សុជីវធម៌​នៃ​ការ​បរិភោគ​អាហារ​របស់​ជនជាតិ​ខ្មែរ

របៀប​បរិភោគ​អាហារ​មិន​សម្រាប់​តែ​គ្រហ​ស្ដ​ទេ ទាំង​ព្រះសង្ឃ​ក៏​គប្បី​ប្រើ​ឫកពា​ឲ្យ​ស្រគត់ស្រគំ​សមរម្យ​ផង​ដែរ ។ សុជីវធម៌​ចំនួន​២៤​ចំណុច ដែល​លោក អ្នក​នាង កញ្ញា​គួរតែ​យល់​ដឹង​យក​មក​អនុវត្ត ដោយ​ដកស្រង់​ចេញពី​សៀវភៅ​ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ​របស់​ឧកញ៉ា​មហាមន្ត្រី​ញឹក នូវ ។

១-​ដៃ​ដែល​កាន់​ស្លាបព្រា​ត្រូវ​កាន់​ផ្ងារ​បាតដៃ​ទំនង​ដូច​កាន់​ដង​ប៉ាកកា មិន​ផ្កាប់ ឬ​ក្តាប់ដៃ​ទេ ។
២-​កិរិយា​ដួស​ចាប់​ម្ហូប​មក​ដាក់​ក្នុង​មាត់ ពុំ​ដួស​ឲ្យ​ទាល់តែ​ពេញ​ស្លាបព្រា ទាល់តែ​ហូរហៀរ​ស្រក់​សស្រាក់​ប្រឡាក់​កម្រាលតុ​ឡើយ ។
៣-​មុន​ដាក់​ម្ហូបចំណី​ក្នុង​មាត់​ពុំ​ហាមាត់​ឲ្យ​ធំ​ពេក​ទេ គេ​ពុំ​លៀន​អណ្តាត​ទទួល​អាហារ​ទេ គេ​ពុំ​ងើប​ក្បាល ហើយ​បាន​ហាមាត់​ទទួល​អាហារ​ទេ គឺ​កុំ​ឱន​ពេក កុំ​ងើប​ពេក ធ្មេញ​សោត​ទៀត​ក៏​មិន​ត្រូវ​ឲ្យ​ប៉ះ​នឹង​ស្លាបព្រា​ទាល់តែ​ឮ​សូរ​ឡើយ ។

៤-​អាហារ​គឺ​បាយ និង​ម្ហូប​ដែល​រាប់​ថា​មួយ​មាត់​នោះ​ពុំ​មែន​ញាត់​ឲ្យ​ទាល់តែ​ពេញមាត់​ប៉ោង​ថ្ពាល់​ទាំង​សងខាង​ឡើយ ។
៥-​ពុំ​ទាន់​ទំពា​លេប​អស់​មួយ​មា​៉​ត់​គេ​ពុំ​ត្រូវ​ដាក់​ថែម​ទៀត​ទេ ។
៦-​ដៃ​ទាំង​ពីរ​ដែល​លើកដាក់​ចុះឡើង គេ​បង្រួម​កែងដៃ​ឲ្យ​នៅ​តាម​ទំហំ​ខ្លួន ពុំ​ឲ្យ​ច្រងេងច្រងាង​កួយដៃ ទើស​នឹង​ដៃ​អ្នក​អង្គុយ​ជិតខាង​ទេ ។
៧-​អាហារ​ដល់​មាត់​ហើយ គេ​មិន​ស្រូប​អាហារ​ឲ្យ​ឮ គ្រូក​ៗ​ទេ គេ​មិន​ទំពា​ឲ្យ​ឮ​ទេ​។
៨-​បាយ​ដែល​ចូក​នឹង​ស្លាបព្រា គេ​ចូក​ឲ្យ​ល្មម​ឲ្យ​មូលត្រកូល​ក្នុង​ស្លាបព្រា កុំ​ឲ្យ​លើក​ឡើង​ដាក់​ក្នុង​មាត់​ហើយ​ជ្រុះ​ពី​មាត់​មក​ក្នុង​ចាន​វិញ ។
៩-​គេ​មិន​យក​ម្ហូប​ណាមួយ​មុខ​ដែល​ត្រូវមាត់​ខ្លួន​មក​ប្រឡាក់​បាយ​ដូច​ញាំ ឬ​ស្រូប​បាយ​ដោយ​ទឹក​សម្ល​ណាមួយ​មុខ​ឡើយ ។
១០-​គេ​មិន​ចាប់​រំលែក​ម្ហូប​ណាមួយ​មុខ​ឲ្យ​បាន​ច្រើន​មក​ដាក់​ក្នុង​ចាន​បាយ​ខ្លួន​ទេ ។
១១-​គេ​មិន​បរិភោគ​តែ​ម្ហូប​ណាមួយ​មុខ​ដែល​ខ្លួន​ត្រូវមាត់ ឬ​ដែល​ឆ្ងាញ់​ជាងគេ​នោះ​ទេ ។
១២-​គេ​មិន​បរិភោគ​រឡិបរឡប់​ញាប់ដៃ​គ្មាន​បង្អង់ ឲ្យ​តែ​បាន​ឆ្អែត​មុនគេ​នោះ​ទេ ។
១៣-​គេ​តែងតែ​មើល​នាយ​មើល​អាយ កុំ​យឺត​ពេក កុំ​ញាប់​ពេក បើ​នឹង​ឈប់​ក៏​ត្រូវ​ឈប់​បន្ត​ៗ​គ្នា ឬ​ស្មើគ្នា​ក្នុង​វង់​ជាមួយ​គ្នា​។
១៤-​គេ​មិន​ដែល​ទារ​ថែម​តែ​ម្ហូប​ណា​ដែល​ឆ្ងាញ់​នោះ​ទេ ។ គេ​ត្រូវ​រអែង​អធ្យាស្រ័យ​ដល់​អ្នក​ម្ចាស់ផ្ទះ ក្រែង​ខ្វះខាត​ផង ។
១៥-​គេ​ពុំដែល​ទារ​រក​របស់​ដែល​ខុស​ទំនង​នោះ​ឡើយ ឬ​របស់​ដែល​គេ​ពុំ​ដាក់​ឲ្យ ។ បើប្រសិន​ជា​សាប​ប្រៃ​យ៉ាងណា​គេ​ស៊ូទ្រាំ​នៅ​ស្ងៀម​។
១៦-​គេ​មិន​ដែល​ចោល​ឆ្អឹង​ត្រី ឬ​ឆ្អឹង​អ្វី​លើ​តុ​បាយ​សោះ​ទេ គេ​ចោល​តែ​ក្នុង​កន្ថោ ឬ​ទុក​ក្នុង​ចាន​បាយ​របស់​ខ្លួន​នៅ​មាត់​ចាន ឬ​នៅ​ជ្រុង​ចាន​។
១៧-​គេ​មិន​ឲ្យ​ទង្គិច​សម ស្លាបព្រា​នឹង​ចាន​បាយ ឬ​ចាន​សម្ល​ឲ្យ​ឮ​ខ្លាំង​ទេ​។
១៨-​គេ​មិន​ដែល​ទុក​ម្ហូប​ដែល​មានឱជារស​ឆ្ងាញ់​នោះ​នៅ​តែ​នា​មុខ​ខ្លួន​ទេ ត្រូវ​ផ្លាស់​ប្តូរ​កន្លែង​ម្ហូប​ខ្លះ​ដើម្បី​ជា​ការ​គួរសម​ដល់​លោក​អ្នក​ដែល​លូក​មិន​ដល់ ឬ​ដែល​ពិបាក​នឹង​ឈោង​ឲ្យ​ដល់​។

