ល្បែង​ប្រជាប្រិយ​ខ្មែរ​«​ចាប់កូនខ្លែង​»

ល្បែង «​ចាប់កូនខ្លែង​» ជា​ល្បែង​របស់​កុមា​រា​កុមារី ជំទង់​ៗ តែងតែ​លេង​ក្នុង​វេលា​យប់​ខែភ្លឺ នៅ​រដូវ​ចូល​ឆ្នាំ ឬ​នៅ​ពេលទំនេរ ។ ល្បែង​នេះ​ពេល​លេង​គេ​ចាត់​ម្នាក់​ដែល​មាន​មាឌ​មាំ​ធំ ឱ្យធ្វើ​ជា​មេហ្វូង​ហៅ​ថា​មេមាន់​, ចាត់​ច្រើន​នាក់​ឱ្យធ្វើ​ជា​កូន​មាន់ ហើយ​គេ​ចាត់​ម្នាក់​ទៀត​ឱ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់​ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឱ្យ​តឹង​ណែន ការពារ​កុំឱ្យ​របូត​សម្លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឱ្យ​បានជា​ភ្នក់​តូច ដោយ​កម្ទេច​អុស ហើយ​ម្នាក់​ដែល​ធ្វើ​មេមាន់​បញ្ជា​ឱ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ ត​ៗ​គ្នា​រហូត​ដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធ​ជុំវិញ​ភ្នក់ភ្លើង ។ ជាមួយ​គ្នា​នេះ​មេមាន់​ពោល​ពាក្យ​ចំអក​ឡកឡាយ​ឱ្យន័យ​ទៅ​ខ្លែង​ថា ៖

«​ចាប់កូនខ្លែង​ប្រឡែង​កូន​អក ពពេច​ញ៉ែកញ៉ក​កូន​អញ​តែ​មួយ ។
ជីក​អន្លង់​ដាំ​ត្រកួន ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ។
ទៀន​១​គូ​តាំងយូ​បាំង​ព្រះ លើកដៃ​សំពះ ដូន​ៗ​សុំ​ភ្លើង​» ។

ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បានឮ​មាន់ និង​កូន​មាន់​ស្រែក​ដូច្នោះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា «​ដូន​ៗ​សុំ​ភ្លើង !» ។
មាន់​ឆ្លើយ​ថា ៖ រលត់
ខ្លែង​សុំ​ថា ៖ សុំ​មួយ​អង្កត់
មាន់​ឆ្លើយ​ថា ៖ រលាយ
ខ្លែង​សុំ​ថា ៖ សុំ​ទឹកបាយ
មាន់​ឆ្លើយ​ថា ៖ ឆ្កែ​លិទ្ធ
ខ្លែង​សុំ​ថា ៖ សុំ​កាំបិត
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ប្រុង
ខ្លែង​សុំ​ថា ៖ សុំ​ល្ហុង
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ដាំ
ខ្លែង​សុំ​ថា ៖ សុំ​ថ្នាំ
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​ហាល
ខ្លែង​សុំ​ថា ៖ សុំ​ផាល
មាន់​ឆ្លើយ​ថា ៖ មិន​ទាន់​សិត
ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់ភ្លើង​នោះ ។

ចំណែក​មេមាន់​ក៏​នាំ​គ្នា​របស់​ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធ​ជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង ហើយ​ស្រែកច្រៀង​ទាំង​មេ​ទាំង​កូន​ថា ៖

«​ចាប់កូនខ្លែង​ប្រឡែង​កូន​មាន់ (​បន្ទរ​) ៖​អាឡយ​ៗ បើ​មេ​ទៅ​ទាន់ យក​មាន់​ទៅ​លាក់ (​បន្ទរ​) ៖ អាឡយ ៗ

លាក់​ទុក​ឯណា លាក់​ក្បាល​ដំណេក (​បន្ទរ​)៖ អាឡយ ៗ រលឹក​ពី​ដេក វាយ​មាន់​តូងតាង​» ។
មាន់​ច្រៀង​ចប់​ក៏​ឈប់​ឈរ​តម្រៀប​គ្នា ។

ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​ម្តងទៀត​ថា «​ដូន​ៗ សុំ​ភ្លើង​» ។

មាន់​ឆ្លើយ​ថា «​ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​បាត់​ទៅ​ហើយ​» រួច​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង ហើយ​ច្រៀង​តទៅ​ទៀត​ថា ៖

«​ប្អូន​វេញខ្សែ​សូត្រ បង្ហូត​ខ្សែ​គោម (​បន្ទរ​)៖ អាឡយ ៗ ខ្លែង​អើយ​កុំ​លោម​មិន​បាន​មាន់​ទេ (​បន្ទរ​) ៖ អាឡយ ៗ ហើយ​ឈរ​ស្ងៀម ។
ខ្លែង​ក៏​និយាយ​ទទូច​សុំ​កូន ៖
ខ្លែង​សុំ​ថា ៖ ដូន​ៗ​ឱ្យ​សុំ​កូន​មុខ
មាន់​ឆ្លើយ​ថា ៖ ឪពុក​មិន​ឱ្យ
ខ្លែង​សុំ​ថា ៖ សុំ​កូន​ក្រោយ
មាន់​ឆ្លើយ​ថា ៖ កំបាក់​កំបែក​យក​ចុះ

ខ្លែង​កាល​បានឮ​មេមាន់​ថា ឱ្យ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញចាប់​បេះ​យក​កូន​ណា​ដែល​នៅ​ក្រោយ​គេ​, ឯ​មេមាន់​ខំប្រឹង​ការពារ​កូន​របស់​ខ្លួន​កុំឱ្យ​គេ​បេះ​យក​បាន​, ឯ​កូន​មាន់​ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្លាច​ខ្លែង​ចាប់​បេះ​យក​ខ្លួន ម្នាក់​ៗ​បាន​។  ជួន​ក៏​ខ្លែង​បេះ​យក​កូន​បាន​ម្តង​១ ម្តង​២ ទាល់តែ​អស់ ជួន​ក៏​បេះ​បាន​តែ​១ ។  តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​កូន​ណា​របូត​ចេញពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង ហើយ​កូន​នោះ​គេ​ក្រាប​ទៅ​នឹង​ដី នោះ​មេ​ខ្លែង​មិន​ត្រូវ​ចាប់​គេ​ទេ ។

កាល​អស់កម្លាំង​ហត់​រៀងខ្លួន​ហើយ  ក៏​ឈប់​សម្រាក​បន្តិច ហើយ​ផ្លាស់​ប្តូរ​គ្នា​លេង​តទៅ​ទៀត គេ​លេង​តែ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់ ។

ប៉ុន្តែ​ល្បែង​បែប​ដូច​គ្នា​នេះ នៅ​ស្រុក​ខ្លះ​គេ​ហៅ​តម្រូវ​ន័យ​តាម​របៀប​លេង​ថា «​ល្បែង​ខ្លែង​ចាប់កូនមាន់​» ក៏​មាន ។

ល្បែង​នេះ​ជា​ការ​បង្ហាត់​មនុស្ស​ឱ្យ​ចេះ​ប្រុង​ស្នៀត ប្រុងស្មារតី​ឱ្យ​រហ័សរហួន ចេះ​ការពារ​ខ្លួន និង​គ្រួសារ​ផង (​យោង​តាម​សៀវភៅ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​») ៕