​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​​ពី​សំណាក់​​​សម្តេច​តេជោ​ហ៊ុន សែន ​និង​​​លោក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ចំពោះ​​​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី១ និងច្រាំង​ចំរេះទី២ ដែល​មាន​វត្ត​មាន​​នៅទីនេះ ។ លោក​ប៉ា សុជាតិវង្ស  ក៏បាន​​​ថ្លែង​អំណរគុណ​​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​​ពីអង្គការ​​មូលនិធិ​អភិវឌ្ឍន៍​​មូស្ល៊ីម​កម្ពុជា​ និង​អនុសាខា​កាកបាទ​ក្រហម​​ខណ្ឌ​ឫស្សីកែវ​​ ​ដែល​​បាន​ពង្រីក​​សមាជិក​ភាព​​​​កាក​បាទ​ក្រហម​​ ពី​មួយ​ថ្ងៃទៅ​​មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​ចលនា​មនុស្សធម៌​នេះ​​កាន់​តែ​សកម្ម​រស់​រវើក ​ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​សំណូម​ពរ​ និង​ការ​​អំពាវ​នាវ​​របស់​ជនរងគ្រោះ ។

លោក​ប៉ា សុជាតិវង្ស បានថ្លែង​​ទៀតថា ចលនា​​កាកបាទ​ក្រហម​ ក្រោម​ការ​ដឹកនាំ​របស់​​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​មានការរីក​​​ចម្រើន​យ៉ាង​ខ្លាំង និង​ធ្វើ​ឱ្យ​មាន​ភាព​កក់​ក្តៅ​​​ដល់​ជនកម្ពុជា​ទាំង​ឡាយ​ ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ ។ កាក​បាទ​ក្រហម​​​កម្ពុជា​មាន​​បេសកកម្ម​​យ៉ាង​ច្រើន​ទៀត ដើម្បី​​រួម​ចំណែក​​ក្នុង​យុទ្ធ​សាស្ត្រ​​សំណាញ់​សុវត្ថិ​ភាព​​សង្គម​​ រួម​ចំណែក​ជាមួយ​​រាជ​រដ្ឋា​ភិបាល​ ដើម្បី​​​លើក​ស្ទួយ​​សេចក្តី​​ថ្លៃថ្នូរ​របស់​មនុស្ស​​ជាតិ​​​របស់​ជនកម្ពុជា ​។ ​ការ​សម្រេច​​​របស់​បងប្អូន​​​ដែល​ចូល​ជាសមាជិក-​សមាជិកា​កាក​បាទ​ក្រហម​​​កម្ពុជា​​ គឺជាការ​​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​​ និង​ជា​​អំពើ​ល្អ​ ដែល​​យើង​ចេះជួយ​គ្នា ។ កាកបាទ​ក្រហម​កម្ពុជា​ធ្វើ​សកម្មភាព​មាន​តម្លាភាពត្រឹម​ត្រូវ ​​និង​បាន​ជួយ​ទៅដល់​ជនរងគ្រោះ​ផ្សេងៗ ៕