វត្ត​បាក់​ក​មាន​ប្រវត្តិ​ទាក់ទង​ចម្បាំង​ខ្មែរ​-​សៀម

ខេត្តកំពង់ស្ពឺ ៖ បើ​ធ្វើ​ដំណើរ​ចេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទៅ​ដល់​ផ្សារ​ថ្នល់ទទឹង​មាន​ផ្លូវបំបែក​បត់​ឆ្វេង​តាម​បណ្តោយ​ផ្លូវ​លេខ​៤១ ប្រមាណ​ជាង​៣០​ម៉ែត្រ នឹង​ឃើញ​ខ្លោងទ្វារវត្ត​មួយ​ឈ្មោះ​«​វត្ត​ឧត្តុង្គ​មាន​ជ័យ​» (​ហៅ​វត្ត​បាក់​ក​) ស្ថិត​ក្នុងភូមិ​បាក់​ក ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រវត្តិ​ឈ្មោះ​វត្ត​បាក់​ក​នោះ ព្រះ​តេជគុណ​ប៊ិ​ន សារី​ម ព្រះ​គ្រូ​ចៅអធិការ​វត្ត​បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា កាលពី​អំឡុង​ខ្មែរ និង​សៀម​មាន​ចម្បាំង​ជាមួយ​គ្នា ក្សត្រ​មួយ​អង្គ​(​មិន​ចាំ​ព្រះ​នាម​)​បាន​លើក​រេហ៍ពល​ទៅ​តាំង​បន្ទាយ​នៅ​ស្រុក​គងពិសី ដើម្បី​ច្បាំង​តទល់​ជាមួយ​ទ័ព​សៀម​ដែល​ចង់បាន​ទឹកដី​ខ្មែរ ។ ពេល​នោះ​ការ​ច្បាំង​គ្នា​ធ្វើ​ឱ្យ​ទ័ព​សៀម​រត់​ខ្ចាត់ខ្ចាយ​ទៅ នៅ​សល់​តែ​មេទ័ព និង​ស្តេច​សៀម​ជិះ​នៅ​លើ​ដំរី​មួ​ួ​យ​ក្បាល ។ កាលបើ​មនុស្ស​ច្បាំង​គ្នា​ហើយ​សត្វ​ដំរី​របស់​ព្រះ​ចៅ​ខ្មែរ ក៏​មិន​ព្រងើយកន្តើយ​ដែរ បាន​ជល់​គ្នា​ជាមួយ​ដំរី​ស្តេច​សៀម ខណៈ​ដែល​ស្តេច​ទាំង​ពីរ​អង្គ​នៅ​លើ​ខ្នង​ដំរី​នៅឡើយ ។ ព្រះ​ចៅ​ក្រុង​ខ្មែរ​មានឱកាស​កាប់​ត្រូវ​ស្តេច​សៀម​មួយ​លំពែង​ចំ​ដើមទ្រូង​ធ្លាក់​ពីលើ​ខ្នង​ដំរី​សុគត​បាត់​ទៅ ។

និយាយ​ពី​ព្រះ​ចៅ​ខ្មែរ​កាលបើ​ស្តេច​សៀម​សុគត​ហើយ ព្រះ​អង្គ​ក៏​យាងចុះ​ពីលើ​ខ្នង​ដំរី ពេល​នោះ​ហើយ​ដែល​ដំរី​របស់​ស្តេច​ខ្មែរ និង​ដំរី​ស្តេច​សៀម​ចាប់ផ្តើម​ជល់​គ្នា​ជា​ថ្មី​ម្តងទៀត ។ ដំបូង​ឡើយ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់​ទេ លុះ​ជល់​គ្នា  យូរ​ៗ​ទៅ ដំរី​ស្តេច​សៀម​ថមថយ​កម្លាំង​ក៏​រត់​ដល់ទី​ទួល​មួយ​ដែល​ជា​កន្លែង​របស់​ស្តេច​ខ្មែរ និង​កងទ័ព​រស់នៅ​(​វត្ត​បាក់​ក​បច្ចុប្បន្ន​) ពេល​នោះ​ដំរី​ស្តេច​ខ្មែរ​ក៏​ដេញ​តាម​ជល់​ដំរី​ស្តេច​សៀម​បណ្តាល​ឱ្យ​មាន​របួស​សុស​ពេញ​ខ្លួន ។  ការ​ជល់​គ្នា​បាន​បន្ត​ម្តងទៀត មិនយូរ​ប៉ុន្មាន​ដំរី​ព្រះ​ចៅ​ខ្មែរ​បាន​ជល់​ដំរី​របស់​ស្តេច​សៀម​រហូត​បាក់​ក​ងាប់​នៅ​នឹង​កន្លែង ។

