ទំនាយ​ជោគជតារាសី​ក្នុង​ឆ្នាំមមែ សម្រាប់​អ្នក​កើត​ឆ្នាំ​ផ្សេង​ៗ

លោក​អ្នក​កើត​ឆ្នាំជូត
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ អ្នក​តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​បន្តិច សូ​ម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការ​ងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យ​សោះ ពុំនោះ​នឹង​បណ្តាលហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ ឈឺ​ថ្កាត់ ឬ​ក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំនៅ​ឋាន ។ ជតារាសី​អ្នក​ក្នុងឆ្នាំនេះ​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​លោក​អ្នក នឹង​ផ្តល់​ផល​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ មុខជា​នឹង​មាន​ដល់​លោក​អ្នក ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ ឬ​ចៅហ្វាយនាយ​ជា​ធំ​ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រឹ​ត​ប្រៀ​ង​ខ្លួន​បន្តិច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​នេះ​ទៅ​និន្ទា​ឱ្យ​អ្នក​នោះ​ឮ ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែប​នេះ ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការ​បែកបាក់​រវាង​មេត្រីភាព ។

លោក​អ្នក​កើត​ឆ្នាំឆ្លូវ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​ការ​រៀប​មង្គលការ​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​មែនពិត ប្រកប​ទៅ​ដោយ​ក្តី​សុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិចបន្តួច រួច​ពី​ហេតុភេទ​បែប​នេះ​ទៅ នឹង​បាន​ល្អ​ឡើង​វិញ បើ​អ្នកធ្វើការ​ងារ​កាន់​មុខ​តំណែង​មានមុខ​នាទី អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត គឺ​ចោរកម្ម​និង​អគ្គិភ័យ​បំផ្លាញ បើសិនជា​មាន​ជំងឺ ច្រើន​តែ​ផ្តាសាយ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​អ្នក​នឹង​មាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ​ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិត​ស្និទ្ធ​ជួយ​ឈឺឆ្អាល​ពេញទំហឹង ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខក្រោយ ឱ្យ​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​នឹង​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ជា​ត្លុក​កំប្លែង​លលេង​ជាមួយ​គេ ញយ​ៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្តី​ល្អ​តបត​ជាមួយ​សត្រូវ នោះ​ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ទោបង់​បន្ធូរបន្ថយ​ទៅ​បាន ខ្លះ​ៗ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​បានទ្រព្យ និង​បាន​ស្តុកស្តម្ភ ។

លោក​អ្នក​កើត​ឆ្នាំខាល
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​អ្នក​នឹង​មាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ឬ​ត្រូវ​មានធុរៈ ជំងឺ​ឈឺ​ថ្កាត់ ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្តភក្តិ​ជិត​ស្និទ្ធ​ជួយ​ឈឺឆ្អាល​ពេញទំហឹង ។ បើ​អ្នក​ចង់​ធ្វើ​អ្វី ត្រូវ​ពិចារណា​មុខក្រោយ​ឱ្យ​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​ការ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឱ្យ​ធរមាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ជា​ត្លុក កំប្លែង​លលេង​ជាមួយ​គេ ញយ​ៗ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឱ្យ​គេ​ឃើញ​ថា​យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្តី​ល្អ​តបត​ជាមួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ទោបង់​បន្ធូរបន្ថយ​ទៅ​បាន ខ្លះ​ៗ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឱ្យ​បានទ្រព្យ និង​បាន​ស្តុកស្តម្ភ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​ការ​រៀប​មង្គលការ​របស់​អ្នក​នឹង​បាន​ផល​សម្រេច​បំណង​មែនពិត ប្រកប​ទៅ​ដោយ​ក្តី​សុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិចបន្តួច រួច​ពី​ហេតុភេទ​បែប​នេះ​ទៅ នឹង​បាន​ល្អ​ឡើង​វិញ បើ​អ្នកធ្វើការ​ងារ​កាន់​មុខ​តំណែង​មានមុខ​នាទី អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត គឺ​ចោរកម្ម​និង​អគ្គិភ័យ​បំផ្លាញ បើសិនជា​មាន​ជំងឺ ច្រើន​តែ​ផ្តាសាយ ។

