ព្រះ​​អង្គ​ដងកើ​​ទីសក្ការៈមាន​​អ្នក​គោរព​បូជា​​ច្រើន តើ​​មាន​​​​ប្រវត្តិ​​បែប​ណា?

រាជ​ធានីភ្នំពេញ ៖ លោក​​​​អ្នក​​ពិត​ជា​​ធ្លាប់​​បាន​ឃើញ​​ព្រះ​អង្គ​​ដង​កើ​​នៅ​ខាង​មុខ​​​​ព្រះ​បរម​រាជ​វាំង​​ជាប់​​ដងទន្លេ​សាប ​ ឬ​ក៏​ធ្លាប់​​ចូលទៅ​​​អុជ​ធូប​បួង​សួង​​​​​ បន់​ស្រន់ ​ប៉ុន្តែ​​លោក​​អ្នក​​ប្រហែល​​​​​​ជា​ពុំ​​​បាន​ដឹង​​ពី​​ប្រវត្តិ​​​​​នៃ​ទីសក្កា​រៈ​នោះ​ទេ ។ ​
តើ​ព្រះ​​អង្គ​ដងកើ​មាន​​​​ប្រវត្តិ​​បែបណា? ​

លោកតា​​​ព្រឹទ្ធាចារ្យ ​មៀច ប៉ុណ្ណ ​ទី​ប្រឹក្សា​​​ក្រុម​​​ប្រជុំ​​ទំនៀម​ទម្លាប់​​ខ្មែរ​នៅ​​ពុទ្ធ​សាសន​បណ្ឌិត្យបាន​និទាន​​ឱ្យ​ដឹង​កាលពី​​ថ្ងៃទី​១៦ សីហា ថា ​តាម​ចាស់​​​​​ៗពី​ជំនាន់​​មុន​​​បាន​និយាយ​តៗគ្នាថា ក្នុង​សម័យ​ព្រះ​បាទ​​​ នរោត្តម សីហនុ ​​នៅ​ពេល​​ព្រះ​​អង្គ​​​មិន​គង់​នៅ​​​ក្នុ​ងព្រះ​បរម​រាជ​វាំង​​​គេ​ក៏​​លើក​​ទង់​​ជាតិឡើង​​​​​ដើម្បី​ជា​​សញ្ញា​​សម្គាល់​​ថា ព្រះ​រាជា​​​មិន​គង់​​នៅ​ក្នុង​​ព្រះ​បរម​រាជ​វាំង​ទេ ។  ​ក្រោយ​​​មក​​​ប្រ​ជា​ជន​ខ្មែរ​យើង​នាំ​គ្នា​​ហៅ​ដងទ​ង់​ជាតិ​​នេះ​ថា ​ដង​កើ​ ។

ក្នុង​​សម័យ​​​ដដែល​នោះ​​​​ប្រជា​ជន​ខ្មែរ​យើង​​មាន​ជំនឿ​ថា ​មាន​អ្នក​​​​តា​ចូល​​សណ្ឋិតនៅ​​ដង​ទង់​​ជាតិ ​ឬ​ក​៏​ដង​កើ​​ ហើយ​​នាំគ្នា​​​​សាង​សង់​​ព្រះ​វិហារ​ និង​​មាន​រូប​​សំណាក​​​​​ជា​តំណាង​​​ដង​កើ​​ដោយនាំ​គ្នា​ហៅ​ថា ​«ព្រះ​អង្គ​ដង​កើ​​»។ លោក​តា មៀច ប៉ុណ្ណ​បន្ត​ថា​ តាំងពីនោះ​​មក​គេ​ទៅ​បែបន់​​​សុំ​លាភ​សក្ការៈ​​ ​​សុំ​កូន​​​​ និង​បួង​សួង​ផ្សេងៗ​​តាម​ជំនឿ​របស់​ខ្លួន​ ​ដោយ​មាន​​​លេង​​ភ្លេង​​ពិ​ណ​ពាទ្យ​​ និង​​ជាវ​ផ្កា​​​​ឈូក​​ ​ស្លា​ធម៌ ​​​ដាក់​ថ្វាយ​​​ព្រះ​​អង្គ​​​ដង​កើ ។ មាន​អ្នក​ខ្លះ​បែ​បន់​​​​សុំ​បាន​​សម្រេច​​ អ្នក​ខ្លះ​​សុំមិន​​បាន​សម្រេច​​​​​រហូត​​មក​ដល់​សព្វ​​ថ្ងៃ​នេះ​ ។ បច្ចុប្បន្ន​​​​​​ព្រះ​​​អង្គ​ដង​​កើ​ត្រូវ​​​​គេ​​ចាត់​ទុក​​ថា ជា​អ្នក​តា​ដ៏ធំ​​​ជាង​​គេ​ បន្ទាប់​ពី​​អ្នក​​តា​ឃ្លាំង​​មឿង ។​ ចំពោះ​​​ប្រវត្តិ​​ព្រះ​អង្គ​ដងកើនេះ មិន​មាន​​សៀវភៅ​​​​ណា​ស​រ​សេរ​​រក្សា​ទុក​​ទេ គ្រាន់​តែ​​​ជា​​សាច់​​រឿង​​ដែល​​ចាស់ៗ​​​និយាយ​​តៗគ្នា​ប៉ុណ្ណោះ ។​

