សម្ពោធ​​រូប​​សំណាក​​ព្រះ​​​នា​​រាយណ៍​​សម្រាប់​​ការ​​គោ​រព​បូជា​​ទូទៅ​​តាម​​ទំនៀម​​ទម្លាប់​​របស់​​ខ្មែរ

ខេត្ត​កំពង់​ឆ្នាំង ​៖ រូបសំណាក​ព្រះ​នារាយណ៍​ ​ឬ​ព្រះ​វិស្ណុ ​ដែល​មាន​ទំហំ​យ៉ាង​ធំ និង​មាន​​​​​​​​​កម្ពស់​៥,៥០​ម៉ែត្រ​​​ ត្រូ​វបាន​សម្ពោធ​ដាក់​ឱ្យ​គោរព​បូ​ជា​​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​២២ មីនា ក្រោម​អធិ​បតី​ភាព​​​លោក​ជំទាវ​ជូ ប៊ុន​អេង រដ្ឋ​​លេខា​ធិការ​​ក្រសួង​មហាផ្ទៃ​ និង​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​លោក​​ទូច ម៉ារីម អភិបាល​ខេត្ត​ លោក​អភិបាល​រង​​​ខេត្ត មន្ត្រី​រាជ​ការ​ មេ​​បញ្ជា​ការ​​​ លោក​ស្នង​ការ​​​​រង និង​​អ្នក​មុខ​​អ្នកការ​ជា​ច្រើន​រូប​ទៀត ។

រូប​​សំណាក​ដ៏​ធំ​មិន​ធ្លាប់​មាន​នេះ​ ត្រូវ​បាន​ដាក់​​តាំង​​​​​នៅ​​មុខ​មន្ទីរ​កសិកម្ម​ខេត្ត ដែល​មាន​ផ្លូវ​បែក​ជា​​៣ ។ ពិធី​បាន​ចាប់​ផ្តើ​ម​ដោយ​លោក​តា​​អា​ចារ្យ​រៀប​ចំ​ក្រុង​ពាលី និង​ព្រះ​សង្ឃ​ចំនួន​៥​អង្គ​​ សូត្រ​ជ័យ​ន្តោ ប្រោះ​ព្រំ​ ដោយ​មាន​រៀប​​ចំ​ដាក់​តង្វាយ​ មាន​ក្បាល​ជ្រូ​​​ក​១គូ​ ផ្លែ​​​ឈើ​ នំចំណី​​គ្រប់​មុខ​ និង​មាន​បាយ​សី​ច្រើន​ថ្នាក់​ផង​ដែរ ។ ម​ន្ត្រី​សាលា​ខេត្ត​មួយ​រូប​​បាន​និយាយថា  ព្រះ​បដិមា​ ព្រះ​នារាយណ៍នេះ ធ្វើ​អំពី​ថ្ម​ភក់ ​មា​ន​កម្ពស់​៥,៥០​ម៉ែត្រ​ ​បាន​កសាង​ឡើង​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ២០១១ ហើយ​រួច​រាល់​នៅ​ដើម​ឆ្នាំ​២០១២ និង​ទើប​​ត្រូវ​បាន​រៀប​ចំ​ដាក់​សម្ពោធ​នៅ​​​ថ្ងៃ​នេះ ។

លោក​សុខ​ ធួក ប្រធាន​មន្ទីរ​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ ​មាន​ប្រសាសន៍ថា ព្រះ​នារាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ៍​​​​​​​​​​​​​​​​​​​​​​ឬ​ព្រះ​វស្ណុ​​​ ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​អំឡុង​​​ឆ្នាំ​៨០០ ​នៅ​ខេត្ត​​តា​កែវ ដែល​ជា​ព្រះ​បដិមា​ដ៏​មាន​វ័យ​​​​​​​​​​​​ចំណាស់​​ជាង​គេ ។ ព្រះ​វិស្ណុ​ឬ​​ព្រះ​នារាយណ៍នេះ គឺ​ខ្មែរ​យើង​​គោរព​បូជា​តាម​​បែ​ប​ព្រហ្ម​ញ្ញ​សាស​នា ដែល​ព្រះ​បដិមា​គេ​កសាង​ឡើង​​ខ្លះមាន​​ព្រះ​ហស្ត​៤ ខ្លះ​មាន​ព្រះ​ហស្ត​៨ ប៉ុន្តែ​រូប​សំណាក​​ដែលដាក់​​តាម​ទី​សាធារណៈ​ភាគ​ច្រើន​​គឺ​មាន​ព្រះហស្ត៤ ដែល​តំណាង​ឱ្យ​​ទឹក ដី​ ភ្លើង​ ខ្យល់ ។ ដោយ​ឡែក​រូប​សំណាក​ព្រះ​វិស្ណុ​​ដែល​ដាក់​សម្ពោធ​នា​ពេល​នេះ មានព្រះហស្ត​៤ និង​កសាង​តាម​រចនាបថសម័យ​អង្គរ​ ។

ការ​ដាក់​តាំង​​​​​​រូប​សំណាក​​នៅ​ទី​សាធា​រណៈ​នេះ គឺ​សំដៅ​ឱ្យ​ព្រះ​អង្គ​ទ្រទ្រង់​ទឹក​ ដី ​ប្រជា​​ពល​រដ្ឋ​​ និង​មន្ត្រី​រាជការឱ្យ​មាន​សេចក្តី​សុខ​ឈ្នះ​អស់​​មារ​សត្រូវ​​គ្រប់​ទិស​ទី និង​ផ្ចាញ់​អស់​​សត្រូវ​ និង​ជន​អគតិ ដែល​ចង់​យាយី​សេចក្តី​សុខ​ក្សេម​ក្សាន្ត​របស់​​​​​ប្រជា​ពលរដ្ឋ​ ។ ក្រៅ​ពី​នេះ​​គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​ទុក​ជា​កន្លែង​ទីសក្ការៈ​ដល់​ប្រជា​ពលរដ្ឋ​​​គោរព​បូជា​ និង​បែ​​​បន់​តាម​ជំនឿ​រៀង​ៗ​ខ្លួនផង​ដែរ​ ហើយ​ព្រះ​បដិមាដ៏​ធំ​បែប​នេះ ​ពុំ​ធ្លាប់​​​មាន​ពី​មុន​មក​ទេ​​ ដែល​​​នេះ​​គឺ​ទី​​​១​សម្រាប់​ខេត្ត​កំពង់​ឆ្នាំង ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ព្រហ្ម​ញ្ញ​សាសនា​មាន​អាទិទេព​៣អង្គ​ គឺ​ព្រះ​នារាយណ៍​​ ឬ​ព្រះ​វិស្ណុ​ ព្រះ​សិវៈ ឬព្រះ​ឥសូរ និង​ព្រះ​ព្រហ្ម​ ៕