បុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្តេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត

ខេត្តសៀមរាប ៖ នៅ​ថៃ្ង​ទី​១៤ មីនា នៅ​វត្ត​រាជ​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មាន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្តេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត និង ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខែ្ម​រ ក្រោម​ព្រះ​វត្តមាន​របស់​ព្រះ​មហាវិមលធម្ម​ពិន សែ​ម សិរី​សុ​វ​ណ្ណោ​រាជាគណៈ​ថ្នាក់​ទោ គណៈមហានិកាយ និង​ជា​ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ព្រះ​សុ​មង្គល​សីលាចា​រ្យ​ឥន្ទ​កេស​រោ ពេជ្រ សន ព្រះ​មេគណ​ខេត្ត សៀមរាប និង​លោក​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​អស់លោក លោក​ជំទាវ ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះ​អនុគណ​ក្រុង​-​ស្រុក​មន្ត្រី​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

គណៈអធិបតី​បាន​បូជា​ផ្កា ទៀន​ធូប និង​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ ការ​គោរព​រំលឹក​ព្រះ​វិញ្ញាណក្ខន្ធ​ចំពោះ​សម្តេចព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ ជួន ណាត សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក និង​វចនានុក្រម​ខ្មែរ ព្រមទាំង​ព្រះ​មហា​វីរ​សមណ​ទាំង​គណៈមហានិកាយ គណៈធម្មយុត្តិកនិកាយ និង មហា​វីរ​បុព្វបុរស​ខ្មែរ និង​ការ​ប្រកាស​ព្រះ​ឧបការៈគុណ ។

ព្រះ​តេជ​គណ​ជុំ គឹ​ម​ឡេ​ង ព្រះ​បាឡាត់​គណ​ខេត្ត បាន​មាន​ថេរ​ដីកា​លើក​ឡើង​ពី​ទិវា បុណ្យរំឭក​ព្រះ​ឧបការគុណ ចំពោះ​សម្តេចព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ ជួន ណាត សម្តេចព្រះ​សង្ឃរាជ និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក និង វិច​នា​នុក្រម​ខ្មែរ គឺជា​ការ​បញ្ជាក់​នូវ​ស្នា​ព្រះ​ហស្ត​នៃ​ព្រះរាជ​និពន្ធ និង​ចងក្រង​គម្ពីរ​ក្បួនខ្នាតក្នុង​ការ​អភិរក្ស​នូវ​អក្សរសាស្ត្រ​ជាតិខ្មែរ​ឱ្យបាន​គង់វង្ស​។ លើស​ពី​នេះ​ព្រះ​អង្គ​បាន​រំឭក​ដល់ពុទ្ធបរិស័ទ​ទាំងអស់​ឱ្យ​ប្រកាន់​យក​ការ​បំពេញអំពើ​ជា​កុសលកម្ម​តាម​ផ្លូវ​កណ្តាល ដើម្បី​ជា​គុណប្រយោជន៍​ដល់​មនុស្សលោក និង​សង្គម​ជាតិ​ទាំងមូល ។

ព្រះ​តេជ​គណ ស៊ុម សិរី​វិបុល ព្រះ​នាយក​វិទ្យុ​សាសនា​កម្ពុជរដ្ឋ បាន​អាន​ជីវប្រវត្តិ និង​ស្នា​ព្រះ​ហស្ត​របស់​សម្ត​ច​ព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ ជួន ណាត សម្តេចព្រះសង្ឃរាជ ដែល​បាន​បន្សល់​ទុក​ឱ្យ​ប្រជាជន​ខ្មែរ​យើង​គ្រប់​រូប គោរព​ប្រតិបត្តិ ។ ព្រះ​អង្គ​សោយ​ទិវង្គត​រយៈពេល​៤៦​ឆ្នាំ​មកនេះ ព្រះ​កិត្តិគុណ ព្រះ​កិត្តិនាម របស់​ព្រះ​អង្គ​នៅ​មាន​គន្ធពិដោរ និង​កាន់តែ​មាន​សារសំខាន់​សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង​ទៅ​ពេល​អនាគត ។

