ការ​គិតគូរ​ទុកដាក់​កូនចៅ​និង​ប្រពៃណី​ចូល​ស្តីដណ្តឹង​កូនក្រមុំ​របស់​ជនជាតិ​ព្នង

ជនជាតិ​ដើម​ភាគតិច​ព្នង​មាន​ប្រពៃណី ទំនៀមទម្លាប់​ក្នុង​ការ​រៀបចំ​ទុកដាក់​កូនចៅ​របស់​ខ្លួន​ឱ្យ​មានគូស្រករ ។ តើ​ប្រពៃណី ទំនៀមទម្លាប់​នេះ​យ៉ាងណា​ខ្លះ កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប ។

១-​គោល​គំនិត​រៀបចំ​ទុកដាក់​កូនចៅ
ឪពុក​ម្តាយ​ជា​អាណាព្យាបាល​តែងតែមាន​ចិត្តគំនិត​រំពឹង​ទុក​ទៅ​អនាគត​ចំពោះ​កូនចៅ​របស់​ខ្លួន មិន​ថា​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង ឬ​ជនជាតិ​ដទៃ​ទៀត​ឡើយ​លើ​ការ​រៀបចំ​ទុកដាក់​ផ្សំផ្គុំ​កូនចៅ​ឱ្យ​មានគូស្រករ ស្វាមីភរិយា វា​ជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្ស​ទូទៅ​គ្រប់​រូប​ចៀស​មិន​ផុត ។ វា​ជា​ប្រពៃណី​ទំនៀមទម្លាប់ ជា​ដំណែល​រាប់​តំណ ត​ៗ​គ្នា​ជា​និច្ចកាល​តែងតែ​ប្រារព្ធ​ធើ្វ ។ ទោះបី​ពិធី​នោះ តូច​ក្តី ធំ​ក្តី អាស្រ័យ​ទៅ​តាម​ធនធាន តាម​កាលៈទេសៈ​ដែល​អាច​ធ្វើ​ទៅ​បាន ។

យ៉ាងណាមិញ មាតាបិតា​តែងតែមាន​ចិត្ត​សន្តោស​ប្រោសប្រណី​ដល់​បុត្រ​ធីតា​ខ្លួន កាលបើ​មានកូន​ធំ​ពេញវ័យ​កំលោះ​ក្រមុំ​ហើយ រមែង​ខ្វល់ខ្វាយ​គិតគូរ​បំពេញ​តួនាទី​ជា​មាតា បិតា​ល្អ​ក្នុង​សង្គម​ជាតិ មាន​បំណង​លើកកម្ពស់​មុខមាត់ កិត្តិយស​ក្រុម​គ្រួសារ កូនចៅ​ខ្លួន​ឱ្យ​បាន​ពេញ​លក្ខណៈ និង​មាន​សិរី​សួស្តី សុភមង្គល​តរៀង​ទៅ​។ ម្យ៉ាងទៀត​ទោះបី​មានកូន​ប្រុស​ក្តី កូនស្រី​ក្តី តែង​មានការ​អប់រំ​ប្រៀនប្រដៅ​ចង់ឱ្យ​បាន​សេចក្តីសុខ​ចម្រើន អាយុ​យឺនយូរ ក្នុង​បំណង​ចៀស​ផុត​ពី​អំពើ​អបាយមុខ​ផង​ទាំងឡាយ​ដែល​មនុស្ស​ផង​ទាំងពួង​ក្នុង​សង្គម​ជាតិ​ស្អប់ខ្ពើម ។

២-​ការ​ជ្រើសរើស​រក​គូស្រករ​ឱ្យ​កូន
ឪពុក​ម្តាយ ឬ​អាណាព្យាបាល​របស់​ជនជាតិ​ដើម​ភាគតិច​ក៏​មានការ​គិតគូរ​ពិចារណា មានការ​អប់រំ​ហាមប្រាម​កូនចៅ​ប្រុស​ស្រី​ខ្លួន មិន​ឱ្យ​ប្រព្រឹត្ត​អំពើ​ណាមួយ​កន្លង​ច្បាប់​ទំនៀមទម្លាប់​របស់​ដូនតា​ឡើយ ។ ការ​ហាមឃាត់​មាន​ដូច​ជា ការ​រំលោភ​បំពាន​កូនក្រមុំ​គេ ការ​ស្រឡាញ់​យក​ដោយ​លួចលាក់​មិន​ឱ្យ​ម៉ែឪ​ដឹង ការ​លួច​ពង្រត់​គ្នា ការ​ស្រឡាញ់​កូនក្រមុំ​គេ​ប៉ះ​ចំ​ពូជ​ចេះ​អាប​ធ្មប់ ចេះ​អំពើ​របៀន ផ្សេង​ៗ​ជាដើម ។

សរុបសេចក្តី​មក ឪពុក​ម្តាយ​ជនជាតិ​ដើម​ភាគតិច​ព្នង​ស្រឡាញ់​កូនចៅ​ខ្លួន​ណាស់ មិន​ចង់ឱ្យ​កូនប្រុស ឬ​ស្រី​ឃ្លាតឆ្ងាយ​ចេញពីផ្ទះ​ពី​ស្រុកភូមិ​ខ្លួន​ទេ ចង់បាន​តែ​យកប្តី​ប្រពន្ធ​ជាប់សែស្រឡាយ​សាច់ឈាម​បងប្អូន​ក្នុងភូមិ​ផង​ជាមួយ​គ្នា ទោះបី​ដឹង​ថា​ត្រូវ​ចំណាយ​អស់​ជ្រូក គោ ក្របី ទ្រព្យធន​យ៉ាងណា​ក៏​ដោយ​ចុះ ពីព្រោះ​ចង់ឱ្យ​កូន​នៅ​ជិត​ឪពុក​ម្តាយ ងាយស្រួល​មើលថែ មិន​ចង់​ឱ្យទៅ​រស់នៅ​ភូមិ ឆ្ងាយ​ៗ​ទេ ។ ម្យ៉ាងវិញទៀត​ការ​រៀបចំ​ឱ្យ​មានគូស្រករ ក៏​ត្រូវ​មើល​ឱ្យ​បាន​ហ្មត់ចត់​អាស្រ័យ​លើ​ការ​ចង្អុលបង្ហាញ ឬ​ការ​មើលឃើញ​ពេញចិត្ត​ពេញ​ថ្លើម​ពី​ឪពុក​ម្តាយ​ផង​ដែរ មិនមែន​តាមតែ​ចិត្ត​កូន​ស្រលាញ់​ទាំងស្រុង​ទេ ។

៣-​ការ​ចូល​ស៊ើបសួរ​កូនក្រមុំ​ជនជាតិ​ដើម​ភាគតិច​ព្នង
បើ​តាម​ការ​និយាយ​ប្រាប់​ពី​ចាស់ទុំ​ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី​ឱ្យ​ដឹង​ថា កាលបើ​ឪពុក​ម្តាយ ឬ​មេបា និង​កូនប្រុស​របស់​ខ្លួន​បានឃើញ​ស្រឡាញ់​ពេញចិត្ត​ទៅ​លើ​នារី​ណា​ម្នាក់​នៅ​ក្នុងភូមិ ឬ​ក៏​នៅ​ភូមិ​ជិតខាង​ដទៃ​ទៀត ឪពុក​ម្តាយ ឬ​មេបា​ខាង​ប្រុស​នោះ​ត្រូវ​ជំនុំ​គ្នា​ជាមួយ​សាច់ញាតិ​ជា​មុន​ឱ្យ​បាន​ដឹងផង ហើយ​ត្រូវ​រក​អ្នកផ្លូវ (​មេអណ្តើក​) ជា​ញាតិ​ក្នុងភូមិ​ម្នាក់ ឬ​ពីរ​នាក់​ដែល​ពូកែ​វោហារ​ខាង​ពាក្យ​សម្តី​ចូល​ទៅ​ស៊ើបសួរ​ដល់​ផ្ទះ​កូនក្រមុំ អាច​សុំ​ជួប​សួរនាំ​ពីរ​មេបា​ខាង​ស្រី​ផ្ទាល់ ឬ​ក៏​ចូល​ទៅ​ជួប​ជាមួយ​ចាស់ទុំ​ញាតិសន្តាន​ជិតខាង​ផ្ទះ​កូនស្រី ដើម្បី​សួរនាំ​ព័ត៌មាន ខ្លះ​ៗ​ពី​ប្រ​វ​តិ្ត ពូជ​អម្បូរ ចរិយា​មារយាទ ញាតិ​ផៅ​ខាង​ស្រី ពិសេស​ចង់​ដឹង​ថា តើ​នាង​នៅ​ទំនេរ​ដែរ​ឬទេ ? តើ​កូនស្រី​រូប​នេះ​មាន​ពាក់ព័ន្ធ​នឹង​កំលោះ​ណា​ដែរ ឬទេ ? បើ​អ្នកផ្លូវ ឬ​មេអណ្តើក​នោះ​ស៊ើបសួរ​ដឹង​រឿងហេតុ​ពី​កូនស្រី​ហើយ ត្រូវ​នាំពាក្យ​សម្តី​ទាំងនេះ​ទៅ​ប្រាប់​លោក​មេបា​ខាង​ប្រុស​វិញ​ឱ្យ​ដឹង​ច្បាស់លាស់​ដើម្បី​ងាយស្រួល​ត្រៀមលក្ខណៈ​ចូល​ស្តីដណ្តឹង​តាម​ប្រពៃណី ។

ចំណែក​មេបា​ខាង​ប្រុស កាលបើ​រាយការណ៍​ជូន​ជា​ដំណឹង​ហើយ​ត្រូវ​ជូនសគុណ​លើក​ស្រា មួយ​ពាង មាន់​១​ក្បាល ជូន​ដល់​អ្នកផ្លូវ​ដែល​បាន​ទៅ​ស៊ើប​ព័ត៌មាន​ឱ្យ ។

៤-​ការ​ត្រៀមលក្ខណៈ និង​សម្ភារ​ចូល​ស្តីដណ្តឹង
ទម្លាប់​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​មិន​មាន​អាចារ្យ​ដេញ​ពេលា​រើស​ថ្ងៃ ខែ ឆ្នាំ​ល្អ ឬ​អាក្រក់​អ្វី​ឡើយ អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត​ទាំង​សងខាង ។ កាលបើ​បានដឹង​ថា​កូនស្រី​ភាគី​របស់​ខ្លួន​យល់ព្រម​ហើយ មេបា​ខាង​កូនប្រុស​ត្រូវ​គិតគូរ​រក​ឱកាស​ទៅ​ពឹងពាក់​រក​មេកន្ទ្រាញ​ជា​អ្នក​ចាស់ទុំ​ទទួលខុសត្រូវ​ភូមិ ព្រមទាំង​អ្នកផ្លូវ និង​សាច់ញាតិ​ចាប់ពី​៤​ទៅ​៥​នាក់​ឡើង​ទៅ​ដើម្បី​ជួយ​លើក​ភស្តុ​ភារ​ចូល​ស្តីដណ្តឹង​កូនក្រមុំ​គេ​មក​ជា​គូ​នឹង​កូនប្រុស​ខ្លួន ។

ការ​ចូល​ទៅ​ស្តីដណ្តឹង​ត្រូវ​មាន​សម្ភារ​ភស្តុ​ភារ​ទៅ​ជាមួយ​ដូច​ជា អង្ករ​១​ចាប ទៀន​ក្រមួន​១​គូ អង្កាំ​១​ខ្សែ សំពត់​អាវ​១​សម្រាប់ កូន​ពាង​ស្រា​ទទេ​១ ចាន​បាយ​ចំនួន​៤ ចានចង្កឹះ​ចំនួន​៣០ ស្រា​ពាង​ចំនួន​១​ពាង ជ្រូក​រស់​១​ក្បាល មាន់​១​ក្បាល និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ទៀត​ជា​ជំនូន​តាម​លទ្ធភាព ៕