អាជ្ញាធរ​​ស្រុក​គោក​ធ្យូង​​ថៃ​អញ្ជើញអាជ្ញា​ធរ​​ស្រុក​អូរ​ជ្រៅ​​​​​ធ្វើ​ទស្ស​​ន​កិច្ច​​រឹត​ចំណង​​មិត្ត​​​ភាព​ ​​​ប្រតិភូបានទៅ​​ទស្ស​នា​​ប្រាសាទ​​ស្តុក​កក់​ធំ​ កេរបុព្វបុរស​​​​ខ្មែរ​​ តែ​ថៃ​​បានគ្រប់​គ្រង​​ទៅ​ហើយ​​​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​​២៥ សីហា ​ប្រតិ​ភូ​​ស្រុក​អូរ​​ជ្រៅ​​ចំនួន​ជាង​​៣០​នាក់​​ដែល​ដឹក​នាំ​​ដោយ​លោក​កែវ ​សែន អភិ​បាល​​ស្រុកទទួល​​​​ការ​​អញ្ជើញ​​ពី​​​ភាគី​ថៃ​ ​ឱ្យ​ទៅ​​ធ្វើ​​ទស្សន​កិច្ច​នៅ​ស្រុក​​គោក​ធ្យូង​ ក្នុង​បំណង​រឹត​​ចំណង​​មិត្ត​ភាព​​នៃ​ស្រុក​ទាំង​​២​ ។ ​ឆ្លៀត​​​ពេល​នោះ​​​ភាគី​​ថៃ​​អញ្ជើញ​​ប្រតិ​ភូ​​ខ្មែរ​​យើង​​​ទៅ​ទស្សនា​​​​ប្រាសាទ​ស្តុក​កក់​ធំ ​ដែល​ជា​កេរ​​ដំណែល​​របស់​ខ្មែរ ​តែ​សព្វ​ថ្ងៃ​​គ្រប់​គ្រង​​ដោយ​​ថៃ​នៅ​ទល់​មុខ​ភូមិ​​​ព្រៃ​ចាន់ ​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​​ជ្រៅផង​ដែរ​​ ​​។

​លោក​វុឌ្ឍីដាក​ណៃ ​សាវ៉ាត​ឌី​​ណាត់​រី​ណាត ​អភិបាល​​ស្រុក​គោក​​ធ្យូង​ របស់​ថៃ​​ និង​​មន្ត្រី​​ស៊ី​វិល​​ កង​កម្លាំង​ប្រដាប់​អាវុធ​​បាន​​ទទួល​ប្រតិ​ភូ​កម្ពុជា​​យើង​​ ក្នុង​ក្បួន​​រថយន្ត​​​ផ្ទាល់​​ខ្លួន​​នៅ​​ត្រង់​​ចំណុច​ទី​តាំង​ដែល​គ្រោង​​បើក​​ច្រក​ព្រំ​ដែន​​តំបន់​ថ្មី​ ​ណូន​​ម៉ាក់​មុន-​បឹង​ស្នោ ដោយ​ធ្វើ​​ដំណើរ​​កាត់​តាម​ផ្លូវ​​កៅ​ស៊ូ​​ ក្រវាត់​​ព្រំ​ដែន​ថៃ​ និង​​​ផ្លូវ​លំ​ដី​​​ក្រហម​​កាត់​ចម្ការ​​ដំណាំ​​ចូ​ល​ពី​ក្រោយ​ ​​រួ​ច​ឡើង​​ផ្លូវ​កៅ​ស៊ូ​​ចំពី​​មុខ​ប្រាសាទ​​វិញ ។​

​ប្រាសាទស្តុក​កក់​​ធំ​​នេះ​ សាង​សង់​​អំពី​ថ្មភក់​ជា​កេរ​​ដំណែល​​របស់​ដូន​តា​​ខ្មែរ ឥឡូវ​​នេះ​​គួរ​ឱ្យ​សោក​ស្តាយ​​ណាស់​​ ស្ថិត​ក្នុង​​​ការ​គ្រប់​គ្រង​​ដោយ​ថៃ​ទៅ​វិញ ។​មគ្គុ​​ទ្ទេ​​ស​​ទេស​​ចរណ៍​​ថៃ​ម្នាក់​​​រៀប​រាប់​​ប្រាប់​ប្រតិ​​ភូ​​​កម្ពុជា​ថា ​ប្រាសាទ​ស្តុក​កក់​​ធំ​​​​សាង​សង់​​ក្បែរ​ព្រៃ​​កក់​ដ៏​ធំ​​មួយ​​ និង​​ព័ទ​្ធ​​ដោយ​ព្រៃ​ឈើ​​​​ដ៏​មាន​​ម្លប់​​ត្រឈឹង​ត្រឈៃ ​តែ​ពេល​នេះ​​​ព្រៃ​ក្រាស់​​ជុំ​វិញ​​នោះ​​ត្រូវ​បាត់​បង់​ ក្លាយ​ទៅ​​ជា​ដី​ច​ម្ការ​ និង​ស្រែ​របស់​អ្នក​ភូមិ​ ហើយពល​រដ្ឋ​​​ថៃ​នៅ​ទី​នោះ​​មួយ​ចំនួន​​ធំ​ដើម​​កំណើ​ត​​ខ្មែរ​ ។

ប្រភព​​​ពី​ជន​ជាតិ​ថៃ​ដដែល​​​បន្ត​ថា ​ប្រាសាទ​ស្តុកកក់​​ធំ​សង់អំពី​​ថ្ម​ភក់​ មាន​កំពូល​​កណ្តាល​ខ្ពស់​សន្លឹម ​​ក្នុង​នោះ​​មាន​តម្កល់​​រូប​យោនី​​នា​ង​ឧមា​ ​ដែល​​មាន​សភាព​​បាក់​បែក​ ។ ប្រាសាទ​​នេះ​កសាង​​ឡើង​នៅ​រជ្ជ​កាល​​ព្រះ​បាទ​​ជ័យ​វរ្ម័ន​​ទី​​៤ ឧទ្ទិស​​ចំពោះ​ព្រហ្ម​ញ្ញ​សាសនា ​។ ប្រាសាទ​​រង​គ្រោះ​​ធ្ងន់​ដោយ​​​ជន​ទុច្ច​រិត​ គាស់​កាយ​​ស្ទើរ​រាប​​ដល់​ដី ​តែអាជ្ញាធរ​​ជំនាញ​​វប្ប​ធម៌​​ថៃ​បាន​​​ជួស​ជុល​​​ស្ទើ​​រ​រួច​រាល់​​ ​ហើយ​​នៅ​​បន្ត​ជួស​ជុល​​ថែម​ទៀត​ ​​ក្នុង​នោះ​មាន​​កម្មករ​​​មក​ពី​ប្រទេស​​កម្ពុជា​​ផង​ដែរ ។ ​ការ​ជួ​ស​ជុល​​ប្រាសាទ​​ប្រើ​ថ្ម​ថ្មី​ មិន​បាន​​ឆ្លាក់​​និង​រៀប​​ឱ្យ​បាន​ត្រឹម​ត្រូវ​​ដូច​ដើម​​ទេ ។ ​​

​មគ្គុទ្ទេ​​សទេស​ចរណ៍​​ថៃ​​បញ្ជាក់​​ថា​ ប្រាសាទ​ស្តុក​កក់​ធំ​​​​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​រ​ាប់​ម៉ឺន​នាក់​​ក្នុង​​មួយ​ឆ្នាំ​ៗ ។​​លោក​កែវ សែន ​អភិបាល​ស្រុក​អូរ​ជ្រៅ​ និង​​ប្រតិ​​ភូ​រួម​ដំណើរ​​ត្រូវ​​លោក​​វុឌ្ឍី​​ដាក​​ណៃ ​សាវ៉ាត​រីណាត​ អភិបាល​​ស្រុក​គោក​ធ្យូង​នាំ​ទៅ​​ចូល​រួម​​ក្នុង​​ពិធី​​ជប់​លៀង​​មិត្ត​ភាព​ នៅ​ភោជនីយ​​​​ដ្ឋាន​ល្បី​​ឈ្មោះ​មួយ​​​នាទី​រួម​​​​ស្រុក​​គោក​ធ្យូង​ ស្ថិត​​នៅ​ចម្ងាយ​​ជាង​​​១០​គីឡូ​ម៉ែត្រ​​ពី​ព្រំ​ដែន​​កម្ពុជា ។
តាម​​ប្រសាសន៍​របស់​លោក​​បណ្ឌិត​ មី​សែល​ ត្រា​​ណេ​​ អ្នក​ជំនាញ​​វប្ប​ធម៌​​និង​ប្រ​វត្ត​ិ​សាស្ត្រ​​ខ្មែរ​​ប្រាប់នៅ​​​​​ថ្ងៃទី​​២៥ សីហា​​ ថា ​តាម​សិលា​ចារឹក​ ​K ២៤៣​​នៅ​​សារមន្ទីរ​​ជាតិ​ថៃ​​រាជធានី​បាង​កក​​(​យក​​ពី​​ប្រាសាទ​​ស្តុក​​កក់​ធំ​) ​ដែល​​មាន​​៣៤០​​បន្ទាត់​​​ឱ្យ​ដឹង​ថា ​ប្រាសាទ​​ស្តុក​កក់​ធំ​ជា​ប្រាសាទ​​បុរាណ​​ខ្មែរ​​កសាង​​នៅ​គ្រឹស្ត​​​សក​​រាជ​​១០៥៣​​(សតវត្ស​​ទី​​១១)​​ក្នុង​រជ្ជ​កាល​​ព្រះ​បាទ​​ឧទ័យ​​​ទិត្យ​​វរ្ម័ន​​ទី​​២​​ សង់​​អំពី​ថ្ម​ភក់​​មាន​​កំពែង​​ធំ​ចំ​កណ្តាល​​ទំហំ​​១២០​ម៉ែត្រ​​គុណ​​១២០​ម៉ែត្រ​​ ឧទ្ទិស​​ចំពោះ​​ព្រហ្ម​​ញ្ញ​​​សាស​​នា​ ។​

