ការ​លោត​ម៉ុង​សាយ

«​ការ​លោត​ម៉ុង​សាយ​» ឬ «​ការ​រាំ​ពាក់​មុខ​សត្វ​តោ​» គឺជា​ទម្រង់ការ​រាំ​ជា​ប្រពៃណី​វប្បធម៌​បុរាណ​ចិន និង​ប្រទេស​ច្រើន​ទៀត​ក្នុង​ទ្វីបអាស៊ី​ដែល​ទម្រង់​នៃ​ការ​រាំ​នេះ​គឺ​សម្តែង​កាយវិការ និង​តុបតែង​ជា​សត្វ​តោ ។ «​ការ​លោត​ម៉ុង​សាយ​» ភាគច្រើន​សម្តែង​ក្នុងអំឡុងពេល​ពិធីបុណ្យ «​ចូល​ឆ្នាំ​ចិន​» និង​ពិធីបុណ្យ​ប្រពៃណី​ចិន​ផ្សេង​ទៀត​ដូច​ជា ពិធីបុណ្យ​វប្បធម៌ និង​សាសនា​ជាដើម​។ ក្រៅពី​នេះ «​ការ​លោត​ម៉ុង​សាយ​» ក៏​សម្តែង​ក្នុង​ឱកាស​ពិសេស​ៗ​ដូច​ជា ពិធី​បើកមុខ​ជំនួញ​ថ្មី អាពាហ៍ពិពាហ៍ ឬ​ក្នុង​ពិធី​ផ្តល់​កិត្តិយស​ស្វាគមន៍​ភ្ញៀវ​ពិសេស​ដោយ​សហ​គម​ចិន​ផង​ដែរ ។ «​ការ​លោត​ម៉ុង​សាយ​» និង​«​ការ​រាំ​នាគ​» គឺជា​ពិធី​រាំ​នាំ​លាភ​សំណាង​ជ័យ​ជោគ​ដល់​ម្ចាស់​រៀបចំ​កម្មវិធី និង​ក្រុម​គ្រួសារ​ទាំងមូល ។ មនុស្ស​ភាគច្រើន​តែងតែ​ភាន់ច្រឡំ​ថា ការ​លោត​ម៉ុង​សាយ និង​ការ​រាំ​នាគ​ជា​ការ​សម្តែង​តែ​១ ។ តែ​ធាតុ​ពិត​វា​មិន​ដូច​គ្នា​ទេ ភាព​ខុស​គ្នា​ស្ថិត​ត្រង់​ថា «​ការ​លោត​ម៉ុង​សាយ​» តម្រូវ​ឱ្យ​មាន​អ្នក​រាំ​តែ​២​នាក់​តែ​ប៉ុណ្ណោះ​ដើម្បី​សម្តែង​ជា​សត្វ​តោ​១​ក្បាល ហើយ​ការ​រាំ​នេះ​នឹង​រាំ​លើ​ដែក​ខ្ពស់​ៗ​ដែល​គេ​តម្រៀ​ង​គ្នា​ជា​ជួរ​គួរ​គាប់​ភ្នែក ។ ចំណែកឯ «​ការ​រាំ​ជា​សត្វ​នាគ​» វិញ​ត្រូវ​មាន​អ្នក​រាំ​ច្រើន​នាក់​ដើម្បី​តម្រៀប​គ្នា​កាន់​សត្វ​នាគ​នោះ​តាំងពី​ក្បាល​រហូត​ដល់​កន្ទុយ ហើយ​ការ​រាំ​នេះ​ត្រូវ​ដើរ​លើ​ផ្ទៃរាប​ស្មើរ ។ តាម​ប្រវត្តិសាស្ត្រ​ចិន​ក្នុង​រដ្ឋ​កាល ហាន​សរសេរ​ជា​ភាសា​ចិន មាន​ន័យ​ថា «​ការ​សម្តែង​ជា​រឿង​អ្វីមួយ​ដោយ​មិន​និយាយ​អ្វី​ក្រៅពី​ការ​ង្ហា​ញ​តាម​ទឹកមុខ ដៃ និង​ដងខ្លួន​» ។ នៅ​សម័យ​នោះ​មាន​តែ​ការ​សម្តែង​ជា​សត្វ​ត្រី នាគ និង​សត្វ​ហ្វី​នី​ក (Phoenix) ដែល​វា​មាន​អានុភាព​ចម្លែក​ក្នុង​ខ្លួន ពោល​គឺ​អាច​ដុត​ខ្លួនឯង​ដោយ​កម្តៅ​ក្តៅ​ខ្លាំង ហើយ​៥០០​ឆ្នាំ​ក្រោយ​ទើប​អាច​កើត​មាន​ម្តងទៀត ។ ទោះជា​យ៉ាងណា​ក៏​ដោយ «​ការ​លោត​ម៉ុង​សាយ​» មិនមែន​ជា​ប្រពៃណី​ទំនៀមទម្លាប់​ដើម​របស់​ប្រទេស​ចិន​ទេ ពោល​គឺ​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា និង​ចក្រភព Persia ដែល​សព្វ​ថ្ងៃជា​ទឹកដី​អីុ​រ៉​ង់ ៕