លោក​អ្នក​កើត​ឆ្នាំថោះ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ មុខជា​នឹង​មាន​ដល់​លោក​អ្នក ហើយ​បើ​លោក​អ្នក​ចង់​ធ្វើ​អ្វី នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ ឬ​ចៅហ្វាយនាយ​ជា​ធំ​ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀង​ខ្លួន​បន្តិច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​នេះ​ទៅ​និន្ទា​ឱ្យ​អ្នក​នោះ​ឮ ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែប​នេះ ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការ​បែកបាក់​រវាង​មេត្រីភាព ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ អ្នក​តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​បន្តិច សូ​ម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការ​ងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឱ្យ​សោះ ពុំនោះ​នឹង​បណ្តាលហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ ឈឺ​ថ្កាត់ ឬ​ក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំនៅ​ឋាន ជតារាសី​អ្នក​ក្នុងឆ្នាំនេះ​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​លោក​អ្នក នឹង​ផ្តល់​ផល​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឱ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ ។

លោក​អ្នក​កើត​ឆ្នាំរោង
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្តាប់ដៃ​យើង ហើយ ទោះ​សត្រូវ​កាច ប៉ុនប៉ង​ប្រទូស្ត​រ៉ា​យ​យ៉ាងណា​ក៏​ដោយ ខ្លួន​អ្នក​ត្រូវ​ជោគជ័យ​គ្រប់​ប្រការ ហើយនឹង​បាន​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ ។ ប្រសិនបើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ រាប់​ថា​ល្អ​ផ្តាច់​ហើយ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​អត់​នោះ​ដែរ ចំពោះ​ក្រុម​ញាតិ​ព​ន្ធុ​នឹង​ផ្តល់​សេចក្តី​រំខាន​ដល់​អ្នក ខ្លះ​ៗ​ក្នុងឆ្នាំនេះ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ​អ្នក​នឹង​បាន​មុខការ​ងារ​ធ្វើ​ជា​លក្ខណ​ដ្ឋា​ន បើសិនជា​ការ​រៀបចំ​មង្គលការ​ផ្ទាល់ខ្លួន មុខជា​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គង់នៅ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច នៅ​ក្នុង​រឿង​នេះ​អ្នក​កុំ​ខ្លាច​ឱ្យ​សោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាង​មុខ​នៃ​ការ​ដូច​ពោល​នេះ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ មក​បញ្ចុះបញ្ចូល​បញ្ជោរ​លើកជើង​អ្នក ឱ្យ​ចូលរួម​ការងារ​ជាមួយ​គេ ទោះបី​ការងារ​នោះ​មាន​សភាព​យ៉ាងណា​ក៏​ដោយ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់ ។ មិន​គួរ​លី​សែង​រែកពុន​លើកដាក់​របស់ ធ្ងន់​ៗ​ហួសពេក​ទេ ក្រែង​ថ្លោះ​ចង្កេះ ឬ​គ្រេច​ឆ្អឹងខ្នង ។

លោក​អ្នក​កើត​ឆ្នាំម្សាញ់
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ អ្នក​នឹង​មានចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្តភក្តិ​ជាទី​ស្រឡាញ់ ឬ​ញាតិសន្តាន​ដែល​មានគុណ​បំណាច់​លើ​រូប​អ្នក ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀត​ផង តែ​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្តៅ​ពេក​ទេ ព្រោះ​មាន​គេ​ចាំ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​អ្នក​បាន​សេចក្តីសុខ​សាន្ត បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ខ្លះ ក៏​គង់​នឹង​សាបរលាប​ទៅ​វិញ​បាន ដោយសារ​ពេល​នេះ​អ្នកមាន​មិត្តភក្តិ​បាន​ជួយ​ទប់ទល់​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង ជួសជុល ឬ​ក៏​ត្រូវធ្វើ​ថ្មី​ផង ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​លោក​អ្នកមាន​សេចក្តីសុខ​សម្រាន្ត​យ៉ាង​លើសលុប ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង មាន​គេ​នាំ​កំណល់​រង្វាន់​មក​ឱ្យ​ដល់ទី​កន្លែង ក្នុងឆ្នាំនេះ​ជោគ​រាសី​របស់​អ្នក​ល្អជា​ទីបំផុត បើ​អ្នកមាន​បំណង​ធ្វើ​អ្វី មុខជា​បាន​សម្រេច ។ ប៉ុន្តែ​ថា អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​គេ​ឯទៀត​ខ្លាំង​ពេក នៅ​ក្នុង​រឿង​រាប់អាន ស្រឡាញ់​ទុកចិត្ត គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​បន្តិច​ផង បើសិនជា​វៀរ​មិន​ផុត ។ បើ​ចៀស​ផុត​ពី​ការ​នេះ​បាន​នោះ នៅ​ក្នុង​បន្ទុកគ្រួសារ​មាន​សេចក្តីសុខ​ក្រៃ​លែង ។

លោក​អ្នក​កើត​ឆ្នាំមមី
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ មិត្តភក្តិ​របស់​អ្នក ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី មក​ដឹកនាំ​អ្នក​ឱ្យ​ខូចខាត​ទុន ក្នុងឆ្នាំនេះ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូ​ម្បី​តែ​បើកហាង​លក់ដូរ​អីវ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាងណា​ក៏​ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឱ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់ខាត ។ ទោះបីជា​យ៉ាងនេះ​ក្តី អ្នក​គង់​បាន​សម្រេច​ផល​ខ្លះ​ក្នុង​ការ​ដែល​អ្នក​បាន​ខិតខំ​តាំងចិត្ត​ទុក​យ៉ាង​ប្តូរផ្តាច់ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខជា​នឿយណាយ ធុញទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ផង​ក៏​មាន ពុំនោះសោត នាទី​ការងារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជា​ថ្មី បើ​មានការ​លក់ដូរ​ជំនួញ​ជួញប្រែ ជា​អាជីព ការ​នេះ​នឹង​បណ្តាល​ជា​ហេតុ​ឱ្យ​មាន​សេចក្តី​តឹង​ចង្អៀត ខ្លះ​ៗ តំណ​ទៅ​ពេល​ខាង​មុខ​ក្នុងឆ្នាំនេះ អ្នក​នឹង​មាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក វា​នឹង​ធ្វើ​មោះ មិន​គាប់​ឱ្យ​អ្នក​សៅហ្មង​ជា រឿយ​ៗ ម្យ៉ាងវិញទៀត ញាតិ​ព័ន្ធ ឬ​មិត្តភក្តិ​នឹង​កើតជា​ក្តី​រង្កៀស​ឫស្យា​ដល់​អ្នក ដោយ​បំពាន​លើ​ផល​ល្អ សេចក្តីចម្រើន​របស់​អ្នក ហេតុការណ៍​ទាំង​អស់នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ បើ​យ៉ាង​ហោច​ណាស់​ក៏​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ ។

លោក​អ្នក​កើត​ឆ្នាំមមែ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ គឺ​អ្នក​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរការ​ធម្មតា​របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត ទប់ទល់​នឹង​អធិករណ៍​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើ​ការងារ ឬ​កិច្ចការ​ណាមួយ​ដោយ​ស្វាហាប់ និង​ឧស្សាហ៍ ទី​ចុង​បំផុត​អ្នក​ខំ​បំពេញ​ឱ្យ​បាន​អង់អាច​ជា​និច្ច ។ បើ​អ្នក​ធ្វើ​យ៉ាងនេះ​បាន ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើង​វិញ​ក្នុងឆ្នាំនេះ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​នឹង​មាន​ផល​ល្អ​ប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជា​មុន​សិន ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ចោរ​វា​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ គឺ​បាន​មក​ពី​ទី​ឆ្ងាយ តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង ។ ព្រោះ​ជា​ឆ្នាំ​ដែល​ហៅ​ថា «​ទុក្ខ​លាភ​» បាន​ទុក្ខ​ហើយ ទើប​មាន​លាភ មក​តាម​ក្រោយ ។

