ពី​ភូមិ​ក្លាយជា​ទីក្រុង​ភ្នំពេញ​ក្នុង​សតវត្ស​ទី​20

នៅ​ចុង​ទស​វត្ស​ឆ្នាំ​១៨៨០ ការ​ពង្រីក​ទីក្រុង​ភ្នំពេញ​ជួបនឹង​បញ្ហា​ស្មុគស្មាញ ដោយ​ប៉ែក​ខាងលិច​ជា​តំបន់​លិច​ទឹក​(​បឹង​)​និង​ប៉ែក​ខាងកើត​ជាប់​នឹង​ទន្លេ​។ គោលដៅ​ក្នុង​ការ​រៀបចំ​គឺ​ធ្វើ​យ៉ាងណា​ការពារ​កុំឱ្យ​មាន​ទឹកជំនន់​លិច​ទីក្រុង  និង​រៀបចំ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​កែប្រែ​ពី​លក្ខណៈ​បុរាណ ដែល​មាន​ជា​ផ្លូវ​ផ្សេង​ៗ ចិញ្ចើមថ្នល់ និង​អគារ​សំខាន់​ៗ ។

ក្រៅពី​សង្កាត់​ពួក​អណ្ណាម និង​ចាម​នៅ​ខាងជើង​និង​ខាងត្បូង ទីក្រុង​ភ្នំពេញ​ផ្គុំ​ឡើង​ដោយ​សង្កាត់​បី​ខុស​គ្នា (​ខ្មែរ អឺរ៉ុប និង​ចិន​) ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​អំណាច​ព្រះមហាក្សត្រ អាណានិគម និង​ជំនួញ ។

នៅ​ឆ្នាំ​១៨៨៩  ព្រះករុណា​ព្រះបាទ នរោត្តម បាន​ប្រគល់​នូវ​អគារ​មួយ​ចំនួន​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ​ដើម្បី​រៀបចំ​ទីក្រុង​ឱ្យ​មានដំណើរ​ការ​ល្អ ។ លោក​វី​ន ដឺ វែ​រ​ណឺ​វី​ល (Huyn de Verneville) ដែល​ទើបនឹង​ទទួល​តំណែង​ជា​ទេសាភិបាល​ថ្មី​(១៨៨៩-១៨៩៧) បាន​លើក​គម្រោង​ជីក​ព្រែក​ព័ទ្ធ​ជុំវិញ​សង្កាត់​រដ្ឋបាល និង​កន្លែង​ស្នាក់​នៅ​របស់​បារាំង ។ បន្ទាប់​មក​ទៀត គាត់​បាន​រៀបចំ​ផ្លូវ​តាម​មាត់ទន្លេ ដោយ​ឈូស​ឆាយ​ផ្លូវ​ថ្មី​ជា​ច្រើន​ជា​បន្តបន្ទាប់ សង់​អគារ​សំខាន់​ៗ ដែល​ជា​និមិត្ត​រូបតំណាង​ឱ្យ​ព្រះមហាក្សត្រ និង​ផ្នែក​រដ្ឋបាល​អាណានិគម ។

នៅ​ឆ្នាំ​១៩០១ គេ​បាន​រៀបចំ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ចែកចាយ​ទឹក​ស្អាត ប្រព័ន្ធ​លូ​ក្រោម​ដី និង​ប្រព័ន្ធ​អគ្គិសនី​សាធារណៈ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​ការ​រស់នៅ និង​ផាសុកភាព​នៅ​ក្នុង​ទីក្រុង ។

ដូច្នេះ នៅ​អំឡុង​សតវត្ស​ទី​២០ ទីក្រុង​ភ្នំពេញ​ដែល​ពី​មុន​មាន​លក្ខណៈ​ជា​ភូមិ ត្រូវ​បាន​គេ​រៀបចំ​និង​កែ​លម្អ ហើយ​ក្លាយទៅជា​ទីក្រុង​ដែល​លាតសន្ធឹង​ទៅ​ខាងជើង​និង​ខាងលិច ៕