ជំនឿ​ជនជាតិ​ចិន​លើ​ដើម​អំពៅ និង​ជើងធូប​ពី​រោង​អ្នកតា

សហគមន៍​ជនជាតិ​ចិន​កាត់​ខ្មែរ បាន​ចាប់ផ្តើម​រវល់​វីវក់​នៅ​ក្នុង​ឱកាស​ត្រៀម​រៀបចំ​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩-២០-២១ កុម្ភៈ ឆ្នាំ​២០១៥ ។ ទិវា​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំមមែ ឬ​ឆ្នាំ​ពពែ ជា​ពិធី​អស្ចារ្យ​មួយ​សម្រាប់​គ្រួសារ នីមួយ​ៗ ព្រោះ​គេ​ជឿជាក់​ថា ពពែ​ជា​និមិត្តរូប​នៃ​ការ​នាំ​មក​នូវ​លោភ​សំណាង និង​ភាព​ថ្កុំថ្កើង​ជាង​សត្វ​ទាំង​១១​ផ្សេង​ទៀត និង​ជំរុញ​ឱ្យ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដ៏​ស្កុ​ក​ស្តម្ភ ។

ប្រពៃណី​ទំនៀមទម្លាប់ រួម​ទាំង​ការ​ឈប់​សម្រាក​នា​អំ​ទ្បុ​ង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ ជនជាតិ​ខ្មែរ​សែ​ស្រ​ទ្បា​យ​ចិន និយម​ទៅ​ប្រារព្ធ​ពិធី​នៅ​វិហារ​ចិន ឬ​ហៅ​ថា រោង​អ្នកតា​ចិន ដើម្បី​បួងសួង​បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រុងចម្រើន និង​សំណាងល្អ​រកស៊ី​មានបាន ពី​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​ចូល​មក​ដល់ ។ បន្ទាប់​មក​ពួក​គេ​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ដើម​អំពៅ និង​ធូប​កំពុង​ឆេះ គ្រប់​ៗ​គ្នា ។

តាម​ជំនឿ​ទៅ​លើ​ជើងធូប និង​ដើម​អំពៅ​បាន​និទាន​ថា «​កាលពីព្រេងនាយ​មានគ្រួសារ​មួយ បាន​ប្រារព្ធ​ពិធីសែនព្រេន​បុណ្យចូលឆ្នាំ​ថ្មី នៅ​រោង​អ្នកតា​មួយ ។ លុះ​ចប់​ពិធី​២​នាក់​ប្តី​ប្រពន្ធ​នោះ ក៏​វិល​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ដោយ​កាន់​ដើម​អំពៅ​មួយ​ដើម សម្រាប់​ទុក​ផ្ញើ កូន​ៗ​ដែល​ចាំផ្ទះ ។ ពេល​ទៅ​ជិត​ដល់​ផ្ទះ បានឃើញ​ផ្ទះ​របស់​ខ្លួន​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។ បុរស​ជា​ប្តី​ភ័យ​ស្លន់ស្លោ​ជា​ខ្លាំង ព្រោះ​គាត់​ពុំ​មាន​អ្វី​សម្រាប់​យក​ទៅ​ពន្លត់ភ្លើង​ទេ ខណៈនោះ​គាត់​ក៏​លើកយក​ដើម​អំពៅ​ដែល​គាត់​នាំ​យក​ពី​រោង​អ្នកតា​ទៅ​ជាមួយ​នោះ គ្រវី​ទ្បើ​ង​បំណង​វាយ​ពន្លត់ភ្លើង ។ ដោយ​អំណាច​ឥទ្ធិពល​អណ្តាតភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ ក៏​ថមថយ​ឥទ្ធិពល​រហូត​រលត់​អស់ទាំង​បុរស​នោះ​ពុំ​ទាន់​បាន​វាយ​ពន្លត់​ផង ។ តាំងពី​ពេល​នោះ​មក ជនជាតិ​ចិន​ក៏​មាន​ជំនឿ​ថា ដើម​អំពៅ​ដែល​នាំ​យក​ពី​រោង​អ្នកតា​អាច​នាំ​មក​នូវ​សំណាងល្អ និង​សុខ​សប្បាយ​ដល់​គ្រួសារ​របស់​ពួក​គេ​» ។

ចំណែក​ការ​នាំ​យក​ធូប​ពី​រោង​អ្នកតា​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ ដោយ​មាន​ទាំង​ភ្លើង​នៅ​ឆេះ​នោះ ព្រឹទ្ធ​ចា​រ្យ​ជនជាតិ​ចិន​អះអាង​ថា ធូប​ដែល​ដុត​ដើម្បី​គោរព​ដល់​អ្នកតា​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដំបូង នៃ​ខែ​មា​យ គឺជា​វេលា​ដ៏​ពិសេស​បំផុត ព្រោះ​អ្នកតា​កំពុង​ស្ថិត​នៅ​ឋានសួគ៌ ដើម្បី​នាំ​មក​នូវ​សេចក្តីសុខ​ត្រ​ទ្ប​ប់​មក​ឱ្យ​សត្វលោក​យើង គ្រប់​ៗ​រូប ។ ដូច្នេះ​ហើយ​ទើប​គេ​ជឿជាក់​ថា វា​នឹង​នាំ​មក​នូវ​សំណាងល្អ សុខភាព​ល្អ និង​ប្រកប​របរ​រកស៊ី​មានបាន​ដល់​ពួក​គេ​ពេញ​មួយ​ឆ្នាំ​ថ្មី ៕