ព្រះ​តេជគុណ​ប៊ិ​ន សារី​ម បន្ត​ថា ក្រោយ​ស្រុក​ទេស​ចប់​សង្គ្រាម កន្លែង​ដែល​ដំរី​ជល់​គ្នា​កាក់​ក ក៏​ក្លាយទៅជា​ទី​អារាម​ដែល​ពុទ្ធបរិស័ទ និង​បណ្តា​ប្រជានុរាស្ត្រ​គោរព​បូជា​មក​ដល់​សព្វថ្ងៃ ។ ទីនោះ​អ្នកស្រុក​ដាក់​ឈ្មោះ​ថា «​វត្ត​ដំរី​បាក់​ក​» តែ​ក្នុង​ភាសាផ្លូវការ គឺ «​វត្ត​ឧត្តុង្គ​មាន​ជ័យ​» ។

ក្រោយ​ៗ​មក​វត្ត​ដំរី​បាក់​ក​អ្នកស្រុក​ចេះ​តែ​នាំ​គ្នា​ហៅ​ថា «​វត្ត​បាក់​ក​»​មក​ដល់​បច្ចុប្បន្ន ។ 
ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាក់​ក មាន​ព្រះ​វិហារ​ដ៏​ស្រស់​ស្អាត មាន​សាលា​បាលី​រង និង​សាលាឆាន់ មាន​ស្រះ​ទឹក ព្រមទាំង​សមិទ្ធផល​ជា​ច្រើន​ទៀត​ដែល​កើតឡើង​តាំងពី​សម័យ​ព្រះ​គ្រូ​ចៅអធិការ មុន​ៗ ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាក់​ក​មាន​សង្ឃដីកា​ថា ដោយ​មានការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ ព្រះ​អង្គ​បាន​ជួល​ជាង​ធ្វើ​រូប​ដំរី​ជល់​គ្នា​មួយគូ​នៅ​ក្បែរ​ទីតាំង​ចាស់ មាន​តម្លៃ​៣.២០០​ដុល្លារ  ហើយ​ពេល​នេះ​ព្រះ​អង្គ​មាន​ប្រាក់​១០០០​ដុល្លារ​ហើយ នៅ​ខ្វះ​២២០០​ដុល្លារ​ទៀត ។

ដូច្នេះ​ព្រះ​ចៅអធិការ​អំពាវនាវ​រក​ការ​ចូលរួម​តាម​សទ្ធា​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ។  គោលបំណង​ដែល​ព្រះ​អង្គ​ធ្វើ​រូប​ដំរី​ជល់​គ្នា​នេះ​គឺ​ឱ្យ​សម​ទៅ​នឹង​ប្រវត្តិ​ពី​ដើម​របស់​វត្ត ។ 

ព្រះ​ចៅអធិការ​បញ្ជាក់​ថា ប្រវត្តិ​ដំរី​បាក់​ក​នេះ គឺ​ព្រះ​អង្គ​បានដឹង​តាំងពី​ព្រះ​អង្គ​នៅ​ក្មេង​ម្ល៉េះ គឺ​ជីតា​ទួត​របស់​ព្រះ​អង្គ​និទាន​ឱ្យ​ស្តាប់ ៕