សាលា​ធម្មសភាក្នុង​វត្ត​ពោធិ​រុក្ខា​រាម​មាន​ចំណាស់​ជាង​២​រយ​ឆ្នាំនៅ​ស្រុក​កំពង់​ត្រឡាចកំពុង​បាក់​ទ្រុឌ​ទ្រោម​

ខេត្តកំពង់ឆ្នាំង ៖ សាលា​ធម្មសភា​ដ៏​ចំណាស់​មួយ​ខ្នងដែល​មាន​អាយុកាលជាង​២០០​ឆ្នាំង​មក​ហើយនោះ ពេលនេះ​កំពុង​មាន​ភាព​​ទ្រុឌ​ទ្រោមយ៉ាង​ខ្លាំង​ និង​ឈាន​ទៅ​រក​ការ​បាត់បង់នូវ​មរតក​ដូនតា​ជំនាន់​ដើម ប្រ​សិន​គ្មាន​ការជួសជុល​ណាមួយ​នោះ​ទេ។

​​អាស្រ័យ​ហេតុ​នេះព្រះ​គ្រូ​ចៅអធិការ ​លោកតា​អាចារ្យ និងគណៈកម្មការវត្ត ព្រមទាំង​ពុ​ទ្ធ​បរិ​ស័​ទ​ចំណុះ​ជើងវត្ត​បាន​អំពាវនាវយ៉ាង​ទទូចដល់​មន្ទីរ ក្រសួង​ពាក់​ព័ន្ធ ពិសេសក្រសួង​វប្ប​ធ​ម៌សូម​ជួយ​រក​ជំនួយ​ ឬ​ដៃគូមក​ស្រោចស្រង់សាលា​ធម្មសភា​មួយ​ខ្នង​នេះ​ផង ។ 

សាលា​ធម្មសភានេះ ស្ថិត​ក្នុង​វត្តពោធិរុក្ខារាម ហៅ​វត្ត​កំពង់ត្រឡាច​លើ មាន​ទីតាំង​ស្ថិ​ក្នុងភូមិកំពង់ត្រឡាចលើ ​ឃុំកំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខាងលើព្រះ​នាម តុ​ដ្ថ​ធ​ម្មោ ម៉ែ​ន តុ​ត បាន​មាន​សង្ឃ​ដិ​កាថា សាលា​ធម្មសភានេះ​មាន​អាយុ​ច្រើន​ណាស់​ហើយ គឺ​មុន​ការ​កសាង​ព្រះ​វិហារ​ដែល​មាន​គំនូរល្អ​វិចិត្រ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នេះចំនួន​៧​ឆ្នាំ បើ​គិត​ពី​ការ​កសាង​ព្រះ​វិហារ ដែល​ពេល​នេះ​មាន​អាយុ​២២៧​ឆ្នាំ បូកនិង​៧​ឆ្នាំ​ទៀត ឃើញ​ថា សាលា​ធម្មសភា​នេះ​មាន​អាយុ២៣៤​ឆ្នាំឯណោះ ។​

សព្វ​ថ្ងៃនេះ​សាលា​មួយ​ខ្នងនេះ​បាន​បាក់​ទ្រុឌ​ទ្រោម​ខ្លាំង​ណាស់ ព្រះ​អង្គ​ធ្លាប់​បាន​អំពាវនាវ​ឱ្យ​​មានការ​ជួសជុល​ដែរ​រយៈកាលកន្លង​មក ប៉ុន្តែ​ពុំ​ទាន់​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​​ណា​ចុះ​មក​សិក្សា ឬ​ជួសជុល​ឡើយ ។

លោកតា ប៉ា​ល់ សា​រឿង ប្រធាន​គណៈកម្មការ​វត្ត និង​លោកតា ស៊ិ​ន សារី ជា​អាចារ្យវត្ត​ខាងលើនេះ​បាន​មាន​ប្រសា​ស​ន៍​ថា សាលា​ធម្មសភានេះ កាល​​ពី​ដើម​ឡើយ​ជា​កន្លែង​​ជួបជុំ​ពុ​ទ្ធបរិ​ស័ទ ដើម្បី​សូត្រ​ធ​ម៌រៀងរាល់ថ្ងៃ​សី​ល ដែល​ស្រ​ដៀង​គ្នា​នឹង​សាលា​បុណ្យ​ដែរ  លុះ​តំណរក្រោយមក​ទីតាំង​នេះ​ក៏​បាន​ក្លាយជា​វត្តដែល​មាន​ព្រះ​វិហារ និង​កុដិ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព