ទំនៀម​នៃ​ការ​រៀបចំ និង​អត្ថន័យ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ទំនៀម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ប្រព្រឹត្ត​ទៅ​ចំនួន ៣​ថ្ងៃ​។ ថ្ងៃ​ដំបូង​ជា «​ថ្ងៃ​មហាសង្ក្រាន្ត​» ថ្ងៃ​ទី​២ ជា​«​ថ្ងៃ​វ័ន​បត​» និង​ថ្ងៃ​ទី​៣ ជា​«​ថ្ងៃ​ឡើងស័ក​» ។
ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុតកំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀងទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ គឺ​ក្បួន​មហាសង្ក្រាន្ត​នេះឯង ។

ចាប់ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយមក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មានឈ្មោះ​ថា «​សាមញ្ញ​សង្ក្រាន្ត​» (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា​សង្ក្រាន្ត​) ។

មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅ​ថា «​អា​យន្ត​សង្ក្រាន្ត​ត​» (​ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឆៀង​មិន​ត្រង់​ពីលើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​គ្នា នឹង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មានការ​ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។ ចំណែកឯ​ថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀងទាត់​ជា​ថ្ងៃ​ណាមួយ​ទេ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។

ចំពោះ​ពិធី ផ្សេង​ៗ​ខ្មែរ​យើង​រៀបចំ​តាម​ប្រពៃណី គឺ​នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុងប្រៀប​រក​ស្បៀងអាហារ សំអាត​ផ្ទះសំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក កាត់​សម្លៀក​បំពាក់ ថ្មី​ៗ​ជាដើម ។

ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការបូជា​សម្រាប់​ទទួល​ទេវតា​ថ្មី មាន ៖ បាយសី​មួយគូ ស្លាធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់មុខ ។ ចំណែក​ផ្ទះសំបែង​គេ​តុបតែង​រំលេច​ដោយ​អំ​ពូ​ល​អគ្គិសនី​ខ្សែ តូច​ៗ​ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម​គ្រប់​ពណ៌​សម្រាប់​ទទួល​ទេព្តា​ថ្មី​។ លុះដល់​វេលា​កំណត់​ទេព្តា​ថ្មី​ចុះ​មក​ហើយ គេ​នាំ​កូនចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការ​នោះ ហើយ​អុជ​ទៀន ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។

ចំពោះ​គ្រឿង​សក្ការ និង​ក្រយាស្ងោយ​ដាក់​ថ្វាយ​ទេ​ព្តោ​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ នីមួយ​ៗ ។ ឧទាហរណ៍  បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ។

ពិធី៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖
ថ្ងៃ​ទី​១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វាលុកចេតិយ​នៅ​ជុំវិញ​ព្រះ​វិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ៍​ណាមួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចម្រើន​ព្រះ​បរិត្ត និង​សម្តែង​ធម្មទេសនា ។

ថ្ងៃ​ទី​២ ៖ កូនចៅ​ជូន​សម្លៀក​បំពាក់ នំចំណី លុយកាក់​ដល់​អ្នក​មានគុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា​ជាដើម ។ ជួនកាល​គេ​ធ្វើ​ទាន ដល់​អ្នកបម្រើ ឬ​អ្នក​ក្រីក្រ​ទៀត​ផង ។

ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត​ទុក​ដូច​ចូឡាមណី​ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បង ឬ​ប្អូន ដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃ​ទី​៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប (​តាម​ការ​និយម​នៃ​ស្រុក​ខ្លះ​) ។
នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​កម្សាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង​បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និង​រាំវង់​ជាដើម ព្រមទាំង​មាន​របាំ​ត្រុដិ ផង​ដែរ ។

អត្ថន័យ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ
ខ្មែរ​កំណត់​យក​ពេល​បុណ្យ ចូល​ឆ្នាំ​ថ្មី ខែមេសា (​ខែចេត្រ​) ពីព្រោះ​ខែចេត្រ ជាដើម​ឆ្នាំ​ដែល​ព្រះអាទិត្យ​ចូល​កាន់​មេសរាសី គឺ​ព្រះអាទិត្យ ដើរ​ចំ​ពី​ក្បាល​ជា​សង្ក្រាន្ត ។ ខ្មែរ​មាន​ជំនឿ​ថា ក្នុងអំឡុងពេល​មួយ​ឆ្នាំ​នៃ​ការ​រស់នៅ គេ​តែង​ជួប​ប្រទះ​អពមង្គល ឧបទ្រពចង្រៃ ផ្សេង​ៗ ជួនកាល​មានទុក្ខ​សោក ជួនកាល​មាន​គ្រោះ​អាសន្នអន្ធក្រ ជួនកាល​មាន​គ្រោះ​ជំងឺ​រួបរឹត​រាង​កាយ ជួនកាល​ទៀត​បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិន​គប្បី ។ លុះ​ផុត​ឆ្នាំ​ចាស់​ទៅ គេ​នាំ​គ្នា​ធ្វើបុណ្យ គេ​ស្លៀកពាក់ ថ្មី​ៗ គេ​នាំ​គ្នា​ដើរ​លេង​កម្សាន្ដ ដើម្បី​ឱ្យ​អស់​កង្វល់ ហើយ​ឱ្យ​មាន​សិរី​សួស្ដី មាន​សុភមង្គល​នៅ​ក្នុង​ឆ្នាំ​ថ្មី ។

ម្យ៉ាងទៀត រយៈពេល​មួយ​ឆ្នាំ ដែល​គេ​បាន​បែក​ចេញពី​គ្រួសារ និង​ញាតិ​មិត្ដ ដែល​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ឆ្ងាយ​ៗ លុះដល់​ឆ្នាំ​ថ្មី គេ​បាន​វិល​ទៅ​ជួបជុំ​គ្នា សួរសុខទុក្ខ​គ្នា ដើម្បី​បន្ធូរបន្ថយ​ការ​នឹករលឹក និង​បំបាត់​ការ​នឿយហត់​ពី​ការងារ​ផង រួច​ទើប​បន្ដ​ជីវភាព​ថ្មី​នៅ​ក្នុង​ឆ្នាំ​ថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង​អាយុ​យឺនយូរ ។

អត្ថន័យ​ម្យ៉ាងទៀត ស្ថិត​នៅ​ត្រង់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី គឺជា​ប្រពៃណី​មួយ អាច​បណ្ដុះ​ស្មារតី ស្រឡាញ់​រាប់អាន​គ្នា​រវាង​អ្នកស្រុក​ព្រៀងលាន ជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ ។ ហេតុនេះ​ហើយ ទើប​នៅ​ពេល​នោះ គេ​មិន​ត្រឹមតែ​ជួបជុំ​គ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​នៅ​វត្ដ​អារាម​ទៀត ដែល​ជា​មជ្ឈមណ្ឌល​បង្កើត​សាមគ្គីភាព ។ ដោយសារ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាងនេះ​ហើយ ទើប​ខែ្ម​រ​យើង​និយម​រាប់អាន​ទុកជា​ប្រពៃណី​ជាតិ​មួយ តាំងពី​ដើម​រហូត​មក ៕