ពុម្ព​​គំរូ​ព្រះពុទ្ធ​​បដិមា​សម្រាប់​​អនុវត្ត​តាម​នៅ​ទូ​ទាំង​​ប្រទេស​​កម្ពុជា

រាជ​ធានី​ភ្នំ​ពេញ ៖ កន្លង​មកការ​ផលិត​ព្រះពុទ្ធ​បដិមា ខ្លះ​ល្អៀង​ទៅ​តាម​រចនាបថ ថៃ ខ្លះ​ល្អៀង​ទៅ​តាម​ការ​យល់​ឃើញ​របស់​បុគ្គល និង​ខ្លះ​ពុំ​បាន​ត្រឹមត្រូវ​តាម​រចនាបថ​ខ្មែរ ព្រោះតែ​ការ​យល់​ដឹង​មិន​ស៊ីជម្រៅ ។ ដោយសារ​បែប​នេះ​ហើយ ទើប​មានការ​ចងក្រង «​សៀវភៅ​ទម្រង់​ពុម្ព​គំរូ​ព្រះពុទ្ធ​បដិមា​នៅ​កម្ពុជា​» សម្រាប់​ជា​គោល​នៅ​ទូ​ទាំង​ប្រទេស ។ សៀវភៅ​នេះ​ទទួល​បានការ​គាំទ្រ និង​កោតសរសើរ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​ហ៊ុន សែន តាង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​កោតសរសើរ​ចំពោះ​ស្មារតី​យកចិត្តទុកដាក់​លើ​ការ​ខិតខំ​ស្រាវជ្រាវ​យា​៉​ង​សម្រិតសម្រាំង​អំពី​ក្រឹត្យក្រម​ខ្នាត​ព្រះ​បដិមា​ខ្មែរ ដោយ​ចងក្រង​ស្នាដៃ​ចេញ​ជា «​សៀវភៅ​ទម្រង់​ពុម្ព​គំរូ​ព្រះពុទ្ធ​បដិមា​នៅ​កម្ពុជា​» ។ សៀវភៅ​នេះ​សម្រាប់​តម្កល់​ជា​គំរូ​ប្រើប្រាស់​ដែល​មាន​លក្ខណៈ​សុក្រឹតភាព ងាយ​ថែរក្សា មាន​ខ្លឹមសារ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ជាតិខ្មែរ​ឱ្យ​មាន​ភាព​រុងរឿង ក្នុង​ដំណាក់​កាល​នៃ​សាកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច វប្បធម៌ និង​សាសនា ព្រមទាំង​សុខដុមរមនា​ក្នុង​សង្គម​ជាតិ​យើង ។

ស្នាដៃ​ដ៏​ត្រចះត្រចង់​នេះ កើត​ចេញពី​ការ​រួម​វិភាគទាន​ទាំង​បញ្ញា និង​ស្មារតី​ពី​សម្តេច​ព្រះសង្ឃ​ទាំង​ពីរ​គណៈ ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​សហការី​អ្នកជំនាញ​ទាំងឡាយ​ដែល​បាន​សិក្សា​ស្រាវជ្រាវ រៀបរៀង​ចងក្រង​ខ្នាត​គំរូ​នៃ​ព្រះពុទ្ធ​បដិមា​ព្រះ​អង្គ​គោក​ធ្លក (​ប្រាសាទបាយ័ន សតវត្ស​ទី​១៣) និង​ព្រះ​បដិមា​អង្គរតូច រួម​ទាំង​លក្ខណៈ​នៃ​សភាវៈ​ព្រះពុទ្ធ​អង្គ​ដែល​មាន​ក្នុង​ព្រះ​ត្រៃ​បិដក​ជា​គោល​ផង​ដែរ ។

ទន្ទឹម​នឹង​ការ​សិក្សា​ស្រាវជ្រាវ​របស់​គណៈ
ក​ម្មា​ធិ​ការ​សិក្សា​ស្រាវជ្រាវ កិច្ចប្រជុំ​វាយតម្លៃ និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​ច្រើន​លើក​កន្លង​មក កម្រង «​សៀវភៅ​ទម្រង់​ពុម្ព​គំរូ​ព្រះពុទ្ធ​បដិមា​នៅ​កម្ពុជា​» ក៏​បាន​ថ្វាយ​ការ​ពិនិត្យ និង​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​អបអរសាទរ​យា​៉​ង​ក្លៀវក្លា​ក្នុង​ព្រះធម៌ ចំពោះ​ស្នាដៃ​ដ៏​ត្រចះត្រចង់​ពី​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព វង្ស សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ សម្តេចព្រះ​ពោធិ​វង្ស អំ លឹ​ម​ហេង និង​សម្តេចព្រះ​វនរ័ត ណ​យ ច្រឹ​ក រួម​ជាមួយនឹង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ជា​ច្រើន​អង្គ​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន យល់​ថា គឺ​ពិតជា​ធ្វើ​ឱ្យ​ស្នាដៃ​ចងក្រង​នោះ​កាន់តែ​មាន​ខ្លឹមសារ​ក្នុង​ព្រះធម៌ និង​ភាព​សុក្រឹត​សម្រាប់​ជា​ប្រយោជន៍​រួម​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ខ្មែរ និយាយ​ដោយឡែក និង​សម្រាប់​មហា​ពុទ្ធបរិស័ទ​កម្ពុជា​យើង​ទាំងមូល និយាយ​ជា​រួម ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ជំនឿ​ថា កម្រង​នៃ «​សៀវភៅ​ទម្រង់​ពុម្ព​គំរូ​ព្រះពុទ្ធ​បដិមា​នៅ​កម្ពុជា​» នឹង​ក្លាយទៅជា​ឯកសារ​គោល សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ត និង​ប្រើប្រាស់​ឱ្យ​មាន​លក្ខណៈ​ឯកភាព​តាម​ក្បួនខ្នាត បាត ត្រា ដែល​បុរាណ​បាន​ចារ​ទុក​ក្នុង​ទម្រង់​វប្បធម៌​ព្រះពុទ្ធ​សាសនា​ខ្មែរ​យើង ។

ទន្ទឹម​នឹង​សមិទ្ធផល​នានា​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា សម្តេច​ហ៊ុន សែន ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​គណៈសង្ឃ​ទាំង​ពីរ​គណៈ និង​ក្រសួង​ធម្មការ និង​សាសនា រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​ខិតខំ​ចង​ក្រង​​នូវ​ឯកសារ​ព្រះពុទ្ធ​សាសនា សំខាន់​ៗ ផ្សេង​ៗ​ទៀត​ឱ្យ​បាន​ច្រើន ដើម្បី​បោះពុម្ព​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យ​បាន​ទូលំទូលាយ​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​យើង ។ «​សៀវ​ភៅ​ទម្រង់​ពុម្ព​គំរូ​ព្រះពុទ្ធ​បដិមា​នៅ​កម្ពុជា​» សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់ទុកជា​កម្រង​ឯកសារ ឬ​គោល​នៃ​ព្រះពុទ្ធ​សាសនា ក្នុង​បរិការណ៍​នៃ​ចរន្ត​សាកល​ភាវូបនីយកម្ម ៕