សព្វ​ថ្ងៃនេះ​​មាន​ប្រជា​ជន​​​ច្រើន​​​ទៅ​អុជ​ធូប​បែ​បន់​​សុំ​សេចក្តី​​សុខ ​លាភ​​សក្ការៈ​​​ផ្សេងៗ​​ ​​ជា​ពិសេស​​​នោះ​​​នៅថ្ងៃ​​​សីល ​ឬ​ថ្ងៃ​ពេញ​បូណ៌មី​ គេ​តែង​តែ​​​​ឃើញ​​មនុស្ស​​រាប់​រយនាក់​ ទៅ​បែបន់​​​​នៅ​ព្រះ​​អង្គ​ដងកើ ​ដោយ​អ្នក​ខ្លះ​​ជាវ​​ស្លាធម៌ ផ្កា​ឈូក ​េចក ​​និង​តង្វាយ​​​ផ្សេងៗ​​ជា​ច្រើន​​​ទៅ​ដាក់ថ្វាយ​​​​ដល់​ព្រះ​​អង្គ​ដង​កើ ។ លើស​ពី​​នេះ​ទៅ​ទៀត ​​​មាន​​​ការ​ថ្វាយ​​​បទ​ភ្លេងពិណពាទ្យ​​​​ លែង​សត្វ ​​​ដូចជា អណ្តើក​ ​បក្សី​ ឬ​​ត្រី​ ​ឱ្យ​​រួច​ផុត​ពី​សេចក្តី​ស្លាប់​​​នៅ​​​ខាង​មុខ​​ព្រះ​អង្គ​ដង​កើ​ទៀត​ផង ។ ​

ស្ត្រី​​ម្នាក់​​មក​ពី​ខេត្ត​កំពង់​ចាម​ ​​ដែល​ទៅ​​​អុជ​ធូប​​ និង​ជាវ​​​សត្វ​​​ចាប​យកទៅ​​លែង​​​ប្រាប់​​ឱ្យ​ដឹង​ថា ​​គាត់​​ធ្វើ​ដំណើរ​​​​ទៅបន់​​ស្រន់​​នៅ​​ទីនោះ គឺ​ចង់​​សុំ​សេចក្តី​សុខ​ដល់​ក្រុម​គ្រួសារ​​​​គាត់ ​​ព្រោះ​​​​​ជួប​រឿង​​​​ចង្រៃ​​​ច្រើន​​មក​ហើយ​ ដូច្នេះ​​​អុជ​ធូប​​សុំ​​​​សេចក្តី​សុខ​​ពី​ព្រះ​​​អង្គ​ដងកើ​ ​និង​សុំ​ទឹក​​មន្ត​យក​ទៅ​​​លុបលាង​​មុខ​ ព្រោះ​​ល្បី​ថា ព្រះ​​​អង្គដង​កើ​ ​​​មាន​​រឹទ្ធិ​​ខ្លាំង​ពូកែ  ។​​នារី​​វ័យក្មេង​​​ម្នាក់ទៀត ​​​បាន​ជួលក្រុម​ភ្លេង​ពិណពាទ្យ​​​​​ឱ្យ​លេង​​​​ថ្វាយ​​​ដល់​ព្រះ​អង្គដង​កើ​ ។

នាងឱ្យ​ដឹងថា  ​​​​កាល​ពី​​មុន​នាង​​ធ្លាប់​​បន់​ស្រន់​​​ឱ្យ​រក​​ការ​ងារ​​​បាន​ធ្វើ​​​ ហើយ​ក៏​​បាន​​​​ដូច​បំណង​ ដូច្នេះ​​ហើយ​​​​​ ទើប​នាង​​ជួល​គេ​ឱ្យ​លេង​​ភ្លេង​ថ្វាយ​​ដល់ព្រះ​អង្គដង​កើ​​​​ ។ នាង​ជឿ​​​​ថា​ ព្រះ​​អង្គ​ដងកើ ​ពិ​​ត​ជា​​​ពូ​កែ​ខ្លាំង​ណាស់​ ហើយ​ជឿ​ថា​ អ្នក​​​ផ្សេង​​​ដែល​មក​​​​អុជ​ធូប​​នៅ​ទីនេះ តែង​​​​តែ​សុំ​បាន​​​​សម្រេច​​​​ដូចជា​ រូប​នាង​​​ដែរ ។​

មិន​ត្រឹម​​តែមាន​​​អ្នក​​ទៅ​បែបន់​​សុំ​ពរ​​ពី​​ព្រះ​​អង្គ​ដងកើ​ច្រើន​​​ទេ ​សូម្បី​​តែ​អ្នក​​​​លក់​ផ្កា​​​​​ឈូក​ក៏​​មាន​​​ច្រើន​​​នាក់​ដែរ ​។ ផ្កា​ឈូក​​ដាក់​តាំង​លក់​​ដូចជា​​​​​​ផ្សារ​​ផ្កា​​មួយ​ទៅ​ហើយ ​។ កន្លង​​​​​​​មក អ្នក​​​លក់​ផ្កា​​​ឈូក​ ​និង​ស្លា​ធម៌​មាន​ភាព​​រញ៉េ​រញ៉ៃ​​ខ្លាំង​​​ណាស់ ​លក់​មិន​​មាន​សណ្តាប់​ធ្នាប់​​​​​​ទេ តែ​ពេល​​នេះ​​សន្តិសុខ​តម្រូវ​​​ឱ្យ​អ្នកលក់​ផ្កាអង្គុយ​​​​​លក់​​មួយ​កន្លែង​​ កុំ​ឱ្យ​​​​​​មាន​ភាព​​រាយ​​ប៉ាយ​​បង្ក​ការ​ស្ទះ​ចរា​ចរណ៍ ​​​និង​បាត់​​​អី​វ៉ាន់​​​រប​ស់​អ្នក​​ចូល​​​ទៅ​បែ​បន់​ ​។

ទោះ​បី​ជា​មាន​ការ​ហាម​​​ឃាត់​​​មិន​ឱ្យ​​អ្នក​លក់​ផ្កា​​​​យកទៅ​​លក់​ដល់​​​​កន្លែង​​បែ​បន់​​​ពិត​មែន​ ប៉ុន្តែ​​ក៏​នៅ​មាន​​អ្នក​ខ្លះ​​មិន​គោរ​ព​ដដែល​​ ។​​
​អ្នក​​លក់​ផ្កា​​ និង​ស្លា​ធម៌​​នៅទីនោះ​ ​មាន​ការ​​មមាញឹក​ណាស់​​ព្រោះ​​​មាន​អ្នក​​ចូល​​ជាវ​​ច្រើន​​ ។ ស្ត្រី​​ចំណាស់​ម្នាក់​​ដែល​​ជា​អ្នក​ធ្វើ​ស្លា​ធម៌​​​​លក់​​​ប្រាប់​​ទាំងទឹក​មុខ​រីក​រាយ​ថា ​​ឱ្យ​តែ​​​​ថ្ងៃ​សីល​​​​ ឬ​ថ្ងៃ​​​ពេញ​​​បូណ៌មី​​ ​គាត់​​សប្បាយ​​ចិត្ត្​​​ណាស់​​ព្រោះ​​ល​ក់​​​ដាច់​ ។ ​ក្នុង​​មួយ​ថ្ងៃ​​​គាត់​​​​​ចំណេញ​​បាន​​​​ជាង​​៥ម៉ឺន​​​រៀល ​​​​​ហើយ​បើ​ថ្ងៃ​ធម្ម​តា​​​ចំណេញ​​បាន​​១​ម៉ឺន​រៀល ​ព្រោះ​​អ្ន​ក​អុជ​ធូប​​​សុំ​​បែបន់​ច្រើន​​តែ​នៅថ្ងៃ​សីល​ ។ ទាក់ទិន​​​​​នឹង​ប្រវត្តិ​​​ព្រះ​​អង្គ​​ដង​កើ​ ស្ត្រី​​​ចំណាស់​​​រូប​នេះ​​មិន​ដែល​​ដឹងទេ ​។

គាត់​ក៏​ធ្លាប់​​សាកសួរ​​​​ម្តាយ​​ដែរ ​តែ​​គាត់​​​ក៏​មិន​​​ដឹង​ដូចគ្នា​​​ដែរ ។​ ​
ដោយ​ឡែក​​ស្ត្រី​​​​វ័យ​កណ្តាល​​​​ម្នាក់​​ជា​អ្នក​លក់​​ផ្កា​​​​​​ប្រាប់​​​ឱ្យ​ដឹង​ថា ​ចំពោះ​​ថ្ងៃ​ធម្ម​តា​​​​ គាត់​​លក់​ចំណេញ​​បាន​ពី​​​​៨ពាន់​​រៀល​​​ទៅ​១ម៉ឺនរៀល ឯថ្ងៃ​សីល​ គឺ​ចំណេញ​​​បា​ន​ពី​២​ម៉ឺន​ ​ទៅ​​​៤ម៉ឺន​រៀល  ព្រោះ​មាន​​អ្នក​​​​​​​​​ទិញ​ច្រើន​​ ។ ចំពោះ​​​ប្រវត្តិ​​​​​ទាក់​ទ​ង​​​ទៅនឹង​​ព្រះ​​អង្គ​ដង​កើ​​​នេះ​​អ្នក​ស្រី​​​មិន​​ដឹងទេ​ ​។ ​មាន​មនុស្ស​​​​ភាគ​​តិចណាស់​​​​ដែល​បាន​​ដឹង​ពី​​ប្រវត្តិ​​ព្រះ​អង្គ​ដងកើ​​​​​ ​សូម្បី​​តែអ្នក​លក់​ផ្កា​​​​ដែល​មាន​​វ័យ​ចំណាស់​​​​​​ជាង​គេ​​នៅ​ទីនោះ​ក៏​មិន​​ដឹង​​​ដែរ។ ​

សព្វ​ថ្ងៃ​នេះ​ជា​រៀង​​​រាល់​ថ្ងៃ​​សីល​ ឬ​ថ្ងៃពេញ​បូណ៌មី​​​​​មាន​​មនុស្ស​​ទៅ​បែ​បន់​​រាប់​​រយ​នាក់ ​ជា​ពិសេស​​ចាប់ពី​​​ម៉ោង​​​​៣​រសៀល​​​គឺ​មានច្រើន​នាក់​រហូតដល់​​​រក​កន្លែង​​​​អុជ​ធូប​​​​មិន​បាន​​ ។ ​មិន​​ថាតែ​អ្នក​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​ទេ ​ដែលទៅ​​បែ​បន់​នោះ សូម្បី​​​តែអ្នក​​នៅ​តាម​​បណ្តា​ខេត្ត​​​​​នានា​ក៏​ទៅអុជ​ធូប​​នៅទីនោះ​ដែរ ៕