ក្រុងពាលី​ជួសជុល​គ្រឹះ​ប្រាសាទ​កំពង់​​ព្រះ​​ដែលរងការ​ខូចខាត

ខេត្ត​កំពង់ឆ្នាំង ៖ ​ប្រាសាទ​កំពង់​ព្រះ​ស្ថិត​​​​ក្នុង​ភូមិកំពង់ព្រះ ឃុំ​​ឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រូវ​បាន​​​រៀបចំ​ធ្វើ​​ពិធ​ីក្រុង​ពាលី​ដើម្បី​​រៀបចំ​​ជួស​ជុល​ឡើង​វិញ ​កាលពី​ថ្ងៃទី​២៩ ​មិថុនា ​បន្ទាប់ពី​​រង​ការ​ខូច​ខាត​​ផ្នែក​គ្រឹះ​ប្រាសាទ​ ដោយ​សារ​​​ការ​ជីក​​​​ដី​​សាង​សង់​​ដង​​អង់​តែន​​ទូរស័ព្ទ​​​របស់ក្រុម​​​ហ៊ុន ​​ទូរស័ព្ទ​​​មួយ​ កាលពី​ឆ្នាំ​២០០៨កន្លងទៅ​ ។
ពិធីនេះ​បានប្រារព្ធ​ធ្វើ​ក្រោមអធិបតីភាព​លោក​ហ៊ីម ឆែម​  រដ្ឋ​មន្ត្រី​​ក្រសួង​​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ដោយ​មាន​ការ​ចូលរួមពី​​​លោក​ហាប់ ​ទូច អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​​បេតិក​ភណ្ឌ​​ និងមន្ត្រី​ក្រសួង​វប្បធម៌​​ ប្រធាន​​​មន្ទីរ កង​​កម្លាំង​ប្រដាប់​​​អាវុធ​​​ និង​​ប្រជា​ពលរដ្ឋ​​​​ប្រមាណ​​ជាង​១០០​នាក់​ ។

ក្រោយ​ពី​លោកតា​អាចារ្យធ្វើ​ពិធី​ក្រុង​ពាលី រួច​មក ​លោក​ហ៊ុន ​សុថុន ​​មន្ត្រី​​​មន្ទីរវប្បធម៌​​ និង​​វិចិត្រ​សិល្បៈ​​​ខេត្ត​ បាន​រាយការណ៍​​​ថា ប្រាសាទ​​​ដ៏មានវ័យ​​ចំណាស់​​ឈ្មោះប្រាសាទ​​កំពង់​ព្រះ​​នេះ​​បានរង​ការ​ខូច​ខាត​​ផ្នែក​គ្រឹះ​​ប្រាសាទ ដោយ​សារ​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ក្នុង​ស្រុក​មួយមក​​ជីក​ដី​ក្បែរ​ប្រាសាទ​ ដើម្បី​ដាក់ដង​​អង់​តែន ​ទូរស័ព្ទ​​​​កាលពី​ឆ្នាំ​​២០០៨ ​ដែលកាល​ណោះ​មន្ទីរ​​បានធ្វើ​ការ​​ហាម​ឃាត់ ​និង​ប្តឹងប្តល់​ដល់​តុលា​ការ​​ខេត្ត​ផង​ដែរ ។​ ​​ពេលនេះ​យើង​បាន​រៀបចំ​ក្រុង​ពាលី​ធ្វើ​ការ​ជួសជុល​ឡើង​វិញ ​ដើម្បី​រក្សា​​កេរដំណែល​​ដូន​តា​​ដែលជាស្នា​ដៃ​ដ៏ល្អឆ្នើម​នេះ​​ឱ្យ​គង់វង្ស ។

