ក្រុម​បុរាណ​​វិទ្យារក​ឃើញ​​ឡ​ផលិត​កុលាល​ភាជន៍​សម័យ​បុរាណ​នៅ​ជើង​ឯក

រាជ​ធានី​ភ្នំពេញ ៖ ទីតាំង​ស្ថានីយ​ប្រវត្តិ​សាស្ត្រ ឬ​ទីទួល​បុរាណ​ជា​ច្រើន​ត្រូវ​មន្ត្រី​ផ្នែក​បុរាណ​វិទ្យា​នៃ​វិទ្យា​ស្ថាន​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា​ស្រាវ​ជ្រាវ​រក​ឃើញ​នៅ​ក្នុង​ភូមិ​ស្រុក​ចេក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ​ដោយ​សុទ្ធ​សឹង​តែ​ជា​ទីតាំង​ឡផលិត​កុលាល​ភាជន៍ (ក្អម ​ឆ្នាំង ​ចាន​ធ្វើ​ពី​ដី) ពី​សម័យ​បុរាណ មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មុន។

មន្ត្រី​ផ្នែក​បុរាណ​វិទ្យា​នៃ​វិទ្យា​ស្ថាន​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នាយក​ដ្ឋាន​បុរាណ​វិទ្យា និង​បុរេ​ប្រវត្តិ​​នៃ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​អ្នក​ជំនាញ​បុរាណ​វិទ្យា​នៃ​អាជ្ញា​ធរ​អប្សរា​ បាន​ធ្វើ​កំណាយ​រុក​រក​តឹក​តាង​​នានា​នៅ​លើ​ទីទួល​បុរាណ​ទាំង​នោះ​ចាប់​​ពី​ថ្ងៃ​ទី​១៣ សីហាមក​ ។

លោក​ផុន កសិកា ប្រធាន​ផ្នែក​បុរាណ​វិទ្យា​នៃ​វិទ្យា​ស្ថាន​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ឱ្យ​ដឹង​ថា ទីទួល​ប្រវត្តិ​សាស្ត្រ​នេះ​សម្បូរ​ទៅ​ដោយ​ឡ​ផលិត​កុលាល​ភាជន៍​កាល​ពី​សម័យ​បុរាណ​មាន​អាយុ​កាល​ចំណាស់​ ហើយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រុក​ចេក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ។ លោក​បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​តាំង​ពី​អំឡុង​ឆ្នាំ​២០០០​មក​ម៉្លេះ ដែល​ពេល​នោះ​រក​ឃើញ​ឡ​ចំនួន​២៣ និង​ទីទួល​ប្រាសាទ​បុរាណ​មុន​សម័យ​​​​អង្គរ​។ ការ​ស្រាវ​ជ្រាវ​នោះ​គឺ​តាម​រយៈ​ឯក​សារ​របស់​លោក​ហ្សង់ បូសលីយេ ជន​ជាតិ​បារាំង ដោយ​លោក​បាន​ចង​ក្រង​ឯក​សារ​ស្រាវ​ជ្រាវ​ និង​បាន​យក​សសរ​ពេជ្រ​ ព្រម​ទាំង​សិលា​ចារិក​ពី​តំបន់​នោះ​ទៅ​ទុក​នៅ​សារ​មន្ទីរ​ជាតិ​​ភ្នំពេញ​ ។

