ទំនប់​សំណង់​ធារាសាស្ត្រ«​កង្ហត»​នៅ​ស្រុក​​​​បាណន់​​​​ជាទំនប់​​​ធំជាងគេ​នៅ​កម្ពុជា​

ខេត្តបាត់ដំបង៖ ទំនប់សំណង់ធារាសាស្រ្ត «កង្ហត»ដែលកំពុងស្ថាបនាដោយក្រុមហ៊ុនចិន មួយនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ អាចចាត់ទុក ថាជាសំណង់​ដែលធំជាងគេក្នុងចំណោមទំនប់ ធារាសាស្រ្តនានាក្នុងប្រទេសកម្ពុជា។ នេះបើតាម ប្រសាសន៍លោក ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​​មន្ត្រី​ក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីថ្ងៃ​ចន្ទសប្ដាហ៍មុនក្នុងឱកាសអញ្ជើញ​ជា​គណ​ៈអធិប​តីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវ​ជាតិលេខ៥៧​ពី​ខេត្តបាត់ដំបងទៅកាន់ខេត្ត​ប៉ៃលិន ។

លោកស ខេង ឧបនាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ប្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ថា ទំនប់ទឹក«កង្ហត»ដ៏ធំសម្បើមនេះកំពុងស្ថាបនា​ដោយ​ក្រុមហ៊ុនចិនមួយដែលត្រូវចំណាយថវិកា​ប្រមាណ៦០លានដុល្លារជាជំហានដំបូង ។ ប៉ុន្តែ​អាចចំណាយរាប់សិបលានដុល្លាបន្ថែមទៀត ដើម្បីឲ្យ​ទំនប់នេះអាចមានទឹកប្រើប្រាស់គ្រប់​គ្រាន់ និងមានប្រសិទ្ធភាព ។ លោកបានថ្លែងថា ទំនប់«កង្ហត»ជាសំណង់ធារាសាស្រ្តដ៏ធំជាងគេ ក្នុង​ចំណោម​ទំនប់ធារាសាស្រ្តនានាក្នុងប្រទេស​កម្ពុជា ។

ប្រជាពលរដ្ឋភាគច្រើនក្នុងខេត្តបាត់ដំបង បានស្វាគមន៍ចំពោះការបង្កើតឲ្យមានប្រព័ន្ធ​ប្រឡាយទឹកនេះដែលពួកគេសង្ឃឹមថា ប្រព័ន្ធ​ទឹកនេះ​អាច​ធ្វើឲ្យពួកគេបង្កើនរបរកសិកម្មបាន​ច្រើនផ្នែកទៀត ខណៈដែលកន្លងមកពួកគេធ្វើ​បានតែស្រូវវស្សាមួយមុខប៉ុណ្ណោះ ។ គ្មានទឹក​សម្រាប់​ធ្វើស្រែ​ប្រាំងឬដាំដំណាំកសិកម្មផ្សេងៗ​ទៀតបាន ។ ប្រជាកសិករម្នាក់នៅឃុំភ្នំសំពៅ​លោក​ជា វ៉ាន់ អាយុ៥១ឆ្នាំ បាននិយាយថា ការ​អភិវឌ្ឍប្រព័ន្ធ​ធារា​សាស្រ្តនេះ​បានប៉ះពាល់ដីស្រែ​របស់គាត់មួយចំនួនតែលោកមិនប្រកែកទេ ព្រោះវាធ្វើឲ្យគាត់អាចចំណេញផ្នែកកសិកម្មទៅ​អនាគត ។ គាត់ប្រាប់ថា ពេល​ដែលប្រព័ន្ធទឹក​នេះ​ដំណើរការគ្រួសារគាត់អាចប្រើប្រាស់ទឹក​នេះ​បានយ៉ាងស្រូល ព្រោះប្រព័ន្ធទឹកនេះនៅជាប់ដី​របស់គាត់ទាំងសងខាង ដូច្នេះស្រែរបស់គាត់ដែលធ្លាប់តែធ្វើបាន​តែស្រូវ​វស្សាកន្លងមក និង​អាច​ធ្វើស្រូវប្រាំងបាននៅពេលខាងមុខ ហើយ​ក្រៅ​ពីដំណាំស្រូវគាត់ក៏អាចយកទឹកនេះ​ស្រោច​ស្រពដំណាំផ្សេងៗទៀតបានដែរ ។  

លោកឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជាក់​ថា មិនមែនតែប្រជាពលរដ្ឋក្នុងស្រុក បាណន់មួយទេដែលប្រើប្រាសទឹកនេះ បាន​គឺ​ប្រជា​ពល​រដ្ឋនៅស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុក​ថ្ម​គោលក៏អាចទាញទឹកនេះយកទៅប្រើប្រាស់​បាន​ដែរព្រោះយើងបានរៀបចំប្រព័ន្ធប្រឡាយ ដើម្បីទាញយកទឹកនេះពីតំបន់នោះជាច្រើនខ្សែ។ លោកបានបន្ថែមថា ប្រព័ន្ធប្រឡាយនេះមាន​ប្រវែង​រាប់រយគីឡូម៉ែត្រដែលមានប្រឡាយមេ និងប្រឡាយតូចៗផង ។ ដូច្នេះនេះជាការគិត​គួរ​មួយរបស់​រាជរដ្ឋា​ភិបាល​ដើម្បីដោះស្រាយ​បញ្ហា​ទឹកសម្រាប់​បង្កបង្កើនផលឲ្យបានគ្រប់វិស័យ ដល់ប្រជាកសិករយើង។

ទំនប់​«កង្ហត»មានប្រវត្តិដើមតាំងពីសម័យកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម) ដែល​របបនេះបានប្រើប្រាស់មនុស្សរាប់ពាន់នាក់ដើម្បីស្ថាបនាទំនប់នេះឡើង ក្នុងគោលបំណង​សម្រាប់​ស្រោចស្របដំណាំកសិកម្មដូចគ្នាដែរ ។ សំណង់ នេះត្រូវបានគេស្ថាបនាទប់ស្ទាក់ទឹកដង​ស្ទឹងសង្កែ តែម្ដងដែលមានទីតាំងនៅចំណុច​«កង្ហត» ស្ថិត ក្នុងភូមិទូលអណ្ដែត ឃុំកន្ទឺ២ ស្រុក​បាណន់ ។

ដោយមានតម្រូវការចាំបាច់ផ្នែកកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចស្ថាបនាប្រព័ន្ធ​ធារាសាស្រ្តនេះជាថ្មី ដើម្បីទាញយកទឹកសម្រាប់​ផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងមួយ​ចំនួន ប្រើប្រាស់ ។ សម្ដេចតេជោហ៊ុន សែន នាយក​រដ្ឋ មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បាន​សម្ពោធបើក ការដ្ឋានសាងសង់ទំនប់ទឹកដ៏ធំ​សម្បើមនេះឡើង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១០កន្លងទៅ ដែល ទទួលការស្ថាបនា​ដោយ​ក្រុមហ៊ុនចិនមួយ ។
មិនទាន់អាចសុំការពន្យល់បានទេពីក្រុមហ៊ុន​ចិនដែលទទួលការសាងសង់ទំនប់នេះអំពីថា តើសំណង់នេះមានទំហំប៉ុនណា និងមានកម្ពស់​ប៉ុន្មាន? ប្រធានមន្ទីរធនធានទឹក​និង​ឧតុនិយម​ខេត្ត លោកឡុង ផល្គុន ក៏មិនបានគណនាអំពី​សំណង់ ដ៏ធំនេះដែរ ដោយលោកប្រាប់ថា ខាង​មន្ទីររបស់ លោកមិនមានរបាយការណ៏ពីក្រុម​ហ៊ុនចិននេះ ទេ។ គេក៏មិនទាន់ដឹងថា សំណង់នេះនិងអាច បញ្ចប់ការសាងសង់នៅពេលណាដែរ៕