ពិធីបុណ្យ​ចំបើង​និង​ស្រូវ​ក្នុង​គម្រោង​ស្រូវ​ជីវិត​និង​វប្បធម៌

ខេត្តបន្ទាយមានជ័យ ៖ ពិធីបុណ្យ​ចំបើង​អន្តរជាតិ បាន​រៀបចំ​នៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ដោយ​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ កូ​ត្រា​(KOTRA) ក្រោម​ការ​គាំទ្រ​ពី​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត រដ្ឋបាល​ស្រុក​ព្រះនេត្រព្រះ និង​ឃុំ​ភ្នំ​លៀប ។

ពិធីបុណ្យ​ចំបើង និង​បុណ្យ​ស្រូវ​ក្នុង​គម្រោង​ស្រូវ​ជីវិត និង​វប្បធម៌​បាន​បើក​សម្ពោធ​ឱ្យ​មហាជន​ចូល​ទស្សនា​កម្សាន្ត​រយៈពេល​៣​ថ្ងៃ​។  ពិធី​សម្ពោធ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក​គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​អ៊ុ​ង អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ច​ន មី​ហូ នាយក​ទីភ្នាក់ងារ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ កូ​ត្រា ។

លោក​ច​ន មី​ហូ បាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ចំបើង​ដោយ​យក​ចំបើង​ធ្វើ​ជា​ផ្ទះ សួន​ដាំ​ផ្កា និង​បន្លែ​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គោលបំណង​រៀបចំ​បុណ្យ​នេះ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​ប្រជា​កសិករ​នៅ​ខេត្តបន្ទាយមានជ័យ​និយាយ​ដោយឡែក និង​និយាយ​ជា​រួម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា  ព្រមទាំង​អ្នកទេសចរ​ពី​ទូ​ទាំង​ពិភពលោក ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​ខេត្តសៀមរាប បាន​យល់​ដឹង​ពីសារ​សំខាន់​នៃ​ចំបើង ។

លោក​ច​ន មី​ហូ បញ្ជាក់​ថា តាម​គម្រោង​ចំបើង​សម្រាប់​ប្រើ​ចំនួន​២៧​តោន តែ​រកបាន​តែ​១០​តោន​ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​១​គីឡូក្រាម​តម្លៃ​៣០០​រៀល ដើម្បី​យក​ទៅ​រៀបចំ​ធ្វើ​ជា​រូប​សិល្បៈ ផ្សេង​ៗ​មាន​ដូច​ជា ផ្លូវ​វង្វេង​សម្រាប់​កូន​ក្មេង ប្រវែង​៥០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ និង​ផ្លូវ​វង្វេង​សម្រាប់​មនុស្ស​ធំ​ប្រវែង​១០០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ប្រព័ន្ធ​ទឹក​ប្រឡាយ ទំនប់​ការពារ និង​ផ្ទះ​ជាដើម ។

លោក​គោ​ស៊ុំ សា​រឿ​ត ឱ្យ​ដឹង​ថា ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​សម្រាប់​យក​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​ជួយ​បង្ការ​គ្រោះ​ទឹកជំនន់​។  លើស​ពី​នេះ​ជួយ​ផ្សព្វផ្សាយ​ទាក់ទាញ​អ្នកទេសចរ​ឱ្យមក​ទស្សនា​កម្ពុជា​ក៏​ដូច​ជា​ខេត្តបន្ទាយមានជ័យ​តាម​រយៈ​ការ​បង្ហាញ​ពី​វិស័យ​កសិកម្ម​ដែល​មាន​ប្រជា​កសិករ​ប្រមាណ​៨០%​។ ម្យ៉ាងវិញទៀត​ខេត្តបន្ទាយមានជ័យ មាន​សក្តានុពល​ភាព សំខាន់​ៗ៤ គឺ​វិស័យ​កសិកម្ម  ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន​ផលិតផល​ជា​ច្រើន​ឆ្លងកាត់​ព្រំដែន ។

លោក​អភិបាលខេត្ត​លើក​ឡើង​ថា ចំបើង​ជា​ចំណី​សត្វពាហនៈ​គោ ក្របី ព្រមទាំង​មានគុណ​ប្រយោជន៍​ជា​ច្រើន​ទៀត​ដូច​ជា​សម្រាប់​បណ្តុះ​ផ្សិត ធ្វើ​ជី ហើយ​ចំបើង​ក៏​អាច​កែ​ច្នៃ​ធ្វើ​ជា​ផ្ទះ​បាន ជាក់ស្តែង​ដាក់​តាំងនៅ​ក្នុង​ពិធីបុណ្យ​នេះ ៕