ប្រាសាទ​​បន្ទាយ​​​​ឆ្មារ​​​​កំពុង​​ស្ថិត​​ក្រោម​ការ​​​ជួសជុល​​​ក្រោយ​​​ពេល​ខូច​ខាត​​ខ្លាំង

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រមណីយ​ដ្ឋាន​​​​​ដែល​អាច​​ទាក់​ទាញ​​ភ្ញៀវ​​ជាតិ​ និង​អន្តរជាតិ​​ទៅ​​កម្សាន្ត​​​​ច្រើន​​​​នៅ​​​ខេត្ត​​បន្ទាយ​​មាន​ជ័យ​​ គឺ​​ប្រាសាទ​​​​​បន្ទាយ​ឆ្មារ ​និង​​​ប្រាសាទ​​​​បន្ទាយ​​​ទ័ព​ ព្រមទាំង​ទីទួល​​ប្រាសាទ​​​​ចំនួន​១០​​ស្ថិត​នៅឃុំ​​បន្ទាយ​​​ឆ្មារ​​ ស្រុក​ថ្មពួក​ ។ ដោយ​ឡែក​​​​​ប្រាសាទ​​​បន្ទាយ​​ឆ្មារ​ ​កំពុង​ស្ថិត​​ក្រោម​ការ​​​ជួសជុល ។

លោក​​​យ៉ាន សេអា ប្រធាន​​​ក្រុម​ជួសជុល​​​និង​តថ្ម​​​នៅ​​ប្រាសាទ​​បន្ទាយ​ឆ្មារ​​​ ឱ្យដឹង​នាពេល​​​ថ្មីៗ​​នេះ​ថា ​​នៅ​​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក​ មាន​​​ប្រាសាទ​​​បុរាណ​​២ គឺ​ប្រាសាទបន្ទាយ​ឆ្មារ​និង​ប្រាសាទ​​បន្ទាយទ័ព​និងទីទួល​​ប្រាសាទ​ចំនួន​​​១០​មាន​ប្រាសាទ​​តាព្រហ្ម​​ ​ប្រា​សាទ​​​តាបាំង ប្រាសាទ​តាណែម ប្រាសាទ​​​តាសុខ ​ប្រាសាទ​​​យាយជូ ប្រាសាទ​​​យាយ​​​គុំ  ប្រាសាទ​​​​ចិញ្ចឹម​ត្រី​​ ប្រាសាទ​​​តាអឹម ប្រាសាទ​មេបុណ្យ​​  និង​ប្រាសាទ​​​បល័្ល​ង្ក ។ ទីទួល​​​​ប្រាសាទ​ទាំង​​នេះ​​​នៅសេស សល់​​​​តួប្រា​សាទ​​​​​ខ្លះ ។ ​​

លោក​​​យ៉ាន​​​  សេអា  ប្រាប់​ថា​  ​​​​ប្រាសាទ​​បន្ទាយ​​​ឆ្មារ​ កសាង​ឡើង​ដោយ​​​​ព្រះបាទ​ជ័យវរ្ម័ន​​​​​​ទី​៧ ​នៅ​​​ចុង​​​​សតវត្ស​​​រ៍ទី​១២និង​ដើម​​សតវត្ស​​ទី​​​​១៣ ។ ​​បរិវេណ​​​​ផ្ទៃដី​​​​ប្រាសាទ​​​​ទំហំ​៩០០​​​ម៉ែត្រ​  ​ បួនជ្រុង​​​​​ ឯតួ​ប្រាសាទ​​​​បណ្តោយ​២៥០​​​ម៉ែត្រ​ និងទទឹង​២០០​ម៉ែត្រ ​មាន​ផ្លូវ​​ចូល​ចំនួន​​៤ ស្រះ​ទឹក​៤ ​​ព័ទ្ធ​​ជុំ​វិញ​​បរិវេណ​​ប្រាសាទ ​។​​លោក​​យ៉ាន​ សេអា​​  ​បន្ត​​​​​ថា ​ប្រាសាទ​បន្ទាយ​​​​ឆ្មារ ​​​ខូចខាត​ស្ទើរ​ទាំង​ស្រុង​ដោយ​​​​សារ​​​ជន​ខិលខូច​ ​និង​ខូចខាត​​ដោយធម្ម​ជាតិ​​ដូចជា​ដើម​​ឈើ​​ដុះ​លើ​​បណ្តាល​​ឱ្យ​​​បាក់ជាដើម ។ ​​

​លោក​​ធេត  ​ឆ្លាត ​បុគ្គលិក​​​​​ជួសជុល​​​រោង​​​ទង​ និង​តួប្រាសាទ​​​ ​ប្រាប់​ថា ប្រាសាទ​​បន្ទាយ​​​ឆ្មារ​ ​បាន​ជួសជុល​​​ឡើងវិញ​​​នៅឆ្នាំ​​២០០៨​​ ​ដោយ​​​​​ក្រសួង​​វប្បធម៌​​​​និង​វិចិត្រ​​​​​​សិល្បៈ ​​​​សហការ​​ជាមួយ​​អង្គការ​​​មូលនិធិ​​​បេតិកភណ្ឌ​ពិភព​លោក  ។  ​មាន​​កម្មករ​៤០​នាក់​​​ចែក​ជា​​៧​​ក្រុម​ មាន​​​​ក្រុម​​​ជួសជុល​​​តថ្ម​បាក់​បែក ​​ជួសជុលរោង​​ទង​ ជួសជុល​​​​​ខឿន​ ​​​និង​តួប្រាសាទ​ ។ ការ​​ជួសជុល​​​​​នេះ​គ្រោង​​​​បញ្ចប់​​នៅ​​​ខែធ្នូ​​​ ឆ្នាំ២០១២​​​  ​​​។​

លោក​​​ធេត ឆ្លាត ​​​និយាយ​ថា​ ​​​​​ប្រាសាទ​​​បន្ទាយ​​​​​ឆ្មារ​​ ​​​​និង​​ប្រាសាទ​​បន្ទាយ​​ទ័ព​​មាន​រូប​ចម្លាក់​​​ស្រស់​​ស្អាតអាចទាក់ទាញ​ភ្ញៀវ​ជាតិ និងអន្តរជាតិ​ទៅ​​កម្សាន្ត​​​​​ជា​ហូរហែ​ ស្របពេល​​ដែល​​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​​​​កសាង​​ផ្លូវ​​ជាតិ​​​​ពី​ក្រុង​​​សិរីសោភ័ណ​ ខេត្ត​​បន្ទាយ​មាន​ជ័យ​  ទៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរ​​មាន​ជ័យ ៕