លោក​អ្នក​កើត​ឆ្នាំវក
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​នឹង​មាន​ផល​ល្អ​ប្រសើរ​ណាស់ បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជា​មុន​សិន ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ចោរ​វា​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី មាន​នាទី​ទទួលខុសត្រូវ​ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ គឺ​បាន​មក​ពី​ទី​ឆ្ងាយ តែ​ត្រូវ​ខំ​រក្សា​កាយ​ឱ្យ​ល្អ ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង ។ ព្រោះ​ជា​ឆ្នាំ​ដែល​ហៅ​ថា «​ទុក្ខ​លាភ​» បាន​ទុក្ខ​ហើយ ទើប​មាន​លាភ មក​តាម​ក្រោយ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​អ្នក​មិនសូវ​បាន​ស្រួលបួល​ទេ គឺ​អ្នក​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរការ​ធម្មតា​របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត ទប់ទល់​នឹង​អធិករណ៍​ឱ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើ​ការងារ ឬ​កិច្ចការ​ណាមួយ​ដោយ​ស្វាហាប់ និង​ឧស្សាហ៍ ទី​ចុង​បំផុត​អ្នក​ខំ​បំពេញ​ឱ្យ​បាន​អង់អាច​ជា​និច្ច ។ បើ​អ្នក​ធ្វើ​យ៉ាងនេះ​បាន ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើង​វិញ​ក្នុងឆ្នាំនេះ ។

លោក​អ្នក​កើត​ឆ្នាំរកា
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខជា​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ផង​ក៏​មាន ពុំនោះសោត នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជា​ថ្មី បើ​មានការ​លក់ដូរ​ជំនួញ​ជួញប្រែ ជា​អាជីព ការ​នេះ​នឹង​បណ្តាល​ជា​ហេតុ​ឱ្យ​មាន​សេចក្តី​តឹង​ចង្អៀត ខ្លះ​ៗ តំណ​ទៅ​ពេល​ខាង​មុខ​ក្នុងឆ្នាំនេះ អ្នក​នឹង​មាន​ស្កៀបរមាស់​រង្គោះរង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក វា​នឹង​ធ្វើ​មោះ មិន​គាប់​ឱ្យ​អ្នក​សៅហ្មង​ជា រឿយ​ៗ ម្យ៉ាងវិញទៀត ញាតិ​ព័ន្ធ ឬ​មិត្តភក្តិ​នឹង​កើតជា​ក្តី​រង្កៀស​ឫស្យា​ដល់​អ្នក ដោយ​បំពាន​លើ​ផល​ល្អ សេចក្តីចម្រើន​របស់​អ្នក ហេតុការណ៍​ទាំង​អស់នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឱ្យ​សោះ បើ​យ៉ាង​ហោច​ណាស់​ក៏​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​មិនសូវ​រីករាយ​សោះឡើយ មិត្តភក្តិ​របស់​អ្នក ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី មក​ដឹកនាំ​អ្នក​ឱ្យ​ខូចខាត​ទុន ក្នុងឆ្នាំនេះ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូ​ម្បី​តែ​បើកហាង​លក់ដូរ​អីវ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាងណា​ក៏​ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឱ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឱ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់ខាត ។ ទោះបីជា​យ៉ាងនេះ​ក្តី អ្នក​គង់​បាន​សម្រេច​ផល​ខ្លះ​ក្នុង​ការ​ដែល​អ្នក​បាន​ខិតខំ​តាំងចិត្ត​ទុក​យ៉ាង​ប្តូរផ្តាច់ ។