លោក​បណ្ឌិត​​មី​សែល​ ត្រាណេ ​​បន្ត​ថា ​ប្រាសាទនេះ​​ជា​កេរ​ដំណែល​​​វប្ប​ធម៌​​ ​សិល្បៈ​ និង​ប្រវត្តិ​​សាស្ត្រ​ខ្មែរ​​កសាង​ឡើង​​តាំ​ង​ពី​ជន​ជាតិ​សៀម ​ដែល​ក្រោយ​​មក​ហៅ​ថា​ ថៃ​ ពុំ​ទាន់​​មាន​ទឹក​ដី​​ រដ្ឋ​​ និង​វប្ប​ធម៌​​មក​ម៉្លេះ​ ​ប៉ុន្តែ​​កា​រប្រែ​ប្រួល​​ឥឡូវ​នេះ​គឺ​​ប្រាសាទ​​ស្តុក​កក់​ធំ​ ស្ថិត​​​​ក្នុង​ការ​គ្រប់​គ្រង​​ដោយ​ថៃ​ហើយ ។ ​អំឡុង​​ឆ្នាំ​​១៩៩២​​-​​​១៩៩៣ ​ប្រាសាទ​​នៅ​ជា​​គំនរ​បាក់​បែក​​ តែ​​ថៃ​បាន​ជួស​ជុល​​មាន​រាង​​ទៅ​ជា​​ប្រាសាទ​​ឡើងវិញ ។

​យោង​តាម​​អតី​ត​​ជន​ភៀស​ខ្លួន​​ខ្មែរ​មួយ​ចំនួន​​នៅ​ជំរំ​​ប្ញទ្ធិសែន​ ដែល​មាន​​តា​សា​លួត​​ជា​ប្រធាន​​​និយាយ​ថា ​នៅ​​ទសវត្ស​ទី​​​៨០ ​ប្រាសាទ​​ស្តុក​កក់​​ធំ​ គឺ​​គ្រប​់​គ្រង​​ដោយរណ​សិរ្ស​​រំដោះ​​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​(KP) ។ ទីនោះ​មាន​​សង់​​វត្ត​មួយ​ឈ្មោះ​​វត្ត​​ប្រាសាទ​​សិរី​​​ដែល​អ្នក​ស្រុក​​ហៅ​ថា ​សេរី​​ទៅ​វិញ ​ដោយ​មាន​​ព្រះ​តេជ​គុ​ណ​​ពិន ​សែម​​ ជា​​​ស្ថាប​​និក​​​ និង​ជា​​ចៅ​អធិការ​​វត្ត​ ​។

​ព្រះ​អង្គ​​ពិន សែម សព្វ​ថ្ងៃ​ជា​រាជា​គណៈ​​ថ្នាក់​​ទោ​​​គង់​​នៅ​វត្ត​​បូព៌​​​ក្រុង​​សៀម​រាប ។​វត្ត​សិរី​​ស្ថិត​​នៅ​ជ្រុង​​និរតី​នៃ​​​ប្រាសាទ​​ស្តុក​​កក់​​ធំ ​។ កាល​ពី​​ទសវត្ស​​ទី​​៨០​ ​នៅ​ខាងលិច​​​ប្រាសាទ​​​៣​គីឡូ​​ម៉ែត្រ​​មានផ្លូវ​​ក្រួស​​ថៃ​១​​ខ្សែ និង​​មាន​​លេណ​​ដ្ឋាន​​​១​ខ្សែ​​ការ​ពារ​​ព្រំ​ដែន​​បាន​ខណ្ឌ​​ព្រំ​ដែន​​កម្ពុជា​-​​ថៃ​​នៅ​ទី​នោះ ៕