សារ​មន្ទីរ​​ខេត្ត​បន្ទាយ​មាន​ជ័យបើក​​សម្ពោធ ​​ក្រោម​អធិ​បតី​ភាព​​លោក​រដ្ឋ​មន្ត្រី​​ហ៊ឹម ឆែម

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ សារ​មន្ទីរ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ បាន​បើក​​សម្ពោធ​​កាល​ពី​​ល្ងាច​ថ្ងៃ​​ទី​២៨ សីហា ឆ្នាំ​២០១២ ។ សារ​មន្ទីរ​​នេះ​សម្រាប់​​រៀប​ចំ​​រក្សា​ទុក​វត្ថុ​​បុរាណ​​នានា​នៅ​​ក្នុង​ខេត្ត និង​បម្រើ​​ឱ្យ​ការ​ចូល​​ទស្សនា​​ស្វែង​យល់​ពី​ភ្ញៀវ​​ទេសចរ​​ផង​ដែរ ។ នៅ​សាល​​ប្រជុំ​​សាលា​ខេត្ត​​បន្ទាយ​មានជ័យ​​ ក្នុង​ពិធី​ប្រកាស​​​តែង​តាំង​ប្រធាន​​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្ប​​ៈ​​ខេត្ត​​ថ្មី​​ ព្រម​​ទាំង​​​សម្ពោធ​​​សារមន្ទីរ​​ខេត្ត​​នោះ​ លោក​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​​ បាន​ណែ​នាំ​​ដល់​មន្ត្រី​​មន្ទីរ​​ទាំង​អស់​កុំ​និយម​​បក្ស​ពួក​​ត្រូវ​ចេះ​សហ​ការ​គ្នា​​​ការ​ពារ​​បេតិ​​​ក​ភណ្ឌ​​ និង​ទ្រព្យ​សម្បត្តិ​​រដ្ឋ​​ ទើប​សម​​ជា​មន្ត្រី​​ល្អ​បម្រើ​​ប្រជា​ពល​រដ្ឋ និង​ប្រទេស​​​ជាតិ ។

​ក្នុង​​ឱ​កាស​នោះ លោក​ស្រី សួន ប្រធាន​​នាយក​ដ្ឋាន​​រដ្ឋ​បាល​ និង​បុគ្គលិក​នៃ​ក្រសួង​វប្ប​​ធម៌ និង​វិចិត្រ​សិល្បៈ​​ បាន​អាន​​ប្រកាស​តែង​តាំង​លោក​ស៊ីវ សារួន ជា​ប្រធាន​មន្ទីរវប្ប​ធម៌​​ និង​វិចិត្រ​សិល្ប​ៈ​​​ខេត្ត​បន្ទាយ​មាន​ជ័យ​ថ្មី​​ជំនួស​​លោក​ពៅ សំណាង ប្រធាន​មន្ទីរ​​​ ​​ដែល​ត្រូវ​​ចូល​និវត្ត​ន៍​​​ និង​មាន​ជំងឺ ។លោក​អ៊ុង អឿន អភិបាល​​ខេត្ត​​ មាន​​ប្រសាសន៍​​ថា នៅ​ខេត្ត​បន្ទា​យ​មាន​ជ័យ មាន​ប្រាសាទ​​បន្ទាយ​ឆ្មារ​​ និង​ប្រាសាទ​​បន្ទាយ​ទ័ព​​ស្ថិត​​នៅ​ក្នុង​ស្រុក​ថ្មពួក ។ ប្រាសាទ​បន្ទាយ​ឆ្មារ​ពេល​នេះ​​កំពុង​ជួស​ជុល​​ដោយ​អង្គ​ការ​​បេតិ​
កភណ្ឌ​​ពិភព​លោក​​ ។ ក្រៅ​ពី​នេះ​​មាន​ទី​ទួល​ប្រាសាទ​​​ជា​ច្រើន​ទៀត​ និង​មាន​ស្ថានីយ​​បុរាណ​វិទ្យា​​ចំនួន​៤៣២​​កន្លែង​​ មាន​សារ​មន្ទីរ​​ចំនួន​៣​​​​ និង​មាន​វត្ថុ​​បុរាណ​​ដែល​រឹប​អូស​​​បាន​ពីជន​ល្មើស​​ និង​ប្រជា​ពល​រដ្ឋ​​រក​ឃើញ​​​យក​មក​ប្រគល់​ជូន​សរុប​​ចំនួន​៤.២៣៤​​ដុំ ។
លោក​​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​​សិល្បៈ​​ បាន​​ផ្តាំ​ផ្ញើ​​ដល់​ប្រធាន​មន្ទីរ​​ថ្មី​ ក៏​ដូច​​ជា​មន្ត្រី​​ទាំង​​អស់​ធ្វើ​​ការ​កុំ​និយម​បក្ស​ពួក​ ត្រូវ​ចេះ​​សហ​ការ​គ្នា​ការ​ពារ​​បេតិក​ភណ្ឌ​​ និង​ទ្រព្យ​​សម្បត្តិ​​រដ្ឋ​​ឱ្យ​បាន​ល្អ​ ទើបសម​​ជា​មន្ត្រី​​បម្រើ​ប្រជា​ពល​រដ្ឋ​​​​ និង​ប្រទេស​ជាតិ​​ ឱ្យ​ស្រប​​តាម​គោលនយោ​បាយ​​របស់​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​ដែល​​កំពុង​អភិរក្ស​​ និង​អភិវឌ្ឍ​​វប្ប​ធម៌​​​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​​វៃ​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​។

លើស​ពី​​នេះ​ មន្ត្រី​​ទាំង​អស់​​​ត្រូវ​​ចៀស​វាង​​ប្រព្រឹត្ត​​អំពើ​ពុយ​រលួយ​​ ។ លោក​រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​​ បាន​​ប្រគល់​ជូន​​កុំ​ព្យូទ័រ​​១​សម្រាប់​​ ម៉ាស៊ីន​​ព្រីន​​ធ័រ​១​គ្រឿង និង​ម៉ាស៊ីន​​ថត​ចម្លង​​១​គ្រឿង ជូន​​មន្ទីរ​វប្បធម៌​​ និង​វិចិត្រ​សិល្បៈខេត្ត ៕