មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ប៉ៃលិន​កំពុង​ស្រាវជ្រាវ​ប្រ​វិត្ត​ជនជាតិ​កូ​ឡា​បន្ថែម​ទៀត

ខេត្ត​ប៉ៃលិន ៖ មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្ត​ប៉ៃលិន កំពុង​សិក្សា​ស្រាវជ្រាវ​រាវរក​ឯកសារ ចាស់​ៗ​បន្ថែម​ទៀត ទាក់ទិន​នឹង​ប្រវត្តិ​ជនជាតិ​កូ​ឡា (​ភូមា​) ដែល​បាន​មក​តាំង​លំនៅ​ក្នុង​ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ប្រកប​មុខរបរ​ជីករែង​យក​ត្បូង​ដ៏​មាន​តម្លៃ លុះ​ស្រុក​ខ្មែរ​មាន​សង្គ្រាម​ក៏​នាំ់​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ តែ​មួយ​ចំនួន​ទៀត​រស់នៅ​ប្រទេស​ជិតខាង  ។ 

របាំ​ក្ងោក​ប៉ៃលិន​ជា​មរតក​របស់​ជនជាតិ​កូ​ឡា ហើយ​ក្លាយជា​របាំ​ប្រពៃណី​របស់​កម្ពុជា​ដ៏​ល្បី ។ របាំ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​រស់​រវើក ក្នុង​បរិយាកាស​រីករាយ​ពេល​សម្តែង ម្តង​ៗ ។

បើ​តាម​ការ​រៀបរាប់​ពី​លោក​ម៉ឹង សុខ​កុមារ ប្រធាន​ការិយាល័យ​អភិវឌ្ឍ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា មន្ទីរ​របស់​លោក​បាន និង​កំពុង​សិក្សា​ស្រាវជ្រាវ​ប្រ​វ​តិ្ត ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​ចងក្រង​ជា​ឯកសារ​ទុកជា​មរតក​វប្បធម៌​សម្រាប់​ខេត្ត​ប៉ៃលិន ដូច​ជា ស្រាវជ្រាវ​ពី​ប្រ​វ​តិ្ត​លោកយាយ​យ៉ា​ត ប្រ​វ​តិ្ត​វត្ត​រតន​សោភ័ណ ប្រវត្តិ​តួអង្គ​ចៅ​ចិត្រ និង​ឃុន​នារី ក្នុង​រឿង​កុលាប​ប៉ៃលិន ជា​ពិសេស​ប្រវត្តិ​ជនជាតិ​កូ​ឡា (​ជនជាតិ​ភូមា​) ដែល​បាន​មក​តាំង​លំនៅ​រស់នៅ​ក្នុង​តំបន់​ប៉ៃលិន​រាប់​សតវត្ស ដើម្បី​ជីករែង​ត្បូង ។ នៅ​សម័យ​ប៉ុ​ល ពត ជនជាតិ​កូ​ឡា​មួយ​ចំនួន​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ មួយ​ចំនួន​ទៀត​និរទេស​ទៅ​ប្រទេស​ថៃ ឡាវ វៀតណាម​ជាដើម ហើយ​ក៏​មាន​ខ្លះ​សេសសល់​ក្នុង​ខេត្ត​ប៉ៃលិន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ផង​ដែរ ។

លោក​ម៉ឹង សុខ​កុមារ បញ្ជាក់​ថា ដោយសារ​ការិយាល័យ​មួយ​ចំនួន​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ទើប​សាងសង់​ថ្មី​ដូច្នេះ​ហើយ​ទើប​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​រក​ប្រវត្តិ​វប្បធម៌​ចាស់​ៗ តែ​មិន​ថ្វី​ទេ​លោក និង​មន្ត្រី​ក្រោម​ឱវាទ​នឹង​បន្ត​ធ្វើ​ការងារ​នេះ​ថែម​ទៀត​សម្រាប់​ចងក្រង​ឯកសារ​ទាំងនោះ​ទុក​ឱ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ បានដឹង ។

លោក​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ថ្លែង​ថា   «​យើង​ជា​ខ្មែរ​ត្រូវ​នាំ​គ្នា​ថែរក្សា​ទំនៀមទម្លាប់​វប្បធម៌ ចាស់​ៗ ដែល​ល្អ​ដូច​ជា របៀប​ជម្រាបសួរ  របៀង​ថ្វាយបង្គំ និង​របៀប​ដើរហើរ ផ្សេង​ៗ ដែល​ខ្មែរ​យើង​មាន​តាំងពី​ដើម​រៀង​មក​នោះ ។ បុព្វបុរស​ខ្មែរ​យើង​មាន​កិត្តិ​ស័ព្ទ​ល្បី​រន្ទឺ ធ្វើ​ឱ្យ​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន នៅ​ជុំវិញ​យើង​យកតម្រាប់​តាម ព្រោះ​ពូជ​យើង​សុភាព​រាបសា រួសរាយ រាក់ទាក់ ជា​ជាតិ​សាសន៍​ស្លូតបូត ក្លាហាន ថែម​ទាំង​ឆ្លៀវឆ្លាត​ផង​ដែរ » ៕