ដូង​ចម្លែក​ដុះ​ចេញ​18ដើម​ល្បីថាជួយ​ម្ចាស់​ជា​ពី​ជំងឺ​ដើរ​មិន​រួច​

ខេត្ត​បន្ទាយ​មាន​ជ័យ​​​​​ ៖ នៅ​ភូមិ​បន្ទាយ​​ឆ្មារ​ខាង​ត្បូង ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ ​ផ្លែ​ដូង​មួយ​​ដុះកូន​​ចេញ​ចំនួន​១៨​ដើម ខណៈ​​ពេល​ម្ចាស់​​ដាំ​រយៈ​ពេល​ប្រហែល​​៤​ខែ​ ។ ម្ចាស់​ជឿ​ថា​ដូង​ចម្លែក​នេះមាន​ឫទ្ធិ​​បារមី​អាច​ជួយ​ឱ្យ​គាត់​ជា​​ស្បើយ​ពី​ជំងឺ​ដើរ​មិន​រួច​​ទៀត​ផង ។

លោក​នាយ​ប៉ុស្តិ៍​​​នគរ​​បាល​​បន្ទាយ​ឆ្មារ​ កាល​ពី​ថ្ងៃ​ទី​១៦ សីហា ឱ្យ​ដឹង​ថា ដូង​​ចម្លែក​​នេះ​នៅ​ក្នុង​ដី​ចម្ការ​​របស់​លោក​តា ស យុគ អាយុ​៧៥​ឆ្នាំ និង​លោក​យាយ ថាំង ហ៊ីន អាយុ​៦៨​ឆ្នាំ ​រស់​នៅ​ភូមិ​បន្ទាយ​ឆ្មារ​​ខាង​ត្បូង ។

លោក​តា ស យុគ ​ដែល​ជា​អ្នក​ដាំ​ដើម​ដូង​នោះ​ឱ្យ​ដឹង​ថា ​គាត់​បាន​យក​ផ្លែ​ដូង​ចំនួន​២​ដាក់​ដាំ​ក្បែរ​គ្នា​ក្នុង​ដី​ចម្ការ​​ចម្ងាយ​ពី​ផ្ទះ​របស់​គាត់​ប្រហែល​៣០០​ម៉ែត្រ​ នៅ​តាម​បណ្តោយ​ផ្លូវ​បុរាណ​​ទៅ​ប្រា​សាទ​បន្ទាយ​​មាន​បុណ្យ ។ ​ដូង​១​ផ្លែ​មាន​កូន​​​លូត​កម្ពស់​ធម្មតា​ ចំណែក​​​ដូង​១​ផ្លែ​ទៀត​ដុះ​ចេញ​មក​ស្លឹក​ក្តោប មិន​សូវ​ជា​លូត​កម្ពស់​ទេ តែ​មាន​សម្រស់​ល្អ ពិសេស​ដុះកូន​​ដល់​ទៅ​១៨​ដើម តែក្នុង​នោះ​​ងាប់​អស់​៤​ដើម ។

លោក​តា​ដដែល​​បន្ត​ថា គាត់​មាន​ជំងឺ​ហើម​​ជើង​ទាំង​២​ ដើរ​មិន​រួច​អស់​រយៈ​​ពេល​៣​ឆ្នាំ​មក​ហើយៗ​​ទៅ​​ឱ្យ​​​គ្រូ​ខ្មែរ​​នៅ​ភូមិ​ក្បាល​​ទន្សោង​ព្យាបាល​រយៈ​ពេល​២​ខែ​កន្លះមិន​ជា ក៏​​មក​ព្យាបាល​នៅ​​ផ្ទះ​វិញ ។

មាន​ថ្ងៃ​មួយគ្រូ​​​​ទស្សន៍​ទាយ ​ធ្វើ​​អាសានៈ​ព្រះ​ភូម​ និង​រៀប​បាយ​សី​មក​ពី​ភូមិ​ថ្ម​រមៀល​​មកដល់​ផ្ទះ​គាត់ ហើយ​​គាត់​ក៏​​និយាយ​ប្រាប់​ពី​រឿង​ដូង​​ចម្លែក​នោះ។ គ្រូ​ទស្សន៍​ទាយ​នោះ​ឱ្យ​គាត់​នាំ​ទៅ​មើល​ លុះ​ឃើញ​ហើយ​ក៏​លាន់​មាត់​ថា «​ដើម​ដូង​នេះមាន​បារមី​ណាស់ បើ​លោក​តា​ចង់​​ជា​ត្រូវ​តែ​បន់​ស្រន់» ។​ ​ក្រោយ​មក​គាត់​បាន​បន់​ស្រន់​ថា «​បើ​គាត់​ជា​សះ​ស្បើយ​មែន​នឹង​រៀប​ចំ​អាសនៈ​ មាន​បាយ​សី និង​​និមន្ត​លោក​សូត្រ​មន្ត» ។

លោក​តា ​ស យុគ ​អះ​អាង​ថា ​គាត់​ធ្វើ​តាម​គ្រូ​ទស្សន៍​ទាយ​​​នោះ ស្រាប់​តែ​គាត់​ដើរ​បាន​ និង​ជា​ស្បើយ​ឡើង​វិញ​ពី​រោគា ។ ​ដូច្នេះ​ហើយ​នៅ​ថ្ងៃ​ទី​១៥ សីហា ​២០១២ គាត់​រៀប​ចំ​សែន​ព្រេន ធ្វើអាសនៈ និង​និមន្ត​​ព្រះ​សង្ឃ​សូត្រ​មន្ត​ ដោយ​មាន​ប្រជា​ពលរដ្ឋ​​ តា​ជី​ យាយ​ជី​ជា​ច្រើននាក់​​ចូល​រួម​ និង​នាំ​គ្នា​ហៅ​ដើម​ដូង​​នោះ​ថា «​​ព្រះ» ។ ​ក្នុង​ពិធី​នោះ​នាំ​គ្នា​​បន់​ស្រន់​សូម​ឱ្យ​ព្រះ​ជួយ​ឱ្យ​មាន​ភ្លៀងធ្លាក់​​ផង​ដែរ ។

ក្រោយធ្វើ​​ពិធី​​បួង​សួង​​រួច​មក​ ​នៅ​វេ​លា​ម៉ោង១​រសៀលថ្ងៃ​ទី​១៦ សីហា​ ស្រាប់​តែ​​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​​​ធំ ។
កន្លង​មក​​បាតុ​ភូត​ចម្លែក​​នៃ​ធម្ម​ជាតិ​​​តែង​តែ​កើត​ឡើង​​​ជា​រឿយៗដូ​ច​ជា​ ​​ជ្រូក​ក្បាល​ដំរី ​ចេក​ចេញ​ត្រយូង​​នៅ​គល់​ជា​ដើម ។
ចំពោះ​​ដូង​ចម្លែក​​របស់​លោក​តា​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​នោះ​ ថែម​ទាំង​​​អាច​ជួយ​​​ឱ្យ​គាត់​​ជា​ពី​ជំងឺ​​ទៀត​ផង​ តែ​ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​​មិន​ជឿ​ ។ គេ​យល់​ថា​​ដូង​នោះ​ជា​បាតុភូតចម្លែក​​​នៃ​ធ​ម្ម​​ជាតិ​​ គឺ​គ្មាន​ឫទ្ធិ​បារមី​ទេ ៕