ផ្ទះ​ជន​ជាតិ​ភាគ​តិច​​​​រាង​ដូច​ស្នូក​​អណ្តើក​​​ ហើយសង់​ផ្ទាល់​នឹងដី​

ជនជាតិភាគតិចនៅ​ភូមិ​ភាគឦ​សាននិយម​រស់​នៅដោយដុំៗ មួយកន្លែង​ចាប់ពី៥ ទៅ៦ផ្ទះ​​តាមទីទួល ទីទំនាប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្បែរមាត់អូរក្នុង​ព្រៃ​របោះ​ ព្រៃស្រោង តាមជ្រលង តាមចង្កេះភ្នំ និង​ជើងភ្នំ ។ ​ពួកគេនិយមសាងសង់ផ្ទះរាង​ដូច​ស្នូក​អណ្តើកដែលភាសាជន​ជាតិ​ហៅ​ថា ហ្ជញហ្ជៃ ។

បើតាមចាស់ៗរស់នៅក្នុងភូមិ និង​ឯក​សារ​របស់​មន្ទីរវប្បធម៌ខេត្ត​​មណ្ឌល​គិរីឲ្យដឹងថា គំរូ ផ្ទះ​មាន​សណ្ឋាន​រាងមូលដូចស្នូក​អណ្តើក និង មាន​​សសរ៦ ​សង់នៅ​ផ្ទាល់ដី និង​មាន​ប្រវែង បណ្តោយ​ចាប់ពី៥ទៅ៦ម៉ែត្រ ទទឹង​៤​ទៅ​៥​ម៉ែត្រ ជញ្ជាំងកំពស់​១,២០ទៅ១,៥០ម៉ែត្រ កម្ពស់​ដំបូលពីដីប្រហែល៣,៤ម៉ែត្រ ប្រក់​ស្លឹក ឬ​​ស្បូវក្រងជាផ្ទាំងៗលើកប្រក់តាមដំបូល​រាង​មូល។

ប្រភព​ដដែល​បន្តថា ផ្ទះបែបនេះ​មានទុក​មាត់​ទ្វារ ឬច្រកចេញចូលចំនួនពីរសងខាង​បណ្តោយផ្ទះមានទទឹងមុខទ្វារ ០,៧ទៅ​០,៨​ម៉ែត្រ ឬ១ម៉ែត្រ កម្ពស់​ទ្វារប្រវែង១,២០ទៅ ១,៥០ម៉ែត្រ ។ នៅក្នុងផ្ទះនិយមដាក់​គ្រែវែង ​​​សងខាងដោយ​​ទុកចន្លោះផ្លូវ​ដើរចំ​កណ្តាល​​ប្រហែល​​ពី​​១,៥០ម៉ែត្រ ទៅ២ម៉ែត្រ ។ នៅ​ក្រោម​​ដំបូល​ចំកណ្តាលផ្ទះ ​គេច្រើន​ធ្វើធ្នើរ​ជា​ជង្រុកដាក់ស្រូវ​រាងបួន​ជ្រុង​ទំហំ១,៥០ម៉ែត្រគុណនឹង២ម៉ែត្រ កម្ពស់​ប្រហែលជាង១ម៉ែត្រ ដើម្បីផ្ទុកស្រូវ​ដែល​ប្រមូលបានមកពីស្រែ​ ។

ជង្រុកនេះមាន​សសរប៉ុនភ្លៅចំនួនបួន​ដើមទ្រ​​រហូត​ដល់​ដំបូល ។មានចង្ក្រាននៅពីក្រោមជង្រុកដាក់ស្រូវ ​ដែល​ក្រៅពីចំអិន​អា​ហារ​​អាចជួយការ​ពារ​សត្វ​ល្អិតមិនឲ្យស៊ីគ្រឿងផ្ទះ និងស៊ីស្រូវនៅក្នុងជង្រុក និង​អាច​ជួយផ្តល់កម្តៅនៅ​រដូវរងា ។​គ្រឿង​សំណង់​ដែលត្រូវយក​សាងសង់ផ្ទះ​មាន​ដូចជា កូនឈើមូលត្រង់ត្រូវកាប់យកមក រួចវ៉ៃសម្បក​ចេញឲ្យស្អាត និង​យកទៅត្រាំទឹក​ដើម្បីកុំ​ឲ្យ​សត្វ​ល្អិតស៊ី ។

ប្រភេទកូន​ឈើដែល​យកមកធ្វើជាគ្រឿងមាន ស្រឡៅ សុក្រំ ប្ញស្សី​ថ្ង ប្ញស្សីឃ្លៃ ឯប្ញស្សីពក​​យកទៅត្បាញ​ធ្វើជា​ជញ្ជាំង ដើម​ល្ងៀងធ្វើជារបា ចំណែកប្ញស្សីថ្ង​ពុះ​ច្រៀក​ប៉ុន​ម្រាមដៃ យកមក​ក្រងធ្វើជារនាប​គ្រែ ឯរនូត​គ្រែ និងបង្កង់ដំបូលច្រើនធ្វើពី​ប្ញស្សី​ឃ្លៃ។ ចំណែក​​ផ្តៅ រពាក់ និងវល្លិផ្សេងៗទៀត ធ្វើជា​ខ្ស​ែចង​គឺមិន​ប្រើដែកគោលទេ ៕     

  • ផ្ទះ​ជន​ជាតិ​ភាគ​តិច​​​​រាង​ដូច​ស្នូក​​អណ្តើក​​​ ហើយសង់​ផ្ទាល់​នឹងដី​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/11  Category:វប្បធម៌