១៩-​កាលណា​គេ​លែងបរិភោគ​ចំអាប គេ​មិន​ដែល​បរិភោគ​បង្អែម​មុន​គេឯង​តែ​ម្នាក់ឯង​ទេ គេ​រមែង​បង្អង់​ចាំ​ឲ្យ​ហើយ​គ្រប់​គ្នា ទើប​គេ​បរិភោគ​ឲ្យ​ស្មើគ្នា ។
២០-​កាលបើ​បរិភោគ​ហើយ​មាន​សាច់ ឬអ្វី​មួយ​ចូល​សៀតស៊ក​នៅ​ចន្លោះ​ធ្មេញ គេ​នឹង​ចាក់​យក​ចេញ​លុះត្រាតែ​ឈឺ​ទ្រាំ​ពុំ​បាន ។ បើ​ទ្រាំ​បាន​គួរតែ​កុំ​អាល​ចាក់ បើ​មាន​ភ្ញៀវ​តុ​ជាមួយ​គេ​មិន​ទាន់​លែង​កុំ​ឲ្យ​មានការ​ខ្ពើមរអើម​ដល់​គេ ដែល​កំពុង​បរិភោគ ។ កិរិយា​ចាក់​ធ្មេញ​នេះ​ត្រូវ​គេ​យកដៃ​ម្ខាង​ខ្ទប់មាត់ ឬ​បាំង​មាត់​កុំ​ឲ្យ​អ្នក​ដទៃ​ឃើញ​ធ្មេញ​ក្នុង​មាត់ និង​មាត់​ដែល​ហា​ឡើង​នោះ​មិន​ជាទី​ទស្សនាការ​ដល់​ភ្នែក​អ្នក​ទាំងពួង ។

២១-​កាលបើ​លែង​បរិ​ភោ​ក​ហើយ ត្រូវ​ប្រមូល​សម និង​ស្លាបព្រា​ដាក់​ផ្ងារ​ទន្ទឹម​គ្នា​នៅ​កណ្តាល​ចាន​បាយ ។ យ៉ាងនេះ​អ្នកបម្រើ​នឹង​ដឹង​ថា​យើង​ឈប់​ហើយ ។
២២-​ឈប់​បរិភោគ​ហើយ​គេ​មិន​ដែល​លាងដៃ​ក្នុង​ចាន​ឡើយ គេ​មិន​ដែល​លាង​មាត់ ឬ​ខ្ពុរមាត់​នៅ​កន្លែង​នោះ​ឡើយ ។ គេ​មិន​ដែល​ខ្វល់​នឹង​ចាក់ទឹក​លាង​គ្រលែង​ចាន​បាយឡើយ​។

២៣-​កាលបើ​បរិភោគ​លែង​មុនគេ​កុំ​អាល​ប្រញាប់​ជក់បារី​បង្ហុយផ្សែង​ដាក់​គេ ដែល​កំពុង​បរិភោគ​មិន​ទាន់​រួច​នោះ ។
២៤-​ពេល​កំពុង​បរិភោគ​មិន​ត្រូវ​ខាកស្តោះ​ឡើយ ។ បើ​កណ្តាស ឬ​ក្អក​ទប់​មិន​បាន ក៏​ត្រូវ​ងាក​មុខ​ចេញពី​តុ ឬ​យក​កូនកន្សែង​ខ្ទប់មាត់​កុំ​ព្រួស​បាយ ឬ​ទឹកមាត់​ចូល​ស្ពក​បាយឡើយ​។

ទាំងនេះ​គឺជា​វិធី​ក៏​ដូច​ជា​សុជីវធម៌​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​ដ៏​សមរម្យ​ដែល​លោក អ្នក​នាង កញ្ញា​គួរតែ​អ​វ​នុ​ត្ត​ជា​ប្រចាំ ៕