លោកឧកញ៉ា ថុង អ៊ុយ​ប៉ាង និង​លោក​ជំទាវ ឧកញ៉ា យិន ផាន្នី អញ្ជើញ​កាន់​បិណ្ឌតាម​បវេណី​ព្រះ​ពុទ្ធ​សាសនា

រាជធានីភ្នំពេញ ៖ នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស​ ស្ថិត​​ក្នុងសង្កាត់​ព្រែក​ព្នៅ ខណ្ឌឫស្សី​កែវ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៦ តុលា ឆ្នាំ​២០១២ លោក ឧកញ៉ា ថុង អ៊ុយប៉ាង ស្ថាប​និកសារព័ត៌មាន​កោះ​សន្តិភាព និង​លោក​ជំទាវឧកញ៉ា យិន ផាន្នី ជា​ភរិយា បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​ អញ្ជើញ​កាន់​បិណ្ឌវេន​ទី​៦ ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​​ជូន​ដល់​វិញ្ញា​ណ​ក្ខន្ធ​បុព្វការី​ជន​ដែល​បាន​ទទួល​មរណ​កាល​ទៅ​កាន់​លោក​ខាង​មុខ និង​មួយ​ចំណែក​ទៀត​ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ពុទ្ធ​ចក្រ​ក្នុង​នាម​លោកឧកញ៉ា និង​លោកជំទាវ ឧកញ៉ា ជា​ពុទ្ធ​សាសនិក ដែល​តែង​គោរព​ប្រណិប័តន៍​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​បណ្តា​អ្នក​គ្រប់​គ្រង បុគ្គលិក​សារព័ត៌មាន​កោះ​សន្តិភាព​ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​យ៉ាង​ច្រើនកុះ​ករ ។

បន្ទាប់​ពី​​ពិធី​សូត្រ​មន្ត​ ចម្រើន​ព្រះ​បរិត្ត នមសស្ការ ព្រះ​រតនត្រ័យ និងវេរ​ប្រគេន​នូវ​​ទេយ្យ​វត្ថុ​​ និង​បច្ច័យ​ដល់​ព្រះ​សង្ឃរួច​មក ​​លោកឧកញ៉ា និង​លោក​ជំទាវឧកញ៉ា ព្រម​ទាំង​បុគ្គលិក​សារព័ត៌មាន​កោះ​សន្តិភាព​ទាំង​អស់ បាន​អញ្ជើញ​រាប់​បាត្រ​ បង្សុកូល ទៅ​តាម​ទំនៀម​ទម្លាប់​​ប្រពៃណី​ព្រះ​ពុទ្ធ​សាស​នា ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​បុព្វ​ការី​ជន ជីដូន​ជីតា​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ សូម​ឱ្យ​រួច​ផុត​ពី​កម្ម​ពៀរ​វេរា​ទាំង​ឡាយ និង​បាន​ទៅ​ដល់​ឋាន​សុគតិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​៦​នេះ លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង  និង​លោក​ជំទាវឧកញ៉ា យិន ផាន្នី បាន​​ប្រគេន​​បច្ច័យ​ចំនួន ២.៥០០​ដុល្លារ ចំណែក​លោក​​ឧកញ៉ា សុខ ចំរើន​ និង​លោក​ជំទាវ ម៉ែន ស៊ាង ប្រគេន​បច្ច័យ​ចំនួន ៥០០​ដុល្លារ  និង​បច្ច័យ​បាន​ពី​បុគ្គលិក​​កោះ​សន្តិ​ភាព​​ចំនួន​ ១.៥៣៥.០០០រៀល និង​​ ២៨០​ដុល្លារ ។ សរុប​ទឹក​ប្រាក់​ទាំង​អស់​ចំនួន​ ៣.២៨០​​ដុល្លារ និង​ ១.៥៣៥.០០០រៀល ។

គួរ​បញ្ជាក់​ថា​ លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង និង​លោក​ជំទាវឧក​ញ៉ា យិន ផាន្នី រួមទាំង​​បុគ្គលិក​កោះ​សន្តិ​ភាព​ តែង​តែ​ទៅ​កាន់​បិណ្ឌ​នៅ​វត្ត​មុនី​ប្រសិទ្ធី​វង្ស​ ​ជា​រៀង​​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​​កុសល​​ជូន​ដល់​បុព្វ​ការី​ជន​ដែល​បាន​​បាក់​បែកចែក​​ឋាន​ទៅ​កាន់លោក​ខាង​មុខ តាម​​គន្លង​​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ៕