អាស្រម​វិបស្ស​នា​ធុរៈ​សម្រាប់​​បព្វជិត​ប្រតិបត្តិធូតង្គកម្ចាត់​កិលេស​លោកកីយ៍

ខេត្ត​តាកែវ ៖ បើ​ទោះ​ជា​​ស្ថិត​នៅ​តំបន់​​ជន​បទដាច់​ស្រយាល​និង​ឆ្ងាយ​​ពី​ទីប្រជុំ​ជន​យ៉ាងណា​​ក្តី​​ កម្លាំង​សទ្ធា​នៃ​ជំនឿ​ទៅ​លើ​​ព្រះ​ពុទ្ធ​​សាសនា​ ​​ត្រូវ​បាន​ពុទ្ធ​បរិស័ទ​​ប្រកាន់​​ខ្ជាប់​​​​​​រហូត​​សាង​សង់​អាស្រម​​វិបស្ស​​នា​ធុរៈ​​ ស្ថិត​នៅ​ក្នុង​​ភូមិ​​ព្រៃ​​កប្បាស ​ឃុំ​ព្រៃ​កប្បាស ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ  សម្រាប់​​បព្វជិត​​ខាង​ព្រះ​​ពុទ្ធ​សាសនា​​ដែល​មាន​​បំណង​​ចង់​ស្វែង​​រកសេចក្តី​​សុខ​ស្ងប់​ និង​​កម្ចាត់​​​នូវ​គ្រឿង​​​សៅ​ហ្មង​​​ទាំង​ឡាយ​​ក្នុង​​ចិត្ត​​ឱ្យ​ថយ​​ចុះ ។​

​ព្រះ​តេជ​គុណ អ៊ុយ​​ វ៉ាន់ ​បាន​មាន​​ពុទ្ធ​ដីកា​ឱ្យ​ដឹង​ថា ​ទី​ដែល​ព្រះ​អង្គ​កំពុង​​តែ​គង់​​នៅ​និង​​ធ្វើ​​ភាវ​នា​នេះ​មាន​ឈ្មោះ​ថា អា​ស្រម​​វិប​ស្សនា​ធុរៈ​ដែល​​ស្ថិត​​​នៅ​ក្នុង​ភូមិ​​ព្រៃ​កប្បាស​ ​ហើយ​កាល​ដើម​ឡើយ​​​​អាស្រម​​នេះពុំ​​​មាន​​ព្រះ​​វិហារ ព្រះ​ចេតិយ ​និង​អគារ​​ផ្សេង​ទៀត​ធំ​និង​​​​ល្អ ​​ដូច​​ពេល​នេះ​​ទេ គឺ​មាន​តែ​​កន្លែង​សម្រាប់​​ភាវនាធម៌​សាង​​ឡើង​​ពីកូន​​ឈើតូចៗ​​​​​និង​ដំបូល​​ប្រក់​​​​​ស្លឹក​​ត្នោត​​​​ និង​​មិន​សូវ​​មាន​ការ​​ចូល​រួម​​ពី​​ព្រះ​សង្ឃ​​ ឬ​អ្នកមក​ពី​តំបន់​​​ផ្សេងៗ​​​ដូច​ពេល​នេះ​ទេ ។​

​ព្រះ​តេជ​គុណ​​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​តាម​ពិត​អាយុ​កាលនៃ​ការ​​សាង​សង់​អាស្រម​​នេះ គឺ​ចាប់​តាំង​ពី​​​ឆ្នាំ​​១៩៨១ មក​ម៉្លេះ​ និង​មាន​ការ​​ផ្តួច​ផ្តើម​​​កសាង​ដំបូង​​ដោយ​​ព្រះ​​គ្រូ​កង ​​សំ ។​ អា​ស្រម​​នេះ​មិន​ត្រឹម​តែ​​សម្រាប់​​​ឱ្យ​ប​ព្វ​ជិត​​ភាវនាធម៌​​នោះ​ទេ ​តែ​ថែម​ទាំង​​អនុញ្ញាត​​​ឱ្យ​ពុទ្ធ​បរិស័ទ​​​មក​ប្រារ​ព្ធ​​​ពិ​ធី​បុណ្យ​​​ទាន​ផ្សេង​ៗ​​​​តាម​ប្រពៃ​ណី​​ទំនៀម​ទម្លាប់​​​​​របស់​​​ព្រះ​​​ពុទ្ធ​សាសនា​​ផង​ដែរ ​ដូច​ជា​បុណ្យ​ភ្ជុំ​បិណ្ឌ​​​​ ​បុណ្យក​ថិទាន​​ ​បុណ្យ​ផ្កា...  រួម​​ទាំង​មាន​​ការ​អុជ​​ទៀន​ចាំ​ព្រះ​វស្សា​រយៈ​េពល​​៣​​ខែ​ដូច​​ បណ្ត​ា​វត្ត​​នានា​ដែរ ។​

ព្រះ​តេជ​គុណ​ក៏​បាន​បញ្ជាក់​​បន្ថែម​ទៀត​ថា ​​រដូវ​ភាវនាធម៌​ គឺ​មាន​​តែ​រយៈ​ពេល​៧​​ថ្ងៃ​​ គឺ​​ចាប់​ពី​ថ្ងៃទី​១៥ កើត ខែ​ពិសាខ ជា​​រៀង​រាល់​ឆ្នាំ​ មាន​​បព្វ​ជិត​ និង​ពុទ្ធ​បរិស័ទ​ជាច្រើន​​និមន្ត​​ និង​អញ្ជើញ​​មក​ពី​បណ្តាទីជិត​ឆ្ងាយ​​​​ដូចជា​ខេត្ត​កំពង់​ស្ពឺ ​កំពត កំពង់​ធំ ​និង​ខេត្ត​ផ្សេង​ៗ​​​ទៀត​​​ ។​ដោយ​ឡែក​​ លោក​យាយ រុំ ជាដូនជី​​កំពុង​​​ស្នាក់​នៅ​ក្នុង​អាស្រម​​​​វិបស្សនា​​ធុរៈ​ក៏​បាន​បង្ហើប​​​ឱ្យ​ដឹង​ដែរ​ថា ​មូល​ហេតុ​ដែលលោក​យាយ​មក​​ភាវនាធម៌​នៅ​​អាស្រម​​នេះ​ ព្រោះ​​ដោយសារ​តែ​​​ចង់​​​ស្វែង​​យល់​អំពី​បុណ្យ​​និង​បាប​ ឬហៅ​​ម៉្យា​ង​ទៀត​ថា ​ស្វែង​យល់​​អំពី​​ឫស​​គល់​​​នៃ​សេច​ក្តី​​​​បាប និង​​ដើម្បី​​​កាត់​បន្ថយ​​កិលេស​ទាំង​​ឡាយ​ គឺ​ក្នុង​​​គោល​បំណង​​កុំ​ឱ្យ​កើត​នៅ​​ទីដែល​​មិន​​សម​​​គួរ​​ដូច​ជា ​នរក​ ប្រេត អសុរកាយ​ ​ជា​ដើម ។​

​យោង​​​តាម​ប្រភពពី​ព្រះ​ចៅ​​អធិការ​វត្ត​មួយ​ចំនួន​​ដែល​កំពុង​​តែ​គង់​​ចាំ​ព្រះ​​វស្សា​​នៅ​វត្ត​​នា​នា ជិត​​ខាង​អាស្រម​​វិបស្សនា​​ធុរៈ​​នេះ​ ក៏​​មានសង្ឃ​ដីកា​​ដែរ​ថា នេះ​ជា​រឿង​មួយ​​​ល្អ​​ ព្រោះ​ថា ការ​ភាវនា​​តែ​ង​តែ​​​ឱ្យ​មនុស្ស​​យល់​អំពី​​​ខ្លួន​ឯង​នូវ​បុណ្យ​​​​​បាប​ដែល​ខ្លួន​​បាន​ប្រព្រឹត្ត​កន្លងមក ​ហើយ​​នៅ​ពេល​​ដែល​មនុស្ស​​​ដឹង​ថា ខ្លួន​មាន​កំហុស​​គេ​នឹង​កែខ្លួន​លែង​​ប្រព្រឹត្តនូវ​​កំហុស​​នោះ​​ទៀត​ ​ហើយ​​បើ​ទោះ​ជា​ការឈប់​​​ប្រព្រឹត្តអំពើបាបនោះ​​ ​មាន​លក្ខណៈ​តូ​ចក្តី​ឱ្យ​តែ​​លែង​​ប្រព្រឹត្ត​គឺ​ជា​អំពើ​បុណ្យ​មួយ​ ​​សម្រាប់​​ពួក​គេ​សន្សំកុសល​​​ទៅ​បរ​លោក មនុស្សយើមិន​អាច​យក​ទ្រព្យ​ទៅ​ជាមួយ​បាន​នោះទេ  ៕