លោក​ហាប់ ទូច បាន​លើកឡើង​​ថា ប្រា​សាទ​នេះ​​ជាស្នា​​ដៃ​ដ៏ល្អ​​វិចិត្រ​​​របស់បុព្វ​បុរស​​យើង​​បាន​កសាង​ឡើង​ក្នុង​សតវត្ស​ទី៨ ចុង​ក្រោយ​​សម័យចេនឡា ដែលកសាង​​ដោយស្តេច​ស្រី​មួយ​អង្គ ព្រះ​នាម​ម្ចាស់​ក្សត្រី​ជ័យ ទេវី ​មាន​រចនា​បថ ​​កំពង់ព្រះ ​ហើយ​ក៏​មាន​ឈ្មោះថា ប្រាសាទ​​កំពង់ព្រះ​​រហូតមក ។ ​ប្រាសាទ​​នេះ​រៀប​ចំ​​កសាង​ដោយ​​​​ឥដ្ឋ​ និងថ្ម​ភក់ មានចំនួន២ ដែល​យើង​សន្មតថា មួយ​ជា​ប្រាសាទ​​ស្រី ​ដែលមាន​ទំហំ​ធំ​​​ជាង​​ប្រាសាទ​ប្រុស ។ ​ចាប់​តាំង​ពី​ពេល​កកើត​​ប្រាសាទ​​​រហូតមក​ដល់​បច្ចុប្បន្ន​​ ប្រាសាទ​​បាន​​​រង​ការខូចខាត​​យ៉ាង​​ច្រើន​​ដែល​បណ្តាល​មកពី​​កត្តា​ធម្មជាតិ​​មានភ្លៀង​-ខ្យល់ជា​ដើម​ព្រោះថា វាមាន​អាយុ​ជាង​១​ពាន់​ឆ្នាំមកហើយ ។ ចំណែក​​កត្តា​​មួយ​​ទៀត​ គឺ​បណ្តាល​​មកពី​មនុស្ស​ដែល​មាន​​ជនខិល​ខូច​មក​លបលួច​គាស់កាយរុក​រក​វត្ថុ​​បុរាណ​​លួច​យក​​ចេញ​ពីជំនាន់​មួយទៅ​​ជំនាន់​មួយ ។​ ​ថ្មីៗ​​នេះ មាន​ក្រុមហ៊ុន​ទូរស័ព្ទ​មួយបាន​មក​​ជីក​ដី​​​ក្បែរជើង​ប្រាសាទ​ចំនួន​៤រណ្តៅ​​​​ធ្វើ​ឱ្យ​​​រង​ការ​ខូចខាត​​គ្រឹះប្រាសាទ​​ខ្លះ ។ ចំពោះ​​ការ​រៀបចំ​​ជួស​ជុល​នៅ​ពេលនេះ​​ គឺយើង​​​សិក្សា​​ពី​គម្រោង​​​ប្លង់​​ ដើម្បី​ធ្វើ​ការ​សង្គ្រោះ​​​ប្រាសាទ ​ដក​បេតុង​​ដែល​ចាក់​​ក្បែរ​គ្រឹះប្រាសាទ​​ដោយ​ក្រុម​ហ៊ុន​​ចេញ​រួចចាក់​ដី​លុបរណ្តៅ​​ពង្រឹង​​គ្រិះ​ប្រា​សាទ​ ព្រម​ទាំ​ងកាប់​ព្រៃ​ និង​​មែក​ឈើ​ ដែលគ្រប​​ពីលើ​ប្រាសាទ​​ជាដើម ។

លោកហ៊ឹម ​ឆែម ​​​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​​​ និង​វិចិត្រ​សិល្បៈ​​ មានប្រសាសន៍​​​ថា ថ្ងៃនេះ​យើង​មាន​មន្ត្រី​ជំនាញ​​ផ្នែក​បុរាណ​វិទ្យា មន្ត្រី​​វប្បធម៌​​​មក​ច្រើន​​ណាស់ ។ ​ទីទួល​ប្រាសាទ​នេះ​មាន​អំណោយ​​ផល​សំខាន់ណាស់ ​កាលសម័យ​ដើម​បុព្វបុរស​​យើង​បាន​ប្រើ​មធ្យោ​បាយ​​​សំពៅ​​មក​ចតនៅទីទួល​នេះ ។ ​​ប្រាសាទ​ដែល​​មានតម្លៃ​មិន​អាច​កាត់​ថ្លៃ​​បាននេះ សូម​ប្រជា​ពលរដ្ឋ​យើងចេះ​ជួយ​ថែ​រក្សា ។ ​ កន្លង​មក ​​មានការ​ជីកគាស់​កាយធ្វើ​គ្រឹះ​អង់តែនដែលនេះ​មកពី​​មិន​យល់​​តែលោកមិន​បន្ទោស​​ទេ ទាំងអ្នកថែរក្សា​​នៅ​មូល​ដ្ឋាន​នេះ​ ។ បុព្វ​បុរស ​​​យើង​មាន​សុភាសិត​មួយ​ឃ្លា​ថា «បើ​មនុស្ស​​ទាំង​ឡាយ​​ណា​​ជួយ​ថែរក្សា​​សម្បត្តិ​​បុរាណ​វប្បធម៌ ដូនតា មនុស្ស​​នោះ​នឹង​រីកចម្រើន​​រុង​រឿង​​​ ប៉ុន្តែ​​បើ​មនុស្ស​​​ណា​បំផ្លិច​បំផ្លាញ​​​សម្បត្តិ​​វប្បធម៌​​ដូនតា​​​ មនុស្ស​នោះ​នឹង​វិនាស​រលាយ​សាបសូន្យ​​គ្មាន​កំណើត» ។​​ តួ​យ៉ាង​ដូច​ចោរសៀម​រាល់​ថ្ងៃ​​ វាបាន​បាញ់​​​មក​លើ​ប្រាសាទ​ព្រះវិហារ​​របស់ខ្មែរ​យើង​ វា​ក៏​ទទួល​ភាពបរាជ័យ​​​ទាំង​លើ​ឆាកអន្តរ​ជាតិ ​និងនយោ​បាយ​​ក្នុងប្រទេស ។

ចុងបញ្ចប់ ​​​លោករដ្ឋ​មន្ត្រី​បាន​ឧបត្ថម្ភ​ប្រជា​ពលរដ្ឋ​​ដែល​បានចូលរួម​​ក្នុងម្នាក់ៗ​ ក្រមា១​ និងប្រាក់​១ម៉ឺន​រៀល និង​​ឧបត្ថម្ភ​វត្ត​សុរិវង្ស​កំពង់​ព្រះ១​លានរៀល ៕