លោក​ផុន កសិកា បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០០៤ ស្រាវ​ជ្រាវ​រក​ឃើញ​ឡផលិត​កុលាល​ភាជន៍​ចំនួន​៦១ និង​ទីទួល​ប្រាសាទ​បុរាណ​ចំនួន​១១​បន្ថែម​ទៀត នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ជើង​ឯក និង​សង្កាត់​ដង្កោ ជា​ពិសេស​គឺ​បាន​រុក​រក​ឃើញ​ភូមិ​បុរាណ​មួយ​​ឈ្មោះ​ថា «ភូមិ​មូល» ដែល​មនុស្ស​ជំនាន់​នោះ​លើក​ដី​ជា​ទំនប់​បន្ទាយ និង​មាន​គូ​ទឹក​នៅ​ខាង​ក្នុង​ព័ទ្ធ​ជុំ​វិញ​ទៀត​ផង។ កន្លង​មក​តាម​រយៈ​ការ​ថត​រូប​ភាព​​ពី​លើ​អាកាស​ឃើញ​យ៉ាង​ច្បាស់​ពី​ទ្រង់​ទ្រាយ​ភូមិ​បុរាណ​នេះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ដោយ​មាន​មូល​និធិ Friendsofkhmer​culture ជួយ​ទើប​ការ​ស្រាវ​ជ្រាវ​បាន​បញ្ចប់ ហើយ​ពេល​នេះ​លោក​ដឹក​នាំ​ធ្វើ​កំណាយ​នៅ​លើ​ទីតាំង​ទួល​បុរាណ​ចំនួន​៣​ស្ថិត​នៅ​ក្បែរ​គ្នា ក្នុង​គោល​បំណង​សំខាន់​គឺ​ដើម្បី​ស្វែង​យល់​ពី​រចនា​សម្ព័ន្ធ រចនា​បថ ទំហំ​រូប​រាង​របស់​ឡ អាយុ​កាល​របស់​ឡ និង​ការ​រៀបចំ​ទីតាំង ព្រម​ទាំង​ប្រភេទ​កុលាល​ភាជន៍។ ក្រោយ​ពេល​ធ្វើ​កំណាយ​នេះ​រួច​​មក​នឹង​យក​ទៅ​ពិសោធន៍​ទើប​បាន​ដឹង​ពី​អាយុ​កាល​ និង​សម័យកាល​របស់​ទីតាំង​នោះ​ ។តាម​រយៈ​ការ​រក​ឃើញ​អំបែង​កន្លង​មក​​ដឹង​បាន​ថា ជំនាន់​នោះ​អាច​មាន​ការ​ជួញ​ដូរ ឬ​ដោះ​ដូរ​ទំនិញ​នេះ​ទៅ​ដល់​តំបន់​មួយ​ចំនួន​ដូច​ជា​តំបន់​អង្គរ ឧដុង្គ ស្ថានីយ​ប្រវត្តិ​​សាស្ត្រ​ស្រែ​អំពិល ក្នុង​ស្រុក​កៀន​ស្វាយ និង​ស្ថានីយ​បុរាណ​កំភ្លុង នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​ជា​ដើម ។

លោក​ផុន កសិកា ថ្លែង​ថា ទីតាំង​ចំនួន​៣​ដែល​កំពុង​ធ្វើ​កំណាយ​នោះ ទីតាំង​ទី​១​ត្រូវ​គេ​ជីក​កកាយ​អស់​ហើយ ឯទីតាំង​ទី២​នៅ​សល់​រូប​រាង​ពាក់​កណ្តាល​​ប៉ុណ្ណោះ។ ចំពោះ​ទីតាំង​ទី៣​គឺ​នៅ​សល់​រូប​រាង​ដើម​ទាំង​ស្រុង ហើយ​ទីតាំង​ទី៣​នេះ​ក្រុម​ការ​ងារ​មាន​សង្ឃឹម​ថា នឹង​អាច​រក​ឃើញ​តឹក​តាង​នានា​ច្រើន តែ​ពេល​នេះ​ទើប​តែ​ចាប់​ផ្តើម​ជីក​នៅ​មិន​ទាន់​បាន​ឃើញ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ។
ក្រុម​ការ​ងារ​ត្រូវ​ប្រើ​ពេល​៤​សប្តាហ៍​ក្នុង​ការ​ជីក​កាយ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​វៀន វុទ្ធី អនុ​ប្រធាន​នាយក​ដ្ឋាន​បុរាណ​វិទ្យា​នៃ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ លោក​ឆាយ រចនា អ្នក​ជំនាញ​បុរាណ​វិទ្យា​នៃ​អាជ្ញា​ធរ​អប្សរា ព្រម​ទាំង​និស្សិត​បុរាណ​វិទ្យា​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​បត្រ​ចំនួន​៣​នាក់ និស្សិត​កំពុង​សិក្សា​៧​នាក់ ​និង​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ស្រុក​ចេក​៥​នាក់​ទៀត ។

លោក​ប្រធាន​ផ្នែក​បុរាណ​វិទ្យា​នៃ​វិទ្យា​ស្ថាន​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​សំណូម​ពរ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ឱ្យ​ចូល​រួម​ជួយ​អភិ​រក្ស​តំបន់​ស្ថានីយ​ប្រវត្តិ​សាស្ត្រ​ទាំង​​នោះ​ផង ព្រោះ​វា​ជា​​ទិន្ន​ន័យ​ដ៏​សំខាន់​មួយ​សម្រាប់​បំពេញ​ការ​ខ្វះ​ខាត​ប្រវត្តិ​សាស្ត្រ​សម័យ​មុន​អង្គរ ៕