លោក​អ្នក​កើត​ឆ្នាំច
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​លោក​អ្នកមាន​សេចក្តីសុខ​សម្រាន្ត​យ៉ាង​លើសលុប ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង មាន​គេ​នាំ​កំណល់​រង្វាន់​មក​ឱ្យ​ដល់ទី​កន្លែង ក្នុងឆ្នាំនេះ​ជោគ​រាសី​របស់​អ្នក​ល្អជា​ទីបំផុត បើ​អ្នកមាន​បំណង​ធ្វើ​អ្វី មុខជា​បាន​សម្រេច ។ ប៉ុន្តែ​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​គេ​ឯទៀត​ខ្លាំង​ពេក នៅ​ក្នុង​រឿង​រាប់អាន​ស្រឡាញ់​ទុកចិត្ត គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​បន្តិច​ផង បើសិនជា​វៀរ​មិន​ផុត ។ បើ​ចៀស​ផុត​ពី​ការ​នេះ​បាន​នោះ នៅ​ក្នុង​បន្ទុកគ្រួសារ​មាន​សេចក្តីសុខ​ក្រៃ​លែង ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ អ្នក​នឹង​មានចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្តភក្តិ​ជាទី​ស្រឡាញ់ ឬ​ញាតិសន្តាន​ដែល​មានគុណ​បំណាច់​លើ​រូប​អ្នក ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀត​ផង តែ​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្តៅ​ពេក​ទេ ព្រោះ​មាន​គេ​ចាំ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​អ្នក​បាន​សេចក្តីសុខ​សាន្ត បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ខ្លះ ក៏​គង់​នឹង​សាបរលាប​ទៅ​វិញ​បាន ដោយសារ​ពេល​នេះ​អ្នកមាន​មិត្តភក្តិ​បាន​ជួយ​ទប់ទល់​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង ជួសជុល ឬ​ក៏​ត្រូវធ្វើ​ថ្មី​ផង ។

លោក​អ្នក​កើត​ឆ្នាំកុរ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា ៖ នៅ​ក្នុងឆ្នាំនេះ​អ្នក​នឹង​បាន​មុខការ​ងារ​ធ្វើ​ជា​លក្ខណ​ដ្ឋា​ន បើសិនជា​ការ​រៀបចំ​មង្គលការ​ផ្ទាល់ខ្លួន មុខជា​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​គង់នៅ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​របស់​អ្នកជា​និច្ច នៅ​ក្នុង​រឿង​នេះ​អ្នក​កុំ​ខ្លាច​ឱ្យ​សោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាង​មុខ​នៃ​ការ​ដូច​ពោល​នេះ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ មក​បញ្ចុះបញ្ចូល​បញ្ជោរ​លើកជើង​អ្នក ឱ្យ​ចូលរួម​ការងារ​ជាមួយ​គេ ទោះបី​ការងារ​នោះ​មាន​សភាព​យ៉ាងណា​ក៏​ដោយ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់ ។ ហើយ​មិន​គួរ​លី​សែង រែកពុន លើកដាក់​របស់ ធ្ងន់​ៗ​ហួសពេក​ទេ ក្រែង​ថ្លោះ​ចង្កេះ ឬ​គ្រេច​ឆ្អឹងខ្នង ។

បើជា​មនុស្ស​ស្រី​ទំនាយ​ថា ៖ ក្នុងឆ្នាំនេះ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្តាប់ដៃ​យើង​ហើយ ទោះ​សត្រូវ​កាច ប៉ុនប៉ង​ប្រទូស្ត​រ៉ា​យ​យ៉ាងណា​ក៏​ដោយ ខ្លួន​អ្នក​ត្រូវ​ជោគជ័យ​គ្រប់​ប្រការ ហើយនឹង​បាន​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ ប្រសិនបើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ រាប់​ថា​ល្អ​ផ្តាច់​ហើយ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​អត់​នោះ​ដែរ ចំពោះ​ក្រុម​ញាតិ​ព​ន្ធុ​នឹង​ផ្តល់​សេចក្តី​រំខាន​ដល់​អ្នក ខ្លះ​ៗ​ក្នុងឆ្នាំនេះ ៕

តម្រា​នេះ​ដកស្រង់​ចេញពី​សៀវភៅ​តម្រា​ព្យាករ​ជោគ​រាសី បោះពុម្ព​ឆ្នាំ​២០០៣ រៀបរៀង​ដោយ​ឯកឧត្តម អឹុ​ម បុរិន្ទ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ។