ផលិតផល​ប្រើប្រាស់​មាន​ពណ៌​ក្រហម​កំពុង​ពេញ​និយម ព្រោះ​ជា​ពណ៌​ផ្តល់​សិរី​មង្គល​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន

ក្នុងអំឡុងពេល​មុន​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ពលរដ្ឋ​ដែល​ជាប់សែស្រឡាយ​ចិន និង​ពលរដ្ឋ​ចិន​កំពុង​ត្រៀម​ជ្រើសរើស​វត្ថុ​អនុស្សាវរីយ៍​សំខាន់ ផ្សេង​ៗ​ស្រប​តាម​ជំនឿ​ដាក់​ជាប់​ខ្លួន​ដើម្បី​ផ្តល់​សិរី​សួស្តី ពិសេស​លើ​វត្ថុ​ដែល​មាន​ពណ៌​ក្រហម ព្រោះ​តាម​ជំនឿ​របស់​ជនជាតិ​ចិន​គឺជា​ពណ៌​មាន​សុភមង្គល នាំ​មក​នូវ​សំណាងល្អ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ សម​តាម​បំណង និង​បណ្តេញ​បិសាច ភាព​ឧបទ្រពចង្រៃ​ចេញពី​ខ្លួន​ជួប​តែ​សំណាងល្អ​នៅ​ក្នុង​ឆ្នាំ​ថ្មី ។

សម្រាប់​ផលិតផល​ប្រើប្រាស់​ប្រចាំ​កាយ​ប្រភេទ​កាបូបស្ពាយ​យក​ជាប់​តាម​ខ្លួន ជា​ផលិតផល​ធ្វើ​ពី​ស្បែក​បាន​តុបតែង​លម្អ​ដោយ​ពណ៌​ក្រហម​ជា​ប្រភេទ​ពណ៌​នៃ​សិរី​មង្គល ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​សែស្រឡាយ​ចិន​កំពុង​នាំ​គ្នា​ត្រៀម​ទុក​ធ្វើ​ជា​រង្វាន់​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ ។
លើស​ពី​នេះ​ក៏​មាន​ផលិតផល​ប្រើប្រាស់​ជា​ច្រើន​យ៉ាង​ទៀត​បាន​រំលេច​ដោយ​ពណ៌​ក្រហម​កំពុង​ទទួល​ការ​ពេញ​និយម​ពី​ពលរដ្ឋ រួម​មាន​ខ្សែក្រវាត់ កាបូប​ដាក់​ប្រាក់​ពណ៌​ក្រហម ដោយ​ពណ៌​ទាំងនេះ​នឹង​ផ្តល់​លាភ​សំណាង​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ ។ មាន​ន័យ​ថា ពណ៌​ក្រហម គឺជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម និង​ផ្តល់​សិរី​មង្គល​ដល់​អ្នក​ប្រើប្រាស់ រួម​ទាំង​ជួយ​ផ្តល់​ថាមពល​ជា​ធាតុទឹក  ភ្លើង និង​ខ្យល់​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ៕