មាន​ប្រសាសន៍​នា​ពេល​នោះ​ដែរ​លោក​ឃឹម ប៊ុ​ន​សុង បានឱ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​បុណ្យ​រំលឹក​ព្រះ​ឧបការគុណ សម្ត​ច​ព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ ជួន ណាត សម្តេចព្រះសង្ឃរាជ និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក និង​វចនានុក្រម​ខ្មែរ ដែល​ជាម​ហា​សាមគ្គីធម៌​ដ៏​មហា​នក្ខតឫក្ស ជា​ប្រវត្តិសាស្ត្រ និង​ជា​លើក​ទី​៧​ហើយ​នៅ​ខេត្តសៀមរាប ហើយ​ក៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​សម្តេច​ជាម​ហាវរ​សង្ឃ​ដ៏​ឆ្នើម ដែល​ធ្វើ​ឱ្យ​បុព្វ​ជិត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​អាច​បំភ្លេច​បាន ។ លោក​ក៏​បាន​គូសបញ្ជាក់​ថា ក្នុង​មួយ​ជីវិត​របស់​ព្រះ​អង្គ ទ្រង់​បាន​បំពេញបេសកកម្ម​ក្នុង​វិស័យ​សាធារណៈ សង្គមកិច្ច សិក្សាធិការ និង​បាន​ចងក្រង​នូវ​គម្ពី ដីកា​ជា​ច្រើន ជា​គម្ពី​ស្លឹករឹត សៀវភៅ និង បាន​ប្រែភាសា​បាលី​មក​ជា​ភាសា​ខ្មែរ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ពុទ្ធបរិស័ទ និង​រៀបរៀង​នូវ​វចនានុក្រម​ភាសា​ខ្មែរ ដែល​ជា​ស្នា​ព្រះ​ហស្ត​ដ៏​ធំធេង​របស់​ព្រះ​អង្គ ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ព្រះ​អង្គជា​ព្រះ​អគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ ព្រមទាំង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ប្រកបដោយ​គុណប្រយោជន៍ ទាំង​ផ្លូវលោក ផ្លូវ​ព្រះធម៌ ដែល​បាន​បំភ្លឺ​ពុទ្ធបរិស័ទ ចេះ​វិភាគ​រកហេតុ​ផល ខុស និង​ត្រូវ ហើយ​មាន​ជំនឿ​ជាក់​លើ​ព្រះពុទ្ធ​សាសនា ហើយ​ការ​បាត់បង់​ព្រះ​រូប​របស់​ព្រះ​អង្គ​ក៏​ពិតមែន តែ​ព្រះ​កិត្តិនាម​របស់​ព្រះ​អង្គ គឺ​ស្ថិត​នៅ​ជា​និច្ច​និរន្តរ៍ ចំពោះ​ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ជា​រៀង​រហូត ។

លោក​ឃឹម ប៊ុ​ន​សុង ក៏​បាន​សំណូមពរ​ដល់​ប្រជា​ពុទ្ធបរិស័ទ ត្រូវ​ប្រកាន់​យក​តែ​អំពើ​ល្អ ដើរ​តាម​ផ្លូវ​កណ្តាល (​មជ្ឈិម​បដិបទា​) ដើម្បី​សេចក្តីសុខ និង​ចូលរួម​អនុមោទនា​ចាប់​យក​មគ្គផល​ទៅ​តាម កម្លាំង​សទ្ធា​ទុកជា​គុណប្រយោជន៍​តម្កល់​ទុក ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​បច្ចុប្បន្ន​ជាតិ និង ទៅ​អនាគត
ជាតិ​ផង​ដែរ ។ ម្យ៉ាងទៀត​វិស័យ​ព្រះពុទ្ធ​សាសនា គឺជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​ជន​គ្រប់​រូប​ឱ្យ​ប្រតិបត្តិ​អំពើ​ល្អ ហើយ​ក៏​ជា​វិស័យ​មួយ​បាន​និង​កំពុង​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​មក​សិក្សា​ឈ្វេងយល់​អំពី​សាសនា​ផង​ដែរ ។

ដើម្បី​ភ្ជាប់​នូវ​និស្ស័យ​ទៅ​នឹង​ពិធីបុណ្យ​រំឭក​ឧបការៈគុណ​នេះ លោក​ឃឹម ប៊ុ​ន​សុង និង អស់លោក លោកស្រី បាន​ប្រគេន​បច្ច័យ​ចំនួន ៣​លាន​៧១​ម៉ឺន​៤​ពាន់​រៀល និង​២៧៥​ដុល្លារ ប្រាក់​ថៃ​១​ពាន់​បាត ដើម្បី​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​នេះ​ផង​ដែរ ៕